មួយទសវត្សរ៍កន្លងមកហើយដែលលោកស្រី ស៊ុយ សុផាន ពាណិជ្ជករដ៏មានអំណាចបានសន្យាសាងសង់អគារចំនួន១០សម្រាប់អ្នកភូមិនៅក្នុងតំបន់បុរីកីឡា ដែលបានប្រឈមនឹងការបណ្ដេញចេញដើម្បីបើកផ្លូវសម្រាប់គម្រោងអចលនទ្រព្យរបស់លោកស្រី ប៉ុន្តែលោកស្រីបានសាងសង់តែប្រាំបីអគារប៉ុណ្ណោះ ដោយបន្សល់ទុកឲ្យអ្នកភូមិរាប់រយនាក់គ្មានផ្ទះសំបែង។
ឥឡូវនេះ អគារថ្មីមួយត្រូវបានសាងសង់នៅលើដីដែលគេទុកសម្រាប់សាងសង់អគារឲ្យអ្នកភូមិនៅក្នុងតំបន់នេះ ប៉ុន្តែអគារថ្មីនេះមិនមែនសម្រាប់អតីតអ្នកភូមិនៅទីនេះទេ។ ស្លាកសញ្ញាមួយនៅខាងមុខអគារនេះសរសេរថា “អាផាមិន និងបន្ទប់សម្រាប់ជួល ២៥០ដុល្លារក្នុងមួយខែ (Special Promotion)”។
អ្នកស្រី ប៉ុក សុភីន អ្នកភូមិបុរីកីឡាដែលគេមិនបានផ្ដល់លំនៅឲ្យនៅក្នុងអគារចំនួនប្រាំបីដំបូង គឺជាអ្នកភូមិម្នាក់ក្នុងចំណោមអ្នកភូមិប្រហែល១០នាក់ដែលបានចេញមកតវ៉ាកាលពីម្សិលមិញ ប្រឆាំងអគារជួលថ្មីនេះ។
អ្នកស្រីបាននិយាយថា “គោលបំណងរបស់យើងនៅក្នុងថ្ងៃនេះ គឺដើម្បីអំពាវនាវឲ្យក្រុមហ៊ុនឈប់ជួលអាផាមិន ហើយស្វែងរកដំណោះស្រាយភ្លាមៗឲ្យគ្រួសារដែលគេទុកចោលមិនផ្ដល់លំនៅឲ្យ។ ប្រសិនបើក្រុមហ៊ុនអះអាងថា ខ្លួនខាត ហេតុអ្វីបានជាពួកគេប្រកាសថា អាផាមិននៅក្នុងអគារទី៩អាចជួលបានទៅវិញ?”។
កាលពីឆ្នាំ២០០៧ ក្រុមហ៊ុនផានអុីម៉ិចរបស់លោកស្រី ស៊ុយ សុផាន ត្រូវបានផ្ដល់ឲ្យនូវដីទំហំ២,៦ហិកតានៅក្នុងតំបន់បុរីកីឡា ដោយមានការសន្យាថា ខ្លួននឹងសាងសង់អគារចំនួន១០ជាប់ៗគ្នាសម្រាប់អ្នកភូមិ១.៧៧៦គ្រួសារនៅក្នុងតំបន់នេះ។ បន្ទាប់ពីសាងសង់បានត្រឹមតែប្រាំបីអគារ លោកស្រីបានប្រកាសថា លោកស្រីអស់ប្រាក់ហើយមិនអាចសាងសង់អគារដែលនៅសល់បន្តទៀតបានឡើយ។
កាលពីខែមករា ភាគច្រើននៃអ្នកភូមិដែលនៅសល់បានយល់ព្រមទទួលយកអាផាមិននៅក្នុងអគារមួយក្នុងចំណោមអគារទាំងប្រាំបី ប្រាក់សុទ្ធឬក៏ដីនៅខាងក្រៅរាជធានី ហើយការសាងសង់អគារទី៩ដែលស្ថិតនៅក្បែរអគារផ្សេងៗទៀតបានបន្តដំណើរការទៅមុខ។
លោកស្រី ស៊ុយ សុផាន បានលើកឡើងកាលពីម្សិលមិញថា លោកស្រីបានលក់ដីនេះទៅឲ្យក្រុមហ៊ុនមួយផ្សេងទៀត ទាំងដីដែលអគារទី៩កំពុងស្ថិតនៅសព្វថ្ងៃ និងកន្លែងដែលនៅជាប់នេះដែលគេទុកសម្រាប់ សាងសង់អគារទី១០ ប៉ុន្តែឥឡូវនេះបានក្លាយជាកន្លែងសម្រាប់លក់ឡានទៅហើយ។
ដោយអះអាងថា ម្ចាស់ថ្មីគឺពាណិជ្ជករម្នាក់ឈ្មោះ សា៊ង វង់លាង នោះ លោកស្រីបានថ្លែងថា “ខ្ញុំបានលក់វាហើយ”។
លោកស្រីបាននិយាយមុនពេលដាក់ទូរស័ព្ទចុះថា “នៅក្នុងតំបន់បុរីកីឡាយើងបានដោះស្រាយរួចរាល់អស់ហើយ ហើយអ្នកដែលមកតវ៉ាគឺសុទ្ធតែអ្នកចំណូលថ្មីដែលគ្មានផ្ទះនៅក្នុងតំបន់បុរីកីឡា។អ្នកខ្លះបានលក់ផ្ទះរបស់ខ្លួនបាត់ទៅហើយ ហើយក៏មកតវ៉ាទាមទារដែរ”។
លោក ស៊ាង វង់លាង មិនអាចទាក់ទងបានទេ។ បុរសម្នាក់ដែលលើកទូរស័ព្ទដែលហៅមកកាន់លេខដែលមាននៅលើស្លាកសញ្ញាជាប់នឹងអគារថ្មី បានបដិសេធមិនប្រាប់ឈ្មោះឡើយ ហើយនិយាយថាក្រុមហ៊ុនរបស់ខ្លួនគ្រាន់តែជួលដីដើម្បីសាងសង់អាផាតមិនទុកជួលប៉ុណ្ណោះ ប៉ុន្តែមិនមែនជាម្ចាស់ដីនេះទេ។
បុរសរូបនេះបាននិយាយថា “យើងជួលវាពីក្រុមហ៊ុនមួយផ្សេងទៀតដើម្បីសាងសង់អាផាមិនសម្រាប់ជួលឲ្យនិស្សិត និងអ្នកផ្សេងទៀតក្នុងតម្លៃសមរម្យ”។
លោក មាន ចាន់យ៉ាដា អ្នកនាំពាក្យសាលារាជធានីបានលើកឡើងថា វិវាទនៅក្នុងតំបន់បុរីកីឡាត្រូវបានដោះស្រាយរួចហើយ ហើយគួរតែទុកឲ្យវាទៅតាមហ្នឹងទៅ។
លោកបានមានប្រសាសន៍ថា “កុំជីកកកាយករណីហ្នឹងមកវិញ ព្រោះវិវាទត្រូវបានដោះស្រាយហើយ ហើយយើងត្រូវតែឆ្ពោះទៅមុខ”។
ទោះជាយ៉ាងណា លោក ស៊ា ភិរម្យ នាយកក្រុមការងារពិសេសសិទ្ធិលំនៅដ្ឋាន ដែលបានតស៊ូមតិជាយូរមកហើយសម្រាប់អ្នកភូមិបុរីកីឡាបានលើកឡើងថា រដ្ឋាភិបាល និងក្រុមហ៊ុនផានអុីម៉ិចបានរំលោភបំពានលើកិច្ចសន្យាដើមយ៉ាងច្បាស់ក្រឡែត។
លោកបានថ្លែងថា “រដ្ឋាភិបាល និងក្រុមហ៊ុននេះបានរំលោភកិច្ចព្រមព្រៀងរវាងក្រុមហ៊ុន និងអ្នកភូមិបុរីកីឡា ព្រោះនៅក្នុងកិច្ចព្រមព្រៀងពួកគេយល់ព្រមសាងសង់អគារចំនួន១០ ហើយពួកគេសាងសង់បានតែប្រាំបីអគារប៉ុណ្ណោះ បន្ទាប់មកពួកគេបានរាយការណ៍ជូនរដ្ឋាភិបាលថា ពួកគេមានវិបត្តិហិរញ្ញវត្ថុ”។
លោកបានលើកឡើងទៀតថា អ្នកភូមិដែលនៅសល់គួរតែត្រូវបានផ្ដល់ឲ្យនូវអាផាតមិនក្នុងអគារទី៩៕ ស៊ុយឈាង (រាយការណ៍បន្ថែមដោយ George Wright)