26 C
Phnom Penh

កសិករ​ខេត្ត​ក្រចេះ​ត្រូវ​ចាប់​ខ្លួន​ពី​បទ​រំលោភ​កូន​ចុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុមមន្ត្រីបាននិយាយថា កសិករម្នាក់នៅខេត្តក្រចេះបានសារភាពថាបានចាប់រំលោភកូនចុងអាយុ១៣ឆ្នាំរបស់ខ្លួន នៅពេលធ្វើដំណើររយៈពេលបីថ្ងៃទៅព្រៃកាលពីសប្តាហ៍មុន ហើយត្រូវជាប់ពន្ធនាគារកាលពីថ្ងៃពុធពីបទរំលោភ។

យោងតាមលោក ប៊ុន ឈឿន អធិការនគរបាលស្រុកឲ្យដឹងថា មាស ហ៊ន អាយុ៤០ឆ្នាំ ដែលរស់នៅជាមួយប្រពន្ធនិងកូនៗរបស់គាត់ក្នុងស្រុកសំបូរខេត្តក្រចេះ បានធ្វើដំណើរជាមួយកូនចុងរបស់គាត់ទៅព្រៃនៅចម្ងាយប្រហែល២៥គីឡូម៉ែត្រពីផ្ទះរបស់ពួកគេនៅថ្ងៃទី២៥ខែឧសភា ដើម្បីរកឈើសង់ផ្ទះ ហើយបានរំលោភកូនស្រីនៅយប់ថ្ងៃសុក្រ មុនពេលត្រឡប់មកផ្ទះវិញនៅព្រឹកថ្ងៃបន្ទាប់។

លោក ឈឿន បាននិយាយថា “ឪពុកចុងបានទៅកាប់ឈើនៅក្នុងព្រៃ និងបាននាំកូនចុងរបស់ខ្លួនទៅជាមួយដើម្បីដាំបាយឲ្យគាត់ហូប”។

លោកបាននិយាយថា នៅយប់ថ្ងៃសុក្រ “ឪពុកចុងរូបនេះបានគំរាមថានឹងសម្លាប់នាងនឹងពូថៅ ហើយបានចាប់នាងផ្តួលនិងបានរំលោភនាង”។

លោក ឈឿន បាននិយាយបន្ថែមថា “ជនសង្ស័យបានគំរាមថានឹងសម្លាប់ក្មេងស្រីរូបនេះ ប្រសិនបើនាងប្រាប់ឲ្យគេដឹង”។

លោកអធិការនគរបាល ឈឿន បាននិយាយថា ទោះជាយ៉ាងនេះក្តី នៅពេលត្រឡប់មកផ្ទះវិញ ក្មេងស្រីនេះបានប្រាប់ម្តាយរបស់នាងនូវអ្វីដែលបានកើតឡើង ហើយលោក ហ៊ន ត្រូវបានគេចាប់ខ្លួនកាលពីថ្ងៃអង្គារបន្ទាប់ពីម្តាយក្មេងស្រីប្តឹងរូបគាត់។

លោកបាននិយាយថា “ជនសង្ស័យបានសារភាពថា បានរំលោភក្មេងស្រីមួយម្តង ហើយវាត្រូវគ្នានឹងការរៀបរាប់របស់ក្មេងស្រីនេះ”។

លោក អ៊ំ ភី ស្នងការរងនគរបាលខេត្តក្រចេះ បាននិយាយថា លោក ហ៊ន ត្រូវបានគេបញ្ជូនខ្លួនទៅតុលាការខេត្តក្រចេះកាលពីថ្ងៃពុធ និងត្រូវជាប់ចោទពីបទរំលោភអនីតិជន និងបញ្ជូនខ្លួនទៅពន្ធនាគាររង់ចាំការកាត់ក្តី។

លោក ភី បាននិយាយថា “វាជាអំពើឧក្រិដ្ឋនិងអបកេរ្តិ៍ឈ្មោះ។ នាងជាកូនចុងរបស់គាត់ ប៉ុន្តែនាងដូចជាកូនរបស់គាត់អ៊ីចឹង ពីព្រោះគាត់ស្រឡាញ់ម្តាយរបស់នាង”។

លោក រស់ សាម៉ឺឌី ចៅក្រមស៊ើបសួរតុលាការខេត្តក្រចេះ ដែលបានចោទប្រកាន់បុរសរូបនេះពីបទរំលោភ មិនអាចទាក់ទងបានទេកាលពីថ្ងៃពុធ។

យោងតាមអង្គការសិទ្ធិមនុស្សអាដហុកឲ្យដឹងថា អនីតិជនមានចំនួនច្រើនជាង២០ភាគរយនៃជនរងគ្រោះក្នុងករណីចាប់រំលោភ២៣៨ករណីដែលកត់ត្រាដោយអង្គការនេះកាលពីឆ្នាំមុន ហើយបាននិយាយបន្ថែមថា តួលេខនេះទំនងជាទាបជាងចំនួនករណីពិតប្រាកដច្រើនណាស់ ពីព្រោះជនរងគ្រោះភាគច្រើនបំផុតមិនបានរាយការណ៍ឲ្យគេដឹងទេ៕និត

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស