សកម្មជនគណបក្សសង្គ្រោះជាតិពីរនាក់ក្នុងខេត្តកំពត និងមន្ត្រីម្នាក់ទៀតក្នុងខេត្តតាកែវ គឺជាឥស្សរជនគណបក្សប្រឆាំងថ្មី បំផុតដែលត្រូវបានចាប់ខ្លួនពេលកំពុងផ្សព្វ ផ្សាយញត្តិឲ្យមានការដោះលែងបុគ្គលិកសិទ្ធិមនុស្ស និងមន្ត្រីគណបក្សដែលជាប់ពន្ធនាគារ ខណៈដែលវិធានការបង្ក្រាបរបស់រដ្ឋាភិ បាលលើយុទ្ធនាការនេះបានបន្ត។
លោក សៅ សំអឿន ស្នងការរងនគរបាលរងខេត្តកំពតបានមានប្រសាសន៍ថា លោក ហ៊ុន ហ៊ត អាយុ៥៩ឆ្នាំ និង ហួន ណន អាយុ៣៧ឆ្នាំត្រូវបានឃាត់ខ្លួនក្នុងឃុំល្បើកស្រុកឈូកកាលពីម្សិលមិញ ដែលតាមការអះអាងថា បានបង្ខំឲ្យអ្នកភូមិផ្តិតមេដៃលើឯកសារនោះ។
លោកបានថ្លែងថា “អ្នកភូមិបានដាក់ពាក្យបណ្តឹងដោយចោទពួកគេថា បានបង្ខំពួកគាត់។ យើងបានទទួលពាក្យបណ្តឹងពីអ្នកភូមិមូលដ្ឋានប្រាំមួយនាក់” ។
លោកបានមានប្រសាសន៍ថា លោកទាំងពីរត្រូវបានដោះលែងវិញនៅពេលល្ងាចនៅពេលពួកគាត់បានចុះខសន្យាថា នឹងឈប់ផ្សព្វផ្សាយញត្តិទាមទារឲ្យដោះលែងបុគ្គលិកសមាគមអាដហុក មន្ត្រី និងសកម្មជនគណបក្សប្រឆាំងទៀតហើយ។
លោកបានបន្ថែមថា កាលពីថ្ងៃពុធ លោក ជុំ យ៉ាង និងលោក ធំ សំអុល សកម្មជនគណបក្សសង្គ្រោះជាតិក៏ត្រូវបានឃាត់ខ្លួនផងដែរនៅក្នុងឃុំ ល្បើក បន្ទាប់មកត្រូវបានដោះលែងវិញ។
លោក ជា ប៉ូច តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមណ្ឌលខេត្តនេះបានមានប្រសាសន៍ថា ការចាប់ខ្លួនថ្មីបំផុតនេះបានធ្វើឲ្យចំនួនសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានឃាត់ខ្លួនក្នុងខេត្តកំពតឡើងដល់យ៉ាងហោចណាស់១៣នាក់ក្នុងសប្តាហ៍កន្លងទៅនេះ ខណៈដែលគណបក្សព្យាយាមទទួលបានការគាំទ្រសម្រាប់ដាក់ញត្តិថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ស្នើសុំព្រះរាជទានលើកលែងទោស។
លោកបានថ្លែងថា លោកបានជូនដំណឹងដល់សកម្មជនមូលដ្ឋាន និងក្រុមមន្ត្រីឲ្យបញ្ឈប់ការផ្សព្វផ្សាយញត្តិកាលពីថ្ងៃអាទិត្យ បន្ទាប់ពីបានទទួលការព្រមានពីអាជ្ញាធរ។
លោកបានមានប្រសាសន៍ថា “ខ្ញុំបានណែនាំមន្ត្រីរបស់យើងឲ្យផ្អាកជាបណ្តោះអាសន្ន៥ថ្ងៃកន្លងមកហើយ ប៉ុន្តែ អាជ្ញាធរបានព្យាយាមរកលេសដើម្បីចាប់ខ្លួនពួកយើង”។
លោកបាននិយាយថា “យើងគ្រាន់តែប្រមូលស្នាមមេដៃពីបងប្អូនដែលស្ម័គ្រចិត្តតែប៉ុណ្ណោះ ប៉ុន្តែ អាជ្ញាធរបានរារាំងពួកយើង។ ទីបំផុត យើងបានបញ្ឈប់ ហើយពួកគេនៅតែចាប់ខ្លួនពួកគាត់ដដែល”។
លោក អ៊ុក សំណាង ស្នងការនគរបាលខេត្តតាកែវបានមានប្រសាសន៍ថា នៅក្នុងខេត្តតាកែវជាប់គ្នានោះ លោក ខេង សំអាត ជំទប់ឃុំគណបក្សសង្គ្រោះជាតិក្នុងឃុំគោកធ្លក ស្រុកអង្គរបុរី ត្រូវបានសាកសួរនៅប៉ុស្តិ៍នគរបាលខេត្តកាលពីថ្ងៃម្ស្ិលមិញ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានចេញកាលពីថ្ងៃម្សិលមិញ លោក ឡាយវណ្ណៈ អភិបាលខេត្តតាកែវ បានហៅ សកម្មជនគណបក្សប្រឆាំងដែលបានប្រមូលស្នាមមេដៃថា ជា “បុគ្គលមិនល្អ” ហើយបានស្នើឲ្យអ្នកភូមិជូនដំណឹងមកអាជ្ញាធរ ប្រសិនបើពួកគាត់ឃើញនរណាម្នាក់ផ្សព្វផ្សាយញត្តិទាមទារឲ្យដោះលែងអ្នកទោស។
លោក ជា ជីវ ប្រធានគណៈកម្មាធិការប្រតិបត្តិខេត្តរបស់គណបក្សសង្គ្រោះជាតិបានមានប្រសាសន៍ថា យ៉ាងហោចណាស់សកម្មជន និងមន្ត្រី១០នាក់ឥឡូវនេះត្រូវបាននគរបាលឈ្លេចសួរជុំវិញញត្តិក្នុងខេត្តបាត់ដំបង។
លោកបានថ្លែងថា លោកក៏បានបញ្ជាឲ្យមន្ត្រី និងសកម្មជនគណបក្សសង្គ្រោះជាតិផ្អាកប្រមូលស្នាមមេដៃផងដែរ។
លោកបានមានប្រសាសន៍ថា “ឥឡូវនេះខ្ញុំបានណែនាំឲ្យស្រុកនីមួយៗផ្អាកប្រមូលស្នាមមេដៃពីសាធារណជនទូទៅ ប៉ុន្តែ យើងនៅតែប្រមូលស្នាមមេដៃពីសកម្មជន និងអ្នកគាំទ្ររបស់យើងដដែល”។
លោក ងួន រតនៈ អភិបាលរងខេត្តបាត់ដំបង បានអះអាងថា អាជ្ញាធរកំពុងផ្តោតគោលដៅលើសកម្មជនដែលព្យាយាមប្រមូលស្នាមមេដៃ តាមសារាចរណែនាំពីក្រសួងមហាផ្ទៃ។
លោកបានថ្លែង “នៅពេលពួកគេជួបជុំគ្នាប្រមូលស្នាមមេដៃដូចនេះ វាប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ។ លិខិតក្រសួងមហាផ្ទៃបញ្ជាឲ្យយើងពង្រឹងសណ្តាប់ធ្នាប់សាធារណៈ សន្តិសុខ ហើយវាក៏ជាភារកិច្ចរបស់យើងក្នុងការការពារសណ្តាប់ធ្នាប់សាធារណៈផងដែរ”។
គេមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងមហាផ្ទៃបានទេកាលពីម្សិលមិញ៕សារុន