28.4 C
Phnom Penh

អ្នក​​​នាំ​​​ពាក្យ​​​​​​​​​ក្រសួង​​​មហា​​​ផ្ទៃ​​​​​​បញ្ជាក់​​​ថា នគរ​បាល​ប្រហែល​ជាមិន​ចាប់​ខ្លួន​លោក កឹម សុខា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីម្សិលមិញថា នគរបាលប្រហែលជាមិនអនុវត្តដីកាចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងដែលតុលាការនិយាយថានឹងចេញក្នុងពេលឆាប់ៗនេះឡើយ ប្រសិនបើខ្លួនយល់ថា ការចាប់ខ្លួនលោកអាចបង្កឲ្យមាន “ការបង្ហូរឈាម ការប៉ះទង្គិចគ្នា ឬការប្រើអំពើហិង្សា”។

គណបក្សសង្គ្រោះជាតិបានគំរាមធ្វើមហាបាតុកម្ម ប្រសិនបើលោក កឹម សុខា ត្រូវចាប់ខ្លួនចំពោះការមិនចូលបំភ្លឺក្នុងតុលាការកាលពីសប្តាហ៍មុនក្នុងនាមជា “សាក្សី” នៅក្នុងរឿងអាស្រូវផ្លូវភេទរបស់លោក។ កាលពីថ្ងៃទី២៦ ខែឧសភា នគរបាលបានប៉ុនប៉ងចាប់ខ្លួនលោកប៉ុន្តែមិនបានសម្រេច ហើយលោកក៏ត្រូវបានចោទប្រកាន់បឋមនៅថ្ងៃបន្ទាប់។

អ្នកគាំទ្រគណបក្សប្រឆាំងបានជួបជុំគ្នាទទួលទាននំបញ្ចុក នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
អ្នកគាំទ្រគណបក្សប្រឆាំងបានជួបជុំគ្នាទទួលទាននំបញ្ចុក នៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ប្រធានសាលាដំបូងរាជធានីភ្នំពេញបានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា ដីកាចាប់ខ្លួននឹងចេញក្នុងពេលឆាប់ៗនេះ ប៉ុន្តែលោក  ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានគូសបញ្ជាក់ក្នុងបទសម្ភាសន៍ជាមួយវិទ្យុវាយោកាលពីម្សិលមិញថា នគរបាលអាចនឹងមិនធ្វើតាមដីកាចាប់ខ្លួននោះទេ។

លោកថ្លែងថា “តាមច្បាប់ បើយើងមានដីកាពីតុលាការឲ្យចាប់ខ្លួន អាជ្ញាធរមានសមត្ថកិច្ចត្រូវតែអនុវត្តតាមដីកានោះ។ ប៉ុន្តែយើងយល់ថា បើការអនុវត្តតាមដីកាចាប់ខ្លួននេះបង្កឲ្យមានការបង្ហូរឈាម ការប៉ះទង្គិចគ្នា ឬការប្រើអំពើហិង្សា ខ្ញុំយល់ថា សមត្ថកិច្ចនឹងពិចារណា នឹងមិនអនុវត្តវាឡើយ”។

លោកគ្រាន់តែបកស្រាយថា ក្រសួងមហាផ្ទៃជាអ្នកទទួលខុសត្រូវចំពោះធានាការពារសណ្ដាប់ធ្នាប់សង្គម ប៉ុន្តែមិនបានលើកឡើងថា តើនោះមានន័យថាដីកាចាប់ខ្លួននឹងមិនត្រូវបានអនុវត្តរហូតឡើយ។ អ្នកនាំពាក្យរូបនេះមិនអាចទាក់ទងតាមទូរស័ព្ទបានទេ។

កញ្ញា កឹម មនោវិទ្យា កូនស្រីរបស់លោក កឹម សុខា និងជាអនុប្រធានកិច្ចការសាធារណៈរបស់គណបក្សសង្គ្រោះជាតិបានថ្លែងកាលពីម្សិលមិញថា ការលើកឡើងរបស់លោក ខៀវ សុភ័គ មិនបានធ្វើឲ្យគណបក្សសង្គ្រោះជាតិមានសង្ឃឹមថា ភាពតានតឹងផ្នែកនយោបាយនាពេលបច្ចុប្បន្ននឹងបញ្ចប់នោះទេ។

កញ្ញាបានលើកឡើងតាមរយៈសារអេឡិចត្រូនិកថា ”នេះមិនមែននិយាយអំពីលោក កឹម សុខា ទេ គឺនិយាយអំពីការអំពាវនាវឲ្យបញ្ចប់ការបំពានរបស់តុលាការទាំងស្រុង។ល្មមៗបានហើយ”។ ទោះជាយ៉ាងណា កញ្ញាមិនបានឆ្លើយតបសារអេឡិចត្រូនិកជាបន្តបន្ទាប់ដែលព្យាយាមសុំការបំភ្លឺជុំវិញករណីនេះឡើយ។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិមានប្រសាសន៍ថា លោកក៏មិនជឿដែរថា ការលើកឡើងរបស់លោក ខៀវ សុភ័គ ជាសញ្ញាបង្ហាញថារដ្ឋាភិបាលនឹងអនុញ្ញាតឲ្យអនុប្រធានគណបក្សប្រឆាំងរូបនេះរស់នៅដោយសេរី។លោកថ្លែងថា “ទេ យើងមិនចង់ធ្វើអត្ថាធិប្បាយបន្ថែមទៀតទេ។ យើងកំពុងឃ្លាំមើលស្ថានការណ៍”។

ពេលសួរថា តើលោក កឹម សុខា ប្រហែលជាស្នាក់នៅយូរប៉ុណ្ណានៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិដែលលោកបានសម្ងំលាក់ខ្លួនចាប់តាំងពីសប្ដាហ៍មុនមកនោះ លោក យឹម សុវណ្ណ ឆ្លើយថា “យើងអត់ដឹងទេ វាអាស្រ័យលើស្ថានការណ៍”។

គណបក្សសង្គ្រោះជាតិអះអាងថា លោក កឹម សុខា ត្រូវបានការពារដោយអភ័យឯកសិទ្ធិតំណាងរាស្ត្ររបស់លោក ប៉ុន្តែកាលពីថ្ងៃច័ន្ទតំណាងរាស្ត្រទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាច បានបោះឆ្នោតអនុញ្ញាតឲ្យសមត្ថកិច្ចបន្តការចោទប្រកាន់របស់ខ្លួនទៅលើរូបលោកនៅក្នុងការបោះឆ្នោតដ៏ចម្រូងចម្រាសមួយដែលគណបក្សសង្គ្រោះជាតិនិយាយថា មិនស្របតាមរដ្ឋធម្មនុញ្ញ។

ក្រៅពីការគំរាមចាប់ខ្លួនលោក កឹម សុខា លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្សនេះក៏កំពុងជាប់ពន្ធនាគារដែរ ថ្វីបើពួកលោកមានអភ័យឯកសិទ្ធិសម្រាប់ការពារខ្លួនពីការចោទប្រកាន់ក្ដី។ មន្ត្រីបួនរូបមកពីសមាគមសិទ្ធិមនុស្សអាដហុក មេឃុំគណបក្សប្រឆាំងមួយរូប និងមន្ត្រីគ.ជ.ប.មួយរូបក៏កំពុងជាប់ពន្ធនាគារដែរក្នុងសំណុំរឿងមួយដែលពាក់ព័ន្ធលោក កឹម សុខា មានស្រីកំណាន់។

នៅខាងក្រៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិកាលពីម្សិលមិញ លោក ប៉ុល ហំម ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍របស់គណបក្សប្រឆាំង បានថ្លែងទៅកាន់អ្នកគាំទ្រថា លោកទើបតែជជែកគ្នាផ្ទៃក្នុងជាមួយលោក កឹម សុខា ដែលបានមានប្រសាសន៍ថា បំណងរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ការវាយប្រហាររូបលោកគឺច្បាស់លាស់។

លោកថ្លែងថា “ពេលនេះ ‘គោលបំណងមិនត្រឹមតែបង្កបញ្ហាជាមួយលោក កឹម សុខា ទេ យើងអាចមើលដឹងថា ពួកគេហាក់ដូចជាព្យាយាមកាត់ក្បាលរបស់គណបក្សសង្គ្រោះជាតិគ្រវាត់ចោល” ហើយថា លោក កឹម សុខា ចង់បានការចរចា។

លោកបានលើកឡើងបន្តទៀតថា ”លើសពីនេះទៅទៀត យើងមិនទាន់បិទការចរចាទេ ហើយគណបក្សកាន់អំណាចក៏មិនបានបិទការចរចាដែរ ប៉ុន្តែពេលយើងចង់ជួបជាមួយពួកគេ ពួកគេអះអាងថារវល់ណាស់។ វាហួសនឹងជឿ។ វាមិនចាំបាច់ទេដែលត្រូវដាក់លិខិត។ ពួកគេដឹងហើយថាគណបក្សសង្គ្រោះជាតិនៅកន្លែងណា ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិនៅកន្លែងណា វប្បធម៌សន្ទនា [ក្រុម] របស់គណបក្សសង្គ្រោះជាតិដឹកនាំដោយ ប៉ុល ហំម ហើយ ប៉ុល ហំម នៅទីនេះរាល់ថ្ងៃ”។

បន្ទាប់មក លោកបានអំពាវនាវឲ្យគណបក្សប្រជាជនកម្ពុជាឈប់ធ្វើពុតថា ខ្លួនមិនមែនជាអ្នករៀបចំសំណុំរឿងផ្លូវច្បាប់បច្ចុប្បន្នប្រឆាំងមន្ត្រីគណបក្សប្រឆាំង និងសកម្មជននានា។ លោកមានប្រសាសន៍សំដៅដល់ទីសក្ការបូជាដ៏ស័ក្ដិសិទ្ធិ និងមានប្រជាប្រិយភាពមួយថា “សូមយើងចរចាគ្នា ហើយសូមកុំប្រើភាសាថា ‘ការដោះលែងអ្នកទោសជាឆន្ទានុសិទ្ធិរបស់តុលាការ’។ ឱព្រះអង្គដងកើរ! ការអះអាងអំពីឆន្ទានុសិទ្ធិគឺជាលេសដើម្បីគេចវេះការពិត”។

ទោះជាយ៉ាងណា លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មានប្រសាសន៍ថា ពេលនេះមិនច្បាស់ថា តើអ្នកណានឹងដឹកនាំគណបក្សសង្គ្រោះជាតិនៅក្នុងការចរចាដែលអាចកើតមាននោះទេ ដោយសារតែស្ថានភាពរបស់លោក កឹម សុខា និងលោក សម រង្ស៊ី ប្រធានគណបក្សប្រឆាំងកំពុងស្ថិតក្នុងប្រទេសបារាំងនៅឡើយ ដើម្បីគេចវេះទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំពីបទបរិហារកេរ្តិ៍។

លោកគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា រវល់ណាស់ គ្មានពេលជួបដោយគ្មានហេតុផលសមរម្យឡើយ ហើយត្រូវការលិខិតផ្លូវការពីគណបក្សសង្គ្រោះជាតិ ប្រសិនបើពួកគេចង់ចរចា។

លោកលើកឡើងទៀតថា “សម្រាប់បញ្ហាបច្ចុប្បន្ន យើងមិនអាចជួបជាមួយពួកគាត់បានទេ ពីព្រោះថ្នាក់ដឹកនាំរដ្ឋាភិបាល និងក្រុមភាគច្រើននៅរដ្ឋសភារវល់ណាស់ គ្មានពេលអង្គុយចរចាទេ។ បើពួកគាត់ចង់ចរចា ខ្ញុំសូមជូនដំណឹងទៅពួកគាត់ឲ្យដាក់លិខិតជាមុនតាមរយៈអគ្គលេខាធិការនៃរដ្ឋសភា។ ទី២សូមសម្រេចថា អ្នកណាជាថ្នាក់ដឹកនាំក្រុមតំណាងរាស្ត្រភាគតិច។ ទី៣ សូមបញ្ជាក់ពីកម្មវត្ថុជាក់លាក់សម្រាប់ការចរចា”។

បន្ទាប់មក អ្នកនាំពាក្យរូបនេះបានបន្ទោសអ្នកយកព័ត៌មានម្នាក់ចំពោះការលើកឡើងថា បរិយាកាសនយោបាយបច្ចុប្បន្នកំពុងមានភាពតានតឹង។ លោកមានប្រសាសន៍ថា “ស្ថានភាពពេលនេះមិនតានតឹងទេ។ វាដូចមេឃថ្ងៃនេះអ៊ីចឹង គឺស្រឡះល្អ។ ទាំងអាកាសធាតុ ទាំងនយោបាយសុទ្ធតែគ្មានភាពតានតឹង”៕ សុខុម

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស