27 C
Phnom Penh

ជីតា​​​ និង​​​ចៅ​​​ពីរ​​​នាក់​​​​ស្លាប់​​​ដោយ​​​​​​សារ​​​យកយុទ្ធភណ្ឌ​​​មិន​​​ទាន់​​​ផ្ទុះ​​​​​​ធ្វើ​​​ទ្រនាប់​​​សម្រាប់​​​ដំដែក​​​នៅ​​​ខេត្តព្រៃវែង​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ជីតានិងចៅ២នាក់បានស្លាប់ដោយសារយុទ្ធភណ្ឌមិនទាន់ផ្ទុះដែលមានអាយុកាលរាប់ទសវត្សរ៍មកហើយកាលពីម្សិលមិញនៅក្នុងខេត្តព្រៃវែង នៅពេលគ្រាប់នេះបានផ្ទុះឡើង ខណៈជីតារូបនេះកំពុងប្រើប្រាស់វាជាទ្រនាប់សម្រាប់ដំដែក។

លោក ទេព ផល អាយុ៧៣ឆ្នាំបានយកគ្រាប់១០៥មីល្លីម៉ែត្របុកក្បាលចូលទៅក្នុងដីនៅផ្ទះរបស់គាត់ក្នុងស្រុកព្រះស្តេច ហើយបានប្រើបាតរបស់វាជាទ្រនាប់សម្រាប់ដំ ដែកនេះបើយោងតាមលោក ស្រេង ជា  ស្នងការនគរបាលខេត្តនេះ។ លោក ស្រេងជា បានលើកឡើងថា ជីតារូបនេះបានដំដែកដើម្បីយកទៅស្រោបស្នឹងគោ។

ស្នងការនគរបាលរូបនេះបានមានប្រសាសន៍ថា “យោងតាមសាច់ញាតិ និងអ្នកភូមិបានឲ្យដឹងថា គាត់មានគ្រាប់នេះតាំងពីទសវត្សរ៍ឆ្នាំ១៩៨០មកម្លេ៉ះ ហើយតែងតែប្រើប្រាស់វាជាទ្រនាប់ដើម្បីដំរបស់របរផ្សេងៗ ប៉ុន្តែ វាមិនដែលផ្ទុះទេ”។

ពេលគ្រាប់នេះ ទីបំផុតបានផ្ទុះឡើងកាលពីម្សិលមិញនៅម៉ោងប្រហែល១១និង៣០នាទីព្រឹកនោះ វាបានបណ្តាលឲ្យលោក   ទេព ផល និងចៅពីរនាក់របស់គាត់ដែលមានឈ្មោះ ផល ណារី អាយុ១២ឆ្នាំ និង ប្អូនប្រុសរបស់នាង ឈ្មោះ ផល តារា អាយុ៩ឆ្នាំបានស្លាប់ភ្លាមៗ។

លោក ស្រេង ជា បានថ្លែងថា “ខ្ញុំគិតថា  ប្រហែលជាគាត់គិតថា វាមិនអាចផ្ទុះទេមើលទៅ។ វាគួរឲ្យរន្ធត់ណាស់ ព្រោះគ្រួសារនេះបានបាត់បង់សមាជិករហូតដល់ទៅ៣នាក់ត្រឹមតែមួយប៉ប្រិចភ្នែក”។ លោកបានបន្ថែមថា អាជ្ញាធរជារឿយៗតែងតែជំរាបជូនអ្នកភូមិអំពីគ្រោះថ្នាក់នៃយុទ្ធភណ្ឌចាស់ៗ ហើយថា វាមានរយៈពេលជាយូរមកហើយ ចាប់តាំងពីមានមនុស្សម្នាក់បានស្លាប់ដោយសារយុទ្ធភណ្ឌបែបនេះនៅក្នុងខេត្តនេះ។

លោក ភឿង រី មេឃុំរំចេកបានលើកឡើងថា ” ពេលវាផ្ទុះ ប្រពន្ធរបស់គាត់នៅក្នុងផ្ទះប៉ុន្តែ ចៅពីរនាក់របស់គាត់លេងនៅក្បែរគាត់ ហេតុដូច្នេះទើបពួកគេបានស្លាប់ជាមួយជីតារបស់ខ្លួនតែម្តង”។

មេឃុំរូបនេះបានលើកឡើងទៀតថា លោកតែងតែឃើញគ្រាប់នេះនៅផ្ទះរបស់លោក ទេព ផល ប៉ុន្តែ មិនបានដឹងថា គាត់ប្រើប្រាស់វាជាទ្រនាប់សម្រាប់ដំដែកនោះទេ ហើយគិតថា ជីតារូបនេះដែលជាអតីតគ្រូបង្រៀនម្នាក់ ប្រហែលជាដឹងច្បាស់អំពីគ្រោះថ្នាក់នៃគ្រាប់នេះ។

លោកបានមានប្រសាសន៍ ថា “ពីមុនមន្ត្រី CMAC [មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា] ធ្លាប់បានអប់រំអ្នកភូមិក្នុងភូមិរបស់ខ្ញុំប៉ុន្តែ គាត់លួចរក្សាទុកវា។ ខ្ញុំគិតថា ប្រហែលជាគាត់គិថា វាមិនផ្ទុះទេមើលទៅ”។មេឃុំរូបនេះបានឲ្យដឹងទៀតថា សពបរស់ជនរងគ្រោះនឹងត្រូវបូជានៅថ្ងៃនេះ។

រដ្ឋាភិបាលបានណែនាំអ្នកភូមិឲ្យរាយការណ៍ជូនអាជ្ញាធរ ពេលពួកគាត់ប្រទះឃើញយុទ្ធភណ្ឌចាស់ៗ ហើយកំុដោះវាដោយខ្លួនឯងឲ្យសោះ។

កម្ពុជានៅតែមានមីន គ្រាប់បែក និងគ្រាប់រ៉ុកកែតចាស់ៗនៅទូទាំងប្រទេស។ ទោះបីជាអត្រានៃអ្នកស្លាប់ប្រចាំឆ្នាំបានធ្លាក់ចុះយ៉ាងខ្លាំងក្នុងរយពេលប៉ុន្មានទសវត្សរ៍ កន្លងមកនេះក៏ដោយ តែយុទ្ធភណ្ឌមិនទាន់ផ្ទុះបានសម្លាប់មនុស្ស១៨នាក់និងធ្វើឲ្យ៨៣នាក់ផ្សេងទៀតរងរបួសកាលពីឆ្នាំមុន។

ខេត្តព្រៃវែងមានអត្រាអ្នកស្លាប់ទាបជាងគេ បើធៀបនឹងខេត្តផ្សេងៗទៀតនៅក្នុងប្រទេស ហើយគឺជាខេត្តដែលទើបតែកើតហេតុការណ៍ផ្ទុះតែម្តងប៉ុណ្ណោះក្នុងឆ្នាំ២០១៥។ ហេតុការណ៍ផ្ទុះគ្រាប់ជាច្រើនកើតឡើងតាមបណ្តាខេត្តនាភាគពាយព្យជាប់ព្រំដែនប្រទេសថៃ ដែលរដ្ឋាភិបាលបានបង្កៃមីនយ៉ាងច្រើននៅក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដើម្បីការពារកុំឲ្យពួកឧទ្ទាមខ្មែរក្រហមចូលមកក្បែរ៕ ស៊ុយឈាង

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស