34 C
Phnom Penh

​តំណាង​រាស្ត្រ​គណបក្ស​ប្រជា​ជន​​​ត្រួស​ត្រាយ​​ផ្លូវ​ឆ្ពោះ​ទៅ​​​ការ​ចាប់​​​​លោក ​​កឹម សុខា ​​​​​​ដាក់​ពន្ធនាគារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយសម្ងំលាក់ខ្លួនមួូយថ្ងៃទៀតក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងមានសេរីភាពនៅឡើយគិតរហូតមកទល់យប់មិញនេះ ថ្វីបើតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា កំពុងកាន់អំណាចកោះប្រជុំក្នុងរដ្ឋសភាតែឯងកាលពីពេលព្រឹកក្នុងថ្ងៃដដែលដើម្បីអនុម័តការចាប់ខ្លួនលោកក្តី។

កងកម្លាំងនគរបាលរារាំងរថយន្តរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូបនៅជិតទីស្នាក់ការកណ្ដាលរបស់គណបក្សនេះ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
កងកម្លាំងនគរបាលរារាំងរថយន្តរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូបនៅជិតទីស្នាក់ការកណ្ដាលរបស់គណបក្សនេះ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

លោក កឹម សុខា ត្រូវបានចោទប្រកាន់បឋមចំពោះការមិនចូលបំភ្លឺក្នុងតុលាការក្នុងនាមជាសាក្សី។ កាលពីម្សិលមិញ លោក កឹមសុខា បានចំណាយពេលបង្ហោះរូបថតតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកពីកន្លែងមាន សុវត្ថិភាព នៃការិយាល័យរបស់គណបក្សសង្គ្រោះជាតិ ខណៈតំណាងរាស្ត្រមួយចំនួនរបស់គណបក្សនេះយាមការពារនៅខាងក្រៅ ហើយតំណាងរាស្ត្រផ្សេងទៀតដឹកនាំក្បួនរថយន្ត ដើម្បីថ្វាយញត្តិដល់ព្រះមហាក្សត្រសុំ ព្រះរាជអន្តរាគមន៍។

ក្នុងសម័យប្រជុំពេលព្រឹកដែលតំណាងរាស្ត្រទាំង៥៥រូបរបស់គណបក្សសង្គ្រោះជាតិបានធ្វើពហិការ តំណាងរាស្ត្រទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជា បានប្រើវិធានការសម្រេចដោយសំឡេងភាគច្រើនធម្មតាថា សមត្ថកិច្ច អាចចាប់ខ្លួនលោក កឹម សុខា បាន ថ្វីបើលោកមានអភ័យឯកសិទ្ធិការពារខ្លួនពីការចោទប្រកាន់ក្ដី។

លោក ហេង សំរិន ប្រធានរដ្ឋសភាបានបង្ហាញលទ្ធផលនៃការបោះឆ្នោតឯកបក្សបន្ទាប់ពីសម័យប្រជុំពេលព្រឹក ដោយប្រកាសថា មិនចាំបាច់ដកអភ័យឯកសិទ្ធិរបស់លោកកឹម សុខា ឡើយ។ លោកមានប្រសាសន៍ថា “រដ្ឋសភាបាន យល់ព្រមអនុញ្ញាតឲ្យ [សមត្ថកិច្ច] បន្តអនុវត្តនីតិវិធីក្នុងសំណុំរឿងលោក កឹម សុខា តំណាងរាស្ត្រខេត្តកំពង់ចាម ដោយទទួលបានសំឡេងឆ្នោតចំនួន៦៨នៃសមាជិកទាំងអស់របស់រដ្ឋសភា”។

នៅក្នុងអាណត្តិបោះឆ្នោតមុនៗ គណបក្សប្រជាជនកម្ពុជា តែងតែពឹងផ្អែកលើការបោះឆ្នោតដោយសំឡេងឆ្នោត២ភាគ៣ ដើម្បីដកអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រគណបក្សប្រឆាំងក្នុងបំណងប្ដឹង ឬចាប់ខ្លួនតំណាងរាស្ត្រទាំង នោះដាក់ពន្ធនាគារ នៅពេលខ្លួនមានសំឡេងភាគច្រើនបែបនេះតែម្នាក់ឯង ឬអាចទទួលបានសំឡេងបែបនេះយ៉ាងងាយតាមរយៈរដ្ឋាភិបាលចម្រុះ។

ទោះជាយ៉ាងណា ចាប់តាំងពីការបោះឆ្នោតលើកចុងក្រោយបន្ទាប់ពីបាត់បង់សមត្ថភាពនោះមក គណបក្សកាន់អំណាចបែរជាងាកមកប្រើប្រាស់ករណីលើកលែងចំពោះអភ័យឯកសិទ្ធិដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៅពេលតំណាង រាស្ត្រត្រូវចាប់បានពេលកំពុងប្រព្រឹត្តបទល្មើសទៅវិញ ហើយបានចាប់ខ្លួនតំណាងរាស្ត្រគណបក្សប្រឆាំងមួយរូប និងសមាជិកព្រឹទ្ធសភាគណបក្សប្រឆាំងមួយរូបទៀតដាក់ពន្ធនាគារដោយបែបនេះរួចទៅហើយ។

សម្រាប់លោក កឹម សុខា គណបក្សប្រជាជនកម្ពុជាទាញទឡ្ហីករណ៍ថា ការដែលលោកមិនចូលខ្លួនបំភ្លឺសម្រាប់ការសាកសួរក្នុងនាមជាសាក្សីក្នុងសំណុំរឿង “សញ្ចរកម្ម” ប្រឆាំងស្រីកំណាន់របស់លោក ចាត់ទុកស្មើនឹងបទល្មើស ជាក់ស្ដែងដែលអនុញ្ញាតឲ្យខ្លួន “អនុម័ត” ការចោទប្រកាន់រូបលោកតែម្ដង។

គណបក្សសង្គ្រោះជាតិ និងអ្នកសង្កេតការណ៍ផ្សេងទៀតទាញទឡ្ហីករណ៍ថា នៅតែតម្រូវឲ្យមានការបោះឆ្នោតដោយសំឡេង២ភាគ៣ក្នុងរដ្ឋសភាដដែល ប្រសិនបើមានការចាប់ខ្លួនពីបទល្មើស “ជាក់ស្ដែង” បែបនេះ ហើយ បានចោទប្រកាន់គណបក្សប្រជាជនកម្ពុជាថាបកស្រាយមាត្រាផ្ទុយស្រឡះពីសេចក្ដីដើមដើម្បីបង្វែរទៅជាចំណុចចន្លោះប្រហោងដែលធ្វើឲ្យអភ័យឯកសិទ្ធិគ្មានន័យ។

cam-photo-front-channa-2មិនថាយ៉ាងណាឡើយ លោក កឹម សុខា មិនទាន់ត្រូវបានចាប់ខ្លួននោះទេ ថ្វីបើកាលពីថ្ងៃព្រហស្បតិ៍ មានការប៉ុនប៉ងចាប់ខ្លួនពីសំណាក់នគរបាលដែលបានឃាត់រថយន្តរបស់លោក និងចុះទៅឡោមព័ទ្ធទីស្នាក់ការកណ្ដាល គណបក្សសង្គ្រោះជាតិគួរឲ្យភ្ញាក់ផ្អើលក៏ដោយ។

ទោះបីជានគរបាលអះអាងពេលនោះថាខ្លួនមានដីកាក្ដី ក៏លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានថ្លែងកាលពីម្សិលមិញថា តាមពិតនគរបាលមិនទាន់ទទួលបានដីកាចាប់ខ្លួនដើម្បីចាប់ខ្លួន ថ្នាក់ដឹកនាំគណបក្សសង្គ្រោះ ជាតិរូបនេះនៅឡើយទេ។

លោកបានមានប្រសាសន៍តាមទូរស័ព្ទថា “យើងមិនអាចចាប់ខ្លួនគាត់បានទេ ពីព្រោះយើងមិនទាន់មានដីកាចាប់ខ្លួន។ យើងមិនអាចនិយាយអ្វី ឬសម្រេចអ្វីបានទេនៅពេលនេះ ពីព្រោះវាសម្រាប់តុលាការពិចារណា”។

លោក លី សុផាណ្ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ ដែលកាលពីសប្ដាហ៍មុនបានចេញការចោទប្រកាន់បឋមលើលោក កឹម សុខា បានបដិសេធមិនធ្វើអត្ថាធិប្បាយទេជុំវិញករណីនេះ។

នៅពេលរសៀល អ្នកគាំទ្រប៉ុន្មានរយនាក់នៅខាងក្រៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ គ្រោងហែក្បួនមកកាន់ព្រះបរមរាជវាំងចម្ងាយប្រមាណ៥គីឡូម៉ែត្រ ដើម្បីថ្វាយញត្តិដល់ព្រះមហាក្សត្រ នរោត្តម សីហមុនី សុំព្រះរាជអន្តរាគមន៍ដើម្បីធ្វើឲ្យស្ថានភាពនយោបាយប្រែទៅជាស្ងប់ស្ងាត់ធម្មតាវិញ។

ក្នុងរយៈពេលពីរបីខែកន្លងមកនេះ រដ្ឋាភិបាលបានចាប់ខ្លួនតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូប មេឃុំគណបក្សនេះមួយរូប និងមន្ត្រីសិទ្ធិមនុស្សបួនរូប ព្រមទាំងមន្ត្រីជាន់ខ្ពស់ គ.ជ.ប. មួយរូបទៀត។ រដ្ឋាភិបាលក៏បាន ដាក់ពាក្យប្ដឹងអ្នកវិភាគនយោបាយមួយរូបដែរពីបទបរិហារកេរ្តិ៍។

សំណុំរឿងទាំងអស់លើកលែងតែតំណាងរាស្ត្រ សុទ្ធតែជាប់ពាក់ព័ន្ធការចោទប្រកាន់តាមរយៈខ្សែអាត់សំឡេងសន្ទនាតាមទូរស័ព្ទកាលពីខែមីនា ដែលបានបែកធ្លាយតាមប្រព័ន្ធអុីនធឺណិតថា លោក កឹម សុខា មានស្រីកំណាន់ វ័យក្មេងម្នាក់។

សាលារាជធានីភ្នំពេញបាននិយាយកាលពីម្សិលមិញថា គណបក្សសង្គ្រោះជាតិមិនត្រូវបានអនុញ្ញាតឲ្យហែក្បួនមកកាន់ព្រះបរមរាជវាំងទេ។ ខ្លួនក៏បានដាក់ពង្រាយកម្លាំងនគរបាលបង្ក្រាបកុបកម្មដែរដើម្បីបិទផ្លូវជាតិលេខ២ ជុំវិញទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ អំឡុងពេលថ្ងៃត្រង់ដើម្បីរារាំងការហែក្បួនណាមួយចេញពីទីស្នាក់ការនេះ។

ទោះជាយ៉ាងណា នៅក្រៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ នៅពេលម៉ោងចាប់ផ្ដើមហែក្បួនវេលាម៉ោង២ខិតជិតចូលមកដល់ លោក មុត ចន្ថា ទីប្រឹក្សាជាន់ខ្ពស់របស់លោក កឹម សុខា មានប្រសាសន៍ថា តាមពិតទៅ សាលារាជធានីបានណែនាំគណបក្សសង្គ្រោះជាតិថា ពួកគាត់ត្រូវបានអនុញ្ញាតឲ្យយករថយន្តតែ២០គ្រឿងប៉ុណ្ណោះហែទៅព្រះបរមរាជវាំង។

លោកបានលើកឡើងទៀតថា “ពួកគាត់និយាយថា មិនឲ្យលើសពី២០រថយន្ត ប៉ុន្តែយើងនឹងមើល។ យ៉ាងហោចណាស់ យើងត្រូវព្យាយាមរុលទៅមុខ”។

ប៉ុន្តែដល់ម៉ោង២រសៀលទៅហើយ នគរបាលចរាចរនៅតែដាក់របាំងដែករារាំងក្បួនរថយន្តរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមិនឲ្យចេញពីផ្លូវនៅខាងមុខការិយាល័យរបស់ខ្លួន។

លោក ចេវ ហាក់ នាយការិយាល័យនគរបាលចរាចររាជធានីបានប្រាប់លោក ឡុង រី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅកន្លែងបិទផ្លូវនោះថា ” សូមទោស ឯកឧត្តម ខ្ញុំទទួលបានបទបញ្ជាពីស្នងការនគរបាលរាជធានី

មកថា មិនអនុញ្ញាតឲ្យអស់លោក ហែក្បួនទេ ព្រោះអស់លោក មានមនុស្សច្រើន”។

ការនិយាយចរចាគ្នាបានបន្តរហូតដល់ម៉ោងប្រហែល២និង៤៥នាទីរសៀល ទើបក្បួនរថយន្តទំាងនេះត្រូវបានអនុញ្ញាតឲ្យបើកទៅក្បែររបាំងហើយបើកចូលតាមច្រកដែលសល់ប្រឡោះដ៏តូចស្ទើរតែធ្វើឲ្យរថយន្តនីមួយឆ្កូតថ្នាំ។

cam-photo-CNRP-jump-channaបន្ទាប់ពីរថយន្តចំនួន២៣គ្រឿងបានឆ្លងកាត់ច្រកនេះរួច មន្ត្រីនគរបាលបានទាញរបាំងបិទផ្លូវវិញ ខណៈអ្នកគាំទ្រគណបក្សសង្គ្រោះជាតិមានទាំងអ្នកថ្មើរជើងនិងតាមម៉ូតូដែលមានចំនួនកាន់តែច្រើនឡើង នាំគ្នាមកក្បែរហើយស្រែកជេរប្រមាថនគរបាលបង្ក្រាបកុបកម្ម។

ក្រុមអ្នកគាំទ្រនិងអ្នកផ្សេងៗទៀត ដែលក្្នុងនោះរួមមានទាំងអ្នកកាសែតផង បានសម្រេចចាកចេញទៅវិញ ហើយបន្ទាប់មកបានត្រឡប់មកវិញក្នុងចំនួនទ្វេដងដើម្បីចូលរួមគាំទ្រដល់ក្បួនរថយន្តដែលដឹកនាំដោយលោក ឡុង រី និងតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិផ្សេងទៀត ដែលមានដូចជាលោក ហូ វណ្ណ និងលោក យែ៉ម បុញ្ញឬទ្ធិ ជាដើម។

ខណៈក្បួនរថយន្តបានទៅដល់ក្បែរសាលមហោស្រពចតុមុខ ដែលស្ថិតនៅភាគខាងត្បូងនៃព្រះបរមរាជវាំងនៅមុនម៉ោង៤រសៀលនោះ អ្នកតវ៉ាប្រឆាំងមួយក្រុមតូចបានលេចមុខឡើង។

និស្សិតមួយក្រុមមានគ្នាប្រហែល៥០នាក់ដឹកនាំដោយ ស្រី ចំរើន ដែលបានតាមលោក កឹម សុខា ទូទាំងប្រទេសដើម្បីទាមទារឲ្យលោកឆ្លើយតបនឹងការអះអាងដែលថា លោកមានស្រីកំណាន់នោះ បាននាំគ្នាស្រែកឡើងម្ដង ហើយ ម្ដងទៀតថា “កឹម សុខា ថោកទាប!”។ ពួកគេបានស្រែកដាក់ក្បួនរថយន្តដែលបើកឆ្លងកាត់ពួកគេដោយងាយស្រួលទៅកាន់ព្រះបរមរាជវំាងថា “អស់លោកឯងសុទ្ធតែចូលរួមគ្នាដើម្បីជួយ កឹម សុខា ហេតុដូច្នេះអស់លោកឯង ក៏ថោកទាបដែរ”។

នៅខាងមុខព្រះបរមរាជវាំងលោក យ៉ែម បុញ្ញឫទ្ធិ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអ្នកនាំពាក្យគណបក្សបានប្រគល់ញត្តិជូនមន្ត្រីព្រះបរមរាជវាំងម្នាក់ អំពាវនាវសុំឲ្យព្រះមហាក្សត្រ នរោត្តម សីហមុនី ជួយធ្វើអន្តរាគមន៍ ដោយអះអាងថា បានប្រមូលស្នាមមេដៃពីប្រជាពលរដ្ឋប្រហែល២០០.០០០នាក់នៅទូទាំងប្រទេស។

ក្រោយមក លោក យ៉ែម បុញ្ញឫទ្ធិ បានប្រាប់អ្នកយកព័ត៌មានថា ”យើងជឿជាក់ថា មានតែព្រះមហាក្សត្រទេដែលជាអ្នកធានាសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋខ្មែរ ហេតុដូច្នេះមានតែព្រះអង្គមួយអង្គគត់ ដែលអាចធ្វើអន្តរាគមន៍ នៅក្នុងបញ្ហានេះបាន។ យើងក៏បាន[ស្នើឲ្យគណបក្សប្រជាជនកម្ពុជា]ឈប់ប្រើប្រាស់ស្ថាប័នរដ្ឋដើម្បីដាក់សម្ពាធគណបក្សប្រឆាំងតទៅមុខទៀតផងដែរ”។

លោកបានបន្ថែមមុនពេលចាកចេញទៅវិញថា “យើងចង់ឲ្យនយោបាយ និងសង្គមមានស្ថិរភាព”។

ងាកត្រឡប់ទៅការិយាល័យរបស់គណបក្សសង្គ្រោះជាតិនៅភាគខាងត្បូងរាជធានីវិញ លោក កឹម សុខា នៅតែស្ថិតនៅខាងក្នុងនៅឡើយដោយមានអ្នកគាំទ្រធ្វើជារបាំងការពារខ្លាចក្រែងនគរបាលត្រឡប់មកវិញម្ដងទៀត ហើយឥឡូវនេះតំណាងរាស្ត្រគណបក្សបានប្ដូរវេនគ្នាយាមការពារក្រុមអ្នកគាំទ្រទាំងនេះរៀងរាល់យប់៕ សុខុម និង ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស