33 C
Phnom Penh

ទិន្នន័យ​​​គយ​​​បញ្ជាក់​​​ថា មាន​ការ​​​នាំ​​​ឈើ​​​ចេញ​​​​​​ក្នុង​​​ពេល​​​មាន​​​បម្រាម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ទិន្នន័យគយពីប្រទេសវៀតណាមបញ្ជាក់ថា ឈើរាប់ម៉ឺនមែ៉ត្រគូបដែលមានតម្លៃរាប់លានដុល្លារកំពុងបន្តមកដល់ប្រទេសនេះពីប្រទេសកម្ពុជា ថ្វីបើមានបម្រាមទាំងស្រុងដែលដាក់លើការនាំចេញបែបនេះ៤ខែមកហើយក៏ដោយ។

ជាផ្នែកមួយនៃការបង្ក្រាបទូទៅលើការស្តុកឈើខុសច្បាប់នៅប្រទេសកម្ពុជាភាគខាងកើត ដែលបានចាប់ផ្តើមកាលពីពាក់កណ្តាលខែមករា លោក សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបញ្ជាឲ្យបញ្ឈប់ ជាបន្ទាន់នូវការនាំចេញឈើទាំងអស់ទៅប្រទេសវៀតណាម ដោយទទួលស្គាល់ថា ភាគច្រើននៃការជួញដូរដ៏ចំណេញច្រើននេះ គឺខុសច្បាប់។

អ្នកភូមិនិងបុគ្គលិកអង្គការក្រៅរដ្ឋាភិបាល នៅតាមបណ្តោយព្រំដែនដែលមានច្រកឆ្លងកាត់ច្រើន និយាយថា ប្រតិបត្តិការនេះបានបន្ថយការនាំចេញយ៉ាងច្រើន ប៉ុន្តែ មិនបានលុបបំបាត់ទាំងស្រុងទេ។

កម្លាំងកងរាជអាវុធហត្ថបានរួញរាមិនចង់ទទួលស្គាល់ការប្រព្រឹត្តបទល្មើសណាមួយទេ។ ប៉ុន្តែ ទិន្នន័យគយវៀតណាមដែលផ្តល់ដោយ Forest Trends ជាអង្គការការពារបរិស្ថានមានមូលដ្ឋាននៅអាមេរិក បានបញ្ជាក់ថា សេចក្តី រាយការណ៍ក្នុងស្រុកនោះពិត។

ទិន្នន័យបង្ហាញថា ការនាំឈើចេញទៅប្រទេសវៀតណាមមានចំនួនមធ្យម៤៧.០០០ម៉ែត្រគូបនៅអំឡុងពេលនីមួយៗនៃ៣ខែចុងក្រោយនៅឆ្នាំ២០១៥។ ការនាំចេញនៅពេលនោះបានធ្លាក់ចុះពី៣៤.០០០ម៉ែត្រគូប ក្នុងខែមករា មកនៅត្រឹម៥.០០០មែ៉ត្រគូបនៅក្នុងខែកុម្ភៈ បន្ទាប់មកបានឡើងដល់១០.០០០ម៉ែត្រគូបនៅខែមីនា ជាខែចុងក្រោយដែលតួលេខនេះអាចរកបាន។ ការនាំចេញមានតម្លៃប្រហែល២៦លានដុល្លារ នៅខែមករា ៣លានដុល្លារ នៅខែកុម្ភៈ និង៩លានដុល្លារនៅខែមីនា។

លោក សួន ភុក (Xuan Phuc) អ្នកវិភាគពាណិជ្ជកម្មនិងហិរញ្ញវត្ថុប្រចាំតំបន់នៅអង្គការ Forest Trends បាននិយាយក្នុងអីុម៉េលមួយថា “ដូច្នេះមានការថយចុះនៃការនាំឈើចូលប្រទេសវៀតណាមពីប្រទេសកម្ពុជា។ នេះទំនងជា ឥទ្ធិពលនៃបម្រាមរបស់ [លោកនាយករដ្ឋមន្ត្រី] ហ៊ុន សែន។ អ្វីដែលយើងមិនដឹងគឺ…ថាតើការថយចុះនេះមានយូរអង្វែង ឬយ៉ាងណា”។

លោកបាននិយាយថា ”បម្រាមនេះគឺជាការល្អ [មួយ]សម្រាប់ប្រទេសកម្ពុជា ពីព្រោះវាជួយយ៉ាងហោចណាស់រក្សាព្រៃនៅសេសសល់មួយចំណែកក្នុងប្រទេសកម្ពុជា និង / ឬជំរុញឧស្សាហកម្មកែច្នៃក្នុងស្រុក”។

អង្គការ Forest Trends បានចេញរបាយការណ៍ មួយកាលពីថ្ងៃសុក្រ ដោយលម្អិតការនាំចេញឈើរបស់ប្រទេសកម្ពុជាទៅប្រទេសវៀតណាមនៅអំឡុងពេល៣ឆ្នាំកន្លងមកនេះដែលបង្ហាញការកើនឡើងច្រើនសម្បើមគឺពី ៥២.០០០ម៉ែត្រគូបនៅឆ្នាំ២០១៣ដល់៤៣៦.០០០ម៉ែត្រគូបនៅឆ្នាំ២០១៥ និងការប្រើច្រកព្រំដែនតូចតាចច្រើនជាងច្រកព្រំដែនអន្តរជាតិសំខាន់ៗដើម្បីដឹកឈើឆ្លងព្រំដែន។

របាយការណ៍ក៏លាតត្រដាងពីការកើនឡើងនៃការជួញដូរឈើមិនទាន់កែច្នៃ ដែលការនាំចេញឈើបែបនេះ ប្រទេសកម្ពុជាបានហាមប្រាមកាលពី២០ឆ្នាំមុន និងឈើគ្រញូងអាររួច ដែលលោក ហ៊ុន សែន បានដាក់ការការពារជាក់ លាក់ កាលពីឆ្នាំ២០១៣។

លោក ភុក និយាយថា ពួកឈ្មួញប្រហែលបានប្តូរការដឹកជញ្ជូនឈើកាន់តែច្រើនទៅច្រកឆែកឆេរតូចតាច ពីព្រោះច្រកទាំងនោះអាចមិនសូវតឹងរ៉ឹងចំពោះអ្វីដែលឆ្លងកាត់។

របាយការណ៍រៀបរាប់ផ្ទាល់ពីតាមបណ្តោយព្រំដែនបង្ហាញថា ការចូលចិត្តប្រើច្រកព្រំដែនបែបនេះនៅមាននៅឡើយ។

លោក រ៉ូម៉ាស់ ស្វាត ដែលរស់នៅចម្ងាយប្រហែល៤គីឡូម៉ែត្រពីព្រំដែនវៀតណាមក្នុងខេត្តរតនគិរី បាននិយាយកាលពីម្សិលមិញថា លោកបានឃើញរថយន្តភីកអាប់ដឹកឈើបើកកាត់ផ្ទះរបស់លោកឆ្ពោះទៅច្រកព្រំដែនជារៀងរាល់ថ្ងៃ ប៉ុន្តែ តែងតែដឹកនៅពេលយប់។

លោកនិយាយថា ”ខ្ញុំបានឃើញរថយន្ត តូយ៉ូតា ភីកអាប់ជាច្រើនគ្រឿងដឹកឈើទៅវៀតណាមកាត់តាមច្រកព្រំដែន អូរក្រមា រាល់យប់ នៅពេលប្រហែលម៉ោង៤ជិតភ្លឺ។ យ៉ាងហោចណាស់មានរថយន្ត៦គ្រឿង ប៉ុន្តែ ខ្ញុំមិនដែល ឃើញអាជ្ញាធរឃាត់រថយន្តទាំងនោះទេ”។

លោក ស្វាត បាននិយាយថា លោកខ្លួនឯងប្រើច្រកព្រំដែននោះម្តងម្កាលទៅលេងសាច់ញាតិនៅវៀតណាម ហើយថា ច្រកនោះមានអ្នកយាមការពារ។

លោកបាននិយាយថា “ខ្ញុំងឿងឆ្ងល់ បើក្រុមការងារបង្ក្រាបការកាប់ឈើខុសច្បាប់ឈរជើងនៅតាមច្រកព្រំដែន តើឈើនៅតែចេញរាល់ថ្ងៃរបៀបណា”។ លោកបាននិយាយបន្ថែមទៀតថា ការដឹកជញ្ជូនឈើកាត់ផ្ទះរបស់លោក ពិតជាកើនឡើងចាប់តាំងពីខែមករាមក។ ”ខ្ញុំមិនដឹងមូលហេតុទេ ប៉ុន្តែ ប្រហែលមកពីឈ្មួញឈើបង់លុយដើម្បីឆ្លងព្រំដែនហើយ”។

លោកស្រី សឹង សុផារី អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មដែលគ្រប់គ្រង និងតាមដានពាណិជ្ជកម្មក្រៅប្រទេសរបស់កម្ពុជា បានទទួលស្គាល់ថា មានការប្រព្រឹត្តបទល្មើសច្រើន ហើយមិនបានដាក់កំហុសលើអំពើពុករលួយទេ តែដាក់ លើ “ភាពខ្សោយជាប្រព័ន្ធ” ដោយសារការខ្វះធនធាន។

លោកស្រីបាននិយាយថា “អ្នកត្រូវតែទទួលស្គាល់ថា ប្រទេសក្រីក្រមានសមត្ថភាពតិចតួច។ ខ្ញុំដឹងថា មនុស្សជាច្រើនគិតថា យើងធ្វើមិនដឹងមិនឮ ប៉ុន្តែ វាមិនមែនអ៊ីចឹងទេ។ ខ្ញុំសុំឲ្យអ្នកចាំមើលសិន”៕និត  (រាយការណ៍បន្ថែមដោយ អូន ភាព)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស