26 C
Phnom Penh

នគរបាល​ចាប់ខ្លួន​មន្ត្រី​មួយ​រូប​ទៀត ​​​ខណៈពេល​គាត់​​​កំពុងធ្វើ​​​យុទ្ធនាការ​​​ប្រមូល​ស្នាមមេដៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់គណបក្សប្រឆាំងម្នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអង្គារនៅក្នុងខេត្តកំពតពាក់ព័ន្ធការផ្សព្វផ្សាយញត្តិជាផ្នែកមួយនៃការខំប្រឹងប្រែងនៅទូទាំងប្រទេសរបស់គណបក្សសង្គ្រោះជាតិដើម្បីឲ្យមានការដោះលែងសកម្មជនបក្សជាង២០រូប និងបុគ្គលិកសិទ្ធិមនុស្សដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ។

លោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តបានមានប្រសាសន៍ថា លោក ដួង ថុន អាយុ៥៤ឆ្នាំ ជាសមាជិកក្រុមប្រឹក្សាឃុំគណបក្សសង្គ្រោះជាតិក្នុងឃុំត្រពាំងភ្លាំង ស្រុកឈូក ត្រូវបានចាប់ខ្លួននៅផ្ទះរបស់លោកបន្ទាប់ពីមិនអើពើនឹងការកោះហៅរបស់នគរបាលផ្អែកលើពាក្យបណ្តឹងរបស់អ្នកភូមិមូលដ្ឋានថា លោកបានដាក់សម្ពាធឱ្យពួកគាត់ផ្តិតមេដៃលើញត្តិ។

ការចាប់ខ្លួនលោកធ្វើឡើងបន្ទាប់ពីសកម្មជនគណបក្សប្រឆាំងពីររូបត្រូវបានចាប់ខ្លួនក្នុងខេត្តកំពង់ធំកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ខណៈពេលកំពុងប្រមូលស្នាមមេដៃសម្រាប់យុទ្ធនាការដូចគ្នានេះ។

ឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានមានប្រសាសន៍ថា “យើងបានចាប់ខ្លួនគាត់ផ្អែកលើពាក្យបណ្តឹងរបស់អ្នកភូមិមូលដ្ឋានដែលថា គាត់បានគំរាមកំហែងពួកគាត់។ គាត់បានជំរុញឱ្យអ្នកភូមិផ្តិតមេដៃ ហើយអ្នកភូមិមួយចំនួនដែលមិនបានគិត បានផ្តិតមេដៃឱ្យគាត់”។

លោកបានមានប្រសាសន៍ថា “ តាមការសាកសួររបស់នគរបាល លោក ដួង ថុន បានលើកឡើងថា លោកបានប្រមូលស្នាមមេដៃតាមការណែនាំពីថ្នាក់លើរបស់គាត់នៅក្នុងបក្ស”។

លោកបានថ្លែងថា “គាត់បានប្រាប់យើងថា គាត់បានប្រមូលស្នាមមេដៃតាមការបញ្ជាពីថ្នាក់លើ ប៉ុន្តែ យើងមិនបានសួរគាត់ថា តើថ្នាក់លើនោះជានរណាឡើយ ពីព្រោះយើងមិនចង់ឱ្យនរណាម្នាក់រិះគន់យើង ដោយនិយាយថា វាជារឿងពាក់ព័ន្ធនយោបាយ”។

មន្ត្រីនគរបាលរូបនេះបានពង្វាងសំណួរ នៅពេលសួរថា តើបទល្មើសអ្វីឱ្យជាក់លាក់ទៅដែលគេសង្ស័យថា លោក ដួង ថុន បានប្រព្រឹត្តនោះ។

លោកបានមានប្រសាសន៍ថា “អ្នកភូមិបានដាក់ពាក្យបណ្តឹងមកយើង ពីព្រោះពួកគាត់បារម្ភថា បុរសរូបនេះយកស្នាមមេដៃរបស់ពួកគាត់ទៅធ្វើរឿងមិនល្អ”។

លោក សៅ សំអឿន ស្នងការរងនគរបាលខេត្តបានមានប្រសាសន៍ថា លោក ដួង ថុន ត្រូវបានដោះលែងវិញហើយនៅម៉ោងប្រហែល៥ល្ងាចបន្ទាប់ពីចុះខសន្យាប្តេជ្ញាថានឹងឈប់ប្រមូលស្នាមមេដៃទៀតហើយ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលក៏ជាប្រធានគណៈកម្មាធិការ ប្រតិបត្តិរបស់គណបក្សដែរនោះបានមានប្រសាសន៍ថា គណបក្សបានប្រាប់ក្រុមមន្ត្រីនៅទូទាំងប្រទេសឱ្យប្រមូលស្នាមមេដៃសម្រាប់ដាក់ញត្តិថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី នៅចុងខែនេះ។

លោកបានមានប្រសាសន៍ថា “យើងបានសម្តែងមតិរបស់យើងដោយសន្តិវិធី។ យើងមិនបានធ្វើអ្វីផ្ទុយនឹងរដ្ឋធម្មនុញ្ញ ឬផ្ទុយនឹងច្បាប់ឡើយ”។ លោកបន្ថែមថា គណបក្សនៅតែមានគម្រោងប្រមូលស្នាមមេដៃឱ្យបានច្រើន តាមដែលអាចធ្វើទៅបានដដែល។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាល បានមានប្រសាសន៍ថា យុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិបានរំលោភច្បាប់ ពីព្រោះមានបទប្បញ្ញត្តិជាក់លាក់នៅក្នុងក្រមព្រហ្មទណ្ឌការពារតុលាការពីការគាបសង្កត់ ឬការរិះគន់។ លោកបានមានប្រសាសន៍ថា “យើងនៅតែឃ្លាំមើលរឿងនេះដដែល។ នៅក្នុងក្រមព្រហ្មទណ្ឌ ខ្ញុំភ្លេចមាត្រាទៅហើយ មាត្រានោះចែងយ៉ាងច្បាស់ថា បុគ្គលណាក៏ដោយតវ៉ាជំទាស់ ឬចេញសេចក្តីថ្លែងការណ៍ដែលតវ៉ាប្រឆាំងនឹងតុលាការគឺ[កំពុងតែប្រព្រឹត្ត] បទល្មើសហើយ”។

មាត្រា៥២២ និង៥២៣ នៃក្រមព្រហ្មទណ្ឌហាមឃាត់ ” ការអត្ថាធិប្បាយដោយមានគោលដៅធ្វើការគាបសង្កត់ទៅលើតុលាការ” និង “ការជះឥទ្ធិពលទៅលើសេចក្តីសម្រេចរបស់តុលាការ” ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ៦ខែ៕ សារុន (រាយការណ៍បន្ថែមដោយ George Wright)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស