គម្រោងសាងសង់ផ្សារកណ្តាលឡើងវិញបានបង្កឲ្យកើតមានជាក្តីព្រួយបារម្ភ ក្នុងចំណោមអាជីវករដែលលក់ដូរនៅផ្សារនេះជាយូរមកហើយនិងដែលបានប្រមូលផ្តុំគ្នាកាលពីម្សិលមិញជុំវិញការបារម្ភថា ពួកគាត់នឹងក្លាយជាជនរងគ្រោះថ្មីបំផុតនៃគម្រោងអភិវឌ្ឍន៍ក្នុងក្រុងភ្នំពេញដែលកំពុងតែកើនឡើង។
បើទោះជាមានការធានាអះអាងរបស់ក្រុមមន្ត្រីថា នឹងមិនមានការពង្រីកផ្សារ បើមិនមានការយល់ព្រមពីអាជីវករក៏ដោយ ក៏អាជីករបានលើកឡើងកាលពីម្សិលមិញថា ពួកគាត់មានការបារម្ភថា ពួកគាត់នឹងត្រូវបង្ខំឱ្យចាកចេញ បន្ទាប់ពីឮសេក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកអំពីគម្រោងសាងសង់អគារខ្ពស់ពីលើផ្សារនេះដែរ។
អ្នកស្រី សុខ លីម អាយុ៤២ឆ្នាំដែលលក់ល្ហុងនៅផ្សារនេះជិត២០ឆ្នាំមកហើយបាននិយាយថា “ខ្ញុំពិតជាត្រូវការផ្សារថ្មី ហើយសមរម្យ ប៉ុន្តែខ្ញុំមិនទុកចិត្តពួកគេទេ។ យើងបារម្ភថា បន្ទាប់ពីការសាងសង់ ៤ ឬ ៥ ឬ១៨ជាន់…ពួកគេនឹងអនុញ្ញាតឱ្យយើងលក់តែ៥ឆ្នាំប៉ុណ្ណោះ ហើយបន្ទាប់មក ពួកគេនឹងបណ្តេញយើងចេញមិនខាន”។
ហើយបើទោះជាក្រុមមន្ត្រីរដ្ឋាភិបាលបានធានាអះអាងប្រាប់អ្នកយកព័ត៌មានកាលពីម្សិលមិញថា អាជីវករនឹងត្រូវផ្តល់កម្មសិទ្ធិសម្រាប់តូបរបស់ពួកគាត់ក៏ដោយ ក៏អ្នកស្រី សុខ លីម បារម្ភថា ទីបំផុតពួកគាត់នឹងត្រូវបោកប្រាស់ដែរ។
អ្នកស្រីបាននិយាយថា “យើងបារម្ភថា យើងគ្រាន់តែមានកម្មសិទ្ធិប៉ុណ្ណោះ ហើយវិនិយោគិននឹងកាន់កាប់ផ្សារនេះក្រោមកម្មសិទ្ធិរបស់ពួកគេ”។
អ្នកស្រីបានបន្ថែមថា តាមការប៉ាន់ស្មានរបស់អ្នកស្រី អាជីវករ៨០ភាគរយមិនគាំទ្រគំនិតនៃការអភិវឌ្ឍអគារច្រើនជាន់ទេ ប៉ុន្តែគ្រាន់តែចង់ឱ្យជួសជុលផ្សារដែលមានស្រាប់នេះដោយការចំណាយរួមគ្នារបស់អាជីវករតែប៉ុណ្ណោះ។
អ្នកស្រីលើកឡើងថា “យើងស្នើឱ្យពួកគេធ្វើដូចផ្សារចាស់អ៊ីចឹង។ ការធ្វើដំបូលរួម និងឱ្យម្ចាស់តូបចំណាយសម្រាប់ការជួសជុលតូបរបស់ខ្លួន”។
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីភ្នំពេញ បានអះអាងថា សាលារាជធានីមានគម្រោងសាងសង់ផ្សារនេះឡើងវិញ ប៉ុន្តែបានលើកឡើងថា កំពុងធ្វើការសិក្សា សមិទ្ធលទ្ធភាពនៅឡើយ។
ដោយលើកឡើងពីតូបមានស្នាមប្រេះ សំរាមច្រើន និងការកកស្ទះចរាចរណ៍នៅផ្លូវក្បែរនោះជាបញ្ហាមួយចំនួនក្នុងចំណោមបញ្ហាបច្ចុប្បន្នរបស់ផ្សារទ្រុឌទ្រោមនេះ លោកបានមានប្រសាសន៍ថា “គោលបំណងសំខាន់គឺថា យើងចង់ជួសជុលផ្សារនេះដើម្បីអភិវឌ្ឍ ហើយធ្វើឱ្យមានរបៀបរៀបរយ។ វិស្វករ ស្ថាបត្យករ និងអ្នកជំនាញរបស់យើងកំពុងសិក្សារកជម្រើសសម្រាប់ការសាងសង់នេះ”។
លោកបានបន្ថែមថា បើតាមខ្ញុំដឹង អាជីវករភាគច្រើនគាំទ្រគម្រោងនេះ ហើយថា លោក គួច ចំរើន អភិបាលខណ្ឌដូនពេញបានរៀបចំកិច្ចប្រជុំ “បីទៅបួន” លើកមកហើយដើម្បីវាស់ស្ទង់ពីចំណាប់អារម្មណ៍នេះ។
លោកបានថ្លែងថា”អាជ្ញាធររបស់យើងនឹងធ្វើអ្វីៗដែលមានការព្រមព្រៀងពីអាជីវករ តែប៉ុណ្ណោះ។ ខ្ញុំច្បាស់ណាស់ត្រង់ចំណុចនេះ”។
លោក គួច ចំរើន បានមានប្រសាសន៍ថា ការស្វែងរកការយល់ព្រមពីអាជីវករគឺសំខាន់ណាស់ ហើយការអភិវឌ្ឍ នឹងមិនធ្វើឡើយ បើគ្មានការយល់ព្រមទេនោះ។
លោកថ្លែងថា “វាអាស្រ័យលើអាជីវករ ថា តើពួកគាត់ចង់ឬមិនចង់”។ លោកបានបន្ថែមថា ស្ថានភាពផ្សារនេះ គឺជាការជំរុញទឹកចិត្តនៅពីក្រោយគម្រោងនេះ មិនមែនដោយសារប្រាក់ចំណេញទេ។
លោកបានមានប្រសាសន៍ថា ការសិក្សាសមិទ្ធលទ្ធភាពកំពុងធ្វើក្នុងដំណាក់កាលដំបូងនៅឡើយ ហើយថា លោកមិនដឹងថា តើការជួសជុលឡើងវិញមានទំហំប៉ុណ្ណា ឬថាតើការជួសជុលនោះនឹងមានការបន្ថែមជាន់ឬយ៉ាងណានោះឡើយ។
លោកបានថ្លែងថា “ផ្សារកណ្តាលរបស់យើងកំពុងតែទ្រុឌទ្រោម។ អ្នកទៅមើលទៅ ឃើញហើយថា មិនមានសុវត្ថិភាពសម្រាប់អាជីវករទេ”។
ទោះយ៉ាងណា អ្នកស្រី សោម ពិសី អ្នកលក់គ្រឿងក្រអូបបាននិយាយថា ស្ទើរតែគ្មាននរណាម្នាក់ដឹងពីគម្រោងនេះទេ រហូតទាល់តែឮតាមទូរទស្សន៍ និងវិទ្យុតែប៉ុណ្ណោះ។
អ្នកស្រីបាននិយាយថា “យើងបដិសេធថា យើងមិនដឹងអំពីការជួសជុលផ្សារនេះទេ។ យើងមិនបានទទួលព័ត៌មានពីគណៈកម្មការផ្សារឡើយ…ពួកគេមិនបានប្រាប់ ឬសួរពួកយើងឡើយ”៕សារុន