សកម្មជនមួយក្រុមតូចនិយាយថា ខ្លួននឹងធ្វើការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” ឈានចូលដល់សប្ដាហ៍ទី៣នៅថ្ងៃនេះ ខណៈរដ្ឋាភិបាលប្រឹងប្រែងកាន់តែខ្លាំងដើម្បីបិទយុទ្ធនាការនេះ។
មនុស្សជាង១០នាក់ត្រូវបាននគរបាលចាប់ខ្លួនហើយដោះលែងវិញចាប់តាំងពីអ្នកតវ៉ាពាក់អាវខ្មៅបានប្រមូលផ្ដុំគ្នាជាលើកដំបូងនៅខាងក្រៅពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី៩ ខែឧសភា ដើម្បីទាមទារឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សបួនរូប និងមន្ត្រីគ.ជ.ប.មួយរូប។
បុគ្គលទាំងប្រាំរូបនេះត្រូវបានចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់នារីធ្វើសក់ម្នាក់ឲ្យឆ្លើយបដិសេធស្នេហាលួចលាក់របស់នាងជាមួយលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងនៅក្នុងការស៊ើបអង្កេតដឹកនាំដោយរដ្ឋាភិបាល ដែលមជ្ឈដ្ឋានទូទៅមើលឃើញថាជាហេតុផលនយោបាយ។
ទោះបីជាមានការចាប់ខ្លួន និងការគំរាមចាប់ខ្លួនបន្ថែមទៀតក្ដី ក៏សកម្មជនរាប់សិបនាក់ដែលភាគច្រើនមកពីសហគមន៍រងការបណ្ដេញចេញនានាទូទំាងរាជធានីភ្នំពេញនិយាយថា ខ្លួនគ្រោងបន្តធ្វើការតវ៉ាជាសាធារណៈនៅថ្ងៃនេះ។
អ្នកស្រី ច្រាយ នីម ជាអ្នករៀបចំការតវ៉ាម្នាក់និយាយថា ពួកគាត់នឹងប្រមូលផ្ដុំគ្នានៅពេលរសៀលនៅបុរីសន្តិភាព២ ជាកន្លែងតាំងលំនៅថ្មីសម្រាប់ប្រជាពលរដ្ឋរងការបណ្ដេញចេញក្នុងខណ្ឌដង្កោ ដែលពួកគាត់ជឿថាអាជ្ញាធរមិនសូវចាប់អារម្មណ៍។
អ្នកស្រីនិយាយថា ”យើងនឹងស្លៀកពាក់ខ្មៅ ហើយកាន់បដា ប៉ុន្តែយើងនឹងមិនហែក្បួន ឬតវ៉ានៅពន្ធនាគារព្រៃសទេ ព្រោះយើងបារម្ភខ្លាចអាចមានអំពើហិង្សា បើយើងធ្វើ។ យើងមិនខ្លាចការចាប់ខ្លួនទេ ព្រោះយើងមិនធ្វើអ្វីខុស”។
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីមានប្រសាសន៍ថា ការបង្ការជាមុនរបស់ពួកគាត់មិនអាចការពារពួកគាត់បានឡើយ។ លោកថ្លែងថា “យើងនឹងចាំមើលថា តើយុទ្ធនាការសេរីភាពបញ្ចេញមតិរបស់ពួកគាត់សម្រាប់ថ្ងៃច័ន្ទពណ៌ខ្មៅវាយ៉ាងម៉េច។ ទោះជាយើងធ្លាប់ហាមឃាត់ពួកគាត់ ក៏ពួកគាត់មិនស្ដាប់យើងពីរបីលើករួចមកហើយ។ យើងជាអាជ្ញាធរ ហើយយើងនឹងព្យាយាមអប់រំពួកគាត់សិន។ បើមិនអាចទៅរួចទេ យើងនឹងប្រើវិធានការរដ្ឋបាល ឬវិធានការផ្លូវច្បាប់”។
ទោះជាយ៉ាងណា អ្នកនាំពាក្យរូបនេះបដិសេធមិនបញ្ជាក់ថា តើវិធានការឬចំណាត់ការទាំងនោះជាអ្វីឡើយ ប៉ុន្តែជាញឹកញាប់ការព្រមានបែបនេះជាសញ្ញាបង្ហាញថានឹងមានការចាប់ខ្លួន។ លោកបន្តថា “យើងមិនចង់មានអំពើហិង្សាជាមួយបងប្អូនដែលធ្វើការតវ៉ាទេ ប៉ុន្តែបើពួកគាត់នៅតែបំពានច្បាប់ និងបំពានបទបញ្ជា យើងត្រូវតែចាត់វិធានការ”។
ដោយឡែកពីនេះ គណបក្សយុវជនកម្ពុជាបានប្រកាសតាមទំព័រហ្វេសប៊ុករបស់ខ្លួនថា ខ្លួនគ្រោងហែក្បួនថ្វាយញត្តិដល់ព្រះមហាក្សត្រ នរោត្តម សីហមុនី នៅថ្ងៃទី៣០ ខែឧសភា ដើម្បីស្នើសុំឲ្យព្រះអង្គអន្តរាគមន៍ជួសមុខឲ្យមន្ត្រីសមាគមសិទ្ធិមនុស្សអាដហុកបួនរូប និងមន្ត្រី គ.ជ.ប. មួយរូបដែលទើបតែលាឈប់ពីសមាគមនេះ។
សារបង្ហោះនេះមិនបានបញ្ជាក់ថា ពួកគេគ្រោងហែក្បួនពីណាទៅណា ឬរំពឹងថាមានអ្នកចូលរួមជាមួយពួកគេប៉ុន្មាននាក់ឡើយ ដោយគ្រាន់តែនិយាយថា ខ្លួនសង្ឃឹមថានឹងប្រមូលបានឈ្មោះប្រហែល៦.០០០នាក់ឲ្យទាន់ពេលហែក្បួននេះ។
លោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុដ៏មានប្រជាប្រិយភាព និងជាអ្នកនយោបាយក៏បានជូនដំណឹងទៅសាលារាជធានីកាលពីសប្ដាហ៍មុនដែរថា លោកគ្រោងប្រមូលផ្ដុំនៅថ្ងៃទី៩ ខែកក្កដា នៅទីលានប្រជាធិបតេយ្យជាមួយអ្នកគាំទ្រចំនួន២០០នាក់ដើម្បីអំពាវនាវឲ្យដោះលែងបុគ្គលទាំងប្រាំរូបដែលកំពុងជាប់ពន្ធនាគារ។
កាលពីថ្ងៃព្រហស្បតិ៍ លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានព្រមានថា នឹងមានការចាប់ខ្លួនមនុស្សបន្ថែមទៀត ប្រសិនបើអ្នកតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅមិនទទួលបានការអនុញ្ញាតជាមុនពីអាជ្ញាធរ មុនពេលធ្វើការតវ៉ាណាមួយទេនោះ ប៉ុន្តែអាជ្ញាធរស្ទាក់ស្ទើរក្នុងការអនុម័តគម្រោងរបស់ពួកគេ។
នៅមុនការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅលើកទី១ ដែលមនុស្សប្រាំបីនាក់ត្រូវបានឃាត់ខ្លួនស្ទើរពេញមួយថ្ងៃ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបានលើកឡើងថា ការអនុញ្ញាតគឺគ្មានផ្លូវឡើយ ពីព្រោះការតវ៉ាដោយសន្តិវិធីរបស់ពួកគាត់ស្មើនឹង “ការបះបោរក្នុងទីក្រុង” ហើយអាវខ្មៅរបស់ពួកគាត់ជាការរំឭកដល់ខ្មែរក្រហម។
ទោះជាយ៉ាងណា អ្នកតវ៉ាបញ្ជាក់ថា ពួកគាត់ជ្រើសរើសពណ៌ខ្មៅដើម្បីធ្វើជាសញ្ញាកាន់ទុក្ខរបស់ខ្លួនសម្រាប់អ្នកជាប់ពន្ធនាគារទាំងនេះ ចង់ឲ្យដោះលែងអ្នកទាំងនេះ និងបង្ហាញពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលកាន់តែដុនដាបទៅៗ។
កាលពីថ្ងៃច័ន្ទ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍ថា ការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅតាមប្រព័ន្ធអុីនធឺណិតក៏ប្រហែលជាត្រូវសុំការអនុញ្ញាតដែរ។ ក្រសួងយុត្តិធម៌បានព្រមានអង្គការសិទ្ធិមនុស្សលីកាដូរួចមកហើយថា ទំព័រមួយនៅលើគេហទំព័ររបស់ខ្លួនដែលរាយនាមអ្នកទោសនយោបាយ រួមទាំងបុគ្គលទាំងប្រាំរូបខាងលើដែលការចាប់ខ្លួនពួកគាត់បង្កឲ្យមានការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅផងដែរនោះ អាចនឹងត្រូវផ្អាកដំណើរការ៕ សុខុម