31.4 C
Phnom Penh

លោក កឹម សុខា ត្រូវចោទប្រកាន់ចំណែកឯ​គណបក្សសង្គ្រោះជាតិ​ប្ដេជ្ញា​ធ្វើបាតុកម្ម​និងពហិការ​មិនចូល​ប្រជុំសភា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅក្នុងការកើនឡើងនៃវិបត្តិនយោបាយដែលរឹតតែខ្លាំងឡើងនៅក្នុងប្រទេសនោះ បទចោទប្រកាន់ជាបឋម ត្រូវបានធ្វើឡើងប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងកាលពីថ្ងៃសុក្រ ដោយបណ្ដាលឲ្យ គណបក្ស របស់លោកប្រកាសធ្វើពហិការមិនចូលប្រជុំសភា ហើយគំរាមធ្វើមហាបាតុកម្ម ដោយមានការគាំទ្រ ពី សហជីពដ៏ធំ។

លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនិយាយជាមួយអ្នកយកព័ត៌មាននៅក្រៅទីស្នាក់ការកណ្ដាលគណបក្សនៅខណ្ឌមានជ័យ ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃសុក្រ។ រូបថតដោយ ស៊ីវ ចាន់ណា
លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនិយាយជាមួយអ្នកយកព័ត៌មាននៅក្រៅទីស្នាក់ការកណ្ដាលគណបក្សនៅខណ្ឌមានជ័យ ក្នុងក្រុងភ្នំពេញ កាលពីថ្ងៃសុក្រ។ រូបថតដោយ ស៊ីវ ចាន់ណា

លោក យ៉េត ចរិយា ព្រះរាជអាជ្ញាតុលាការក្រុងភ្នំពេញបានចោទប្រកាន់លោក កឹម សុខា ពីបទប្រព្រឹត្ត បទល្មើស ជាក់ស្ដែង ដោយមិនបានចូលបំភ្លឺតាម ដីកាកោះ របស់តុលាការពីរលើកទាក់ទិនទៅនឹងរឿងអាស្រូវ ផ្លូវភេទរបស់លោកជាមួយស្ដ្រីម្នាក់ជាជាងកាត់សក់។

រឿងអាស្រូវផ្លូវភេទដែលគេចោទទៅលើលោក កឹម សុខា បានផ្សព្វផ្សាយជាសាធារណៈ តាមរយៈ ខ្សែអាត់ សំឡេងតាមទូរស័ព្ទដែលបែកធ្លាយ ដែលគណបក្សប្រជាជនកម្ពុជាអះអាងថា ជាប់ពាក់ព័ន្ធនឹងលោក កឹម សុខា ក្នុងអំពើសញ្ចារកម្ម គឺនាំឲ្យមានការចាប់ខ្លួនជាបន្តបន្ទាប់ដែលក្រុមសិទ្ធិមនុស្សបានចាត់ទុកថា ជាការតាម ប្រមាញ់អ្នករិះគន់រដ្ឋាភិបាល។

កាលពីព្រឹកថ្ងៃសុក្រ មានសមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិជាង៥០នាក់ បានប្រមូលផ្ដុំគ្នា នៅខាង ក្រៅទីស្នាក់ការកណ្ដាលគណបក្សនៅខណ្ឌមានជ័យ ក្នុងក្រុងភ្នំពេញ ដែលនៅទីនោះយោងតាមលោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិឲ្យដឹងថា មាននគរបាលបានស្វែងរកចាប់ខ្លួនលោក កឹម សុខា មួយសន្ទុះកាលពីថ្ងៃព្រហស្បតិ៍ មុននឹងទទួលស្គាល់ថា គេមិនមានដីកា។

លោក កឹម សុខា បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំគណៈកម្មាធិការ អចិន្ត្រៃយ៍នៅ ឯទីស្នាក់ការកណ្ដាល នៅព្រឹក ថ្ងៃសុក្រ ហើយបន្តនៅទីនោះពេញមួយថ្ងៃ។

នៅពេលរសៀល លោក សុន ឆ័យ ប្រធានក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានដើរចេញមក ហើយ ប្រាប់អ្នកយកព័ត៌មានថា អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងបានស្ថិតនៅក្នុងបរិវេណទីស្នាក់ការកណ្ដាល ដើម្បី រារាំងការរំលោភច្បាប់បន្ថែមទៀតមិនឲ្យកើតឡើង ឬយ៉ាងហោចណាស់ ក៏មើលឃើញរឿងនោះ ដោយផ្ទាល់ ភ្នែក ដែរ។

លោក សុន ឆ័យ បានមានប្រសាសន៍ថា “ស្ថានការណ៍នយោបាយគឺពិតជាធ្ងន់ធ្ងរណាស់ ដែលសហគមន៍ អន្តរជាតិត្រូវយកមកពិចារណា”។

អ្នកតំណាងរាស្ត្ររូបេនះបានមានប្រសាសន៍ថា “យើងមិនដែលដឹងថា មានអ្វីអាចកើតឡើងនៅក្នុងប្រទេស នេះទេ។ យើងមិនមាននីតិរដ្ឋ យើងមិនមានប្រព័ន្ធគួរឲ្យជឿទុកចិត្ត ឬស្ថាប័នគួរឲ្យជឿទុកចិត្ត ដែលអាចប្រើ ដើម្បីទស្សន៍ទាយថាមានអ្វីនឹងកើតឡើងបានទេ”។

ជាអ្នកតំណាងរាស្ត្រ លោក កឹម សុខា ទទួលបានអភ័យឯកសិទ្ធិសភា ដែលរួចផុតពីការផ្ដន្ទាទោសស្ថិតក្រោម រដ្ឋធម្មនុញ្ញ លើកលែងតែក្នុងករណីប្រព្រឹត្តបទល្មើសជាក់ស្ដែងប៉ុណ្ណោះ។

បទចោទប្រកាន់ជាបឋមប្រឆាំងលោក កឹម សុខា កាលពីថ្ងៃសុក្រ គឺប្រើមាត្រា៨៦នៃក្រមនីតិវិធីព្រហ្មទណ្ឌ ដែលសំដៅទៅលើបទល្មើសជាក់ស្ដែង ជាការលើកឡើងថា តុលាការមានបំណងអនុវត្តលើលក្ខខណ្ឌ លើកលែង ដូចដែលខ្លួនបានអនុវត្តកាលពីពេលកន្លងមក នៅពេលដែលចាត់ការអ្នកតំណាងរាស្ត្របក្ស ប្រឆាំង។

លោក លី សុផាន់ណា អ្នកនាំពាក្យអយ្យការតុលាការក្រុងភ្នំពេញបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។

នៅក្នុងសេចក្ដីថ្លែងការណ៍ គណបក្សសង្គ្រោះជាតិបានហៅបទចោទនោះថា ជាការរំលោភយ៉ាងធ្ងន់ធ្ងរលើ អភ័យឯកសិទ្ធិសភារបស់លោក កឹម សុខា ហើយបានគំរាមធ្វើមហាបាតុកម្ម ប្រសិនបើលោក កឹម សុខា ត្រូវ ចាប់ខ្លួន។

សេចក្ដីថ្លែងការណ៍បាននិយាយថា “ក្រោយពីបានធ្វើការពិភាក្សាយ៉ាងល្អិតល្អន់ គណៈកម្មាធិការអចិន្ត្រៃយ៍ គណបក្សយល់ឃើញថា ស្ថានភាពនយោបាយនៅកម្ពុជាបច្ចុប្បន្នមានសភាពធ្ងន់ធ្ងរទៅៗ។ សេចក្ដីថ្លែងការណ៍ បាននិយាយបន្តថា ថ្នាក់ដឹកនាំបក្សថ្នាក់ក្រោមជាតិបានទទួលការអនុញ្ញាតឲ្យដាក់ញត្តិទៅព្រះមហាក្សត្រ។

លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករដែលតំណាងកម្មកររាប់ម៉ឺននាក់ បានសន្យាគាំទ្របាតុកម្ម ដែល ដឹកនាំដោយគណបក្សសង្គ្រោះជាតិ។

លោក មុន្នី បាននិយាយថា “ខ្ញុំចេញសេចក្ដីថ្លែងការណ៍មួយជូនដំណឹងដល់មេដឹកនាំ និងសមាជិកសហជីព សេរីកម្មករទាំងអស់ឲ្យត្រៀមប្រើសិទ្ធិរបស់គេធ្វើកូដកម្ម ប្រសិនបើលោក កឹម សុខា ត្រូវចាប់ ខ្លួនដោយមាន អភ័យឯកសិទ្ធិ”។

នៅក្នុងការបង្ហោះតាមហ្វេសប៊ុក កញ្ញា ធី សុវណ្ណថា ជាមនុស្សបណ្ដាញសង្គមដ៏មានឥទ្ធិពល និងជាអតីត អ្នកគាំទ្រគណបក្សសង្គ្រោះជាតិ ដែលក្លាយជាអ្នកធ្វើយុទ្ធនាការប្រឆាំងលោក កឹម សុខា ហើយដែលបានប្ដឹង លោក កឹម សុខា ពីបទបរិហារកេរ្តិ៍ទាក់ទងនឹង សម្ដីចោទប្រកាន់របស់លោកនៅក្នុងខ្សែអាត់សំឡេងដែលបែក ធ្លាយមួយ បាននិយាយថា នាងនឹងធ្វើបាតុកម្មតបត។

កញ្ញា ធី សុវណ្ណថា បាននិយាយថា “ខ្ញុំគិតថា កឹម សុខា គួរប្រគល់ខ្លួនឲ្យអាជ្ញាធរ ឬចូលទៅតុលាការ ដែលកំពុង អនុវត្តនីតិវិធីស្របតាមច្បាប់”។

នាងបាននិយាយបន្តថា “ហើយប្រសិនបើមានបាតុកម្មប្រឆាំងនឹងការចាប់ខ្លួន កឹម សុខា ខ្ញុំនឹងបណ្ដាញដទៃ ទៀត និងអង្គការក្រៅរដ្ឋាភិបាលដែលមាន១២អង្គការ ដោយមានសមាជិកប្រហែល១ម៉ឺននាក់នឹងធ្វើបាតុកម្ម គាំទ្រចំណាត់ការចាប់ខ្លួន កឹម សុខា”។

លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិដែលបាននិរទេសខ្លួនឯងនៅក្រៅប្រទេសចាប់តាំងពីខែវិច្ឆិកា នៅពេលនោះតុលាការក្រុងភ្នំពេញបានអនុវត្តការកាត់ឲ្យជាប់ទោសពីបទបរិហារកេរ្តិ៍ ដែលកប់ចោល យ៉ាងយូរ មកហើយប្រឆាំងនឹងរូបលោក បានមានប្រសាសន៍ថា “គណបក្សក៏នឹងធ្វើពហិការមិនចូលសភា ដរាបណា អភ័យឯកសិទ្ធិសភាត្រូវគេមិនគោរពទេនោះ”។

មេដឹកនាំបក្សប្រឆាំងរូបនេះបាននិយាយនៅក្នុងសារអុីម៉េលថា “ប្រតិកម្មរបស់គណបក្សសង្គ្រោះជាតិទៅនឹង ការបង្ក្រាបផ្នែកនយោបាយនាពេលបច្ចុប្បន្ន រួមទាំងការធ្វើពហិការមិនចូលប្រជុំសភា គឺមានបំណងបង្ហាញ ពិភពលោកថា កម្ពុជារបស់ ហ៊ុន សែន ឥឡូវនេះគឺវិលត្រឡប់ទៅរកចំណុចដើម ដែលមានន័យថា ជា ស្ថានការណ៍ មួយស្រដៀងគ្នាទៅ នឹងស្ថានការណ៍ ដែលកើតឡើងមុនមានការចុះហត្ថលេខាលើកិច្ច ព្រមព្រៀងក្រុងបារីសឆ្នាំ១៩៩១”។

មេដឹកនាំបក្សប្រឆាំងរូបនេះបាននិយាយថា ការនេះបង្ហាញយ៉ាងច្បាស់ក្រឡែតថា ជាប្រព័ន្ធឯកបក្សពិតប្រាកដ ហើយជាការបង្ក្រាបស្ទីលកុម្មុយនីស្ត”។

លោក សម រង្ស៊ី បានមានប្រសាសន៍ថា “គណបក្សសង្គ្រោះជាតិនឹងមិនធ្លាក់ចូលអន្ទាក់ច្បាស់ ក្រឡែតដែល ដាក់ដោយគណបក្សប្រជាជនកម្ពុជា ដោយមានគោលបំណងបង្កើតហិង្សា និងភាពតានតឹងកាន់តែខ្លាំងឡើង ដើម្បីធ្វើឲ្យខូចដល់ដំណើរការបោះឆ្នោត”។

មានមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមួយរូប មន្ត្រីក្រុមសិទ្ធិមនុស្សអាដហុកជាន់ខ្ពស់បួនរូប និងមេឃុំគណបក្សប្រឆាំងមួយរូបកំពុងជាប់ពន្ធនាគារទាក់ទងនឹងការចោទប្រកាន់ប្រឆាំងលោក កឹម សុខា។

ការចាប់ខ្លួនបានបណ្ដាលឲ្យមានការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅប្រចាំសប្ដាហ៍ ដោយអំពាវនាវឲ្យមានការដោះលែង ពួកគេ ដែលពេលនោះអាជ្ញាធរបានហាមឃាត់ជាដាច់ខាត៕ រើន (រាយការណ៍បន្ថែមដោយ David Boyle)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស