យោងតាមរបាយការណ៍ដែលចេញផ្សាយដោយអង្គការឃ្លាំមើលសិទ្ធិមនុស្សកាលពីម្សិលមិញបានឲ្យដឹងថា ការសើុបអង្កេត និងការបើកសវនាការបន្ទាប់ពីការវាយដំដ៏ហិង្សាលើតំណាងរាស្ត្រគណបក្សប្រឆាំងពីររូប ដោយ សមាជិកកងអង្គរក្សផ្ទាល់របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែនកាលពីឆ្នាំមុនសុទ្ធតែ “ការព្យាយាមបិទបាំងច្បាស់ក្រឡែត”។
របាយការណ៍ដែលមានចំណងជើងថា “អូសហើយវាយ៖ តួនាទីរបស់រដ្ឋាភិបាលកម្ពុជាក្នុងការវាយប្រហារខែតុលាឆ្នាំ២០១៥លើអ្នកនយោបាយគណបក្សប្រឆាំង” លើកឡើងថា អង្គរក្សបីនាក់ដែលត្រូវបានចោទប្រកាន់ ពាក់ព័ន្ធការវាយដំលើលោក ញ៉យចំរើន និងលោក គង់ សភា តំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិនៅខាងក្រៅរដ្ឋសភាមិនបានធ្វើឡើងតែម្នាក់ឯងនោះទេ។ សាលក្រមនៅក្នុងរឿងក្តីរបស់ពួកគេនឹងត្រូវប្រកាសនៅថ្ងៃនេះ។
ដោយសំដៅដល់ ចាយ សារិទ្ធ អាយុ៣៣ឆ្នាំ ម៉ៅ ហឿន អាយុ៣៤ឆ្នាំ និង ស៊ុត វណ្ណី អាយុ៤៥ឆ្នាំ លោក ប្រេដ អាដាម នាយកប្រចាំតំបន់អាស៊ីរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើង ក្នុងសេចក្តី ថ្លែងការណ៍ថា “ការចោទប្រកាន់លើសមាជិកកងអង្គរក្សទាំងបីនាក់ចំពោះការវាយដំដ៏ឃោរឃៅ និងហិង្សា គ្រាន់តែជា ការដោះស្រាយផ្នែកដ៏តូចនៃបញ្ហាតាមរយៈការចាប់ខ្លួនអ្នកដែលជាប់ពាក់ព័ន្ធឲ្យទទួលខុសត្រូវតែប៉ុណ្ណោះ”។
លោកបានមានប្រសាសន៍ថា “ការចោទប្រកាន់មនុស្សតែបីនាក់ ស្របពេលមានការរារាំងការសើុបអង្កេតលើអ្នករៀបចំផែនការ និងអ្នកចូលរួមក្នុងការវាយប្រហារបង្ហាញពីការព្យាយាមបិទបាំងច្បាស់ក្រឡែតរបស់រដ្ឋាភិបាល និងតុលាការ។ទំហំមានកម្រិតនៃសវនាការ មានន័យថា ភ័ស្តុតាងអំពីការជាប់ពាក់ព័ន្ធដែលអាចមានរបស់ឥស្សរជននយោបាយជាន់ខ្ពស់ និងមន្ត្រីយោធាកំពុងត្រូវបានគេធ្វើមិនដឹងមិនឮ”។
យោងតាមមន្ត្រីយោធាជាន់ខ្ពស់ម្នាក់ដែលនិយាយទៅកាន់អង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងលក្ខខណ្ឌអនាមិកបានឲ្យដឹងថា ការវាយដំនេះបានកើតមានឡើង បន្ទាប់ពីលោក ហ៊ុន សែន បានកំណត់ឱសានវាទនៅចុងខែតុលាឆ្នាំ២០១៥ ឲ្យគណបក្សសង្គ្រោះជាតិបញ្ឈប់សកម្មភាពដែលចាត់ទុកថា ជាការបង្កហេតុ រួមទាំងការតវ៉ាដោយសន្តិវិធីផង។
ដោយលើកឡើងពី “ប្រភពផ្ទៃក្នុងរបស់រដ្ឋាភិបាល” របាយការណ៍នេះបន្តថា នៅពេលគណបក្សសង្គ្រោះជាតិបន្តសកម្មភាពបែបនេះលោកនាយករដ្ឋមន្ត្រីបាន “សម្រេចយ៉ាងសម្ងាត់ឲ្យចាត់វិធានការលើគណបក្ស សង្គ្រោះជាតិ ដោយការដកលោក កឹម សុខា អនុប្រធានគណបក្ស និងជាអនុប្រធានទី១រដ្ឋសភា”។
របាយការណ៍នេះបន្តទៀតថា នៅព្រឹកថ្ងៃទី២៦ខែតុលា អ្នកចូលរួមបាតុកម្មដែលបានគ្រោងទុកប្រឆាំងលោក កឹម សុខា បានជួបជុំគ្នានៅបរិវេណទីស្នាក់ការអង្គរក្សចំនួនពីរក្នុងខេត្តកណ្តាល និងទីតាំងមួយទៀតក្នុងរាជធានីភ្នំពេញ។ក្នុងចំណោមអ្នកតវ៉ាទាំងនោះ គឺបុគ្គលិកកងអង្គរក្ស និងសមាជិកក្រុមយុវជនដឹកនាំដោយលោក ហ៊ុន ម៉ានី កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី និងដែលមានទំនាក់ទំនងជាមួយគណបក្សប្រជាជនកម្ពុជាជិត២០០នាក់ ។
រូបថតមួយសន្លឹកដែលបង្ហាញ ស៊ុត វណ្ណី អ្នកវាយដំម្នាក់ក្នុងចំណោមអ្នកវាយដំទាំងនោះនៅខាងក្រៅច្រកចូលបរិវេណទីស្នាក់ការអង្គរក្សស្វាយរលំក្នុងក្រុងតាខ្មៅ ត្រូវបានរួមបញ្ចូលក្នុងរបាយការណ៍នេះ។
បន្ទាប់ពីការវាយដំ ដែលធ្វើឡើងផ្ទាល់ដោយមនុស្ស១០នាក់ជាមួយមនុស្ស យ៉ាងហោចណាស់២០នាក់ទៀតនៅក្នុងបរិវេណក្បែរនោះរបាយការណ៍នេះឲ្យដឹងថា អ្នកដែលជាប់ពាក់ព័ន្ធក្នុងការវាយដំនោះ ត្រូវបាននាំ ទៅកាន់សណ្ឋាគារមួយក្នុងក្រុងតាខ្មៅក្បែរបន្ទាយទីស្នាក់ការអង្គរក្ស។
របាយការណ៍ដដែលនេះបន្តថា “ក្រោយមក អ្នកបើករថយន្តម្នាក់បាននិយាយថា មេបញ្ជាការម្នាក់ក្នុងចំណោមមេបញ្ជាការកងអង្គរក្សស្ថិតនៅក្នុងរថយន្តរបស់គាត់បាននិយាយអួតអាងពីការចូលរួមក្នុងការវាយដំដោយផ្ទាល់”។
បើទោះជាបង្ហាញថា ការវាយដំនេះត្រូវបានរៀបចំដោយប្រុងប្រយ័ត្នក៏ដោយ តែរបាយការណ៍អង្គការឃ្លាំមើលសិទ្ធិមនុស្សក៏បានរិះគន់ការសើុបអង្កេត ការចាប់ខ្លួន និងការបើកសវនាការជំនុំជម្រះបុរសទាំងបីនាក់ដែលទំនងជា “សារភាព” ដើម្បីឆ្លើយបតទៅនឹងការអំពាវនាវរបស់លោកនាយករដ្ឋមន្ត្រីដែរ។
ក្រុមមន្ត្រីតុលាការដែលក៏បាននិយាយទៅកាន់អង្គការឃ្លាំមើលសិទ្ធិមនុស្សក្នុងលក្ខខណ្ឌអនាមិកដែរនោះបាននិយាយថា សវនាការជំនុំជម្រះអង្គរក្សទាំងបីនាក់នេះត្រូវកាត់ផ្តាច់ចេញពីនីតិវិធី ដែលអាចមានលើជន សង្ស័យផ្សេង ទៀតដើម្បីទទួលបានការជំនុំជម្រះដោយងាយស្រួល។
របាយការណ៍ដដែលនេះបានលើកឡើងថា “តាមទ្រីស្តី រឿងនេះទុកលទ្ធភាពដល់ ការចោទប្រកាន់លើមនុស្សបន្ថែមទៀតដែលត្រូវបានកំណត់អត្តសញ្ញាណថា បានបញ្ជា ឬបានចូលរួមក្នុងការវាយប្រហារនោះ។ ទោះជាយ៉ាងណា ករណីនេះក៏បានអនុញ្ញាតឲ្យចៅក្រមសម្រេចថា បញ្ហាអ្នកផ្សេងទៀត គឺហួសពីទំហំនីតិវិធី”។
ជាលទ្ធផលមេធាវីតំណាងលោក ញ៉យ ចំរើន និងលោក គង់ សភា ត្រូវបានចៅក្រមរារាំងមិនឲ្យដាក់សម្ពាធលើចុងចោទ ដែលបដិសេធថាមិនត្រូវបានបញ្ជាឲ្យធ្វើការវាយដំពាក់ព័ន្ធបញ្ហាជាច្រើន ទាក់ទងទៅនឹងតួនាទី និងអ្នក គ្រប់គ្រងផ្ទាល់របស់ពួកគេ។
ក្រុមមន្ត្រីតុលាការបានបដិសេធមិនធ្វើអត្ថាធិប្បាយអំពីរបាយការណ៍នេះទេកាលពីម្សិលមិញ។ លោក ហីុង ប៊ុនហៀង ប្រធានកងអង្គរក្សលោកនាយករដ្ឋមន្ត្រីដែលពីដំបូងបានបដិសេធថា មិនមានក្រុមមន្ត្រីរបស់លោកជាប់ពាក់ព័ន្ធ ក្នុងការវាយដំនោះ មិនអាចទាក់ទងបានទេ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានច្រានចោលរបាយការណ៍ នេះ ហើយបានអះអាងថា ការចោទប្រកាន់ដែលថាមានការព្យាយាមលាក់បាំងនោះ គឺគ្មានមូលដ្ឋាននោះទេ។
លោក សុខ ឥសាន បានថ្លែងថា “រឿងក្តីនេះចប់ហើយ។ ការសើុបអង្កេតត្រូវបានបិទនៅពេលរឿងក្តីនេះត្រូវបានបញ្ជូនទៅតុលាការ ហើយតុលាការបានធ្វើការជំនុំជម្រះរួចហើយ”។
ដោយបន្តសំដៅដល់លោក ប្រេដ អាដាម លោកបានថ្លែងថា “លោក ប្រេដ អាដាមចេះតែចោទប្រកាន់រដ្ឋាភិបាលតែប៉ុណ្ណោះ ពីព្រោះគាត់ខឹងនឹងរដ្ឋាភិបាល។ គាត់នៅបរទេស។តើគាត់អាចដឹងអំពីរឿងក្តីនេះបានដូចម្តេច? តើនរណាជាអ្នកសើុបអង្កេតជំនួសគាត់?”៕សារុន