38 C
Phnom Penh

ម៉ុងតាញ៉ា​នឹង​ត្រូវ​បញ្ជូន​ទៅ​ហ្វីលីពីន​នៅ​ថ្ងៃ​សុក្រ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិបាននិយាយកាលពីថ្ងៃពុធថា ១៨ខែបន្ទាប់ពីជនជាតិភាគតិចម៉ុងតាញ៉ាបានភៀសខ្លួន មកកាន់ព្រៃនៃខេត្តរតនគិរីស្វែងរកការជ្រកកោនគេចចេញពីការបង្ក្រាបនៅប្រទេសវៀតណាម នោះ ម៉ុងតាញ៉ា១៣នាក់គ្រោងនឹងធ្វើដំណើរតាមយន្តហោះទៅប្រទេសហ្វីលីពីននៅថ្ងៃសុក្រ។

ទោះជាយ៉ាងនេះក្តី អង្គការសហប្រជាជាតិមិននិយាយថាតើ ក្រុមជនភៀសខ្លួនមានការទទួលស្គាល់នេះ ដែលរដ្ឋាភិបាលបាននិយាយនៅខែមករាថា នឹងត្រូវបញ្ជូនទៅប្រទេសហ្វីលីពីន នៅពេលដែលស្វែងរកសិទ្ធិជ្រកកោននៅប្រទេសទី៣នោះ គឺបានរកឃើញលំនៅអចិន្ត្រៃយ៍ឬយ៉ាងណាទេ។

ជនស្វែងរកសិទ្ធិជ្រកកោន ដែលបានបង្កឲ្យមានក្រុមម៉ុងតាញ៉ាថ្មីភៀសខ្លួនចូលប្រទេសកម្ពុជា នៅពេលពួកគេឆ្លងព្រំដែនកាលពីខែវិច្ឆិកាឆ្នាំ២០១៤នោះ គឺជាក្រុមទទួលបានឋានៈជាជនភៀសខ្លួនក្នុងចំណោមមនុស្សជាង២០០នាក់ ដែលបានចូលប្រទេសនេះតាំងពីពេលនោះមក។

លោកស្រី វីវៀន តាន (Vivian Tan) មន្ត្រីប្រចាំតំបន់ផ្នែកព័ត៌មានរបស់ UNHCR បានបញ្ជាក់ក្នុងអីុម៉េលថា ក្រុមនេះនឹងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃសុក្រ ប៉ុន្តែមិនអាចនិយាយថាតើ ប្រទេសទី៣ណាមួយទទួលយកពួកគេទេ។

លោកស្រី វីវៀន តាន បាននិយាយថា “ខ្ញុំអាចបញ្ជាក់បានថា ពួកគាត់នឹងចាកចេញទៅប្រទេសហ្វីលីពីននៅថ្ងៃសុក្រ ស្របតាមការព្រមព្រៀងដែលធ្វើឡើងរវាងភាគីពាក់ព័ន្ធ។ ខណៈពេលនេះ ខ្ញុំមិនមានព័ត៌មានលម្អិតបន្ថែមទេ”។ លោកស្រីបាននិយាយបន្ថែមថា UNHCR នឹងផ្តល់ការស្នាក់នៅនិងការគាំទ្រដល់ម៉ុងតាញ៉ាទាំងនោះនៅប្រទេសហ្វីលីពីន។

លោក សុខ ផល អគ្គនាយកនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានបង្វែរសំណួរទៅលោក តាន់ សុវិជ្ជា ប្រធាននាយកដ្ឋានជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ ដែលបានអះអាងថាមិនបានដឹងអំពីករណីនេះទេ។

ម៉ុងតាញ៉ា ជាក្រុមជនជាតិដើមភាគតិចកាន់សាសនាគ្រិស្តដែលរស់នៅផ្តុំគ្នានៅតំបន់ខ្ពង់រាបកណ្តាលរបស់ប្រទេសវៀតណាម អះអាងថា បានភៀសខ្លួនចេញពីទឹកដីកំណើតរបស់ខ្លួន ដោយសារការធ្វើទុក្ខបុកម្នេញខាងសាសនានិងនយោបាយកាន់តែខ្លាំងពីក្រុងហាណូយ។

បន្ទាប់ពីជំនួបរវាងមន្ត្រីក្រសួងមហាផ្ទៃនិងមន្ត្រី UNHCR កាលពីខែមករាមក រដ្ឋាភិបាលបានប្រកាសថា ម៉ុងតាញ៉ានៅសេសសល់១៧១នាក់ក្នុងប្រទេសកម្ពុជា នឹងទទួលបានការវាយតម្លៃការសុំសិទ្ធិជ្រកកោនរបស់ពួកគេ។ ទោះជាយ៉ាងនេះក្តី មិនដល់មួយខែផង អ្នកនាំពាក្យក្រសួងបាននិយាយថា ពួកគេសុទ្ធតែធ្លាក់ការសម្ភាស ហើយនឹងត្រូវបញ្ជូនទៅប្រទេសវៀតណាមវិញ។

កាលពីខែមុន មានម៉ុងតាញ៉ាម្នាក់ក្នុងក្រុមនេះត្រូវបានគេប្រទះឃើញស្លាប់ក្នុងផ្ទះនៅក្រុងភ្នំពេញដែលផ្តល់ឲ្យដោយ UNHCR បន្ទាប់ពីសម្លាប់ខ្លួនឯង៕ និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស