31 C
Phnom Penh

កន្លែង​ណា​​​ដែល​លោក សម រង្ស៊ី មិន​ក្រោក​តតាំង​​ គឺលោក កឹម សុខា ជា​អ្នក​ក្រោក​​តតាំង​ជំនួស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹងជាង១ទសវត្សរ៍មកហើយថា វាងាយស្រួលធ្វើជាមេដឹកនាំផ្ដាច់ការនៃប្រទេសកសិកម្មក្រីក្រមួយ នៅពេលអ្នកប្រឆាំងដ៏សំខាន់របស់ខ្លួនរស់នៅក្នុងអាផាតមិនក្បែរប៉មអង់តែនទួអុីហ្វែល (Eiffel Tower) ក្នុងទីក្រុងប៉ារីស។

ដោយអនុញ្ញាតឲ្យលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងវិលត្រឡប់មកវិញដើម្បីធ្វើឲ្យការបោះឆ្នោតក្នុងឆ្នាំ២០០៨ និងឆ្នាំ២០១៣មានលក្ខណៈស្របច្បាប់ គូប្រជែងរបស់លោក ហ៊ុន សែន បានរស់នៅក្នុងប្រទេសតែប្រហែលពាក់កណ្ដាលប៉ុណ្ណោះនៃរយៈពេល១០ឆ្នាំកន្លងមកនេះ។

វាជាការពិតដ៏ឈឺចាប់សម្រាប់លោក សម រង្ស៊ី។ ៦ថ្ងៃមុនពេលលោកបានភៀសខ្លួនជាលើកចុងក្រោយដើម្បីគេចពីការគំរាមចាប់ខ្លួនកាលពីថ្ងៃទី១៦ ខែវិច្ឆិកា លោកបានប្រៀបធៀបការតស៊ូរបស់ខ្លួនទៅនឹងការតស៊ូរបស់លោកស្រី អ៊ុង សានស៊ូជី មេដឹកនាំប្រជាធិបតេយ្យរបស់ភូមា ដែលបានទ្រាំនឹងការឃុំខ្លួនឲ្យនៅតែក្នុងផ្ទះអស់រយៈពេល១៥ឆ្នាំជំនួសឲ្យការរត់ភៀសខ្លួន។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍នៅថ្ងៃដែលលោក សម រង្ស៊ី រត់ភៀសខ្លួនជាថ្មីម្ដងទៀតថា “គាត់មិនអាចមានមោទនភាពចំពោះខ្លួនឯងស្មើលោកស្រី អ៊ុង សានស៊ូជី បានទេ។ បើគាត់ចង់ឲ្យដូចលោកស្រី គាត់គួរតែជាប់ពន្ធនាគារ២០ឆ្នាំ។ បើនិយាយដោយសាមញ្ញថា គាត់ជាមនុស្សកំសាក”។

រយៈពេល៦ខែក្រោយមក ការសម្រេចរបស់លោក សម រង្ស៊ី ភៀសខ្លួនទៅបារំាងវិញ ផ្ទុយគ្នាស្រឡះពីជំហររបស់លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដែលមិនព្រមចុះញ៉មគណបក្សប្រជាជនកម្ពុជា បន្ទាប់ពីនគរបាលប្រដាប់អាវុធបានប៉ុនប៉ងចាប់ខ្លួនលោកកាលពីសប្ដាហ៍មុនចំពោះការមិនចូលខ្លួនទៅតុលាការសម្រាប់ការសាកសួរ។

លោក កឹម សុខា បានគេចរួចពីការប៉ុនប៉ងចាប់ខ្លួន ហើយចាប់តាំងពីពេលនោះមកមិនបានលាក់បាំងកន្លែងសំចតរបស់ខ្លួនឡើយ ដោយលោកសម្ងំលាក់ខ្លួនក្នុងទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ ហើយគណបក្សរបស់លោកបានសន្យាធ្វើមហាបាតុកម្មនៅក្នុងរាជធានីភ្នំពេញ ប្រសិនបើរដ្ឋាភិបាលចាប់ខ្លួនលោកតាមការគំរាមរបស់ខ្លួន។

លោក អេង ឆៃអា៊ង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានថ្លែងទៅកាន់អ្នកគាំទ្រដែលបន្តរង់ចាំនៅខាងក្រៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិថា “គាត់មិនខ្លាចអ្វីទាំងអស់។ គ្មានអ្វីត្រូវខ្លាចទេ ពីព្រោះលោកប្រធាន កឹម សុខា នឹងមិនទៅណាទាំងអស់”។

ទោះជាយ៉ាងណា លោក សម រង្ស៊ី បានអះអាងកាលពីខែវិច្ឆិកាថា លោក អេង ឆៃអ៊ាង គឺជាអ្នកដែលបានបញ្ចុះបញ្ចូលលោកកុំឲ្យត្រឡប់មកវិញ ដោយព្រមានពីហានិភ័យថា គណបក្សប្រជាជនកម្ពុជា នឹងប្រើប្រាស់ការតវ៉ាដែលកើតឡើងដើម្បីពន្យារពេលត្រៀមរៀបចំការបោះឆ្នោតសំខាន់ៗ។

នៅថ្ងៃទី១៦ ខែវិច្ឆិកា លោក សម រង្ស៊ី មានប្រសាសន៍ថា លោក អេង ឆៃអ៊ាង បានដឹកនាំការប្រជុំតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែល “បានបញ្ចប់ជាមួយនឹងអនុសាសន៍ជាឯកច្ឆន្ទឲ្យខ្ញុំពន្យារពេលត្រឡប់មកវិញដោយសារអាចមានអំពើហិង្សាកើតឡើងដែលក្រុមខ្លះរបស់គណបក្សប្រជាជនកម្ពុជា នឹងបង្កឡើងនៅពេលយន្តហោះរបស់ខ្ញុំចុះចតភ្លាម”។

នៅក្នុងអត្ថបទបញ្ចេញទស្សនៈមួយកាលពីខែមុន លោក សម រង្ស៊ី បានចោទសួរដោយការពារសេចក្តីសម្រេចរបស់ខ្លួនថា “តើមេដឹកនាំបក្សប្រឆាំងកម្ពុជា មួយរូបទៀតគួរតែសម្រេចបែបណានៅពេលត្រឡប់មកវិញក្នុងថ្ងៃនោះក្រោមកាលៈទេសៈបែបនេះ ប្រសិនបើគាត់អះអាងទទួលខុសត្រូវ?”។

នៅក្នុងសារអេឡិចត្រូនិកមួយកាលពីម្សិលមិញ លោក សម រង្ស៊ី មានប្រសាសន៍បន្ថែមទៀតថា រាល់ការសម្រេចចិត្តសំខាន់ៗរបស់គណបក្ស ដូចជាវិធីឆ្លើយតបទៅនឹងការគំរាមចាប់ខ្លួនលោក និងលោក កឹម សុខា ត្រូវបានអនុម័តដោយមេដឹកនាំទាំងពីរ។

លោកថ្លែងថា “ចាប់តាំងពីបង្កើតគណបក្សរបស់យើងនៅឆ្នាំ២០១២មក លោក កឹម សុខា និងខ្ញុំតែងតែរួមគ្នាធ្វើការសម្រេចចិត្តសំខាន់ៗ ហើយយើងនឹងបន្តធ្វើដូច្នេះដើម្បីថែរក្សាអនាគតរបស់វា និងដើម្បីធានាបានជោគជ័យ”។

បច្ចុប្បន្នលោក កឹម សុខា មិនផ្ដល់បទសម្ភាសទេ ហើយកញ្ញា កឹម មនោវិទ្យា ដែលត្រូវជាកូនស្រីរបស់លោក និងជាអនុប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិមិនបានឆ្លើយតបសំណើសុំការអត្ថាធិប្បាយពាក់ព័ន្ធការគិតបច្ចុប្បន្នរបស់ឪពុកខ្លួនឡើយ។

ចំណែកឯតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិផ្សេងៗទៀត មិនចង់ធ្វើអត្ថាធិប្បាយអំពីវិធីសាស្ត្រខុសៗគ្នារបស់ថ្នាក់ដឹកនាំខ្លួនចំពោះការគំរាមចាប់ខ្លួនឡើយ។

លោក សុន ឆ័យ តំណាងរាស្ត្រជាន់ខ្ពស់មានប្រសាសន៍ថា “ខ្ញុំមិនចង់ធ្វើអត្ថាធិប្បាយជួសមុខពួកគាត់ទេ។ ពួកគាត់មានវិធីខុសៗគ្នាក្នុងការដោះស្រាយស្ថានការណ៍ ហើយខ្ញុំគ្មានតួនាទីដើម្បីវិនិច្ឆ័យថាមួយណាគ្រាន់បើជាងមួយណាទេ”។

បច្ចុប្បន្នតំណាងរាស្ត្រពីររូបរបស់លោក សម រង្ស៊ី ក៏កំពុងជាប់ពន្ធនាគារដែរ។ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិត្រូវបានចាប់ខ្លួនពេលវិលត្រឡប់មកពីសហរដ្ឋអាមេរិកវិញកាលពីខែមេសា ចំណែកឯលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាមកពីគណបក្សនេះកំពុងជាប់ពន្ធនាគារនៅឡើយចាប់តាំងពីខែមេសាមក សុទ្ធតែដោយសារការបង្ហោះសារតាមហ្វេសប៊ុក។

វាមិនមែនជាលើកទី១ទេដែលលោក សម រង្ស៊ី ស្ថិតនៅបរទេស ខណៈមន្ត្រីផ្សេងៗទៀតនៅក្នុងគណបក្សប្រឆាំងរបស់លោកត្រូវបានលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារ។

កាលពីខែសីហា ឆ្នាំ២០០៥ លោក ជាម ច័ន្ទនី តំណាងរាស្ត្រគណបក្សប្រឆាំងត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារ៧ឆ្នាំពីបទបះបោរចំពោះការព្យាយាមបង្កើតយោធាផ្ទាល់ខ្លួន។

៤ខែក្រោយមក លោក សម រង្ស៊ី ត្រូវបានតុលាការសម្រេចឲ្យជាប់ពិរុទ្ធភាពពីបទបរិហារកេរ្តិ៍លោក ហ៊ុន សែន ហើយបានភៀសខ្លួនទៅបារាំង ជាថ្មីម្ដងទៀត ដោយនៅទីនោះរហូតដល់លោកចរចាឲ្យមានកិច្ចព្រមព្រៀងមួយដើម្បីវិលត្រឡប់មកវិញដោយមានសេរីភាព។

នៅក្នុងខែដដែលនោះ មន្ត្រីសង្គមស៊ីវិលជាច្រើនរូបក៏ត្រូវបានចាប់ដាក់ពន្ធនាគារដែរអំឡុងពេលបង្ក្រាប។ លោក កឹម សុខា ដែលពេលនោះជាប្រធានអង្គការមិនមែនរដ្ឋាភិបាលដ៏មានប្រជាប្រិយភាព ក៏ស្ថិតក្នុងចំណោមអ្នកជាប់ពន្ធនាគារទាំងនោះដែរ។ លោកត្រូវបានបញ្ជូនទៅពន្ធនាគារ បន្ទាប់ពីលោក ហ៊ុន សែន ប្ដឹងលោកពីបទបរិហារកេរ្តិ៍ទាក់ទិនបដាដែលលោកបានកាន់នៅឯការតវ៉ាមួយដើម្បីសិទ្ធិមនុស្ស ដោយបានជាប់ពន្ធនាគាររហូតដល់ខែមករា ឆ្នាំ២០០៦។

ព្រះតេជគុណ ប៊ុត ប៊ុនទិញ ព្រះសង្ឃរិះគន់មិនសំចៃមាត់ដែលជាប្រធានបណ្ដាញព្រះសង្ឃឯករាជ្យដើម្បីយុត្តិធម៌សង្គមមានសង្ឃដីកាថា លោក សម រង្ស៊ី និងលោក កឹម សុខា តែងតែប្រើវិធីសាស្ត្រខុសគ្នាក្នុងការប្រឆាំងរដ្ឋាភិបាលរបស់លោក ហ៊ុន សែន។

ព្រះអង្គបានបន្តថា “លោក សម រង្ស៊ី លេងនយោបាយយូរហើយ ដូច្នេះគាត់មិនចង់ឲ្យគេចាប់ខ្លួនដោយឥតប្រយោជន៍នោះទេ។ អាត្មាបានឃើញសេចក្ដីថ្លែងការណ៍របស់លោក សម រង្ស៊ី ថា វាគ្មានប្រយោជន៍ទេក្នុងការជាប់ពន្ធនាគារ ពីព្រោះលោកមិនអាចធ្វើអ្វីបាន។ លោក កឹម សុខា មានបុគ្គលិកលក្ខណៈផ្សេង និងគំនិតផ្សេងគ្នា។ គាត់ជឿថា បើគ្មានការបូជាទេ ក៏គ្មានការផ្លាស់ប្ដូរដែរ។ គាត់មានការប្ដេជ្ញាចិត្ត បើរដ្ឋាភិបាលចង់ចាប់

ខ្លួន គាត់ស្វាគមន៍”។

លោក កឹម សុខា ក៏មិនមែនជាមនុស្សថ្មីដែរសម្រាប់គណបក្សប្រជាជនកម្ពុជា ដោយលោកធ្លាប់ធ្វើជាមន្ត្រីសង្កាត់នៅក្នុងរាជធានីភ្នំពេញ សម្រាប់របបរបស់គណបក្សនេះក្រោយខ្មែរក្រហម។ ក្រោយមក លោកបានក្លាយជាសមាជិកសម្ងាត់នៃចលនាប្រឆាំងរបស់លោកតា សឺន សាន អតីតនាយករដ្ឋមន្ត្រី។

លោក សឺន ស៊ូប៊ែរ្តិ៍ ដែលជាកូនប្រុសរបស់លោកតា សឺន សាន និងជាសមាជិកដ៏សំខាន់របស់គណបក្សប្រឆាំងបានមានប្រសាសន៍ថា លោកជឿថា លោក កឹម សុខា និងលោក សម រង្ស៊ី បានធ្វើការសម្រេចចិត្តត្រឹមត្រូវផ្អែកតាមកម្លាំងរបស់ពួកគាត់។

លោកបានបន្តថា “លោក កឹម សុខា គឺជាបុគ្គលសំខាន់នៅក្នុងប្រទេស រីឯលោក សម រង្ស៊ី មានឈ្មោះល្បីល្បាញនៅលើឆាកអន្តរជាតិ ដូច្នេះវាជារឿងល្អដែលពួកគាត់ចែករំលែកការទទួលខុសត្រូវទាំងនេះ។ ម្នាក់អាចចេញទៅក្រៅ ហើយថ្កោលទោសការដឹកនាំផ្ដាច់ការនៅកម្ពុជា និងវិធីដែលគេចង់គេចវេះការបោះឆ្នោតឃុំ-សង្កាត់ និងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ  ខណៈម្នាក់ទៀតអាចក្រោកឈរតតាំងនៅខាងក្នុង”។

ព្រះតេជគុណ ប៊ុត ប៊ុនទិញ បានគូសបញ្ជាក់ថា នៅទីបំផុតរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចង់ឲ្យលោក កឹម សុខា យកគំរូតាមលោក សម រង្ស៊ី ហើយភៀសខ្លួនពីការគំរាមចាប់ខ្លួន។ “តាមការពិត បើលោក កឹម សុខា ចាកចេញពីប្រទេស ប្រសិនបើគាត់គេចចេញពីសម្ពាធនយោបាយ គណបក្សប្រជាជននឹងសប្បាយចិត្តយ៉ាងខ្លាំង។ នេះជាសេនារីយ៉ូដែលគណបក្សប្រជាជនចង់បាន។ វាជាហ្គេមរបស់ពួកគេ ហើយគាត់យល់ពីហ្គេមនោះ។ នោះជាមូលហេតុដែលគាត់នៅទីនេះ”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស