26 C
Phnom Penh

សន្តិសុខ​​​ចំនួន​​​ជាង​​​៣០​​​នាក់​​​ក្នុង​​​​ខណ្ឌ​ដង្កោ​ រាជ​​​ធានី​​​ភ្នំពេញ​​​ធ្វើ​កូដកម្ម​​​​​​មួយ​​​រយៈ​​​ពេល​​​ខ្លី​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ សន្តិសុខជាង៣០នាក់នៅខណ្ឌដង្កោក្នុងក្រុងភ្នំពេញបានធ្វើកូដកម្មមួយរយៈពេលខ្លី ទោះជាយ៉ាងនេះក្តី ក្រុមមន្ត្រីបានផ្តល់មូលហេតុខុសៗគ្នាទាក់ទិននឹងជម្លោះនេះ។

សន្តិសុខខណ្ឌរបស់រាជធានីជាលក្ខណៈខាងក្រៅត្រូវគេជួលដើម្បីរក្សាសណ្តាប់ធ្នាប់ ប៉ុន្តែក្នុងការអនុវត្តវិញ ជាញឹកញាប់ត្រូវគេប្រើជំនួសនគរបាល ដើម្បីបំបែកការតវ៉ា និងធ្លាប់ជាប់ពាក់ព័ន្ធក្នុងជម្លោះវាយតប់ហិង្សាជាច្រើនលើកក្នុងរយៈពេលប៉ុន្មានឆ្នាំមកហើយ។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលា រាជធានី បាននិយាយថា សន្តិសុខខណ្ឌដង្កោបានដាក់ឯកសណ្ឋាននិងមួករបស់ពួកគេនៅខ្លោងទ្វារនៃការិយាល័យខណ្ឌរយៈពេលពីរម៉ោង នៅពេលធ្វើការទាមទាររបបអាហារថ្ងៃត្រង់ប្រចាំថ្ងៃ ប៉ុន្តែលោកបានអះអាងថា ពួកគេបានត្រឡប់ទៅធ្វើការវិញ នៅពេលមានការព្រមព្រៀងជាមួយមេរបស់ពួកគេនាពេលពីរម៉ោងក្រោយមក។

លោក ចាន់យ៉ាដា បាននិយាយថា “បុគ្គលិក សន្តិសុខទាំងអស់ដែលធ្វើការឲ្យសាលារាជ ធានីនិងខណ្ឌនានា មានកិច្ចសន្យា។ រដ្ឋបានផ្តល់ប្រាក់ខែ១០០ដុល្លារក្នុងមួយខែចាប់ពីឆ្នាំនេះទៅ”។

លោកបាននិយាយថា ”កូដកម្មនៅខណ្ឌដង្កោ ពួកគេចង់បានប្រាក់បាយថ្ងៃត្រង់ ប៉ុន្តែឥឡូវនេះ ពួកគេបានត្រឡប់ទៅធ្វើការវិញហើយ ពីព្រោះពួកគេបានឈានដល់ការព្រមព្រៀង”។

លោកបាននិយាយថា “បុគ្គលិកដែលមានកិច្ចសន្យា សូម្បីនៅពេលធ្វើការលើសម៉ោង យើងត្រូវផ្តល់បាយថ្ងៃត្រង់ដល់ពួកគេ” ហើយ លោកបានពន្យល់ថា នឹងបើកប្រាក់របបឲ្យ ប៉ុន្តែមិនឲ្យដឹងថាមានចំនួនប៉ុន្មាននោះទេ។

បើទោះជាមានការអះអាងរបស់លោក ចាន់យ៉ាដា ថាជម្លោះនេះគឺទាក់ទិននឹងប្រាក់បាយថ្ងៃត្រង់ក៏ដោយ ក៏លោក នុត ពុតដារ៉ា អភិបាលខណ្ឌដង្កោ បាននិយាយថា សន្តិសុខគ្រាន់តែអាក់អន់ចិត្តបន្ទាប់ពីបានដឹងថា ពួកគេត្រូវចូលធ្វើការនៅម៉ោង៧ព្រឹកគត់។

លោក ពុតដារ៉ា បាននិយាយថា “មានព័ត៌ មានមិនច្បាស់លាស់។ តាមពិត ពួកគេធ្វើកូដកម្ម នៅពេលខ្ញុំបានបញ្ជាឲ្យពួកគេមកធ្វើការទាន់ពេល ពីព្រោះមានការស្ទះចរា ចរណ៍ច្រើនណាស់ ដូច្នេះយើងចង់ឲ្យពួកគេមកការិយាល័យពីព្រលឹម។ ពួកគេគឺដូចនគរ បាលនិងរាជអាវុធហត្ថអ៊ីចឹង”។

លោកបានបន្ថែមថា ”មុនពេលពួកគេស្ម័គ្រចិត្តធ្វើជាសន្តិសុខ ពួកគេបានដឹងអំពីច្បាប់របស់អាជ្ញាធរនៅកន្លែងធ្វើការហើយ” ។

សមាជិកជាច្រើននាក់នៃសន្តិសុខខណ្ឌដង្កោបានបដិសេធមិនបញ្ជាក់ប្រាប់មូល ហេតុចំពោះការធ្វើកូដកម្មរបស់ពួកគេទេ ប៉ុន្តែលោក ប្រាជ្ញ សីហា អភិបាលរងខណ្ឌដង្កោ ដែលមើលខុសត្រូវពួកសន្តិសុខទាំងនោះ បានអះអាងបញ្ជាក់ថា កូដកម្មនេះគឺពាក់ព័ន្ធនឹងប្រាក់ ប៉ុន្តែ លោកមិនឲ្យដឹងល្អិតល្អន់អំពីជម្លោះនេះទេ។

លោក សីហា បាននិយាយថា “យើងបានដោះស្រាយបញ្ហានេះជាមួយពួកគេរួចរាល់ហើយ។ នេះមិនមែនជាព័ត៌មានធំដុំទេ។ អ្នកឯងមិនចាំបាច់ដឹងទេ”៕ និត

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស