34 C
Phnom Penh

UN សម្ដែង​កង្វល់ ប៉ុន្តែ​សកម្មជន​សិទ្ធិមនុស្ស​លើក​ឡើង​ថា ត្រូវ​ការ​ខ្លាំង​ជាង​នេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក បាន គីមូន អគ្គលេខាធិការអង្គការសហប្រជាជាតិបានសម្ដែងកង្វល់ជុំវិញស្ថាន ភាពនយោបាយដ៏ចម្រូងចម្រាសនៅក្នុងប្រទេសកម្ពុជាកាលពីថ្ងៃអាទិត្យ នៅក្នុងសេចក្ដីថ្លែងការណ៍មានតែពីរប្រយោគចេញតាមរយៈ ការិយាល័យផ្នែកព័ត៌មានរបស់លោក ដែលសកម្មជនសិទ្ធិមនុស្សបានរិះគន់កាលពីម្សិលមិញ ចំពោះភាពរួញរា និងភាពអសកម្ម។

លោក ដេវី ប៉ាឡានីវេលូ (Devi Palanivelu) អ្នកនាំពាក្យអង្គការសហប្រជាជាតិបានលើកឡើងថា “អគ្គលេខាធិការ (បាន គីមូន) មានក្ដីកង្វល់អំពីភាពតានតឹងដែលចេះតែឡើងកម្ដៅរវាងគណបក្សកាន់អំណាច និងគណបក្ស ប្រឆាំងនៅក្នុងប្រទេសកម្ពុជា ជាពិសេសការចាប់ខ្លួន ឬការប៉ុនប៉ងចាប់ខ្លួន”។

លោកបានបន្ថែមថា “បរិយាកាសពិភាក្សាចរចាបែបលទ្ធិប្រជាធិបតេយ្យដោយគ្មានការគំរាមកំហែងគឺមានសារៈសំខាន់សម្រាប់ស្ថិរភាពនយោបាយ និងសង្គមសន្តិភាពចម្រុងចម្រើន”។

លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) នាយករងនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (Human Rights Watch) ប្រចាំតំបន់អាស៊ីបានថ្កោលទោសចំពោះភាពអសកម្មនៃសេចក្ដីថ្លែងការណ៍នេះ ដែលធ្វើឡើងស្របពេលមានការ ចាត់វិធានការផ្លូវច្បាប់លើអ្នករិះគន់រដ្ឋាភិបាល ដោយក្នុងនោះគេឃើញមានសកម្មជនសិទ្ធិមនុស្ស និងឥស្សរជនគណបក្សប្រឆាំងត្រូវបានចាប់ដាក់ពន្ធនាគារ ហើយសូម្បីតែមន្ត្រីអង្គការសហប្រជាជាតិមួយរូបក៏រងការចោទ ប្រកាន់ដែរ។

លោកបានសរសេរនៅក្នុងអុីម៉េលមួយថា “វាពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់ដែលអង្គការសហប្រជាជាតិមិនបានបង្ហាញឲ្យឃើញជាសាធារណៈនូវភ័ស្តុតាងច្បាស់ក្រឡែត ដែលគណបក្សប្រជាជនកម្ពុជាគឺជាអ្នកតាមព្យាបាទ តែមួយគត់នៅទីនេះ”។

លោកបានបន្តថា “ពេលរដ្ឋាភិបាលតាមព្យាបាទមេដឹកនាំគណបក្សប្រឆាំង ដោយការចាត់វិធានការផ្លូវច្បាប់ដូចដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងធ្វើនោះ អង្គការ សហប្រជាជាតិគួរតែឈប់គួរសមខាងការទូត ហើយងាក មកបង្ខំទាមទារឲ្យរដ្ឋាភិបាលកម្ពុជាបញ្ឈប់យុទ្ធនាការផ្ដន្ទាទោសដែលមានហេតុផលនយោបាយវិញ”។

លោក ហ្វីល រ៉ូបឺតសុន បានបន្ថែមថា ទោះបីជាអង្គការសហប្រជាជាតិមានលទ្ធភាពដាក់ឥទ្ធិពលលើរបៀបវារៈនយោបាយក៏ដោយ តែវានឹងមិនអាចទៅរួចទេបើគ្មានការបង្ហាញជំហរដ៏រឹងមាំនោះ។

លោកបានមានប្រសាសន៍ថា “មនុស្សគ្រប់រូបគាំទ្របរិយាកាសពិភាក្សាចរចាបែបប្រជាធិបតេយ្យដោយគ្មានការគំរាមកំហែង ប៉ុន្តែតើអ្វីទៅដែលក្រុមប្រទេសអង្គការសហប្រជាជាតិនៅក្នុងរាជធានីភ្នំពេញកំពុងធ្វើឲ្យពិតប្រាកដ ដើម្បីនាំមកនូវបរិយាកាសបែបនេះនោះ?”។

លោកស្រី ចក់ សុភាព ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងថា សេចក្ដីថ្លែងការណ៍នេះគ្មានតម្លៃឡើយ។ លោកស្រីបានសរសេរថា “ការសម្ដែងក្ដីកង្វល់ដោយខ្វះជំហរ [បែបនេះ]របស់អគ្គលេខាធិការរូបនេះ មិនគ្រប់គ្រាន់នៅក្នុងការផ្លាស់ប្ដូរអ្វីៗដែលបានកើតឡើងជាក់ស្តែងនៅក្នុងប្រទេសកម្ពុជាបានឡើយ”។

លោកស្រីបានបន្តថា “នៅក្នុងស្ថានភាពវិបត្តិបែបនេះ វាចាំបាច់ត្រូវតែមានការចាត់វិធានការឲ្យបានជាក់លាក់បន្ថែមទៀត”។ លោកស្រីបានបន្ថែមថា ប្រទេសហត្ថលេខីចំពោះសន្ធិសញ្ញាសន្តិភាពក្រុងបា៉រីសឆ្នាំ១៩៩១ ចាំបាច់ត្រូវតែ មានការទទួលខុសត្រូវបន្ថែមទៀត។

លោកស្រីបានថ្លែងទៀតថា “ប្រទេសហត្ថលេខីអន្តរជាតិ ក៏ដូចជាស្ថាប័នអង្គការសហប្រជាជាតិដែលពាក់ព័ន្ធ និងអ្នកជំនាញដាច់ខាតត្រូវតែសម្ដែងចេញនូវការប្ដេជ្ញាដ៏រឹងមាំជាសាធារណៈ និងប្រកបដោយគោលការណ៍សម្រាប់ ប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជាឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន”។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានលើកឡើងថា សេចក្ដីថ្លែងការណ៍របស់អង្គការសហប្រជាជាតិមិនត្រឹមត្រូវទេដែលដាក់ការស្ដីបន្ទោសខ្លាំងពេកមកលើប្រទេសកម្ពុជា ចំពោះស្ថានភាពច្របូកច្របល់ ក្នុងពេលបច្ចុប្បន្ន។

លោកបានមានប្រសាសន៍ថា “ពួកគាត់មានសិទ្ធិសម្ដែងក្ដីកង្វល់អំពីកម្ពុជា។ ប៉ុន្តែពួកគាត់ត្រូវតែយល់អំពីមូលហេតុនៃបញ្ហានេះ។ ខ្ញុំសង្ឃឹមថា អង្គការសហប្រជាជាតិ [នឹង] ជួយធ្វើឲ្យពលរដ្ឋគ្រប់រូបនៅក្នុងប្រទេសកម្ពុជាគោរព នីតិរដ្ឋ ហើយប្រយុទ្ធប្រឆាំងនិទណ្ឌភាព”៕ ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស