កាលពីម្សិលមិញ លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានព្រមានថា រដ្ឋាភិបាលនឹងប្រើប្រាស់កម្លាំងពេញលេញរបស់រដ្ឋ ដើម្បីបង្ក្រាបការតវ៉ាប្រឆាំងការចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ដែលត្រូវបាន ចោទ ប្រកាន់ជាបណ្ដោះអាសន្នពីបទមិនគោរពតាមដីកាកោះឲ្យចូលខ្លួនរបស់តុលាការ។
ការគំរាមរបស់លោក អុិត សំហេង ធ្វើឡើង ខណៈរដ្ឋសភាគ្រោងជួបប្រជុំនៅថ្ងៃនេះដើម្បីសម្រេចថា តើត្រូវចាត់វិធានការសភាដ៏ចម្រូងចម្រាសដើម្បីអនុញ្ញាតឲ្យចាប់ខ្លួនលោក កឹម សុខា ទាំងលោកមានអភ័យឯកសិទ្ធិតំណាង រាស្ត្រដែលអាចការពារខ្លួនពីការចាប់ខ្លួន ឬយ៉ាងណា។
ថ្លែងទៅកាន់អ្នកចូលរួមប្រមាណ៣០០នាក់នៅពេលបិទសិក្ខាសាលាស្ដីពីសេវាថែទាំសុខភាពរបស់រដ្ឋនៅភោជនីយដ្ឋានមួយក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ លោក អុិត សំហេង បានច្រានចោលការគំរាមពីសំណាក់គណបក្ស សង្គ្រោះជាតិ និងប្រធានសហជីពដ៏ធំមួយដែលលើកឡើងថា ការចាប់ខ្លួនលោក កឹម សុខា អាចបង្កឲ្យផ្ទុះមហាបាតុកម្ម។
លោកបានគូសបញ្ជាក់ថា “ការប៉ុនប៉ងធ្វើបាតុកម្ម ឬប៉ុនប៉ងញុះញង់កម្មករឲ្យចេញមកធ្វើបាតុកម្មដូចឆ្នាំ២០១៣ នឹងមិនអាចទៅរួចឡើយ។ វានឹងមិនត្រូវបានអនុញ្ញាតជាដាច់ខាត។ យើងនឹងអនុវត្តតាមច្បាប់ ហើយយើងនឹងមិនទុក ចោលមធ្យោបាយប្រើកម្លាំងរបស់យើង និងអំណាចរបស់រដ្ឋនោះទេ។ ប្រាកដជាត្រូវប្រើប្រាស់វា”។
គណបក្សសង្គ្រោះជាតិដែលបានដឹកនាំមហាបាតុកម្មលើកចុងក្រោយដែលមានអ្នកចូលរួមរាប់ម៉ឺនសែននាក់កាលពីចន្លោះខែកញ្ញា ឆ្នាំ២០១៣ ដល់ខែមករា ឆ្នាំ២០១៤ ដើម្បីតវ៉ាប្រឆាំង ការលួចបន្លំនៅក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រអាណត្តិមុន បាននិយាយថា ជាថ្មីម្តងទៀតខ្លួននឹងអំពាវនាវឲ្យអ្នកគាំទ្រមកពីតាមបណ្ដាខេត្ត ប្រសិនបើលោក កឹម សុខា ជាប់ពន្ធនាគារ។
លោក ជា មុន្នី ប្រធានសហជីពសេរីកម្មករ ជាសហជីពដ៏ចំណាស់បំផុត និងដែលស្ថិតក្នុងចំណោមសហជីពធំៗបំផុតនៅកម្ពុជា ក៏បានគំរាមធ្វើកូដកម្មដែរ ប្រសិនបើអនុប្រធានគណបក្សសង្គ្រោះជាតិរូបនេះត្រូវបានចាប់ខ្លួន។ លើកចុងក្រោយ គណបក្សសង្គ្រោះជាតិ និងសហជីពនានាបានរួមកម្លាំងគ្នារហូតឈានទៅដល់ការបិទឧស្សាហកម្មកាត់ដេរទាំងមូល។
កម្មកររោងចក្រកាត់ដេរប្រមាណ៦០០.០០០នាក់នៅទាំងប្រទេសបាននាំគ្នាផ្អាកការងារ ហើយរោងចក្រកាត់ដេរនានាក៏បានបិទទ្វារ នៅពេលយុទ្ធនាការរបស់គណបក្សសង្គ្រោះជាតិ ទាមទារឲ្យបោះឆ្នោតឡើងវិញ និងការទាមទាររបស់កម្មករឲ្យដំឡើងប្រាក់ខែគោល បានរួមបញ្ចូលគ្នាជាចលនាតវ៉ាតែមួយកាលពីខែធ្នូ ឆ្នាំ២០១៣។
យុទ្ធនាការទាំងពីរនេះសុទ្ធតែត្រូវបានបង្ក្រាបដោយចាប់ផ្ដើមពីចំណុចដែលទាហានបា៉ារ៉ាប្រើអំពើហិង្សាវាយដំ និងចាប់ខ្លួនថ្នាក់ដឹកនាំសហជីពអំឡុងពេលតវ៉ាមួយកាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤។ កងរាជអាវុធហត្ថបានបាញ់ ស្លាប់កូដករយ៉ាងហោចណាស់ប្រាំនាក់ និងបណ្ដាលឲ្យរងរបួសប្រហែល៤០នាក់ទៀតនៅថ្ងៃបន្ទាប់ ហើយមូលដ្ឋានតវ៉ារបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ត្រូវបានរុះរើកម្ទេចដោយក្រុមស្លៀកពាក់ស៊ីវិលនៅថ្ងៃទី៥ ខែមករា។
លើកនេះសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ក៏បានបញ្ជាក់ដែរថា ខ្លួននឹងអំពាវនាវហៅសមាជិករបស់ខ្លួនឲ្យធ្វើកូដកម្ម ប្រសិនបើលោក កឹម សុខា ជាប់ពន្ធនាគារ។
លោក កឹម សុខា ត្រូវបានចោទប្រកាន់ជាបណ្ដោះអាសន្នកាលពីសប្ដាហ៍មុន បន្ទាប់ពីមិនបានចូលខ្លួនបំភ្លឺសម្រាប់ការសាកសួរក្នុងសំណុំរឿង “សញ្ចរកម្ម” ដែលតុលាការ និងនគរបាល បានបន្តប្រឹងប្រែងយ៉ាងខ្លាំងប្រឆាំងរូបលោក ចាប់តាំងពីលេចចេញការចោទប្រកាន់កាលពីខែមីនាថា លោកមានស្រីកំណាន់វ័យ២៥ឆ្នាំម្នាក់មក។
គណបក្សសង្គ្រោះជាតិអះអាងថា សំណុំរឿងនេះមានហេតុផលនយោបាយ ហើយមានបំណងធ្វើឲ្យលោក កឹម សុខា ធ្លាក់ចូលក្នុងរឿងអាស្រូវដើម្បីមានលេសចោទប្រកាន់រូបលោក ខណៈការបោះឆ្នោតនៅខែមិថុនា ឆ្នាំ២០១៧ និងខែកក្កដា ឆ្នាំ២០១៨ ខិតជិតចូលមកដល់។ លោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងបាននិរទេសខ្លួនទៅបរទេសរួចទៅហើយ បន្ទាប់ពីត្រូវតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទបរិហារកេរ្តិ៍។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាមានប្រសាសន៍ថា គណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភានឹងជួបប្រជុំនៅព្រឹកនេះដើម្បីសម្រេចថា តើឲ្យតំណាងរាស្ត្របោះឆ្នោតអនុម័តលើញត្តិមួយដើម្បីអនុញ្ញាតឲ្យដាក់ពន្ធនាគារលោក កឹម សុខា ទាំងលោកមានអភ័យឯកសិទ្ធិដែលគណបក្សប្រជាជនកម្ពុជាមិនអាចដកបានដោយគ្មានការគាំទ្រពីគណបក្សសង្គ្រោះជាតិ ឬយ៉ាងណា។
លោកថ្លែងថា “គណៈកម្មាធិការអចិន្ត្រៃយ៍នឹងពិចារណាលើសំណុំរឿងរបស់លោក កឹម សុខា ដោយផ្អែកលើរបាយការណ៍របស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។ រដ្ឋសភានឹងពិនិត្យពិចារណាថា តើយើងគួរដាក់វាក្នុង របៀបវារៈ ឬក៏អត់។ រដ្ឋសភាអាចអនុញ្ញាតឲ្យតុលាការបន្តនីតិវិធី ឬពន្យារពេលនីតិវិធីរបស់ខ្លួនបាន”។
កាលពីថ្ងៃសុក្រ គណបក្សសង្គ្រោះជាតិបានចេញសេចក្ដីថ្លែងការណ៍ថា ខ្លួននឹងធ្វើពហិការរដ្ឋសភាស្របពេលមានស្ថានភាពចលាចលផ្នែកនយោបាយនាពេលបច្ចុប្បន្ន។
រដ្ឋធម្មនុញ្ញចែងថា មិនអាចចាប់ខ្លួន ឬចោទប្រកាន់តំណាងរាស្ត្រដោយគ្មានការអនុម័តពីរដ្ឋសភាដោយសំឡេងភាគច្រើនពីរភាគបីដើម្បីដកអភ័យឯកសិទ្ធិបានឡើយ។ គណបក្សប្រជាជនកម្ពុជាគ្មានសំឡេងភាគច្រើនបែបនោះ ឡើយ ប៉ុន្តែលោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅតែត្រូវជាប់ពន្ធនាគារដដែលកាលពីខែមេសា។
គណបក្សប្រជាជនកម្ពុជា បានអនុវត្តតាមមាត្រាមួយក្នុងរដ្ឋធម្មនុញ្ញដែលអនុញ្ញាតឲ្យចាប់ខ្លួនតំណាងរាស្ត្រ ប្រសិនបើតាមទាន់ពេលកំពុងប្រព្រឹត្តបទល្មើស។ ទោះជាយ៉ាងណា គណបក្សសង្គ្រោះជាតិ បានគូសបញ្ជក់ថា ក្នុងករណី បែបនេះ រដ្ឋធម្មនុញ្ញនៅតែតម្រូវឲ្យរដ្ឋសភាដកអភ័យឯកសិទ្ធិ បន្ទាប់ពីការប្រព្រឹត្តខុស។
គណបក្សប្រជាជនកម្ពុជា បានច្រានចោលការលើកឡើងបែបនេះ ហើយនិយាយថា ខ្លួនគ្រាន់តែត្រូវការសំឡេងភាគច្រើនធម្មតាប៉ុណ្ណោះ ដើម្បីអនុម័តលើការបន្តចោទប្រកាន់តំណាងរាស្ត្រ ដែលគេតាមទាន់ពេលកំពុងប្រព្រឹត្ត បទល្មើស។
នៅឯទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ កាលពីព្រឹកម្សិលមិញ ប្រជាពលរដ្ឋប្រមាណ២០០នាក់បានចេញមកគាំទ្រលោក កឹម សុខា។ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានថ្លែងទៅកាន់ អ្នកយកព័ត៌មាននៅខាងក្រៅថា ការចាប់ខ្លួនលោក កឹម សុខា ចំពោះការមិនចូលបំភ្លឺក្នុងតុលាការ គឺជាការបំពានខាងនយោបាយទៅលើប្រព័ន្ធច្បាប់។
លោកគូសបញ្ជាក់ថា ”ពួកគេអះអាងថា វាជាបទល្មើសជាក់ស្ដែងដោយសារតែគាត់មិនបានចូលខ្លួនបំភ្លឺក្នុងតុលាការក្នុងនាមជាសាក្សី ប៉ុន្តែយើងដឹងហើយថា ច្បាប់នៅកម្ពុជា បច្ចុប្បន្នត្រូវបានបកស្រាយដោយអ្នកមានអំណាច។ បើយើងក្រឡេកមើលទៅសំណុំរឿងផ្សេងៗទៀត តើអស់លោកឃើញតុលាការចោទប្រកាន់ ឬដាក់ទោសសាក្សីដែលមិនចូលខ្លួនទេ? បើធ្វើបែបនោះមែន មុខជាមានមនុស្សជាច្រើនជាប់ពន្ធនាគារ ពីព្រោះមានសាក្សី ជាច្រើនដែលមិនបានចូលខ្លួនតាមដីការបស់តុលាការដូចនៅសាលាក្ដីខ្មែរក្រហមជាដើម”។
កាលពីខែតុលាឆ្នាំ២០០៩ ចៅក្រមមួយរូបនៅសាលាក្ដីខ្មែរក្រហមបានកោះហៅលោក ជា ស៊ីម ដែលពេលនោះជាប្រធានគណបក្សប្រជាជនកម្ពុជា លោក ហេង សំរិន ប្រធានរដ្ឋសភា លោក ហោ ណាំហុង ដែលកាលនោះ ជារដ្ឋមន្ត្រីក្រសួងការបរទេស លោក គាត ឈន់ ដែលពេលនោះជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា ពីររូបទៀតគឺលោក អ៊ុក ប៊ុនឈឿន និងលោក ស៊ីម កា ឲ្យផ្ដល់សក្ខីកម្មក្នុងតុលាការ។ប៉ុន្តែក្នុងចំណោមមន្ត្រីទាំងប្រាំមួយរូបនេះ គ្មានអ្នកណាម្នាក់បានចូលខ្លួនឡើយ ហើយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរិះគន់សេចក្ដីសម្រេចរបស់ចៅក្រមរូបនេះខ្លាំងៗជាសាធារណៈ។
លោក អេង ឆៃអ៊ាង បានមានប្រសាសន៍ទៀតថា តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនឹងទទួលញត្តិនៅថ្ងៃនេះដែលមន្ត្រីរបស់ខ្លួនប្រមូលនៅទូទាំងប្រទេសដើម្បីអំពាវនាវសុំអន្តរាគមន៍ពីព្រះមហាក្សត្រ នរោត្តម សីហមុនី និងប្រគល់ញត្តិនោះជូនព្រះបរមរាជវាំង។
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីថ្លែងថា គ្មានការដើរហែក្បួនណាមួយត្រូវបានអនុញ្ញាតឡើយ។ លោកបានបន្តថា “យើងទទួលបានដំណឹងអំពីផែនការរបស់ពួកគាត់ដើរហែក្បួន ដើម្បីដាក់ញត្តិដូចដែលពួកគេ បានអំពាវនាវ ប៉ុន្តែវាខុសច្បាប់ ពីព្រោះទី១ ពួកគាត់មិនបានសុំការអនុញ្ញាត ហើយទី២វាប្រឆាំងនឹងបទបញ្ជារបស់សាលារាជធានី។ យើងនឹងចាត់វិធានការ ពីព្រោះពួកគេគ្មានការអនុញ្ញាត”។
រដ្ឋធម្មនុញ្ញរបស់ព្រះរាជាណាចក្រកម្ពុជា ធានាការពារសិទ្ធិតវ៉ាដោយសន្តិវិធី រីឯច្បាប់គ្រប់គ្រងបាតុកម្មចែងថា អ្នកតវ៉ាត្រូវតែជូនដំណឹងដល់អាជ្ញាធរជាមុនអំពីគម្រោងតវ៉ារបស់ខ្លួន។
កាលពីម្សិលមិញ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ មិនអាចទាក់ទងសុំការបំភ្លឺបានទេជុំវិញស្ថានការណ៍ករណីរបស់លោក កឹម សុខា។ នគរបាលហាក់ដូចជាព្យាយាមចាប់ខ្លួនលោកកាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែ ចាប់មិន ទាន់បានទេចាប់តាំងពីតុលាការបានដាក់បទចោទប្រកាន់លើរូបលោកជាបណ្តោះអាសន្នកាលពីថ្ងៃសុក្រមក។ បច្ចុប្បន្ន លោកកំពុងសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងខណ្ឌមានជ័យ។
លោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារបានលើកឡើងក្នុងសុន្ទរកថាកាលពីម្សិលមិញថា លោក ជា មុន្នី បានធ្វើហួសព្រំដែនរបស់ខ្លួនក្នុងឋានៈជាប្រធានសហជីពម្នាក់ តាមរយៈការគំរាមធ្វើកូដកម្មទាក់ទិនបញ្ហាច្បាប់ ដែលមិន ពាក់ព័ន្ធឧស្សាហកម្មកាត់ដេរ។
លោកថ្លែងថា ”តុលាការបានកោះហៅ [លោក កឹម សុខា] ហើយគាត់មិនព្រមទៅមួយលើកជាពីរលើក។ ត្រូវតែផ្តន្ទាទោសទៅតាមច្បាប់។ ដូច្នេះសំណុំរឿងនេះមិនពាក់ព័ន្ធផលប្រយោជន៍ របស់កម្មករទេ មានតែសហជីពមួយ ប៉ុណ្ណោះដែលអំពាវនាវឲ្យកម្មករធ្វើបាតុកម្ម។ [យើង] ចាំបាច់ត្រូវគិតអំពីអ្វីជាគោលដៅរួម។ ហើយក្រុមដែលប៉ុនប៉ងបង្កអស្ថិរភាព មិនត្រូវបណ្តោយឲ្យក្រុមទាំងនោះធ្វើអ្វីតាមចិត្តឡើយ”។
លោក មុន្នី ដែលបងប្រុសរបស់លោកបានបង្កើតសហជីពសេរីកម្មករជាមួយលោក សម រង្ស៊ី មានប្រសាសន៍ថា កម្មករនឹងគាំទ្រលោក កឹម សុខា ចេញពីស្មារតីសាមគ្គីភាព ដោយសារគណបក្សប្រឆាំងបានគាំទ្រចលនាសហជីពនេះ ជាយូរមកហើយ។
លោកបានបន្តថា “អ្វីដែលលោករដ្ឋមន្ត្រី អុិត សំហេង អះអាងគឺមិនត្រឹមត្រូវទេ ព្រោះកម្មករមានសិទ្ធិធ្វើបាតុកម្ម។ ពេលយើងសុំអន្តរាគមន៍ពីគាត់ដើម្បីឲ្យរោងចក្របើកប្រាក់ខែជូនកម្មករ តើពេលណាដែលគាត់បានធ្វើកិច្ចការ ដើម្បី ពួកគាត់? ផលប្រយោជន៍របស់កម្មករគឺធ្វើយ៉ាងណាឲ្យតុលាការធ្វើអ្វីតាមដែលពួកគាត់ចង់បាន”។
លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បដិសេធមិនធ្វើអត្ថាធិប្បាយអំពីថា តើលោកព្រួយបារម្ភចំពោះការគំរាមប្រើកម្លាំងបាយទៅលើបាតុកម្មដែលផ្ទុះឡើងឬយ៉ាងណាឡើយ។
លោកមានប្រសាសន៍ថា ”យើងមិនចង់ធ្វើអត្ថាធិប្បាយអ្វីទាំងអស់។ ចាំមើលសិនថាតើមានអ្វីកើតឡើង”៕ សុខុម និង និត