27 C
Phnom Penh

រដ្ឋាភិបាល​ក្រឡាស់​ជំហរ​លើ​ការ​បង្ក្រាប​គ្លីនិក​ឯកជន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

បន្ទាប់ពីដកហូតអាជ្ញាប័ណ្ណបើកគ្លីនិកឯកជនដ៏ធំមួយកន្លែងក្នុងក្រុងភ្នំពេញកាលពីថ្ងៃច័ន្ទ ក្រោយពីមានការស្លាប់បុរសម្នាក់ភ្លាមៗ ក្រសួងសុខាភិបាលនៅថ្ងៃអង្គារទំនងជាប្តូរចិត្តវិញ ដោយបើកការស៊ើបអង្កេតដែលអាចឃើញគ្លីនិកនេះបើកទ្វារជាថ្មី។

លោក សុខ ស៊្រុន ប្រធាននាយកដ្ឋានមន្ទីរពេទ្យនៃក្រសួងសុខាភិបាល បាននិយាយកាលពីថ្ងៃអង្គារទាក់ទិននឹងគ្លីនិក ឃឹម រ៉ានី នៅសង្កាត់បឹងកក់១ក្នុងខណ្ឌទួលគោកថា “វាអាចទៅរួច ប្រសិនបើការស៊ើបអង្កេតបង្ហាញថាបញ្ហាមិនជាប់ពាក់ព័ន្ធនឹងបច្ចេកទេសទេ គេអាចដាក់ពាក្យសុំអាជ្ញាប័ណ្ណថ្មីបាន”។

យោងតាមម្ចាស់គ្លីនិក លោកស្រី ឃឹម រ៉ានី ដែលបានចាក់ថ្នាំឲ្យអ្នកជំងឺឲ្យដឹងថា លោក ឡាំ តៅគង់ អាយុ២៨ឆ្នាំ បានទៅគ្លីនិកនេះកាលពីព្រឹកថ្ងៃអាទិត្យ ដើម្បីព្យាបាលការឈឺខ្នង ហើយបានចាប់ផ្តើមមានបញ្ហាពិបាកដកដង្ហើម តែប៉ុន្មាននាទីបន្ទាប់ពីការចាក់ថ្នាំបំបាត់ការឈឺចាប់ធម្មតា និងថ្នាំរលាកសរសៃ។

គាត់បានស្លាប់នៅពេលបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។ គ្រួសាររបស់លោក ឡាំ តៅគង់ បាននិយាយកាលពីថ្ងៃច័ន្ទថា គេជឿថា ការចាក់ថ្នាំនោះបានបណ្តាលឲ្យគាត់ស្លាប់។ ទោះជាយ៉ាងនេះក្តី វេជ្ជបណ្ឌិត រ៉ានី បាននិយាយថា ការព្យាបាលរបស់លោកស្រីគឺត្រឹមត្រូវ ហើយថាបុរសនោះស្លាប់ដោយសារគាំងបេះដូង។

ក្នុងសេចក្តីប្រកាសសម្រេចបង្ខំបិទគ្លីនិកនេះ ក្រសួងសុខាភិបាលបាននិយាយថា ការស្លាប់របស់លោក ឡាំ តៅគង់ ជាបញ្ហាថ្មីបំផុតក្នុងចំណោម “បញ្ហាជាច្រើនលើកច្រើនសា” ដែលបង្កឡើងដោយគ្លីនិក ដែលខ្លួនបាននិយាយថា “មិនគោរពទៅតាមកិច្ចសន្យារបស់ខ្លួន និងមិនគោរពតាមការណែនាំរបស់ក្រសួងសុខាភិបាល”។

វេជ្ជបណ្ឌិត ស៊្រុន នៅនាយកដ្ឋានមន្ទីរពេទ្យ បាននិយាយថា ការស៊ើបអង្កេតលើគ្លីនិកនេះ នឹងមានលទ្ធផលតិចតួចទាក់ទិននឹងមូលហេតុនៃការស្លាប់ ដែលឈានដល់ការបិទគ្លីនិក ពីព្រោះនៅប្រទេសកម្ពុជាមិនមានកន្លែងធ្វើការវះពិនិត្យសព ដូច្នេះហើយ គេមិនបានពិនិត្យសពទេ។

ផ្ទុយទៅវិញ លោកបាននិយាយថា គណៈកម្មាធិការនឹងពិនិត្យឯកសារ អាជ្ញាប័ណ្ណពេទ្យ និងអគារគ្លីនិក។ លោកបាននិយាយបន្ថែមថា វេជ្ជបណ្ឌិត រ៉ានី ក៏នឹងត្រូវសម្ភាសទាក់ទិននឹងការព្យាបាលលោក តៅគង់ ដែរ។

លោក សុខ សុគន្ធ ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បាននិយាយថា គ្លីនិកនេះ ដែលបានបើកចាប់តាំងពីឆ្នាំ២០០០មក ហើយពីមុនប្រើឈ្មោះ គ្លីនិក ទួលគោក មិនបានគោរពតាមការណែនាំរបស់ក្រសួងជាយូរមកហើយ។

លោក សុគន្ធ បាននិយាយថា “ក្រសួងសុខាភិបាលបានខិតខំកំណត់តម្លៃព្យាបាលនៅតាមគ្លីនិក ប៉ុន្តែ គ្លីនិកនេះបានឆ្លៀតយកតម្លៃខ្ពស់ពីអ្នកជំងឺរបស់ខ្លួន”។ លោកបាននិយាយបន្ថែមថា គ្លីនិកនេះក៏មិនបានស្តាប់តាមការណែនាំរបស់ក្រសួងនៅឆ្នាំ២០០៨ឲ្យរថយន្តសង្គ្រោះរបស់គ្លីនិកឯកជននេះបញ្ឈប់ប្រតិបត្តិការដែរ។

កាលពីខែកញ្ញា រយៈពេលជិតប្រាំពីរឆ្នាំបន្ទាប់ពីមានបទបញ្ជានេះ នគរបាលបាននិយាយថា ពួកគេបានសាកសួរវេជ្ជបណ្ឌិត រ៉ានី អំពីករណីគ្រោះថ្នាក់បុកហើយរត់ពាក់ព័ន្ធនឹងរថយន្តសង្គ្រោះមួយគ្រឿងរបស់លោកស្រី ដែលនៅពេលបុកនោះមានមនុស្សបីនាក់ស្លាប់។

លោក សុគន្ធ បាននិយាយថា ប្រសិនបើគេឲ្យគ្លីនិកនេះបើកជាថ្មី គ្លីនិកនេះនឹងស្ថិតនៅក្រោមការត្រួតពិនិត្យដ៏តឹងរ៉ឹង។

លោកបាននិយាយថា “ប្រសិនបើយើងបិទគ្លីនិកនេះរយៈពេលយូរ ដោយមិនឲ្យគេរកស៊ី វានឹងប៉ះពាល់ដល់ជីវភាព”។ លោកបាននិយាយបន្ថែមថា ការល្មើសបំពានថែមទៀតអាចធ្វើឲ្យម្ចាស់គ្លីនិកនេះឡើងតុលាការ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស