លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបានត្រឡប់មកពីប្រទេសរុស្សីវិញហើយកាលពីថ្ងៃសៅរ៍ ដោយបានចុះកិច្ចព្រមព្រៀងចំនួន៨ជាមួយទីក្រុងមូស្គូ ជំរុញឲ្យមានការបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងបានព្រមព្រៀងពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងទ្វេភាគីទាំងអស់ដែលបានចុះហត្ថលេខា៦ទសវត្សរ៍កន្លងមក។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីនៅក្នុងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន បាននិយាយសង្ខេបប្រាប់អ្នកយកព័ត៌មានអំពីដំណើរទស្សនកិច្ចរយៈពេល៥ថ្ងៃេនះដែលរួមមានជំនួបផ្លូវការជាមួយលោក វ្ល៉ាឌីមៀ ពូទីន ប្រធានាធិបតីរុស្សី និងបានចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-រុស្សី ក្នុងទីក្រុងសូជី។

ដោយសំដៅដល់ជំនួបរវាងលោក ហ៊ុន សែន និងលោក ឌីមីទ្រី មេដវេដេវ នាយករដ្ឋមន្ត្រីរុស្សី លោក កៅ គឹមហួន បានមានប្រសាសន៍នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថា ”រុស្សីបានព្រមព្រៀងទិញផលិតផលកសិកម្មពីប្រទេសកម្ពុជាដូចជាអង្ករ ផ្លែឈើ និងផលិតផលផ្សេងៗទៀត ពីព្រោះមានតម្រូវការក្នុងប្រទេសរបស់លោក”។
លោកបានមានប្រសាសន៍ថា ”លើសពីនេះទៅទៀតសម្តេចនាយករដ្ឋមន្ត្រី [ហ៊ុន សែន] បានស្នើឲ្យរុស្សីបើកចំហទីផ្សាររបស់ខ្លួន ជាពិសេសការនាំទំនិញចូលពីកម្ពុជាដោយមិនយកពន្ធនិងដោយមិនកំណត់ចំនួន ដែលសំដៅដល់ការមិនកំណត់កូតា”។
លោក កៅ គឹមហួន មិនបានផ្តល់ព័ត៌មានជាក់លាក់អំពីសំណើពាណិជ្ជកម្មទេ ប៉ុន្តែ លោកបានបញ្ជាក់ថា ប្រទេសទាំងពីរមានក្រុមការងារទ្វេភាគីរួចហើយដើម្បីពិភាក្សាអំពីបញ្ហានេះ។ បើយោងតាមតួលេខរបស់រុស្សីបានឱ្យដឹងថា ពាណិជ្ជកម្មរវាងកម្ពុជានិងរុស្សីគិតជាទឹកប្រាក់១១០,៧លានដុល្លារស្មើនឹងតម្លៃទំនិញកាលពីឆ្នាំមុន។
រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីរូបនេះបានមានប្រសាសន៍ថា លោក ឌីមីទ្រី មេដវេដេវ ក៏បានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការចូលរួមជាមួយសហភាពសេដ្ឋ កិច្ចអឺរ៉ុប-អាស៊ី(EEU) ដែលលោកបានចាត់ទុកថា ជាបណ្តាញថ្មីក្នុងការបើកទីផ្សារសម្រាប់ការនាំចេញរបស់កម្ពុជាផងដែរ។ លោក ហ៊ុន សែន បានជួបជាមួយលោកទីក្រាន សាស៊ីយ៉ាន (Tigran Sargsyan) ប្រធាន EEU កាលពីថ្ងៃពុធ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការ។
លោកបានថ្លែងថា នៅក្នុងជំនួបរបស់លោកជាមួយលោក ពូទីន កាលពីថ្ងៃព្រហស្បតិ៍លោក ហ៊ុន សែន បានបន្តបញ្ចុះបញ្ចូលឲ្យមានការបង្កើនពាណិជ្ជកម្មតាមពីររបៀបហើយក៏បានអញ្ជើញលោកនាយករដ្ឋមន្ត្រីរុស្សីឲ្យមកបំពេញទស្សនកិច្ចនៅកម្ពុជាផងដែរ” នៅពេលសមស្របណាមួយនាពេលអនាគត”។
លោក កៅ គឹមហួន បានមានប្រសាសន៍ថា រដ្ឋាភិបាលនៃប្រទេសទាំង២ក៏បានព្រមព្រៀងពិនិត្យឡើងវិញនូវរាល់កិច្ចព្រមព្រៀងទ្វេភាគីទាំងអស់ដែលបានចុះហត្ថលេខាតាំងពីឆ្នាំ១៩៥៦មក ប៉ុន្តែ លោកមិនបានបញ្ជាក់ថាកិច្ចព្រមព្រៀងណាខ្លះអាចត្រូវបានកែប្រែនៅក្នុងការពិនិត្យឡើងវិញនោះឡើយ។ ទីភ្នាក់ងារព័ត៌មានរុស្សី TASS បានលើកឡើងថា បំណុលជាទឹកប្រាក់១,៥២ពាន់លានដុល្លារដែលកម្ពុជាជំពាក់រុស្សីស្ថិតក្នុងរបៀបវារៈអំឡុងកិច្ចប្រជុំរវាងលោកពូទីន និងលោក ហ៊ុន សែន។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានបង្វែរសំណួរអំពីកិច្ចព្រមព្រៀងនេះទៅក្រុមមន្ត្រីក្រសួងការបរទេសដែលគេមិនអាចទាក់ទងបានកាលពីម្សិលមិញ៕សារុន