បុរសម្នាក់ក្នុងចំណោម៣នាក់ដែលការចាប់ខ្លួនរបស់ពួកគេបញ្ជាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីឆ្នាំមុន ដោយសារចូលរួមក្នុងការតវ៉ារបស់បក្សប្រឆាំងក្នុងខែកក្កដា ឆ្នាំ២០១៤ ដែលបានក្លាយទៅជាហិង្សា បាននិយាយក្នុងសវនាការកាលពីថ្ងៃអង្គារថា ខ្លួនគ្រាន់តែថតរូបភាពវឹកវរប៉ុណ្ណោះ ហើយក៏ថែមទាំងបានជួយសន្តិសុខម្នាក់ដែលរងរបួសដែរ។
យ៉ា ថុង ជាអ្នកលក់មូតូ វ័យ៤៤ឆ្នាំ ត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងខែសីហាជាមួយនឹង យុន គីមហួរ វ័យ២៩ឆ្នាំ និង រឹន ចិត្រា វ័យ៣៣ឆ្នាំ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីតុលាការក្រុងភ្នំពេញបានផ្តន្ទាទោសមនុស្ស១១នាក់ផ្សេងទៀតឲ្យជាប់ពន្ធនាគារពី៧ទៅ២០ឆ្នាំដោយសារតែតវ៉ានៅឯទីលានប្រជាធិបតេយ្យ។
លោក គីមហួរ និងលោក ចិត្រា បានប្រាប់តុលាការកាលពីខែមុនថា ពួកខ្លួនគ្រាន់តែបានវាយតបនឹងសន្តិសុខខណ្ឌដូនពេញដែលល្បីល្បាញខាងប្រើហិង្សា បន្ទាប់ពីគេវាយពួកគាត់ ប៉ុន្តែលោក ថុង បាននិយាយកាលពីថ្ងៃអង្គារថា លោកមិនដែលបានចូលរួមប្រើហិង្សាទេក្នុងពេលមានព្រឹត្តិការណ៍នោះ។
លោក ថុង បានប្រាប់ចៅក្រមជំនុំជម្រះ លោក ម៉ុង មុនីចរិយា ដែលបើករឿងក្តីដោយផ្តល់ការកាត់ឲ្យជាប់ទោសស្រាល ប្រសិនបើចុងចោទនោះសារភាពថាមានពិរុទ្ធក្នុងបទចោទថា “ចូលរួមកុបកម្ម”។
ដោយមិនជឿលើការអះអាងរបស់លោក ថុង ថាលោកបានជួបប្រទះការតវ៉ាដោយចៃដន្យ ក្នុងពេលដែលលោកឌុបប្រពន្ធទៅធ្វើការ ហើយក៏ចង់ថតរូបនោះ ចៅក្រម មុនីសោភា បានសួរថា “តើលោកមិនបានចូលរួមរុញគេទេឬ?”
លោក ថុង បានឆ្លើយថា “ខ្ញុំមិនបានរុញទេ។ ខ្ញុំបានឃើញគេវាយគ្នាទៅវិញទៅមក ហើយខ្ញុំបានឃើញសន្តិសុខម្នាក់ដួលក្បែរខ្ញុំ។ ខ្ញុំក៏ជួយឃាត់គេមិនឲ្យវាយគាត់ ហើយក៏នាំគាត់ទៅក្រសួងសាធារណការ”។
ចៅក្រម ហេង សុខណា ក៏បានចាប់ផ្តើមសំណួរម្តង ដោយសួរលោក ថុង ថាហេតុអ្វីក៏លោកចង់ថតរូបការតវ៉ា។
លោក ថុង បានឆ្លើយថា “ខ្ញុំថតលេង សម្រាប់ឲ្យពួកម៉ាកនៅកន្លែងធ្វើការមើល”។
ចៅក្រម សុខណា បានសួរថា “ចុះហេតុអីបានជាគេចាប់រូបលោក គ្រាន់តែថតវីដេអូនោះ?”។
លោក ថុង ដែលត្រូវអាជ្ញាធរចាប់ខ្លួនរយៈពេលជាងមួយឆ្នាំ បន្ទាប់ពីការតវ៉ាបានកើតឡើង បាននិយាយថា វាជាសំណួរដែលលោកមិនអាចឆ្លើយរួច។
លោក ថុង បាននិយាយថា “ប្រហែលជាមានការយល់ច្រឡំ ព្រោះខ្ញុំបានជួយសន្តិសុខម្នាក់ដែលដួលក្បែរឡាន ហើយក៏យកគាត់ទៅក្រសួងសាធារណការ”។
មេធាវីការពារក្តីលោក ថុងបានសុំឲ្យតុលាការទម្លាក់ចោលបទចោទលើកូនក្តីលោក។
ទោះជាយ៉ាងនេះក្តី កង្វះភ័ស្តុតាងមិនបានបញ្ឈប់តុលាការពីការការកាត់ឲ្យជាប់ទោសចំពោះអ្នកផ្សេងទៀតដែលចោទប្រកាន់នៅក្នុងករណីនេះទេ។
វីដេអូបានបង្ហាញមន្ត្រីគណបក្សសង្គ្រោះជាតិ គឺលោក មាជ សុវណ្ណារ៉ា រួមជាមួយនឹងមេដឹកនាំបក្សផ្សេងទៀតនៅកន្លែងកើតហេតុ ដោយអំពាវនាវឲ្យបញ្ឈប់ការប្រើហិង្សា ក្រោយពីហេតុការណ៍នេះបានផ្ទុះឡើង។ ទោះជាយ៉ាងនេះក្តី លោក សុវណ្ណារ៉ា ជាខ្មែរអាមេរិកាំង ត្រូវតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគាររយៈពេល២០ឆ្នាំពីបទ”ដឹកនាំកុបកម្ម”។
សន្តិសុខដែលមានឈ្មោះល្បីខាងប្រើហិង្សាបានប្រព្រឹត្តសាហាវជាច្រើនខែលើអ្នកតវ៉ាបក្សប្រឆាំងដែលប៉ុនប៉ងប្រមូលផ្តុំគ្នាក្នុងទីលានប្រជាធិបតេយ្យនៅពីក្រោយអ្នកស្រី មួរ សុខហួរ ប្រធានកិច្ចការសាធារណៈបក្សសង្គ្រោះជាតិ ដោយវាយដំពួកគេនឹងដំបង។ ការតវ៉ានាខែកក្កដា ឆ្នាំ២០១៤ គឺជាលើកទីមួយហើយដែលអ្នកខ្លះវាយតបវិញ។
ពេលសួរនៅក្នុងសវនាការកាលពីថ្ងៃអង្គារដោយមេធាវីផ្ទាល់របស់លោកថាតើ លោកជឿថា នរណាបានចាប់ផ្តើមប្រើហិង្សាមុននោះ លោក ថុង បាននិយាយថា គឺសន្តិសុខដែលមិនអាចរារាំងអ្នកតវ៉ាពីការដាក់បដា។
លោក ថុង បាននិយាយថា “ពេលសន្តិសុខមិនអាចឃាត់ពួកគេ គេក៏ចាប់ផ្តើមវាយបាតុករ ហើយក៏នាំឲ្យមានហិង្សាតែម្តងទៅ”។
សាលក្រមក្នុងករណីនេះនឹងប្រកាសនៅថ្ងៃទី១៣ ខែមិថុនា៕