32.9 C
Phnom Penh

មន្ត្រី​យោធាម្នាក់​​​រត់គេច​ខ្លួន បន្ទាប់ពីមានការឈ្លោ​​​ះ​​​ទាស់ទែង​គ្នា​រឿង​ទូរស័ព្ទដៃ​​​មួយ​​គ្រឿង​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមនគរបាលបានឲ្យដឹងកាលពីម្សិលមិញថា កងរាជអាវុធហត្ថរាជធានី ភ្នំពេញកំពុងតែតាមស្វែងរកមន្ត្រីយោធាម្នាក់ បន្ទាប់ពីគាត់បានបាញ់កាំភ្លើងឡើងលើអំឡុងពេលឈ្លោះប្រកែកគ្នាពាក់ព័ន្ធរឿងទូរស័ព្ទមួយគ្រឿង។

គង់ ប្រុស អាយុ៣៧ឆ្នាំ ជាមន្ត្រីនៅកងពលតូចលេខ៩១១បានបាញ់កាំភ្លើងមួយគ្រាប់អំឡុងពេលឈ្លោះប្រកែកគ្នាជាមួយ បុរសម្នាក់ឈ្មោះ សុខ ចៀន អាយុ២០ឆ្នាំនិងមិត្តភក្តិពីរនាក់ទៀតរបស់បុរសរូបនេះ កាលពីល្ងាចថ្ងៃអង្គារ ពាក់ព័ន្ធការទាមទាររបស់  សុខ ចៀន សុំយកលុយវិញសម្រាប់ទូរស័ព្ទម៉ាកណូគាមួយគ្រឿងដែលគាត់បានទិញពីហាងរបស់ប្រពន្ធមន្ត្រីយោធារូបនេះ នេះបើយោងតាមលោក ថេង កុសល នាយប៉ុស្តិ៍សង្កាត់ចោមចៅ។

លោក ថេង កុសល បានលើកឡើងថា  លោក សុខ ចៀន បានទៅហាងលក់ទូរស័ព្ទឈ្មោះលីហ្សាក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យកាលពីថ្ងៃអង្គារ ដើម្បីសុំដូរថ្មថ្មីសម្រាប់ទូរស័ព្ទណូគា១០៨ ដែលគាត់បានទិញនៅទីនោះកាលពីថ្ងៃអាទិត្យ។

នាយប៉ុស្តិ៍រូបនេះបានលើកឡើងទៀតថា បន្ទាប់ពីជជែកគ្នាអស់រយៈពេល១៥នាទីជាមួយប្រពន្ធរបស់លោក គង់ ប្រុស លោក   សុខ ចៀន បានប្តូរចិត្ត ហើយទាមទារសុំដូរទូរស័ព្ទថ្មីដោយអះអាងថា ទូរស័ព្ទដែលគាត់បានទិញនោះ គាត់បានប្រើរួចហើយ ហើយដើរមិនស្រួលនោះទេ។

យោងតាមលោក ថេង កុសល បានឲ្យដឹងទៀតថា នៅពេលលោក គង់ ប្រុស បានមកដល់ហាងលក់ទូរស័ព្ទនេះ គាត់ក៏បាននិយាយចរចាជាមួយបុរសទាំងនោះដែរប៉ុន្តែ ពួកគេមិនព្រម។

លោកបានមានប្រសាសន៍ថា ”បន្ទាប់ពីភាគីទាំងពីរនិយាយមិនត្រូវរ៉ូវគ្នា មន្ត្រីយោធារូបនេះបានដកកាំភ្លើង ហើយបាញ់ឡើងលើមួយគ្រាប់ ហើយឥឡូវនេះកងរាជអាវុធហត្ថកំពុងតាមរកគាត់”។

លោកបានបន្ថែមថា បុរសទាំងបីនាក់នោះក៏បានគេចខ្លួនដែរបន្ទាប់ពីមានការបាញ់កាំភ្លើងរួច ប៉ុន្តែ បានត្រឡប់មកវិញ ក្រោយពេលនគរបាលមកដល់។

ប្រពន្ធរបស់លោក គង់ ប្រុស ដែលប្រាប់ឈ្មោះត្រឹមតែថា “លីហ្សា” បានបន្ទោសលោក សុខ ចៀន និងមិត្តភក្តិរបស់គាត់ថា ជាអ្នកបង្ករឿងមុន ហើយមិនព្រមទទួលយកថ្មទូរស័ព្ទថ្មី។

អ្នកស្រី លីហ្សា បាននិយាយថា “ពួកគេសុទ្ធតែស្រវឹងស្រា។ ពេលប្តីរបស់ខ្ញុំមកដល់ផ្ទះ ពួកគេបានជេរគាត់ ហើយបន្ទាប់មកវាយដំគាត់ទៀត”។

អ្នកស្រីបានបន្ថែមថា “ពួកគេបានដណ្តើម យកកាំភ្លើងពីប្តីខ្ញុំ ប៉ុន្តែ គាត់បានដណ្តើមយកមកវិញ ។ បុរសទាំងបីនាក់នេះព្យាយាមទាញគាត់ផ្តួលទៅដី ហើយដាល់គាត់ ប៉ុន្តែ ប្តីរបស់ខ្ញុំបានបាញ់ឡើងលើ។ ប្រសិនបើគាត់មិនបាញ់ឡើងលើទេ ពួកគេប្រហែលជាមិនឈប់វាយដំគាត់ឡើយ”។

លោក ជឹម រិទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌនេះបានបដិសេធមិនធ្វើអត្ថាធិប្បាយឡើយទាក់ទិនបញ្ហានេះ រីឯមន្ត្រីនៃកងពលតូចលេខ៩១១ក៏មិនអាចទាក់ទងបានដែរ។ កងពលតូចនេះរងការរិះគន់ជាយូរមកហើយពីសំណាក់អង្គការសិទ្ធិមនុស្សពាក់ព័ន្ធការរំលោភបំពានសិទ្ធិមនុស្ស និងការចូលរួមនៅក្នុងការបង្ក្រាបលើបាតុកម្មរបស់កម្មករដែលបណ្តាលឲ្យមានមនុស្សស្លាប់កាលពីឆ្នាំ ២០១៤ក្នុងរាជធានីភ្នំពេញ៕ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស