ទីស្ដីការគណៈរដ្ឋមន្ត្រីបានសុំឲ្យលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស៊ើបអង្កេតការបោកប្រាស់ទាក់ទងញត្តិរបស់គណបក្សសង្គ្រោះជាតិដែលជំរុញឲ្យព្រះមហាក្សត្រ នរោត្តម សីហមុនី អន្តរាគមន៍នៅក្នុងវិបត្តិនយោបាយរបស់ប្រទេស ដោយអះអាងថា ការស៊ើបអង្កេតនេះគឺជាព្រះរាជតម្រិះផ្ទាល់របស់ព្រះមហាក្សត្រ។
គណបក្សសង្គ្រោះជាតិបានដាក់ញត្តិជូនព្រះបរមរាជវាំងកាលពីថ្ងៃច័ន្ទ សុំឲ្យព្រះមហាក្សត្រជួយបន្ធូរបន្ថយភាពតានតឹងនយោបាយដែលកំពុងតែឡើងកម្ដៅចំពេលរដ្ឋាភិបាលបន្តស្វែងរកករណីព្រហ្មទណ្ឌប្រឆាំងសកម្មជន និងតំណាងរាស្ត្រគណបក្សប្រឆាំងមួយចំនួន។ គណបក្សនេះអះអាងថា ប្រមូលបានស្នាមមេដៃពីប្រជាពលរដ្ឋប្រហែល២០០.០០០នាក់ទូទាំងប្រទេសដែលគាំទ្រការអំពាវនាវរបស់ពួកគេ។

កាលពីថ្ងៃអង្គារ គេហទំព័រព័ត៌មាន Fresh News ដែលតែងតែចេញផ្សាយឯកសារផ្លូវការរបស់រដ្ឋាភិបាលបានចេញផ្សាយវីដេអូខ្លីមួយដែលបង្ហាញស្ត្រីម្នាក់ជំរុញឲ្យប្រជាពលរដ្ឋសរសេរឈ្មោះច្រើននៅជាប់ស្នាមមេដៃដែលមានរួចមកហើយ។ ចំណងជើងនៅជាប់អត្ថបទមានខ្លឹមសារថា៖ “គណបក្សសង្គ្រោះជាតិកំពុងឱបគ្រាប់បែកមួយគ្រាប់ទៀតជាប់នឹងដើមទ្រូង ហើយរង់ចាំតែថ្ងៃផ្ទុះប៉ុណ្ណោះ”។
នៅក្នុងលិខិតផ្ញើជូនលោក ស ខេង ចុះថ្ងៃអង្គារ ទីស្ដីការគណៈរដ្ឋមន្ត្រីស្នើឲ្យស៊ើប អង្កេតញត្តិនោះរកស្នាមមេដៃក្លែងក្លាយ។
លិខិតដដែលនេះមានខ្លឹមសារថា “ទីស្ដីការគណៈរដ្ឋមន្ត្រីសូមគោរពជម្រាបជូនសម្ដេចក្រឡាហោម ស ខេង មេត្តាជ្រាបថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានទទួលព្រះរាជសារលិខិតរបស់ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ អំពីលិខិតរបស់តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងឯកសារញត្តិរបស់ប្រជាពលរដ្ឋដែលមានស្នាមមេដៃប្រមាណ១៧៣.១៤៤នាក់ ដែលបានទូលស្នើសុំព្រះរាជអន្តរាគមន៍។ រាជរដ្ឋាភិបាលបានសម្រេចជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃស៊ើបអង្កេតស្នាមមេដៃតាមរយៈ ១) ការធ្វើកោសល្យវិច័យ ២)ការស្រាវជ្រាវពីប្រជាពលរដ្ឋដោយផ្ទាល់ ៣)មធ្យោបាយផ្សេងទៀតដែលអាចរកឃើញនូវភាពត្រឹមត្រូវ”។
លិខិតនេះសុំឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ “រៀបចំការស្រាវជ្រាវឲ្យបានហ្មត់ចត់បំផុតដើម្បីចៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ទាំងប្រជាជន និងជាពិសេសបោកទាំងព្រះមហាក្សត្រ”។
លោក ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រីដែលចុះហត្ថលេខាលើលិខិតផ្ញើជូនលោក ស ខេង បានមានប្រសាសន៍ថា ការស៊ើបអង្កេតគឺជាគំនិតរបស់ព្រះបរមរាជវាំង។
លោកបានថ្លែងថា “លិខិតដែលយើងបានចេញសំដៅដល់លិខិតព្រះបរមរាជវាំង ហើយស្នើឲ្យធ្វើកោសល្យវិច័យ និងស្រាវជ្រាវគឺពីព្រះបរមរាជវាំង”។
លោក ស៊ូ ភិរិន្ទ បានបដិសេធមិនផ្ដល់ច្បាប់ចម្លងនៃលិខិតពីព្រះបរមរាជវាំងឡើយ ដោយអះអាងថា វាមិនសំខាន់ទេដែលមិនត្រូវបានសរសេរឡើងវិញនៅក្នុងលិខិតរបស់ទីស្ដីការផ្ញើជូនលោក ស ខេង នោះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងព្រះបរមរាជវាំងមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។ លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្ដីការគណៈរដ្ឋមន្ត្រីបានមានប្រសាសន៍ថា មានមូលដ្ឋានរឹងមាំសម្រាប់ការស៊ើបអង្កេត។
លោកបានមានប្រសាសន៍ថា “យើងបានឃើញវីដេអូពាក់ព័ន្ធអំពីស្នាមមេដៃក្លែងក្លាយនោះ ដូច្នេះជាមូលហេតុដែលគួរឱ្យសង្ស័យ”។
លោក ម៉ៅ មុនីវណ្ណ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលនិយាយទៅកាន់អ្នកគាំទ្រគណបក្សប្រឆាំងនៅខាងក្រៅទីស្នាក់ការកណ្ដាលគណបក្សស្ថិតក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ បានមានប្រសាសន៍ថា ពួកគេបានត្រៀមខ្លួន និងមានឆន្ទៈក្នុងការបង្ហាញសុចរិតភាពរបស់ញត្តិនេះដោយនាំមនុស្សគ្រប់គ្នាដែលផ្ដិតមេដៃលើញត្តិនេះមកកាន់រាជធានី។
លោកបានថ្លែងថា “ប្រសិនបើពួកគេចង់ពិនិត្យស្នាមមេដៃ សូមពិនិត្យចុះ។ បើទោះជាមានប្រជាពលរដ្ឋ២០០.០០០នាក់ក៏ដោយ ក៏យើងអាចបង្ហាញពួកគេគ្រប់គ្នាបានដែរ។ យើងអាចយស្នាមមេដៃទាំងអស់នេះ ហើយបង្ហាញប្រាប់ប្រជាពលរដ្ឋនៅទីលានប្រជាធិបតេយ្យ ឬនៅព្រះបរមរាជវាំង”។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ សមាជិករាជវង្សានុវង្សដែលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិបានមានបន្ទូលថា ព្រះអង្គមិនបានឃើញភ័ស្តុតាងណាមួយនៃលិខិតរបស់ព្រះមហាក្សត្រផ្ញើជូនលោក ហ៊ុន សែន ឡើយ ហើយព្រះអង្គម្ចាស់មានជំនឿថា ព្រះមហាក្សត្រមិនបានស្នើសុំឲ្យមានការស៊ើបអង្កេតឡើយ។
ព្រះអង្គម្ចាស់មានបន្ទូលថា “នៅពេលព្រះមហាក្សត្រមានកង្វល់ រាល់ពេលព្រះអង្គ ទទួលបានសំណើប្រភេទនេះ… ព្រះអង្គនឹងលើកឡើងនូវលិខិតមួយច្បាប់ផ្ញើជូននាយករដ្ឋមន្ត្រីធ្វើអ្វីដែលអាចធ្វើបាន។ ខ្ញុំមានជំនឿ១០០ភាគរយថា ព្រះអង្គមិនបានសរសេរអ្វីទាក់ទងការស៊ើបអង្កេតស្នាមមេដៃឡើយ”។
ព្រះអង្គម្ចាស់បានបន្ថែមថា “ដរាបណាមិនមានភ័ស្តុតាង យើងមិនអាចនិយាយអ្វីបានឡើយ។ យើងមិនអាចវាយតម្លៃអ្វីដែលព្រះបរមរាជវាំងបានធ្វើឡើយ”។
ព្រះអង្គម្ចាស់បានមានបន្ទូលថា រដ្ឋាភិបាលដែលចូលចិត្តចោទគណបក្សប្រឆាំងថា បានព្យាយាមធ្វើឱ្យព្រះមហាក្សត្រប្រឡូកប្រឡាក់នឹងរឿងនយោបាយនោះ បានធ្វើរឿងនេះដោយពិតប្រាកដ។
ព្រះអង្គម្ចាស់បានបន្តថា “នៅក្នុងហ្គេម គេព្យាយាមឲ្យព្រះមហាក្សត្រជាប់ពាក់ព័ន្ធតាមដែលគេអាចធ្វើបាន។ នេះគ្រាន់តែវិធីមួយទៀតដែលគណបក្សកាន់អំណាចដាក់សម្ពាធបន្ថែមទៀតលើគណបក្សសង្គ្រោះជាតិតែប៉ុណ្ណោះ”៕ សារុន (រាយការណ៍បន្ថែមដោយ Zsombor Peter)