35 C
Phnom Penh

រដ្ឋាភិបាល​បញ្ចេញ​​​វីដេអូ​​​ព្រមាន​​​ពី​​​ការ​​​ប្រើ​​​ប្រាស់សិទ្ធិ​​​ហួស​​​ហេតុ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយអ្នកតវ៉ាមួួយក្រុមតូចសន្យាថា នឹងបន្តការហែក្បួនធ្វើយុទ្ធនាការ “ថ្ងៃច័ន្ទពណ៌ខ្មៅ” លើកទី៤ចាប់តាំងពីមន្ត្រីសិទ្ធិមនុស្សមួយក្រុមត្រូវបានចាប់ដាក់ពន្ធនាគារមក រដ្ឋាភិបាលបានបញ្ចេញរូបភាពវីដេអូតាមប្រព័ន្ធអីុនធឺណិត កាលពីយប់មិញព្រមានអំពីផលវិបាកធ្ងន់ធ្ងរនៃការ “ប្រើប្រាស់សិទ្ធិហួសហេតុ”។

ការបញ្ចេញរូបភាពវីដេអូនេះបង្ហាញពីរូបថតប្រទេសស៊ីរី និងប្រទេសលីប៊ីមុន និងក្រោយសង្គ្រាមស៊ីវិលដែលបានញាំញីប្រទេសទាំងពីរនេះក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ស្របពេលដែលគណបក្សសង្គ្រោះជាតិបានគំរាមធ្វើការតវ៉ាដ៏ធំប្រសិនបើលោក កឹម សុខា អនុប្រធានគណបក្ស ត្រូវបានចាប់ខ្លួននោះ។បន្ទាប់ពីរូបភាពមនុស្សម្នាក់ប្រដាប់ដោយកាំបិត សារមួយមានខ្លឹមសារថា “នេះគឺជាលទ្ធផលនៃការប្រើប្រាស់សិទ្ធិមិនត្រឹមត្រូវ”។

សារដដែលនេះបន្ថែមទៀតថា “ការប្រើប្រាស់សិទ្ធិហួសហេតុនឹងនាំមកនូវការបំផ្លិចបំផ្លាញ ការបែកបាក់គ្រួសារ ការបាត់បង់អាយុជីវិតប្រជាជនរាប់មឺុននាក់ ការបាត់បង់ទីជម្រក ការបង្ហូរឈាម និងជាអនុស្សាវរីយ៍នៃភាពឈឺចាប់ តែប៉ុណ្ណោះ”។

សុន្ទរកថារបស់លោក ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិត្រូវបានចាក់អមជាមួយរូបភាពប្រជាជនដែលធ្វើការក្រោមរបបខ្មែក្រហម។

ឧត្តមសេនីយ៍ ទៀ បាញ់ បានមានប្រសាសន៍ថា “យើងបានជួបប្រទះបញ្ហាប្រភេទនេះរួចហើយ។ បញ្ហាបដិវត្តន៍ពណ៌កើតឡើងច្រើនទម្រង់។ យើងចង់បញ្ជាក់ឲ្យច្បាស់ថា យើងនឹងមិនអនុញ្ញាតឲ្យបញ្ហានេះកើតឡើងនៅក្នុង ព្រះរាជាណាចក្រកម្ពុជាឡើយ”។

រដ្ឋមន្ត្រីក្រសួងការពារជាតិរូបនេះបានលើកឡើងថា ទាំងក្រុមអ្នកតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅ និងគណបក្សសង្គ្រោះជាតិសង្ឃឹមថា ចង់ធ្វើបដិវត្តន៍ពណ៌ ជាហេតុផលដែលរដ្ឋាភិបាលធ្វើការបង្ក្រាប។

ក្រុមអ្នកតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅជាង១២នាក់ត្រូវបានចាប់ខ្លួន ហើយត្រូវបានដោះលែងវិញអំឡុងយុទ្ធនាការពីរសប្តាហ៍ដំបូង ដែលក្នុងនោះអ្នកតវ៉ាទាំងអស់ពាក់អាវខ្មៅដើម្បីបង្ហាញសាមគ្គីភាពជាមួយបុគ្គលិកសិទ្ធិមនុស្សដែលជាប់ ពន្ធនាគារ។

សកម្មជនសិទ្ធិដីធ្លីមួយក្រុមបានលើកឡើងថា ពួកគាត់មានគម្រោងធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅលើកទី៤នៅថ្ងៃនេះ ដោយការហែក្បួននៅពេលព្រឹកចេញពីវង្វង់មូលចោមចៅ នៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ទៅកាន់ពន្ធនាគារព្រៃស។

អ្នកស្រី អឹុម ស្រីទូច ដែលស្ថិតក្នុងចំណោមអ្នករៀបចំតវ៉ាបាននិយាយថា “យើងនឹងជួបជុំគ្នានៅរង្វង់មូលចោមចៅនៅម៉ោង៨និង៣០នាទីជាមួយមនុស្សប្រហែល៣០នាក់ មកពីសហគមន៍ដែលរងការបណ្តេញចេញ។ ហើយ បន្ទាប់មកយើងនឹងកាន់បដារួចហែក្បួនទៅកាន់ពន្ធនាគារព្រៃស”។

អ្នកស្រីបន្ថែមថា “យើងមិនខ្លាចការចាប់ខ្លួនទេ ពីព្រោះយើងមិនបានធ្វើអ្វីខុសឡើយ” ដោយអ្នកស្រីសន្យាបន្តការតវ៉ារហូតដល់មានការដោះលែងមន្ត្រី៤នាក់មកពី សមាគមសិទ្ធិមនុស្សអាដហុក និងអតីមន្ត្រីមួយរូបនៅអង្គការ មិនមែនរដ្ឋាភិបាលដែលឥឡូវនេះគឺជាមន្ត្រីជាន់ខ្ពស់មួយរូបផ្នែករៀបចំការបោះឆ្នោត។ ក្រុមនេះត្រូវបានចាប់ដាក់ពន្ធនាគារដោយចោទថា បានសូកប៉ាន់ស្រ្តីអាយុ២៥ឆ្នាំម្នាក់ឲ្យបដិសេធថា នាងមិនមានទំនាក់ទំនងជាមួយលោក កឹម សុខា ដែលករណីនេះត្រូវបានគេចាត់ទុកថា ជាហេតុផលនយោបាយ។

លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា ក្រុមអ្នកតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅអាចនឹងប្រឈមវិធានការដូចគ្នានេះបន្ថែមទៀតពីអាជ្ញាធរ ប្រសិនបើពួកគាត់បន្តការតវ៉ារបស់ខ្លួននោះ។

លោកបានមានប្រសាសន៍ថា “វាជាការខុសច្បាប់ និងផ្ទុយពីបទបញ្ជារបស់សាលារាជធានី។ យើងនឹងប្រើប្រាស់វិធានការរដ្ឋបាលនិងវិធានការច្បាប់ដូចពេលមុន ប្រសិនបើយើងរកឃើញថា ពួកគាត់មានសម្ភារដូចជាមីក្រូហ្វូន និងបដា យើងនឹងរឹបអូសយក”។

ទោះយ៉ាងណា ការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅដោយសន្តិវិធី កាលពីសប្តាហ៍មុន បានបញ្ចប់ដោយសន្តិសុខរបស់រដ្ឋាភិបាលបានទៅកាន់កន្លែងតវ៉ាដែលដុតភ្លើងទៀនរៀបចំដោយក្រុមសកម្មជន បានហែកបដា ហើយគ្រវែងផ្កាឈូក និងទៀនចោលអស់៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស