28 C
Phnom Penh

ការ​បោះឆ្នោត​ឃុំ-សង្កាត់​នៅ​ឆ្នាំ​ក្រោយ​កំណត់​ធ្វើ​នៅ​ថ្ងៃទី​៤ ខែមិថុនា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមសេចក្ដីសម្រេចដែលចុះហត្ថលេខាកាលពីម្សិលមិញដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានខ្លឹមសារថា ការបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់នៅឆ្នាំក្រោយនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ដោយបង្ហាញឲ្យឃើញពីការបោះឆ្នោតទូទាំងប្រទេសជាលើកដំបូងចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣មក ដែលឈានដល់កំណែទម្រង់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)។

វានឹងជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់លើកទី៤ហើយចាប់តាំងពីគោលនយោបាយវិមជ្ឈការរបស់រដ្ឋាភិបាល ដែលបានបង្កើតឲ្យមានការបោះឆ្នោតនេះត្រូវបានប្រកាសកាលពីចុងទសវត្សរ៍ឆ្នាំ១៩៩០មក ដោយការបោះឆ្នោតមុនៗធ្វើឡើងក្នុងឆ្នាំ២០០២ ឆ្នាំ២០០៧ និងឆ្នាំ២០១២។ គណបក្សប្រជាជនកម្ពុជាកាន់អំណាចទទួលបានជ័យជម្នះនៅក្នុងគ្រប់ការបោះឆ្នោតទាំងនោះ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគ.ជ.ប. បានមានប្រសាសន៍កាលពីម្សិលមិញថា ស្ថាប័នកំណែទម្រង់ការបោះឆ្នោតបានកំណត់យកថ្ងៃទី១ ខែកញ្ញា ជាថ្ងៃចាប់ផ្ដើមដំណើរការរយៈពេលបីខែនៃការចុះឈ្មោះអ្នកមានសិទ្ធិបោះឆ្នោតប្រហែល៩,៦លាននាក់ទៅក្នុងបញ្ជីឈ្មោះបោះឆ្នោតជាតិថ្មីតាមប្រព័ន្ធអេឡិចត្រូនិក។

លោក ហង្ស ពុទ្ធា បានថ្លែងថា កង្វល់ដែលថា ប្រជាពលរដ្ឋនឹងមិនអាចចុះឈ្មោះបោះឆ្នោតបាន ពីព្រោះពួកគាត់ខ្វះអត្តសញ្ញាណប័ណ្ណដែលត្រូវការជាចាំបាច់ដើម្បីចុះឈ្មោះនោះ កំពុងត្រូវបានស៊ើបអង្កេតហើយ។

លោកបានមានប្រសាសន៍ថា “ប្រសិនបើមានករណីពិសេសមួយចំនួនកើតឡើងដូច

ជាក្រសួងមហាផ្ទៃមិនអាចចេញអត្តសញ្ញាណប័ណ្ណសម្រាប់អ្នកដែលគ្រប់អាយុបោះឆ្នោតបាន គ.ជ.ប.នឹងមាននីតិវិធីផ្សេងសម្រាប់ពួកគាត់ក្នុងការចុះឈ្មោះបោះឆ្នោត”។

ការចាប់ផ្ដើមចុះឈ្មោះបោះឆ្នោតត្រូវបានពន្យារពេលបួនលើករួចមកហើយ បណ្ដាលឲ្យមានការត្អូញត្អែរអំពីភាពជាប់គាំងនេះ ប៉ុន្តែលោក ហង្ស ពុទ្ធា បានមានប្រសាសន៍កាលពីម្សិលមិញថា សម្ភារសម្រាប់ចុះឈ្មោះដែលត្រូវការចាំបាច់មកពីអឺរ៉ុប នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី១៥ ខែកក្កដា ដោយបញ្ចប់ការពន្យារពេលនេះ។

លោកបានថ្លែងថា គ.ជ.ប.កំពុងរង់ចាំសម្ភារ២.៤០០សិត មានកុំព្យូទ័រ ឧបករណ៍ស្គែនម្រាមដៃ ព្រីភ្លើង គ្រឿងផ្ទុកឯកសារ (flash drive) និងមា៉ស៊ីនភ្លើង។

ការបោះឆ្នោតជាតិកន្លងមកក្នុងឆ្នាំ២០១៣ ដែលគណបក្សប្រជាជនកម្ពុជាឈ្នះប្រកៀកប្រកិតនោះ មានបញ្ហាដោយសារមានឈ្មោះជាន់គ្នារាប់ម៉ឺនឈ្មោះ និងបាត់ឈ្មោះជាច្រើននៅក្នុងបញ្ជីបោះឆ្នោត។ គណបក្សសង្គ្រោះជាតិបានធ្វើការតវ៉ារយៈពេលជិត១ឆ្នាំបន្ទាប់ពីការបោះឆ្នោត ដោយអះអាងថា ការបន្លំសន្លឹកឆ្នោតបានបណ្តាលឱ្យខ្លួនចាញ់។

ការចរចាជាមួយគណបក្សប្រជាជនកម្ពុជាបានឈានដល់ការបង្កើតគ.ជ.ប.ថ្មី ក្នុងខែមេសា ឆ្នាំ២០១៥ ដោយមានតំណាងស្មើគ្នាមកពីគណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជានៅក្នុងក្រុមប្រឹក្សាដែលមានសមាជិក៩រូប បូកបន្ថែមសមាជិកអព្យាក្រឹតមួយរូប។

ប៉ុន្តែលោក ទេព នីថា អគ្គលេខាធិការគ.ជ.ប.ចាស់ និងជាអតីតសមាជិកគណបក្សប្រជាជនកម្ពុជា ត្រូវបានតែងតាំងឡើងវិញឲ្យមកកាន់តួនាទីដដែលនៅក្នុងស្ថាប័ននេះនៅឆ្នាំនេះ បើទោះជាមានការចោទប្រកាន់ពីគណបក្សសង្គ្រោះជាតិថា លោកបានរៀបចំការបន្លំសន្លឹកឆ្នោតនៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០១៣ក៏ដោយ។

គណបក្សសង្គ្រោះជាតិបានយល់ព្រមចំពោះការតែងតាំងរូបលោកឡើងវិញ ដោយសារតែវត្តមានអគ្គលេខាធិការរងមួយចំនួនដែលអាចទទួលយកបានចំពោះគណបក្សនេះ រួមទាំងលោក នី ចរិយា ជាបុគ្គលឯករាជ្យ។

ប៉ុន្តែ លោក នី ចរិយា ឥឡូវនេះកំពុងជាប់

ពន្ធនាគារជាផ្នែកមួយនៃការបោសសម្អាតអ្នករិះគន់រដ្ឋាភិបាលកាលពីខែមុន។ ហើយអ្នកដែលត្រូវតែងតាំងម្នាក់ក្នុងចំណោមអ្នកដែលត្រូវតែងតាំងរបស់គណបក្សសង្គ្រោះជាតិជាសមាជិក គ.ជ.ប. គឺលោក រ៉ុង ឈុន គ្រោងនឹងឡើងសវនាការសម្រាប់ការចោទប្រកាន់បទព្រហ្មទណ្ឌ ដែលលោកអាចត្រូវជាប់ពន្ធនាគារ ឬដកចេញពីសមាជិក។

ការចុះឈ្មោះអ្នកបោះឆ្នោត និងការរៀបចំការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ គេរំពឹងថា នឹងចំណាយទឹកប្រាក់អស់ប្រហែល៥២,៦លានដុល្លារ ដោយទឹកប្រាក់នេះបានមកពីរដ្ឋាភិបាល និងម្ចាស់ជំនួយដូចជាសហភាពអឺរ៉ុប និងប្រទេសជប៉ុន។

ភាពត្រឹមត្រូវនៃការបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយនឹងជាការសំខាន់ណាស់ ដោយសារតែវាជាការកំណត់លទ្ធផលសម្រាប់ការធ្លាក់ចុះរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិនៅការបោះឆ្នោតជាតិឆ្នាំ២០១៨ ព្រមទាំងការបង្កើតក្រុមប្រឹក្សាឃុំ-សង្កាត់រហូតដល់ការបោះឆ្នោតលើកក្រោយនៅឆ្នាំ២០២២។

ការស្ទង់មតិឆ្នាំ២០១៤ដោយមូលនិធិអាស៊ីបានរកឃើញថា៤៩ភាគរយនៃអ្នកផ្ដល់បទសម្ភាសន៍បានលើកឡើងថា ការសម្រេចរបស់រដ្ឋាភិបាលនៅថ្នាក់ឃុំ-សង្កាត់បានប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពួកគាត់ច្រើនជាងការសម្រេចនៅថ្នាក់ជាតិ ប៉ុន្តែ២៧ភាគរយយល់ផ្ទុយពីនេះ ហើយ២២ភាគរយនិយាយថា ថ្នាក់ទាំងពីររបស់រដ្ឋាភិបាលបានប៉ះពាល់ដល់ពួកកាត់ស្មើគ្នា៕ សារុន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស