31 C
Phnom Penh

ទោះបីជួប​​​​​​​គ្រោះ​រាំង​ស្ងួត ក៏​​​គោ​​ឧសភរាជ​​​​​​ធ្វើ​ឲ្យ​​កសិករ​​​​មាន​សង្ឃឹម​​​​​​​​​​​ក្នុង​ព្រះរាជពិធី​ច្រត់​​ព្រះនង្គ័ល ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមលោក កង កេន ព្រាហ្មបុរោហិត និងជាហោរាប្រចាំព្រះបរមរាជវាំងបានឲ្យដឹងថា កម្ពុជាប្រហែលជាមានអារម្មណ៍ថាខ្លួនកំពុងរងផលប៉ះពាល់នៅឡើយដោយសារគ្រោះរាំងស្ងួតដ៏អាក្រក់បំផុតក្នុងពេលថ្មីៗនេះ ប៉ុន្តែប្រជាកសិករដែលបង្កបង្កើនផលដំណាំស្រូវ សណ្ដែក និងពោត ប្រាកដជាអាចប្រមូលផលបានច្រើនក្នុងឆ្នាំខាងមុខ។

លោកបានប្រកាសកាលពីម្សិលមិញថា “ដំណាំស្រូវនឹងទទួលបានទិន្នផលល្អ៩០ភាគរយ។ ដំណាំពោតក៏ទទួលបានទិន្នផលល្អ៩០ភាគរយដែរ ហើយសណ្ដែកនឹងទទួលបានទិន្នផលកាន់តែល្អ៩៥ភាគរយ”។

ទិដ្ឋភាពគោឧសភរាជបរិភោគអាហារអំឡុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលធ្វើឡើងនៅទីលានជល់ដំរី ក្នុងបរិវេណប្រាសាទអង្គរធំ ក្នុងខេត្តសៀរាប កាលពីម្សិលមិញ។ រូបថតៈ Maysayori Ishikawa
ទិដ្ឋភាពគោឧសភរាជបរិភោគអាហារអំឡុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលធ្វើឡើងនៅទីលានជល់ដំរី ក្នុងបរិវេណប្រាសាទអង្គរធំ ក្នុងខេត្តសៀមរាប កាលពីម្សិលមិញ។ រូបថតៈ Maysayori Ishikawa

ការប្រកាសនេះធ្វើឡើងនៅពេលបញ្ចប់ព្រះរាជពិធីច្រត់ព្រះនង្គ័លប្រចាំឆ្នាំកាលពីម្សិលមិញ ដែលគោឧសភរាជចំនួនពីរត្រូវបានផ្ដល់អាហារ ទឹកនិងស្រា ហើយនៅពេលគោទាំងនេះបរិភោគអាហារណាមួយ វាបង្ហាញពីជោគវាសនាភោគផលកសិកម្មរបស់ប្រទេស។

ព្រះមហាក្សត្រ នរោត្តម សីហមុនី បានយាងចូលរួមជាអធិបតីក្នុងព្រះរាជពិធីនេះ ខណៈប្រជារាស្ត្រជាច្រើនរយនាក់ប្រមូលផ្ដុំគ្នាតាមចន្លោះសំណង់បាក់បែកនៃទីលានជល់ដំរីរបស់ប្រាសាទអង្គរធំ ក្នុងខេត្តសៀមរាប ដើម្បីទស្សនាដោយភាពអត់ធ្មត់ នៅពេលគោឧសភរាជជ្រើសរើសអាហារបរិភោគ។

បន្ទាប់ពីភ្ជួរបានបីជុំ គោឧសភរាជត្រូវបានដោះចេញពីខ្សែទាមក្រហម ហើយផ្ដល់ស្រូវ ល្ង ពោត ស្មៅ សណ្ដែក ទឹក និងស្រាជាចំណី។

cam-photo-front-copy-800x533លោក កង កេន បានមានប្រសាសន៍ថា គោឧសភរាជបានបរិភោគស្រូវ សណ្ដែក និងពោតយ៉ាងលឿនមានន័យថា ដំណាំនីមួយៗក្នុងចំណោមនេះនឹងទទួលបានទិន្នផលល្អប្រសើរ។ ”នេះជាការទស្សន៍ទាយទៅតាមប្រពៃណីនៃព្រះរាជពិធីច្រត់ព្រះនង្គ័ល”។

អាចារ្យព្រាហ្មបុរោហិតរូបេនះបានលើកឡើងក្នុងបទសម្ភាសជាក្រោយថា ឆ្នាំនេះខុសប្លែកខ្លាំងពីឆ្នាំមុនៗដែលគោឧសភរាជមិនបានបរិភោគស្រូវ។ “រយៈពេល៣ឆ្នាំចុងក្រោយនេះ គោឧសភរាជបានបរិភោគសណ្ដែក និងពោតភាគច្រើន ដូច្នេះវាជារឿងចម្លែកដែលគោឧសភរាជបរិភោគស្រូវច្រើន។ ទិន្នផលស្រូវនឹងល្អប្រសើរ”។

