នគរបាលប្រដាប់អាវុធបានទៅកាន់ទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិនៅក្នុងរាជធានីភ្នំពេញ ដ៏គួរឲ្យភ្ញាក់ផ្អើលកាលពីម្សិលមិញ ដោយអះអាងថា មានដីកាចាប់ខ្លួនលោក កឹម សុខា អនុប្រធានរបស់គណបក្សនេះ មិនយូរប៉ុន្មានបន្ទាប់ពីរថយន្តមួយគ្រឿងក្នុងចំណោមរថយន្តរបស់លោកត្រូវបានឃាត់ឲ្យឈប់ដើម្បីឆែកឆេរ។

លោក កឹម សុខា បានធ្វើព្រងើយកន្តើយចំពោះដីកាកោះជាច្រើនលើករបស់តុលាការក្នុងរយៈពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះឲ្យចូលខ្លួនឆ្លើយសំណួរពាក់ព័ន្ធរឿងស្នេហាលួចលាក់ដែលគេចោទថាកើតឡើងរវាងលោកនិងអ្នកធ្វើសក់ម្នាក់។ ការស៊ើបអង្កេតយ៉ាងសកម្មនិងបើកចំហជាសាធារណៈរបស់រដ្ឋាភិបាលលើទំនាក់ទំនងស្នេហាលួចលាក់នេះត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា មានហេតុផលនយោបាយ។
នៅម៉ោងប្រហែល១២និង៣០នាទីរសៀលម្សិលមិញ ក្បួនរថយន្តរបស់នគរបាលបានទៅដល់អគារការិយាល័យរបស់គណបក្សសង្គ្រោះជាតិក្នុងខណ្ឌមានជ័យ ហើយមន្ត្រីនគរបាលជាង១០នាក់បានចេញពីរថយន្តដោយដៃមានកាន់សុទ្ធតែកាំភ្លើងវែង។
សន្តិសុខយាមទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិបានសួរនគរបាលទាំងនេះថា “តើអស់លោកមកហ្នឹងមានដីកាចាប់ខ្លួនដែរឬទេ? តើដីកាចាប់ខ្លួននៅឯណា?”។
មន្ត្រីនគរបាលម្នាក់ក្នុងចំណោមមន្ត្រីនគរបាលទាំងនេះបានឆ្លើយថា “ដីកាចាប់ខ្លួននៅនឹងព្រះរាជអាជ្ញា”។
បន្ទាប់មក នគរបាលបានដើរចូលទៅក្នុងបរិវេណទីស្នាក់ការរបស់គណបក្សនេះ ជាកន្លែងដែលពួកគេបាននិយាយមួយភ្លែតជាមួយប្រធានសន្តិសុខនៅទីនោះឈ្មោះ ឡុង រី មុនពេលចាកចេញទៅវិញ។ លោក ឡុង រី បានបដិសេធមិននិយាយរៀបរាប់អំពីការជជែករបស់គាត់ជាមួយមន្ត្រីនគរបាលទាំងនោះឡើយ។
លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានលើកឡើងថា អាជ្ញាធរព្យាយាមចាប់ខ្លួនលោក កឹម សុខា នៅប៉ុន្មាននាទីមុនដោយឃាត់រថយន្តមួយគ្រឿងក្នុងចំណោមរថយន្តរបស់លោកឲ្យឈប់នៅតាមបណ្ដោយមហាវិថីព្រះនរោត្តម។
លោកបានមានប្រសាសន៍ថា “ពួកគេបានឆែកឆេររថយន្តេនះដើម្បីព្យាយាមចាប់គាត់ ប៉ុន្តែពួកគេរកគាត់មិនឃើញទេ ព្រោះនៅក្នុងរថយន្តនោះមានតែភរិយារបស់គាត់ប៉ុណ្ណោះ។ បន្ទាប់ពីឆែកឆេររថយន្តនេះអស់រយៈពេលប្រហែល១០នាទី ពួកគេបានអនុញ្ញាតឲ្យរថយន្តេនះធ្វើដំណើរបន្ត”។
លោក អេង ឆៃអា៊ង លើកឡើងទៀតថា លោក កឹម សុខា បានធ្វើជាអធិបតីនៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិអំឡុងពេលព្រឹក ប៉ុន្តែបានចាកចេញមុនពេលនគរបាលមកដល់។ លោកបានបដិសេធមិនប្រាប់ថាតើបច្ចុប្បន្នលោក កឹម សុខា នៅទីណាឡើយ។
ពេលនិយាយជាមួយអ្នកយកព័ត៌មានដែលមកប្រមូលផ្ដុំគ្នានៅទីស្នាក់ការរបស់គណបក្សសង្គ្រោះជាតិនៅម៉ោងប្រហែល៦ល្ងាច លោក យឹម សុវណ្ណ អ្នកនាំពាក្យរបស់គណបក្សនេះបានលើកឡើងថា នគរបាលមកទីនេះដោយគ្មានដីកាចាប់ខ្លួនទេ។
លោកមានប្រសាសន៍ថា “ពេលសន្តិសុខរបស់យើងសួរនាំពួកគេឲ្យបង្ហាញឯកសារ ពួកគេនិយាយថា ‘យើងគ្មានទេ’។ ហេតុដូច្នេះ យើងមិនអាចអនុញ្ញាតឲ្យពួកគេចូលទៅខាងក្នុងបានទេ”។ លោកបានបន្ថែមថា “ប្រសិនបើពួកគេចង់ចាប់ខ្លួនគាត់ ពួកគេអាចចាប់ខ្លួនគាត់បាន បាត់ទៅហើយ។ ប៉ុន្តែ ថាតើតុលាការបានធ្វើការសម្រេចហើយឬនៅពាក់ព័ន្ធដីកាចាប់ខ្លួននោះ យើងនៅមិនទាន់ដឹងនៅឡើយទេរហូតមកទល់ពេលនេះ “។
ពេលទាក់ទងតាមទូរស័ព្ទកាលពីយប់មិញ លោក យឹម សុវណ្ណ បានលើកឡើងថា លោក កឹម សុខា ស្ថិត “នៅកន្លែងមានសុវត្ថិភាព” ហើយមានគម្រោងស្នាក់នៅទីនោះ។ លោកបានបដិសេធមិនរៀបរាប់លម្អិតឡើយ។
លោក នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអ្នកនាំពាក្យម្នាក់របស់សាលាដំបូងរាជធានីភ្នំពេញបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

បច្ចុប្បន្ន លោក កឹម សុខា គឺជាមន្ត្រីកំពូលរបស់គណបក្សសង្គ្រោះជាតិនៅក្នុងប្រទេសកម្ពុជា។ លោក សម រង្ស៊ី ដែលជាប្រធានរបស់គណបក្សនេះបាននិរទេសខ្លួនឯងទៅក្រៅប្រទេសតាំងពីខែវិច្ឆិកាមកម្លេ៉ះ ពេលតុលាការបានសើរើឡើងវិញភ្លាមៗនូវការផ្ដន្ទាទោសឲ្យលោកជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទបរិហារកេរ្តិ៍កាលពីឆ្នាំ២០១១។
លោក សម រង្ស៊ី បានលើកឡើងថា ការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា គឺជាការយាយីបំពាន “ដោយខុសច្បាប់” របស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច ដោយមានបំណងធ្វើឲ្យគណបក្សប្រឆាំងចុះខ្សោយមុនការបោះឆ្នោតដែលនឹងមកដល់នាពេលខាងមុខ។
លោកបានលើកឡើងតាមរយៈអុីម៉េលមួយថា “ការយាយីបំពានតាមប្រព័ន្ធតុលាការដែលរៀបចំដោយគណបក្សប្រជាជនកម្ពុជាមកលើរូបលោក កឹម សុខា គឺជាទង្វើខុសច្បាប់តាំងពីដើមទីនៃរឿងរ៉ាវស្នេហា និងការបរិហារកេរ្តិ៍ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើឲ្យប៉ះពាល់ដល់គាត់”។
លោកបានលើកឡើងបន្តថា “វាគ្រាន់តែជាសកម្មភាពគាបសង្កត់ និងបំភិតបំភ័យពាក់ព័ន្ធនយោបាយប៉ុណ្ណោះ ខណៈការបោះឆ្នោតឃុំ-សង្កាត់ឆ្នាំ២០១៧ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០១៨ជិតមកដល់”។
អង្គភាពប្រឆាំងអំពើពុករលួយបានបន្តតាមដានការចោទប្រកាន់ពាក់ព័ន្ធរឿងស្នេហាលួចលាក់លើលោក កឹម សុខា មករហូតចាប់តាំងពីការចោទប្រកាន់ទាំងនោះបានលេចឡើងកាលពីចុងខែកុម្ភៈមក ពេលការសន្ទនាតាមទូរស័ព្ទដែលគេអះអាងថា រវាងរូបលោក និងស្រីកំណាន់បានបែកធ្លាយតាមអុីនធឺណិតជាលើកដំបូង។ លោក កឹម សុខា បដិសេធមិនព្រមដោះស្រាយរឿងចោទប្រកាន់ទាំងនេះឡើយ ហើយគណបក្សរបស់លោកលើកឡើងថា អភ័យឯកសិទ្ធិរបស់លោកក្នុងនាមជាតំណាងរាស្ត្រការពារលោកពីការសាកសួររបស់តុលាការ និងការចាប់ខ្លួន។
សាលាដំបូងរាជធានីភ្នំពេញកំពុងតែពិចារណាការចោទប្រកាន់ពីបទសញ្ជរកម្មពាក់ព័ន្ធនឹងរឿងរ៉ាវស្នេហាលួចលាក់ ហើយបានចេញដីកាកោះហៅលោក កឹម សុខា មកសាកសួរពីរដង។ លោកក៏ធ្លាប់ត្រូវបានកោះហៅម្ដងរួចមកហើយផងដែរជុំវិញករណីពាក់ព័ន្ធមួយទៀតពីបទបរិហារកេរ្តិ៍សកម្មជនវ័យក្មេងដ៏មានប្រជាប្រិយភាពឈ្មោះ ធី សុវណ្ណថា នៅក្នុងខ្សែអាត់សំឡេងមួយក្នុងចំណោមខ្សែអាត់សំឡេងដែលបានបែកធ្លាយជាច្រើនភាគ។
លោក កឹម សុខា ត្រូវបង្ហាញខ្លួនសម្រាប់ការសាកសួរពាក់ព័ន្ធសំណុំរឿងសញ្ជរកម្មកាលពីម្សិលមិញ ប៉ុន្តែក្រុមមេធាវីរបស់លោកបានសរសេរលិខិតផ្ញើទៅកាន់តុលាការ ដោយជម្រាបថា អនុប្រធានគណបក្សប្រឆាំងរូបនេះមិនអាចទៅតាមការកោះហៅបានទេ ព្រោះលោកជាប់រវល់ខ្លាំងណាស់ ហើយថា ព្រះរាជអាជ្ញាគ្មានសិទ្ធិបង្គាប់ឲ្យចាប់ខ្លួនលោកឡើយ។
ពួកគេបានសរសេរថា “តួនាទីរបស់ព្រះរាជអាជ្ញានៅក្នុងនីតិវិធីព្រហ្មទណ្ឌ គឺត្រូវដាក់ការចោទប្រកាន់ ឬត្រូវសម្រេចមិនដំណើរការសំណុំរឿងនេះ។ យោងតាមក្រមនីតិវិធីព្រហ្មទណ្ឌ តួនាទីរបស់ព្រះរាជអាជ្ញាមិនមែនជាអ្នកត្រូវធ្វើការស៊ើបអង្កេតស៊ីជម្រៅនោះទេ ហើយព្រះរាជអាជ្ញាគ្មានសិទ្ធិបង្ខំសាក្សីឲ្យបង្ហាញខ្លួនឡើយ”។
ក្រុមមេធាវីទាំងនេះបានសរសេរបន្តថា “នៅក្នុងដំណាក់កាលបឋមនៃការស៊ើបអង្កេត ព្រះរាជអាជ្ញាគ្មានសិទ្ធិប្រើប្រាស់កងកម្លាំងសាធារណៈដើម្បីបង្ខំឲ្យឯកឧត្ដម កឹម សុខា បង្ហាញខ្លួនឬនាំខ្លួនគាត់មកឡើយ។ ការនាំខ្លួនតំណាងរាស្ត្រស្មើនឹងការចាប់ខ្លួន ឬការឃាត់ខ្លួនដែលរំលោភបំពានរដ្ឋធម្មនុញ្ញយ៉ាងធ្ងន់ធ្ងរ”។
ទោះជាយ៉ាងណា នៅក្នុងកិច្ចសម្ភាសមួយជាមួយសំឡេងប្រជាធិបតេយ្យ (VoD) កាលពីដើមខែមុន លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានព្រមានថា អភ័យឯកសិទ្ធិតំណាងរាស្ត្ររបស់លោក កឹម សុខា មិនអាចការពារលោកពីការចាប់ខ្លួនបានទេ។
លោកបានលើកឡើងថា ច្បាប់អនុញ្ញាតឲ្យតុលាការចាប់ខ្លួនអ្នកនរណាដែលមិនគោរពតាមដីកាកោះលើកទី២ ហើយថា លោក កឹម សុខា នឹងជាប់បទល្មើសជាក់ស្ដែងដោយសារបំពានច្បាប់ បើលោកធ្វើឲ្យកើតមានកំហុសនោះ។ បទប្បញ្ញត្តិស្ដីពីបទល្មើសជាក់ស្ដែងគឺជាករណីលើកលែងតែមួយគត់ ដែលរដ្ឋធម្មនុញ្ញអនុញ្ញាតឲ្យមានការចាប់ខ្លួនតំណាងរាស្ត្រ។
លោក ឱម យ៉ិនទៀង បានប្រាប់ VoD អំឡុងពេលនោះថា “គាត់អាចបង្កើតឲ្យទៅជាករណីធំជាងករណីលើកទី១។ គេមិនចាប់ខ្លួនគាត់ដោយសាររឿងសញ្ចរកម្មទេ ប៉ុន្តែគេចាប់ខ្លួនគាត់ដោយសារករណីថ្មី គឺបទល្មើសជាក់ស្ដែង”។
តុលាការធ្លាប់បានប្រើប្រាស់ករណីលើកលែងនេះរួចមកហើយនៅក្នុងការចាប់ខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំងពីររូបផ្សេងទៀតកាលពីប៉ុន្មានខែកន្លងមកនេះ ទោះបីជាគណបក្សសង្គ្រោះជាតិ និងអ្នកជំនាញផ្នែកច្បាប់សំដែងការជំទាស់ទៅនឹងការបកស្រាយរបស់ពួកគេក៏ដោយ។
ស្ថានទូតសហរដ្ឋអាមេរិកប្រចាំរាជធានីភ្នំពេញបានលើកឡើងកាលពីម្សិលមិញថា ខ្លួនមានការ “ព្រួយបារម្ភយ៉ាងខ្លាំង” អំពីការសម្រេចរបស់រដ្ឋាភិបាលនៅក្នុងការបញ្ជូនកងសន្តិសុខប្រដាប់អាវុធទៅចាប់ខ្លួនលោក កឹម សុខា។
ស្ថានទូតនេះលើកឡើងនៅក្នុងសេចក្ដីថ្លែងការណ៍បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ”ការបញ្ជូនទាហានឆត្រយោងទៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ និងការតតាំងប្រដាប់អាវុធជាមួយអ្នកគាំទ្រគណបក្សសង្គ្រោះជាតិកាលពីថ្ងៃទី២៦ ខែឧសភា គឺជារឿងមិនសមហេតុផល និងជាជំហានដ៏គ្រោះថ្នាក់”។
ស្ថានទូតនេះបានលើកឡើងបន្តទៀតថា “យើងសូមអំពាវនាវដល់រដ្ឋាភិបាលឲ្យអត់ធ្មត់កុំប្រើប្រាស់កងកម្លាំងដែលមិនចាំបាច់ ហើយសូមទទូចឲ្យរដ្ឋាភិបាល និងគណបក្សសង្គ្រោះជាតិបន្តពិភាក្សាគ្នាឡើងវិញភ្លាមៗ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិនេះ”៕ ស៊ុយឈាង