29 C
Phnom Penh

អង្គការ​សិទ្ធិ​មនុស្ស Amnesty ប្រមូល​សមាជិក​ដើម្បី​ជួយ​បុគ្គលិក​អាដហុក​ប្រាំ​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការសិទ្ធិមនុស្សលើកលែងទោសអន្តរជាតិ (Amnesty International) បានកំណត់មន្ត្រីសិទ្ធិមនុស្សបួននាក់ និងមន្ត្រីរៀបចំការបោះឆ្នោតម្នាក់ដែលត្រូវគេចាប់ដាក់ពន្ធនាគារនៅដើមខែនេះ ជា “អ្នកទោសមនសិការ” ហើយនឹងអំពាវនាវដល់សមាជិករាប់លាននាក់នៅជុំវិញពិភពលោក ដើម្បីដាក់ញត្តិឲ្យរដ្ឋាភិបាលដោះលែងពួកគេ។

ពលរដ្ឋកម្ពុជាមុនៗ ដែលត្រូវគេចាត់ទុកជាអ្នកទោសមនសិការ មានន័យថា ពួកគាត់ជាប់ពន្ធនាគារព្រោះតែជំនឿ ឬលក្ខណៈសម្បត្តិ និងមិនដែលគាំទ្រអំពើហិង្សា រួមមានអ្នកស្រី យ៉ម បុប្ផា អ្នកគាំទ្រសិទ្ធិដីធ្លី និងលោក ម៉ម សូណង់ដូ ម្ចាស់ស្ថានីយវិទ្យុ។

លោក ចន ខូហ្វឡែន (John Coughlan) អ្នកស្រាវជ្រាវអង្គការលើកលែងទោសអន្តរជាតិនៅកម្ពុជា បាននិយាយកាលពីថ្ងៃអង្គារថា មន្ត្រីជាន់ខ្ពស់បួននាក់មកពីអង្គការសិទ្ធិមនុស្សអាដហុក និងអតីតមន្ត្រីម្នាក់នៅអង្គការនេះ ដែលឥឡូវជាមន្ត្រីជាន់ខ្ពស់ម្នាក់ក្នុងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ត្រូវនឹងលក្ខណៈវិនិច្ឆ័យនេះ។

លោក ខូហ្វឡែន បាននិយាយតាមរយៈអីុម៉េលថា “ច្បាស់ណាស់ថា ពួកគាត់ជាប់ពន្ធនាគារដោយសារតែការងារសិទ្ធិមនុស្ស ដោយសារតែធ្វើការតាមច្បាប់ និងគាំទ្រជនរងគ្រោះនៃការរំលោភសិទ្ធិមនុស្ស”។

លោកបាននិយាយអំពីមនុស្សប្រាំនាក់ ដែលរងការចោទប្រកាន់ពីបទសូកប៉ាន់ស្ត្រីម្នាក់ដែលគេចោទថាជាស្រីកំណាន់របស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង នៅពេលផ្តល់ជំនួយផ្នែកច្បាប់ដល់នាងថា “យើងបានចាត់ទុកពួកគាត់ជាអ្នកទោសមនសិការ ហើយយើងនឹងធ្វើយុទ្ធនាការឲ្យមានការដោះលែងពួកគាត់។ យើងនឹងស្នើសុំឲ្យសមាជិកអង្គការសិទ្ធិមនុស្សលើកលែងទោសអន្តរជាតិនៅទូទាំងពិភពលោក ដែលមានមនុស្សប្រហែល៧លាននាក់ សរសេរទៅអាជ្ញាធរកម្ពុជាដើម្បីអំពាវនាវឲ្យមានការដោះលែងមនុស្សទាំងប្រាំនាក់ជាបន្ទាន់និងដោយគ្មានលក្ខខណ្ឌ”។

មនុស្សប្រាំនាក់នេះស្ថិតក្នុងចំណោម “អ្នកទោសនយោបាយ” ២៩នាក់នៅប្រទេសកម្ពុជា ដែលដាក់ឈ្មោះដោយអង្គការសិទ្ធិមនុស្សលីកាដូលើវិបសាយរបស់ខ្លួនកាលពីដើមខែនេះ ជាបញ្ជីមួយដែលមានសុទ្ធតែអ្នកនយោបាយបក្សប្រឆាំងនិងសកម្មជន”។

ក្រុមមន្ត្រីរដ្ឋាភិបាលបានព្រមានអង្គការលីកាដូថា ខ្លួនអាចបិទទំព័រនោះ ដោយលើកហេតុផលថា វាហាក់ដូចជារំលោភមាត្រាក្នុងច្បាប់ NGO ដែលតម្រូវឲ្យមានអព្យាក្រឹតភាពនយោបាយ។ អង្គការលីកាដូបានសន្យាទុកទំព័រនេះនៅដំណើរការដដែលនិងធ្វើបច្ចុប្បន្នភាព។

លោក ជីន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ បាននិយាយកាលពីថ្ងៃអង្គារថា អង្គការសិទ្ធិមនុស្សលើកលែងទោសអន្តរជាតិ យល់ច្រឡំក្នុងការអះអាងថា មន្ត្រីអាដហុកជាប់ពន្ធនាគារដោយសារតែហេតុផលនយោបាយ។ “វាជាវិធានការស្របច្បាប់លើបុគ្គលទាំងឡាយណាដែលប្រព្រឹត្តបទល្មើស។ គ្មាននរណាអាចគាបសង្កត់តុលាការឲ្យដោះលែងពួកគេបានទេ”៕ និត (រាយការណ៍បន្ថែមដោយ ផាន់ ស៊ូមី)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស