31 C
Phnom Penh

ការ​​​បង្កើត​​​ផាប់​​​ស្ទ្រីត​​​​​​ថ្មី​ក្នុង​ក្រុង​​​ព្រះសីហនុ​កំពុង​​​ស្ថិត​​​ក្នុង​​​ដំណើរ​​​ការ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មិនដល់ពីរខែផង បន្ទាប់ពីអាជ្ញាធរក្រុងព្រះសីហនុបានបណ្តេញអាជីវករជាច្រើននៅតាមឆ្នេរអូរឈើទាលដោយសារមានភាពរញ៉េរញ៉ៃនោះក្រុមហ៊ុនអភិវឌ្ឍន៍ឯកជនមួយបានចាប់ផ្តើមបង្កើត “ផាប់ស្ទ្រីត” ថ្មីមួយចម្ងាយត្រឹមតែ៥០ម៉ែត្រ ប៉ុណ្ណោះពីឆ្នេរដដែលនេះ។

លោក ឃុត សុភ័ណ អ្នកគ្រប់គ្រងគម្រោងនេះបានលើកឡើងថា កន្លែងអភិវឌ្ឍន៍ទំហំប្រហែល២ហិកតានេះមានទីតាំងប្រហែល៥០ម៉ែត្រពីឆ្នេរអូរឈើទាល ហើយមានដីចំនួន១០២កន្លែងសម្រាប់បារ និងភោជនីយដ្ឋាន ក្នុងនោះគេបានជួលអស់៨០ភាគរយហើយ។

លោកមានប្រសាសន៍ថា “គេនឹងហៅកន្លែង នេះថា ជា ‘ផាប់ស្ទ្រីតក្រុងព្រះសីហនុ'”។ គម្រោងនេះរំពឹងថា នឹងបញ្ចប់ក្នុងរយៈពេល៣ខែមុនពេលរដូវមានភ្ញៀវទេសចរច្រើនមកដល់”។

លោកបានបន្ថែមថា ដី ដែលគេជួលទាំងនោះនឹងតម្រូវឲ្យសាងសង់អគារកម្ពស់២ជាន់សម្រាប់ជាកន្លែងប្រកបអាជីវកម្មរបស់ពួកគេ។ ភាគច្រើននៃអ្នកដែលបានជួលដីទាំងនេះគឺជាម្ចាស់អាជីវកម្មនៅក្នុងក្រុងព្រះសីហនុ ឬនៅឆ្នេរអូរត្រេះ ហើយក៏មានជនបរទេសមកពីបស្ចិមប្រទេសដែលសម្លឹងឃើញឱកាសបើកអាជីវកម្មថ្មីនៅតាមឆ្នេររបស់កម្ពុជាផងដែរ។

លោក ឃុត សុភ័ណ បានលើកឡើងទៀតថា ដីដែលជាកន្លែងអភវិឌ្ឍន៍នេះ គឺគ្រប់គ្រងដោយលោក គិត ម៉េង ដែលក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដ៏ធំរបស់លោកត្រូវបានផ្តល់សិទ្ធិឲ្យបង្កើតរមណីយដ្ឋានក្នុងគម្រោងទឹកប្រាក់៣ពាន់លានដុល្លារនៅកោះរ៉ុងក្នុងឆ្នាំ២០០៨ ប៉ុន្តែ លោកបានអះអាងថាដីនេះត្រូវបានជួលទៅឲ្យឧកញ៉ាម្នាក់ផ្សេងទៀត។ លោក ឃុត សុភ័ណ បានលើកឡើងថា ឧកញ៉ារូបនេះគឺជាចៅហ្វាយរបស់លោក ប៉ុន្តែលោកបានបដិសេធមិនប្រាប់ឈ្មោះរបស់ឧកញ៉ារូបនេះឡើយ។

លោក គិត ម៉េង បានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

គម្រោងបង្កើត “ផាប់ស្ទ្រីតក្រុងព្រះសីហនុ” កើតឡើងបន្ទាប់ពីសាលាខេត្តបានប្រកាសកាលពីខែកុម្ភៈថា បារ និងភោជនីយដ្ឋាន ព្រមទាំងផ្ទះសំណាក់ទាំងអស់នៅតាមបណ្តោយឆ្នេរអូរត្រេះ និងកន្លែងប្រកបអាជីវកម្មមួយចំនួនទៀតនៅតាមបណ្តោយឆ្នេរអូរឈើទាលនឹងត្រូវឲ្យរុះរើចេញ ដោយលើកឡើងពីក្តីព្រួយបារម្ភអំពីបរិស្ថាន។

ទោះបីជា អគារត្រូវបានអនុញ្ញាតឲ្យរក្សាក្នុងលក្ខណៈពុំច្បាស់លាស់នៅតាមបណ្តោយឆ្នេរអូរត្រេះក៏ដោយ តែសំណង់ចំនួន៩៦ត្រូវបានកម្ទេចចោលនៅតាមបណ្តោយឆ្នេរអូរឈើទាលកាលពីខែមុន ដោយអាជ្ញធរខេត្តលើកឡើងថា តំបន់នេះត្រូវការធ្វើឲ្យមានសោភ័ណភាពឡើងវិញ។

លោក នូ សុផល ប្រធានមន្ទីរទេចរណ៍ខេត្តព្រះសីហនុ បានលើកឡើងថា លោកដឹងថា ដីដែលមានបញ្ហានេះគ្រប់គ្រងដោយលោក គិត ម៉េង ប៉ុន្តែ មិនដឹងគម្រោងច្បាស់លាស់សម្រាប់តំបន់នេះឡើយ។

ទោះបីជាអះអាងថា មិនដឹងអំពីគម្រោង បង្កើត ផាប់ស្ទ្រីតថ្មីក៏ដោយ ក៏លោកនូ សុផល បានលើកឡើងថា លោករីករាយដែលទទួល បានដំណឹងអំពីគម្រោងនេះដែរ ហើយ ថា រដ្ឋាភិបាលកំពុងពិចារណាបង្កើតផាប់ស្ទ្រីតមួយផ្សេងទៀតក្នុងក្រុងនេះនៅឆ្នេរផ្សេង។

លោកបានមានប្រសាសន៍ថា “មន្ទីរទេសចរណ៍មានគម្រោងបង្កើតវានៅតាមបណ្តោយឆ្នេរសិរិនឌីពិធី[Serendipity]។ បច្ចុប្បន្នមន្ទីរកំពុងសិក្សាអំពីគម្រោងនេះនៅឡើយ។ មន្ទីរកំពុងរកចំណតសម្រាប់ភ្ញៀវទេសចរដែលមកលេងផាប់ស្ទ្រីតនេះ”។លោកបានបន្ថែមថា លោកជឿថា ផាប់ស្ទ្រីតថ្មីទាំងពីរនេះនឹងទាក់ទាញភ្ញៀវទេសចរឱ្យមកលេងក្រុងនេះកាន់តែច្រើន។

លោកបានថ្លែងថា “ការមានផាប់ស្ទ្រីតគឺវាជារឿងសំខាន់ណាស់ ព្រោះវានឹងទាក់ទាញភ្ញៀវទេសចរមកលេងក្រុងព្រះសីហនុកាន់តែច្រើន”។ បន្ទាប់ពីហែលទឹកលេងពេញមួយថ្ងៃ ភ្ញៀវទេសចរត្រូវការកន្លែងដើម្បីដើរលេងនៅពេលយប់ ដើម្បីទទួលទានអាហារ និងដើរទិញវត្ថុអនុស្សាវរីយ៍ផ្សេងៗ”។

លោក Mick Spencer សមាជិកក្រុមប្រឹក្សាសមាគមទេសចរណ៍ក្រុងព្រះសីហនុ និងជាម្ចាស់ក្រុមហ៊ុនទេសចរណ៍ក្នុងស្រុក ANA Travel & Tours បានលើកឡើងថា វានៅតែមានមន្ទិលក្នុងចំណោមប្រជាពលរដ្ឋមូលដ្ឋានថា តើផាប់ស្ទ្រីតក្រុងព្រះសីហនុនឹងទាក់ទាញភ្ញៀវទេសចរបានច្រើនជាងកន្លែងប្រកបអាជីវកម្មដែលមានស្រាប់ ឬយ៉ាងណា។

លោកបានមានប្រសាសន៍ថា “ខ្ញុំជឿជាក់ថា វាជាដីរបស់ គិត ម៉េង ។ ប្រសិនបើវាត្រូវបានគ្រប់គ្រងត្រឹមត្រូវ ហើយមានប្រព័ន្ធប្រមូលកាកសំណល់គ្រប់គ្រាន់ មានភ្លើងបំភ្លឺនិងមានសន្តិសុខល្អនោះ អ៊ីចឹងវាប្រហែលជាជម្រើសសម្រាប់ភ្ញៀវទេសចរ និងពលរដ្ឋមូលដ្ឋាន។ ប៉ុន្តែ តាមពិតទៅ ខ្ញុំគិតថា ការគិតមកលើក្រុងេនះ គឺថាវាមានការផ្គត់ផ្គង់លើសតម្រូវការរួចទៅហើយ ហើយបើទោះជាបន្ថែមទៀតក៏នៅតែដដែលដែរ”៕ ស៊ុយឈាង  (រាយការណ៍បន្ថែមដោយ George Wright)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស