សមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងមួយរូបបានសរសេរលិខិតផ្ញើជូនលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដោយត្អូញត្អែរថា នគរបាលប្រដាប់អាវុធប្រហែល៣០នាក់បានរារាំងលោកមិនឲ្យធ្វើដំណើរទៅជួបអ្នកបោះឆ្នោតរបស់ខ្លួននៅក្នុងខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១០ ខែឧសភា ពីព្រោះស្លាកលេខរបស់លោកមិនត្រូវគ្នានឹងរថយន្តរបស់លោក។
លោក ស ចាន់ដេត មកពីគណបក្ស សម រង្ស៊ី បានសរសេរលិខិតផ្ញើជូនលោក សាយ ឈុំ កាលពីថ្ងៃព្រហស្បតិ៍ ដោយជម្រាបលោកថា អាជ្ញាធរបានឃាត់រថយន្តរបស់លោក មុនពេលទាមទារឲ្យលោកដោះស្លាកលេខព្រឹទ្ធសភាចេញ ពីព្រោះស្លាកលេខនេះមិនត្រូវបានចុះបញ្ជីត្រឹមត្រូវជាមួយរថយន្តដែលលោកកំពុងជិះឡើយ។
លោក សចាន់ដេត បាននិយាយតាមទូរស័ព្ទកាលពីម្សិលមិញថា លោកតែងតែផ្លាស់ប្ដូររវាងរថយន្តទាំងពីរនូវស្លាកលេខពិសេសនេះ ដែលលោកទទួលបានក្នុងនាមជាសមាជិកព្រឹទ្ធសភា ប៉ុន្តែលោកបានថ្លែងថា ជាការអនុវត្តធម្មតាទៅហើយ។ លោកបានមានប្រសាសន៍ថា លោកជឿថា កងកម្លាំងដែលដឹកនាំដោយលោក ធូ សុធា ប្រធានការិយាល័យនគរបាលចរាចរណ៍ខេត្តបានប្រើប្រាស់បញ្ហានេះជាលេសដើម្បីរារាំងរូបលោកមិនឲ្យទៅជួបអ្នកភូមិក្នុងមូល ដ្ឋាន។
លោកបានមានប្រសាសន៍ថា “ស្លាកលេខព្រឹទ្ធសភាសម្គាល់អ្មកនៅក្នុងរថយន្តតែប៉ុណ្ណោះ។ វាមិនតម្រូវឲ្យបំពាក់លើរថយន្តពិសេសណាមួយឡើយ។ ខ្ញុំឃើញមនុស្សគ្រប់គ្នាផ្លាស់ប្ដូរស្លាកលេខដូចនេះដែរ”។
បើទោះជាការអនុវត្តរបស់តំណាងរាស្ត្រដែលផ្លាស់ប្ដូរស្លាកលេខរវាងរថយន្តគឺទូទៅក៏ដោយ ក៏លោក រុន រ័ត្នវាសនា ប្រធាននាយកដ្ឋានសណ្ឋាប់ធ្នាប់សាធារណៈនៃនគរបាលជាតិ បានមានប្រសាសន៍ថា យ៉ាងណាក៏ដោយ ក៏វាខុសច្បាប់ដែរ ហើយថា ស្លាក លេខនេះត្រូវតែបំពាក់នៅលើរថយន្តដែលបានចុះបញ្ជីតែប៉ុណ្ណោះ។
ដោយនិយាយការពារនគរបាលដែលឃាត់រថយន្តលោក ស ចាន់ដេត ប្រឆាំងការអះអាងរបស់សមាជិកព្រឹទ្ធសភារូបនេះដែលពួកគេបានរំលោភអភ័យឯកសិទ្ធិរបស់ខ្លួនពីការចាប់ខ្លួនក្នុងនាមជាសមាជិកព្រឹទ្ធសភា នោះ លោក រុន រ័ត្នវាសនា បានថ្លែងថា “គាត់មានស្លាកលេខចំនួនពីរ។ តើស្លាកលេខមួយណាជាស្លាកលេខត្រឹមត្រូវនោះ? ។
ដោយសំដៅដល់ច្បាប់ចរាចរណ៍ដែលបានអនុម័តកាលឆ្នាំមុន លោកបានថ្លែងថា ពួកគេអនុវត្តតាមច្បាប់។ វាមិនផ្ទុយនឹងច្បាប់ឡើយ ហើយពួកគេមិនបានចាប់ខ្លួនគាត់ចំពោះបទល្មើសណាមួយទេ វាអាចចាត់ទុកថា ជាការយោគយល់ ពីព្រោះគាត់បានប្រើប្រាស់ស្លាកលេខក្លែងក្លាយតាមមាត្រា៧៨។
លោកបានបន្ថែមថា “បើទោះជាស្លាកលេខស៊ីវិលក៏ដោយ ក៏តម្រូវឲ្យបំពាក់នៅរថយន្តដែរ ហើយគាត់មិនអាចប្រើប្រាស់ស្លាកលេខមួយលើរថយន្តផ្សេងដោយគ្មានឯកសារត្រឹមត្រូវបានឡើយ”។
លោក ស ចាន់ដេត បានមានប្រសាសន៍ថា លោកនឹងបញ្ចេញលិខិតចំហនៅថ្ងៃនេះ ដោយលើកឡើងពីការអនុវត្តដ៏រាលដាលក្នុងចំណោមមន្ត្រីជាប់ឆ្នោតពីការផ្លាស់ប្ដូរស្លាកលេខនេះ៕ សារុន