29.3 C
Phnom Penh

នគរបាល​សាកសួរ​ជន​រងគ្រោះ​នៃ​ការ​វាយ​ប្រហារ​នៅ​វត្តភ្នំ​នា​ឆ្នាំ​២០១៣

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃពុធ នគរបាលព្រហ្មទណ្ឌបានបញ្ចប់ការសាកសួរដើមបណ្តឹង១០នាក់ ដែលប្តឹងមន្ត្រីខណ្ឌដូនពេញ ដែលពួកគាត់ចោទថា បានដឹកនាំបុរសប្រដាប់អាវុធមួយក្រុមក្នុងការវាយប្រហារលើពួកគាត់ក្នុងក្រុងភ្នំពេញ កាលពីឆ្នាំ២០១៣។

នៅយប់ថ្ងៃទី២២ខែកញ្ញាឆ្នាំ២០១៣ អ្នកតវ៉ាដោយសន្តិវិធីមួយក្រុមបានធ្វើកូដកម្មអត់អាហារនៅសួនវត្តភ្នំក្នុងក្រុងភ្នំពេញ ដោយសង្ឃឹមថានឹងរារាំងការបើកសម័យប្រជុំសភា បន្ទាប់ពីលទ្ធផលបោះឆ្នោតជាតិដ៏ចម្រូងចម្រាស នៅឆ្នាំនោះ ដែលនៅពេលនោះពួកគាត់បានរងការវាយប្រហារពីសំណាក់បុរសស្លៀកពាក់ស៊ីវិលដែលកាន់ដំបង ដំបងឆក់ និងចំពាមកៅស៊ូ។

បន្ទាប់ពីភ្លើងបំភ្លឺផ្លូវជុំវិញសួននេះត្រូវបិទ ពួកវាយប្រហារ ដែលខ្លះពាក់ម៉ាសមុខ បានវាយតប់អ្នកតវ៉ានិងអ្នកកាសែតមួយចំនួន ដោយគ្មានការរារាំងពីសំណាក់នគរបាលបង្ក្រាបកូដកម្មនៅកន្លែងនោះទេ។ រថយន្តមួយគ្រឿងដែលដឹកបុរសក្មេងៗពាក់ម៉ាស់មុខប្រដាប់ដោយដំបងផង ត្រូវបានគេឃើញបើកចូលការិយាល័យខណ្ឌដូនពេញនៅយប់ដដែលនោះ។

កាលពីថ្ងៃច័ន្ទ ដើមបណ្តឹង១០នាក់ត្រូវបានកោះហៅមកសាកសួរនៅថ្ងៃពុធ រយៈពេលប្រហែលពីរឆ្នាំកន្លះបន្ទាប់ពីដាក់បណ្តឹងរបស់ខ្លួនប្តឹងលោក សុខ ពេញវុធ អភិបាលរងខណ្ឌ លោកស្រី ពេជ្រ សុជាតា សមាជិកក្រុមប្រឹក្សាខណ្ឌ និងលោក គឹម វុត្ថា ប្រធានកងសន្តិសុខនៃសាលាខណ្ឌដូនពេញ។

លោក សំ សឹង ជាដើមបណ្តឹងម្នាក់ បាននិយាយថា ពួកគាត់ត្រូវបានសាកសួរម្តងម្នាក់ក្នុងរយៈពេលប្រហែលមួយម៉ោងកន្លះ។

លោកបាននិយាយថា “ខ្ញុំមិនគិតថា នឹងមានយុត្តិធម៌នោះទេ ពីព្រោះហេតុការណ៍នោះបានកើតឡើងប្រហែលបីឆ្នាំកន្លងទៅហើយ ហើយគេទើបតែកោះហៅយើង។ តាមគំនិតខ្ញុំ គេគ្រាន់តែធ្វើឲ្យតែល្អមើលប៉ុណ្ណោះ”។

លោក សុខ ខេមរិន្ទ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌនៃក្រសួងមហាផ្ទៃ ដែលបានដឹកនាំការសាកសួរនេះ បាននិយាយថា បុគ្គលិករបស់លោកនឹងបញ្ជូនរបាយការណ៍របស់ខ្លួនទៅតុលាការក្រុងភ្នំពេញ “ឆាប់ៗនេះ”។ លោកបានបដិសេធមិនប្រាប់ជាក់លាក់ និងមិននិយាយថាតើគេនឹងកោះហៅចុងចោទឬយ៉ាងណាទេ។

កាលពីថ្ងៃអង្គារ លោក ខេមរិន្ទ បាននិយាយថា ដីកាកោះទើបតែផ្ញើទៅពួកគាត់ ពីព្រោះលោកទើបតែបានទទួលសំណុំរឿងនេះពីតុលាការពីសប្តាហ៍មុនប៉ុណ្ណោះ។

លោក លី សុផាន់ណា អ្នកនាំពាក្យតុលាការបានបដិសេធមិនពន្យល់អំពីមូលហេតុដែលសំណុំរឿងនេះប្រើពេលយូរដូចនេះទេ។

មុនពេលដាក់ទូរស័ព្ទចុះ លោកបាននិយាយថា “ខ្ញុំមិនដឹងត្រូវឆ្លើយនឹងអ្នកយ៉ាងណាទេ។ ច្បាប់មិនកំណត់ពេលវេលាលើការស៊ើបអង្កេតទេ។ សំណុំរឿងមួយចំនួនផ្អែកលើអង្គហេតុនិងភ័ស្តុតាង”។

ក្រុមមន្ត្រីខណ្ឌបានបដិសេធការទទួលខុសត្រូវចំពោះការវាយប្រហារនោះ៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស