ទីបំផុតនៅពេលភ្លៀងបានចាប់ផ្ដើមធ្លាក់ទូទាំងប្រទេស លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសកាលពីម្សិលមិញ បញ្ចប់យុទ្ធនាការផ្ដល់ជំនួយដែលលោកបានចាប់ផ្តើមកាលពីខែមុន ដើម្បីទប់ទល់គ្រោះរាំងស្ងួតអាក្រក់បំផុត ក្នុងរយៈពេលច្រើនទសវត្សរ៍មកនេះ ដោយចាត់ទុកគ្រោះរាំងស្ងួតនេះជាឱកាសសម្រាប់ “រៀនសូត្រ” នៅក្នុងអភិបាលកិច្ច។

អំឡុងពិធីប្រគល់សញ្ញាបត្រនៅវិទ្យាស្ថានជាតិអប់រំ ក្នុងរាជធានីភ្នំពេញ លោកបានមានប្រសាសន៍ថា “ថ្ងៃនេះ តាងនាមឲ្យរដ្ឋាភិបាល និងក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមប្រកាសបញ្ចប់យុទ្ធនាការ ទ្រង់ទ្រាយធំ ផ្ដល់ទឹកជួយដល់ប្រជាពលរដ្ឋ”។
សញ្ញាដំបូងនៃគ្រោះរាំងស្ងួតបានលេចចេញឡើងជាមួយនឹងការចាប់ផ្ដើមរដូវវស្សាយឺតយ៉ាវកាលពីឆ្នាំមុន ដែលមានភ្លៀងធ្លាក់ក្រោមកម្រិតមធ្យម មុនពេលប្រជាកសិកររងគ្រោះដោយសាររដូវរាំងស្ងួតវែងបំផុតមិនធ្លាប់មាន។
នៅពេលប្រឡាយទឹក ស្រះទឹក និងអណ្ដូងទឹកបានរីងហួតទូទាំងប្រទេសកាលពីខែមុន លោកនាយករដ្ឋមន្ត្រីបានចាប់ផ្ដើមយុទ្ធនាការផ្ដល់ទឹកដល់អ្នកដែលត្រូវការវាខ្លាំងបំផុត។ រថយន្តយោធា១០០គ្រឿងដែលដឹកទឹក ត្រូវបាន បញ្ជូនទៅតំបន់នានាដែលពឹងផ្អែកលើទឹកភ្លៀងសម្រាប់ប្រើប្រាស់សព្វបែបយ៉ាងចាប់ពីទទួលទានរហូតដល់ការស្រោចដំណាំ ចំណែកឯអភិបាលខេត្តបានទទួលបញ្ជាឲ្យនៅក្នុងខេត្តរបស់ខ្លួនដើម្បីជួយរហូតដល់រដូវវស្សាចូល មកដល់។
លោកនាយករដ្ឋមន្ត្រីបានថ្លែងទៅកាន់អ្នកចូលរួមកាលពីម្សិលមិញថា “ក្នុងពិភពលោកបច្ចុប្បន្ន គ្មានអ្នកណាអាចគ្រប់គ្រងអាកាសធាតុបានទេ។ ខ្ញុំសូមឆ្លៀតឱកាសនេះកោតសរសើរការចូលរួមរបស់កងកម្លាំងរដ្ឋាភិបាលទាំងអស់នៅក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋរបស់យើងដែលរងផលប៉ះពាល់ដោយសារការខ្វះខាតទឹក”។
លោកនាយករដ្ឋមន្ត្រីមានប្រសាសន៍ថា គ្រោះរាំងស្ងួតធ្ងន់ធ្ងរមិនធ្លាប់ជួបប្រទះដែលបានសម្លាប់សត្វពាហនៈអស់រាប់រយក្បាល បង្ខំឲ្យសាលារៀនកាត់បន្ថយម៉ោងសិក្សា នឹងជំរុញឲ្យមានការខំប្រឹងប្រែងថ្មីៗដើម្បីកាត់បន្ថយផលប៉ះពាល់នៃគ្រោះមហន្តរាយធម្មជាតិដែលអាចកើតឡើងបែបនេះទៀត។
លោកមានប្រសាសន៍ប្រៀបធៀបគ្រោះរាំងស្ងួតឆ្នាំនេះទៅនឹងទឹកជំនន់កាចសាហាវកាលពីឆ្នាំ២០០០ ដែលនាំឲ្យរដ្ឋាភិបាលកែប្រែរបៀបស្ថាបនាផ្លូវថ្នល់ និងសាងសង់អគារសាធារណៈថា “បទពិសោធន៍ និងមេរៀននៅឆ្នាំនេះផ្ដល់ ឲ្យយើងច្រើនដែលយើងអាចប្រើបានដើម្បីត្រៀមសម្រាប់ការប្រយុទ្ធរយៈពេលវែងនៅពេលអនាគត។សកម្មភាពជីកអណ្តូង និងស្រះថ្មីៗ ព្រមទាំងការជីកបង្កើតប្រឡាយទឹកត្រូវតែបន្ត។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានបដិសេធមិនផ្តល់ព័ត៌មានលម្អិតបន្ថែមទៀតអំពីផែនការរបស់រដ្ឋាភិបាលក្នុងការកាត់បន្ថយគ្រោះរាំងស្ងួតនាពេលខាងមុខ ឬមានប្រសាសន៍ថា នឹងចំណាយអស់ប្រាក់ប៉ុន្មាន ដើម្បីពង្រីកប្រព័ន្ធធារាសាស្ត្ររបស់កម្ពុជាឡើយ ដោយបង្វែរសំណួររបស់អ្នកយកព័ត៌មានម្នាក់ទៅក្រសួងធនធានទឹក។
លោក ចាន់ យុត្ថា អ្នកនាំពាក្យក្រសួងធនធានទឹកមិនអាចទាក់ទងសុំការបំភ្លឺបានទេ។ ទោះជាយ៉ាងណា កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានលើកឡើងថា ខណៈគ្រោះរាំងស្ងួតបច្ចុប្បន្នឆ្លុះបញ្ចាំងពីការរុះរើស្ថាប័នដែល កម្ពុជា ត្រូវធ្វើដើម្បីត្រៀមខ្លួនសម្រាប់គ្រោះធម្មជាតិនាពេលអនាគត ប្រទេសនេះខ្វះហេដ្ឋារចនាសម្ព័ន្ធសម្រាប់ព្យាករអំពីការកើតឡើងបែបនេះ។
លោក ណាប៉ូឡេអុង ណាវ៉ារ៉ូ (Napoleon Navarro) ប្រធានផ្នែកគោលនយោបាយរបស់អង្គការ UNDP ប្រចាំកម្ពុជា មានប្រសាសន៍ថា “ការរាំងស្ងួតបច្ចុប្បន្ននៅកម្ពុជា ពិតជាផ្តល់គំនិតអំពីបញ្ហាប្រឈមក្នុងស្ថាប័ន ដែលកម្ពុជា នឹងត្រូវដោះស្រាយពេលប្រឈមនឹងការប្រែប្រួលអាកាសធាតុនៅប៉ុន្មានទសវត្សរ៍ខាងមុខ”។
លោកបានបន្តថា ការខ្វះស្ថានីយអាកាសធាតុស្វ័យប្រវត្តិ (AWS) ឬស្ថានីយសម្រាប់វាស់ស្ទង់កម្រិតទឹកទន្លេ ជាហេតុមិនអាចផ្តល់ការព្យាករគ្រប់គ្រាន់ និងពាក់ព័ន្ធបាន។”ព័ត៌មានបែបេនះមានសារៈសំខាន់ចំពោះការបង្កើតវិធានការផ្តល់ប្រឹក្សា និងណែនាំទៅដល់ថ្នាក់ឃុំ ស្រុក និងខេត្ត”។
លោកបានមានប្រសាសន៍បន្ថែមទៀតថា លើសពីនេះទៅទៀត “គ្មានក្រសួងណាអាចប្រែក្លាយការព្យាកររយៈពេលមធ្យមទាំងនេះចូលទៅជាការផ្តល់ប្រឹក្សា/វិធានការជាក់លាក់លើការបែងចែកទឹក និងការធ្វើកសិកម្មនៅពេលខាង មុខនោះទេ”។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា រដ្ឋាភិបាលបានចំណាយប្រាក់ជាច្រើនទៅលើប្រព័ន្ធធារាសាស្ត្រជាយូរមកហើយដោយមិនទទួលបានលទ្ធផលត្រឹមត្រូវឡើយ ហើយគួរតែសិក្សាស្រាវជ្រាវ និងធ្វើការជាមួយអ្នកជំនាញដើម្បីទប់ស្កាត់បញ្ហាដដែលនេះប្រកបដោយប្រសិទ្ធភាពកុំឲ្យកើតឡើងទៀត។
លោកបានបន្តថា “ពួកគេមិនសូវស្ដាប់អ្នកជំនាញទេ” ហើយរដ្ឋាភិបាលគួរតែត្រៀមខ្លួនឲ្យបានល្អពាក់ព័ន្ធការព្រមានអំពីគ្រោះរាំងស្ងួតធ្ងន់ធ្ងរតាំងពីដើមឆ្នាំមុនម៉្លេះ និងទទួលស្គាល់ដោយក្រសួងធនធានទឹកដែលបាននិយាយថា វិធានការចាំបាច់។
លោកបានមានប្រសាសន៍ទៀតថា “ប៉ុន្តែពួកគេមិនបានធ្វើទេ ហើយពួកគេរង់ចាំរហូតដល់គ្រោះរាំងស្ងួតប៉ះពាល់ដល់ប្រជាពលរដ្ឋ” ហើយថាការខំប្រឹងប្រែងចែកចាយទឹកទៅដល់សហគមន៍មានហេតុផលនយោបាយ។ “ពួកគេ គ្រាន់តែប្រើប្រាស់វាជាការឃោសនាមួយប្រភេទប៉ុណ្ណោះ គឺការផ្តល់ទឹកស្អាតសម្រាប់ទទួលទានទៅដល់ភូមិនានា”៕ សុខុម