ព្រះរាជពិធីដែលត្រូវបានប្រារព្ធឡើងដើម្បីប្រកាសពីការមកដល់នៃរដូវវស្សានេះមានប្រវត្តិមិនច្បាស់លាស់ទេ។ លោក សឺន ស៊ូប៊ែរ្តិ៍ ជាជាតិពន្ធុវិទូដែលមានជំនាញខាងទំនៀមទម្លាប់ខ្មែរ បានមានប្រសាសន៍ថា ការអនុវត្តបែបនេះមាននៅក្នុងប្រទេសកម្ពុជា ជាង១០០ឆ្នាំមកហើយ។

លោកថ្លែងថា ”យើងមិនដឹងថាពិធីនេះធ្វើឡើងនៅកម្ពុជា ចេញពីសម័យកាលណាទេ ប៉ុន្តែយ៉ាងហោចណាស់ក៏ពីសតវត្សរ៍ទី១៩ដែរ”។ លោកបានបន្តថា ពិធីដ៏មានប្រជាប្រិយភាពនេះត្រូវបានផ្អាកក្រោមរបបខ្មែរក្រហម រហូតដល់ឆ្នាំ១៩៩៤ ទោះបីជាខ្វះការចូលរួមពាក់ព័ន្ធរបស់រាជវង្សានុវង្សក៏ដោយ។

នឹកឃើញដល់ឆ្នាំមួយដែលពោរពេញដោយភាពចលាចលផ្នែកសង្គម នយោបាយ និងឧតុនិយម លោកបានមានប្រសាសន៍ទៀតថា “ឆ្នាំនោះជាឆ្នាំមហន្តរាយ។ ឆ្នាំនោះមិនសូវល្អទេ ពីព្រោះព្រះមហាក្សត្រមិនបានចូលរួមជាព្រះអធិបតី [ក្នុងពិធីនោះ]”។

cam-photo-ploughing-jump-800x533លោក ប៉េ ព្រឿន អាយុ៥៤ឆ្នាំ ជាកសិករមកពីស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ និយាយថា គាត់គ្មានមន្ទិលចំពោះភាពត្រឹមត្រូវនៃការទស្សន៍ទាយរបស់គោឧសភរាជទេ។ “ខ្ញុំឮចាស់ៗនិយាយតៗថា បើការទស្សន៍ទាយបែបណា លទ្ធផលនឹងចេញមកបែបនោះ។ ខ្ញុំពិតជាជឿ ពីព្រោះលទ្ធផលចេញមកគឺដូចគ្នា”។

ទោះជាយ៉ាងណា មិនមែនមនុស្សគ្រប់គ្នាសុទ្ធតែជឿលើការបរិភោគអាហាររបស់គោឧសភរាជនោះទេ។ ជាក់ស្តែងលោក គង់ ប៉ុន អាយុ៤៧ឆ្នាំ ដែលបានទស្សនាការផ្សាយបន្តផ្ទាល់តាមទូរទស្សន៍អំពីព្រះរាជពិធីនេះពីខេត្តកំពង់ស្ពឺ និយាយថា គាត់ចូលចិត្តព្រះរាជពិធីនេះ ប៉ុន្តែគាត់មិនសូវជឿលើការបរិភោគរបស់គោឧសភរាជឡើយ។

គាត់និយាយទៀតថា “តាមអ្វីដែលខ្ញុំធ្លាប់បានសង្កេតពីមុន ពេលខ្លះលទ្ធផលត្រូវ ហើយពេលខ្លះខុស។ ការទស្សន៍ទាយថា ឆ្នាំនេះមានភ្លៀងច្រើន ប៉ុន្តែនៅតែខ្វះទឹកភ្លៀង”។

លោក ហ៊ាន វណ្ណហ៊ន អនុប្រធាននាយកដ្ឋានកសិកម្មនៃក្រសួងកសិកម្មដែលរំពឹងថាឆ្នាំនេះប្រជាកសិករបង្កបង្កើនផលដំណាំស្រូវ នឹងជួបការលំបាកបានមានប្រសាសន៍ថា ព្រះរាជពិធីនេះអាចមានឥទ្ធិពលវិជ្ជមានលើការងាររបស់ពួកគាត់។លោកគូសបញ្ជាក់ថា “វាជាការទស្សន៍ទាយតាមប្រពៃណី និងជាការទស្សន៍ទាយដែលអាចជំរុញលើកទឹកចិត្តប្រជាកសិករឲ្យចូលរួមក្នុងការផលិតស្រូវ”។ លោកលើកឡើងទៀតថា ”បើការទស្សន៍ទាយមិនត្រឹមត្រូវទេ កសិករប្រហែលជាត្រូវទៅស្វែងរកការងារធ្វើហើយ”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស