បន្ទាប់ពីមានការកំណត់កាលបរិច្ឆេទបោះឆ្នោតឃុំ-សង្កាត់នៅឆ្នាំក្រោយ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រើប្រាស់សុន្ទរកថាកាលពីម្សិលមិញ ដើម្បីជំរុញឲ្យមន្ត្រីពន្លឿនការងារដើម្បីធានាឲ្យបានថា ពលរដ្ឋ២លាននាក់ ដែលគ្មានអត្តសញ្ញាណប័ណ្ណថ្មី ទទួលបានអត្តសញ្ញាណប័ណ្ណមុនថ្ងៃបោះឆ្នោតដែលនឹងធ្វើឡើងនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
ដោយធ្វើឡើងស្របពេលមានការអះអាងពីគណបក្សប្រឆាំងថា គណបក្សកាន់អំណាចកំពុងធ្វើឲ្យខូចរួចទៅហើយនូវលទ្ធភាពនៃការបោះឆ្នោតដោយសេរី និងយុត្តិធម៌ដោយសារតែមានការចាប់ខ្លួន និងការាត់វិធានការ ផ្លូវច្បាប់ជាច្រើនលើឥស្សរជនគណបក្សប្រឆាំងនោះ លោក ហ៊ុន សែន បានលើកឡើងថា លោកប្តេជ្ញាធ្វើឲ្យប្រាកដថា ពលរដ្ឋគ្រប់រូបអាចបោះឆ្នោតបានរួមទាំងខ្លួនលោកផ្ទាល់ផងដែរ។
លោកបានមានប្រសាសន៍ថា “សង្ឃឹមថា មន្ត្រីពាក់ព័ន្ធទាំងអស់ ជាពិសេសអាជ្ញាធររបស់យើងដែលទទួលបន្ទុកក្នុងការចេញអត្តសញ្ញាណប័ណ្ណ នឹងចេញអត្តសញ្ញាណប័ណ្ណសម្រាប់ [ពលរដ្ឋ] ជាង២លាននាក់ឲ្យបានឆាប់តាម ដែលអាចធ្វើបានដើម្បីឲ្យពួកគាត់មានសិទ្ធិចុះឈ្មោះបោះឆ្នោត។ សូម្បីតែខ្លួនខ្ញុំព្រះករុណាខ្ញុំក៏ត្រូវទៅចុះឈ្មោះសាឡើងវិញដែរ”។
ដោយអ្នកឃ្លាំមើលការបោះឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.) ខ្លួនឯងផ្ទាល់បានរាយការណ៍ថា មានឈ្មោះជាង១លានបានបាត់ ឬជាន់ឈ្មោះ គ្នានៅក្នុងការបោះឆ្នោតជាតិដ៏ចម្រូងចម្រាសកាលពី ឆ្នាំ២០១៣នោះ គ.ជ.ប.ដែលត្រូវបានធ្វើកំណែទម្រង់ បានចាប់ផ្តើមបង្កើតបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មីហើយ។
អត្តសញ្ញាណប័ណ្ណថ្មីដែលមានទិន្នន័យជីវសាស្ត្រ និងអនុញ្ញាតឲ្យពលរដ្ឋបោះឆ្នោតដោយប្រើឧបករណ៍អេឡិចត្រូនិកផ្គត់ផ្គង់ដោយសហភាពអឺរ៉ុប ដែលគ្រោងនឹងបញ្ជូនមកដល់នៅខែកក្កដា។ អត្តសញ្ញាណប័ណ្ណថ្មី គឺជាផ្នែក នៃការកែទម្រង់ដំណើរការបោះឆ្នោតដែលត្រូវបានព្រមព្រៀងអំឡុងមានការឯកភាពផ្នែកនយោបាយកាលពីឆ្នាំ២០១៤រវាងគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ។
លោក ហ៊ុន សែន បានលើកឡើងទៀតថា ដោយធានាថា ពលរដ្ឋគ្រប់រូបអាចបោះឆ្នោតបាននោះ លោកសង្ឃឹមថា នឹងអាចទប់ស្កាត់ការអះអាងដែលថា គណបក្សកាន់អំណាចរៀបចំការបោះឆ្នោតដោយមិនស្មោះត្រង់។
លោកបានមានប្រសាសន៍ថា “រឿងនេះមិនមែនជារឿងតូចតាចទេ។ អ្នកណាទទួលខុសត្រូវទៅលើបញ្ហាចោទថា បាត់ឈ្មោះ១,២លាននាក់ ១,៥លាននាក់”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងថា លោករីករាយដែលបានឮអំពីការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីពាក់ព័ន្ធការចុះឈ្មោះបោះឆ្នោត។ លោកបានលើកឡើងទៀតថា គណបក្សប្រឆាំងបាន និងកំពុងធ្វើការលើការងារនេះចាប់តាំងពីមានការជំរុញលើកទឹកចិត្តឲ្យពលរដ្ឋទទួលបានអត្តសញ្ញាណប័ណ្ណថ្មីមក។
លោកបានមានប្រសាសន៍ថា “យើងបានចុះទៅតាមផ្ទះ គោះទ្វារពីផ្ទះមួយទៅផ្ទះមួយ ហើយបានប្រាប់ឲ្យពលរដ្ឋដាក់ពាក្យសុំធ្វើអត្តសញ្ញាណប័ណ្ណ។ ប្រសិនបើពួកគាត់គ្មានឯកសារត្រឹមត្រូវទេ យើងជួយពួកគាត់ឲ្យទៅរកអាជ្ញាធរ មានសមត្ថកិច្ច”។លោកបានបន្ថែមថា ថ្នាក់ដឹកនាំគណបក្សតាមមូលដ្ឋានត្រូវបានប្រាប់ឲ្យជួយចេញប្រាក់សម្រាប់ពលរដ្ឋក្រីក្រដើម្បីឲ្យមានដំណើរការទៅមុខ។
ទោះជាយ៉ាងណា លោក យឹម សុវណ្ណបានបន្ថែមទៀតថា ត្រឹមតែការចុះឈ្មោះអ្នកបោះឆ្នោតមិនទាន់គ្រប់គ្រាន់នៅឡើយទេសម្រាប់ធានាឲ្យបានថា មានការបោះឆ្នោតប្រកបដោយភាពត្រឹមត្រូវនោះ។
លោកបានថ្លែងថា “មានកត្តាជាច្រើន។ បរិយាកាសនយោបាយគឺជាកត្តាសំខាន់ណាស់នៅក្នុងការចូលរួមធ្វើឲ្យមានការបោះឆ្នោតដោយសេរី និងយុត្តិធម៌”៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Colin Meyn)