30.1 C
Phnom Penh

ពិធី​​​ជួប​​​ជុំ​​​អុជទៀន​​​របស់​​​អ្នក​​​តវ៉ា​​​ត្រូវ​​​​​​បាន​​​បំបែក​​​​​​នៅ​​​ពេល​​​ “ថ្ងៃ​​​ច័ន្ទ​​​ពណ៌​​​ខ្មៅ” លើក​​​ទី​​​៣​​​បញ្ចប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ ការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” លើកទី៣ដែលក្រុមសកម្មជនធ្វើឡើងដើម្បីអំពាវនាវឲ្យដោះលែងមន្ត្រីសិទ្ធិមនុស្សមួយក្រុមដែលជាប់ពន្ធនាគារ បានប្រព្រឹត្តទៅដោយសន្តិវិធីរហូតដល់ព្រះអាទិត្យអស្តង្គតទើបឈានដល់ការប្រវាយប្រតប់គ្នាជាថ្មីម្តងទៀតជាមួយសន្តិសុខ បន្ទាប់ពីសន្តិសុខទាំងនោះបានទៅដល់ពិធីអុជទៀនមួយនៅតំបន់បឹងកក់ ក្នុងរាជធានីភ្នំពេញ។

ក្រុមសកម្មជនធ្វើការតវ៉ានៅខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីប្រារព្ធ “ថ្ងៃច័ន្ទពណ៌ខ្មៅ” លើកទី៣ចាប់តាំងពីមន្ត្រីសិទ្ធិមនុស្សមួយក្រុមត្រូវបានចាប់ខ្លួនមក។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
ក្រុមសកម្មជនធ្វើការតវ៉ានៅខណ្ឌពោធិ៍សែនជ័យ ក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ ដើម្បីប្រារព្ធ “ថ្ងៃច័ន្ទពណ៌ខ្មៅ” លើកទី៣ចាប់តាំងពីមន្ត្រីសិទ្ធិមនុស្សមួយក្រុមត្រូវបានចាប់ខ្លួនមក។ រូបថតៈ សីុវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

នៅម៉ោងប្រហែល៦ល្ងាច សន្តិសុខរាប់សិបនាក់បានទៅដល់កន្លែងសកម្មជនប្រហែល៣០នាក់ នៅពេលពួកគាត់ចាប់ផ្តើមពិធីមួយដើម្បីអំពាវនាវឲ្យដោះលែងមន្ត្រី៤រូបមកពីសមាគមសិទ្ធិមនុស្សក្នុងស្រុកអាដហុក និងមន្ត្រីគ.ជ.ប. មួយរូបដែលបានជាប់ពន្ធនាគារពីបទជាប់ពាក់ព័ន្ធរបស់ពួកគាត់ក្នុងការសូកប៉ាន់នារីម្នាក់ដែលមានរឿងស្រូវផ្លូវភេទជាមួូយលោក កឹម សុខា។

ក្នុងវីដេអូឃ្លីបនៃឧប្បត្តិហេតុនោះ គេឃើញសន្តិសុខខណ្ឌដូនពេញ ចាប់ហែកបដាហើយគ្រវែងផ្កាឈូក និងទៀនចោល នៅពេលពួកគេបំបែកពិធីនោះ។

អ្នកស្រី ទេព វន្នី សកម្មជនសិទ្ធិដីធ្លីដ៏សំខាន់ម្នាក់ និងជាមេដឹកនាំការតវ៉ានៅសហគមន៍បឹងកក់និយាយថា “យើងប្រមូលផ្តុំគ្នាដើម្បីកាន់ទុក្ខសិទ្ធិមនុស្សក្នុងសហគមន៍របស់យើងនៅល្ងាចនេះ ប៉ុន្តែសន្តិសុខរាប់សិបអ្នក បានមកបំផ្លាញពិធីរបស់យើង។ ខ្ញុំគិតថា ពួកគេបានបំពានសិទ្ធិរបស់យើងយ៉ាងធ្ងន់ធ្ងរហើយយើងគិតថា ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ពេលនេះគឺធ្លាក់ដល់កម្រិតសូន្យ”។

លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ បានបដិសេធមិនឆ្លើយបំភ្លឺទេជុំវិញជម្លោះនេះ ចំណែកឯលោក មាន ចាន់យ៉ាដា  អ្នកនាំពាក្យសាលារាជធានីភ្នំពេញមិនអាចទាក់ទងសុំការបំភ្លឺបានទេ។

ថ្ងៃច័ន្ទពណ៌ខ្មៅលើកទី៣នេះបានចាប់ផ្តើមដោយសន្តិវិធី នៅពេលពួកគេប្រមូលផ្តុំគ្នានៅម៉ោងប្រហែល៩ព្រឹកសម្រាប់ការតវ៉ានៅច្រកផ្លូវតូចមួយក្នុងខណ្ឌពោធិ៍សែនជ័យ ខណៈនគរបាលប្រហែល២០នាក់អង្គុយក្នុងហាងកាហ្វេមួយម្តុំផ្លូវកាច់ជ្រុង។

ទោះជាយ៉ាងណា សកម្មជនទាំងនេះសុទ្ធតែមានទស្សនៈអវិជ្ជមានដូចៗគ្នាចំពោះស្ថានភាពសិទ្ធិមនុស្សក្នុងប្រទេស ស្របពេលមានការចាប់ខ្លួនជាបន្តបន្ទាប់ និងវិធានការផ្លូវច្បាប់ប្រឆាំងអ្នករិះគន់រដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ស្ត្រីសកម្មជន ច្រាយ នីម ដែលត្រូវបានចាប់ខ្លួន និងដោះលែងវិញកាលពីសប្តាហ៍មុនបានស្រែកថា “របប ប៉ុល ពត សម្លាប់មនុស្សដោយការវ៉ៃនឹងត្បូងចប ប៉ុន្តែ រដ្ឋាភិបាលបច្ចុប្បន្នសម្លាប់មនុស្សតាមរយៈការរំលោភសិទ្ធិមនុស្ស ការចាប់យកដី។

អ្នកតវ៉ាម្នាក់ទៀតឈ្មោះ ង៉ូវ ណារី ដែលត្រូវបានចាប់ខ្លួនកាលពីប្តាហ៍មុនដែរ និយាយថា “បើសម្តេចនាយករដ្ឋមន្ត្រី [ហ៊ុន សែន] បន្តធ្វើបាបប្រជាពលរដ្ឋ ហើយចាប់ខ្លួនមន្ត្រីសង្គមស៊ីវិលដាក់ពន្ធនាគារទៀត សន្លឹកឆ្នោតរបស់គណបក្សប្រជាជននឹងធ្លាក់ដល់កម្រិតសូន្យ”។

cam-black-monday-ENGមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់បានធ្វើការគំរាមផ្សេងៗប្រឆាំងអ្នកតវ៉ាពាក់អាវខ្មៅដោយចាត់ទុកការតវ៉ាបែបនេះជា “ការបះបោរក្នុងទីក្រុង” ដោយនិយាយថា ការតវ៉ាដែលធ្វើឡើងដោយគ្មានការអនុញ្ញាតនឹងប្រឈមវិធានការផ្លូវច្បាប់ ហើយថែមទាំងព្រមានប្រជាពលរដ្ឋកុំឲ្យចូលរួមយុទ្ធនាការនេះតាមប្រព័ន្ធអីុនធឺណិតទៀតផង។

ពេលទាក់ទងកាលពីរសៀលម្សិលមិញ លោក គៀត ច័ន្ទថារិទ្ធ អ្នកនាំពាក្យនគរបាលជាតិបានមានប្រសាសន៍ថា លោកជឿថា អ្នកតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅកំពុងព្យាយាម”សាកល្បង” រដ្ឋាភិបាល។

លោកលើកឡើងទៀតថា “ទី១ ពួកគាត់សាកល្បងកម្លាំងរបស់ខ្លួនប្រឆាំងរដ្ឋាភិបាលថាខ្លាំងប៉ុណ្ណាដែលងាយស្រួលចំណាំ នៅពេលពួកគាត់ស្លៀកពាក់ខ្មៅ។ ទី២ ពួកគាត់ចង់សាកល្បងសមត្ថកិច្ចថា តើយើងនឹងធ្វើអ្វីអ្វីដែលយើងនឹងធ្វើខុសដើម្បីទាក់ទាញការគាំទ្រពីប្រជាពលរដ្ឋ”។

អ្នកនាំពាក្យរូបនេះបានបន្តថា អ្នកតវ៉ានៅតំបន់ថ្មគោល ខណ្ឌពោធិ៍សែនជ័យមិនត្រូវបានបង្ក្រាបទេ ពីព្រោះពួកគាត់តវ៉ានៅក្បែរផ្ទះរបស់ខ្លួន។ “ពួកគាត់ប្រមូលផ្តុំគ្នានៅផ្ទះរបស់ខ្លួន ដូច្នេះយើងមិនចង់ប៉ះពារពួកគាត់ទេ។ យើងគោរពច្បាប់ យើងគោរពគោលការណ៍វិជ្ជាជីវៈរបស់យើង។ យើងមិនអាចធ្វើដោយផ្តេសផ្តាសបានទេ”។

ខណៈមានអ្នកតវ៉ាតិចតូចចេញទៅតាមដងផ្លូវ យុទ្ធនាការនេះតាមប្រព័ន្ធអីុនធឺណិតហាក់ដូចជាទទួលបានការគាំទ្រច្រើន ពេលប្រជាពលរដ្ឋកម្ពុជា ទាំងក្នុង និងក្រៅប្រទេសបានបង្ហោះរូបថតរបស់ខ្លួនស្លៀកពាក់ខ្មៅនៅពីក្រោមសញ្ញា #Black Monday ។

លោក ម៉ៃណា គីអៃ (Maina Kiai) អ្នកធ្វើរបាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិស្តីពីសិទ្ធិមនុស្ស សេរីភាពបញ្ចេញមតិ សេរីភាពប្រមូលផ្តុំដោយសន្តិវិធី និងសេរីភាពជួបជុំគ្នា បានបង្ហោះរូបថតលោកជួបជាមួយលោកស្រី ណាលី ពីឡូក ប្រធានអង្គការលីកាដូ និងលោក អីុ សារ៉ុម នាយកប្រតិបត្តិសមាគមធាងត្នោតដែលសុទ្ធតែស្លៀកពាក់ខ្មៅនៅឯវេទិកាសេរីភាពក្រុងអូស្លូ (Oslo Freedom Forum) ក្នុងប្រទេសន័រវែស។

ទោះបីជារដ្ឋាភិបាលទទួលបានជោគជ័យក្នុងការបំភ័យសកម្មជនភាគច្រើនមិនឲ្យតវ៉ាតាមដងផ្លូវក្តី ក៏លោក អ៊ូ វីរៈ អ្នកវិភាគនយោបាយបានមានប្រសាសន៍ថា ការប្រឹងប្រែងទាំងនេះមិនអាចទប់កំហឹងរបស់សាធារណជនបានឡើយ។

លោកបានបន្តថា “ពួកគេជោគជ័យនៅក្នុងការបំភ័យមនុស្សមិនឲ្យចេញទៅតាមដងផ្លូវ និងបញ្ឈប់ការតវ៉ា។ រឿងមួយដែលខ្ញុំគិតថាពួកគេមិនបានជោគជ័យគឺការបញ្ឈប់ការបន្តមិនពេញចិត្តរបស់ប្រជាពលរដ្ឋខ្មែរទូទៅ។ បើអ្នកមិនយល់អំពីឆន្ទៈរបស់ប្រជាពលរដ្ឋ ការតវ៉ាគឺជាទម្រង់មួយនៃការបញ្ជូនសារនោះ”។ លោកបានបន្ថែមទៀតថា ការហាមប្រាមការតវ៉ាអាចធ្វើឲ្យមាន “គម្លាតនៃការយោគយល់គ្នា”  រវាងរដ្ឋាភិបាល និងពលរដ្ឋ ដោយគូសបញ្ជាក់ថា “នោះអាចនឹងគ្រោះថ្នាក់”៕សុខុម

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស