27 C
Phnom Penh

របាយ​ការណ៍​ពន្យល់​ពី​បម្រាម​នាំឈើ​ចេញ​ទៅ​​វៀត​ណាម និង​​​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមរបាយការណ៍ថ្មីមួយបានឲ្យដឹង ថា ប្រទេសកម្ពុជាបាននាំឈើមិនទាន់កែច្នៃចេញគិតជាទឹកប្រាក់រាប់លានដុល្លារ ជាឈើគ្រញូងអាររួច និងប្រភេទឈើកម្រមួយចំនួនទៀតទៅប្រទេសវៀតណាមកាលពីឆ្នាំមុន បើទោះជាមានបទបញ្ជារដ្ឋាភិបាលហាមឃាត់ការជួញដូរបែបនេះក៏ដោយ។

របាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃសុក្រ ដោយអង្គការ Forest Trends ជាអង្គការមិនមែនរដ្ឋាភិបាលដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក និងសមាគមឈើចំនួនបួនរបស់វៀតណាម បាននិយាយលម្អិតអំពីការកើន ឡើងយ៉ាងឆាប់រហ័សនូវការនាំឈើចេញរបស់ប្រទេសកម្ពុជាទៅប្រទេសវៀតណាមក្នុងរយៈពេល៣ឆ្នាំកន្លងមក ដោយផ្អែកលើទិន្នន័យគយវៀតណាម។

របាយការណ៍នេះបង្ហាញពីការនាំឈើអាររួចចេញរីកដូចផ្សិតពី៥១.០០០ម៉ែត្រគូបគិតជាទឹកប្រាក់៤៥លានដុល្លារក្នុងឆ្នាំ២០១៣ដល់៣៧៨.០០០ម៉ែត្រគូប គិតជាទឹកប្រាក់៣៦២លានដុល្លារក្នុងឆ្នាំ២០១៥ ដោយធ្វើឲ្យប្រទេស កម្ពុជាជាប្រទេសផ្គត់ផ្គង់ឈើដ៏ច្រើនដល់ប្រទេសវៀតណាមតាមតម្លៃ និងបីដងតាមទំហំ។

របាយការណ៍ដដែលនេះបានសន្មតការកើនឡើងដ៏ឆាប់រហ័សរបស់ប្រទេសកម្ពុជាព្រោះតែបម្រាមនាំឈើចេញដែលផ្តោតគោលដៅកាលពីពេលថ្មីៗនេះក្នុងប្រទេសឡាវ និងប្រទេសភូមា និងការឈប់ដាក់កម្រិតក្នុងប្រទេស វៀតណាម ដែលលែងស្នើឲ្យអ្នកនាំចេញសុំការអនុញ្ញាតពីក្រសួងកសិកម្ម និងពាណិជ្ជកម្មរបស់ប្រទេសនេះ។

របាយការណ៍ដដែលនេះបន្តថា វិធានថ្មីបាន “បង្កើនយន្តការបើកចំហចំពោះការនាំចូលសម្ភារធ្វើពីឈើពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម។ វាមិនត្រឹមតែសម្រួលដល់នីតិវិធីនាំចូលប៉ុណ្ណោះទេ ថែមទាំងអនុញ្ញាតឱ្យនាំចូល សម្ភារធ្វើពីឈើតាមច្រកព្រំដែនទាំងអស់រវាងប្រទេសទាំងពីរផងដែរ”។

ប្រទេសកម្ពុជាបានដាក់បម្រាមលើការនាំចេញឈើទាំងអស់ទៅប្រទេសវៀតណាមកាលពីខែមករា ដោយទទួលស្គាល់ថា ភាគច្រើននៃការជួញដូរនេះគឺខុសច្បាប់ ជាអ្វីដែលក្រុមបរិស្ថានបានលើកឡើងជាច្រើនឆ្នាំមកហើយ។ អង្គការមិនមែនរដ្ឋាភិបាលលើកឡើងថា បម្រាមថ្មីនេះបានប៉ះពាល់យ៉ាងខ្លាំងដល់ពាណិជ្ជកម្មនេះ ប៉ុន្តែ មិនបានលុបបំបាត់ទាំងស្រុងឡើយ ដោយក្រុមអ្នកជួញដូរនៅតែដឹកឈើឆ្លងកាត់ជាប្រចាំដដែល។

របាយការណ៍ថ្មីនេះបានបង្ហាញពីបម្រាមកន្លងមកដែលមិនត្រូវបានគេគោរពផងដែរ។ ច្បាប់ព្រៃឈើឆ្នាំ២០០២របស់ប្រទេសកម្ពុជាហាមឃាត់ការកាប់ឈើកម្រ។ បើទោះជារដ្ឋាភិបាលមិនដែលអនុវត្តតាមអនុក្រឹត្យដោយចេញឈ្មោះប្រភេទឈើដែលច្បាប់គ្របដណ្តប់ក៏ដោយ ក៏ប្រភេទឈើកម្រដែលបានរៀបចំប៉ុន្មានឆ្នាំមុន រួមបញ្ចូលប្រភេទឈើដូចគ្នាមួយចំនួនដែលអង្គការ Forest Trends  បានរកឃើញថា មានការនាំចូលទៅប្រទេសវៀតណាមរហូតដល់ឆ្នាំ២០១៥។

របាយការណ៍ដដែលនេះក៏បានរកឃើញផងដែរថា ប្រទេសកម្ពុជាក្នុងរយៈពេលបីឆ្នាំកន្លងមកបាននាំឈើគ្រញូងចេញគិតជាទឹកប្រាក់៣៥លានដុល្លារ ការកាប់ឈើដែលត្រូវបានហាមឃាត់ដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមឆ្នាំ២០១៣ ប៉ុន្តែ ចំនួននេះបានធ្លាក់យ៉ាងខ្លាំងកាលពីឆ្នាំមុន។

អង្គការ Forest Trends បានរកឃើញថា មានការកើនឡើងយ៉ាងខ្លាំងពីការនាំចេញឈើមិនទាន់កែច្នៃចេញពីប្រទេសកម្ពុជាទៅប្រទេសវៀតណាម ដែលត្រូវបានហាមឃាត់ពីរទសវត្សរ៍កន្លងមក។ យោងតាមរបាយការណ៍ដដែលនេះបានឲ្យដឹងថា កម្ពុជាបាននាំឈើចេញ៤០៥ម៉ែត្រគូប គិតជាទឹកប្រាក់៧០០.០០០ដុល្លារក្នុងឆ្នាំ២០១៣ និង៥៧.៧០០មែ៉ត្រគូប គិតជាទឹកប្រាក់១៦,៩លានដុល្លារក្នុងឆ្នាំ២០១៥។

របាយការណ៍នេះបន្តថា “ការផ្លាស់ប្តូរគោលនយោបាយទាក់ទងការប្រមូល ការដឹកជញ្ជូន និងការជួញដូរឈើ ធ្វើឱ្យភាពស្របច្បាប់នៃឈើកម្ពុជានាំចូលទៅប្រទេសវៀតណាមមានបញ្ហា”។ ប៉ុន្តែ បច្ចុប្បន្ននេះ មិនមានការពន្យល់ ច្បាស់លាស់ពីមូលហេតុដែលឈើទាំងនោះនៅតែបន្តនាំចូលបើទោះណាជាមានបម្រាមនាំចេញរបស់រដ្ឋាភិបាលកម្ពុជាក៏ដោយ។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជាដែលដាក់កម្រិត និងឃ្លាំមើលការជួញដូរឈើទៅក្រៅប្រទេស មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។

របាយការណ៍កន្លងមកបានរកឃើញផងដែរថា ភាគច្រើននៃការនាំឈើចេញរបស់កម្ពុជាទៅប្រទេសវៀតណាម បន្តទៅប្រទេសចិនដើម្បីបំពេញតម្រូវការធ្វើគ្រឿងសង្ហារិមពីឈើ ដែលមានតម្លៃខ្ពស់ និងធ្វើឲ្យកម្ពុជាមានអត្រាកាប់ ឈើដ៏លឿនបំផុតក្នុងពិភពលោក៕សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស