32 C
Phnom Penh

រដ្ឋាភិបាល​​ស៊ើប​អង្កេត​ញត្តិ​គណបក្ស​សង្គ្រោះជាតិ​ទូ​ទាំង​ប្រទេស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបញ្ជាឱ្យមានការស៊ើបអង្កេតពិសេសទូទាំងប្រទេសដើម្បីស្វែងរកស្នាមមេដៃក្លែងក្លាយលើញត្តិដែលគណបក្សសង្គ្រោះជាតិបានយកទៅថ្វាយព្រះមហាក្សត្រដើម្បីសុំឱ្យព្រះអង្គជួយដោះស្រាយស្ថានភាពនយោបាយបច្ចុប្បន្ន។

cam-photo-thumbprints-channaគណបក្សសង្គ្រោះជាតិបានធ្វើពហិការមិនចូលប្រជុំសភាដើម្បីតវ៉ាប្រឆាំងនឹងវិធានការផ្លូវច្បាប់កាលពីពេលថ្មីៗនេះមកលើតំណាងរាស្ត្ររបស់ខ្លួន ហើយបានដាក់ជូនញត្តិទៅព្រះបរមរាជវាំងកាលពីថ្ងៃច័ន្ទ ស្នើសុំឱ្យព្រះមហាក្សត្រ នរោត្តម សីហមុនី ធ្វើអន្តរាគមន៍ អមដោយស្នាមមេដៃអ្នកគាំទ្រចំនួន២០០.០០០នាក់។

ក្នុងលិខិតផ្ញើជូនលោក ស ខេង នៅថ្ងៃបន្ទាប់ ទីស្តីការគណៈរដ្ឋមន្ត្រីបានដាក់ស្នាមមេដៃចំនួន១៧៣.១៤ស្នើសុំឱ្យរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ”ធ្វើការស្រាវជ្រាវឱ្យបានហ្មត់ចត់បំផុតដើម្បីចៀសវាងការប្រើប្រាស់ស្នាមមេដៃបោកប្រាស់ទាំងប្រជាជន និងជាពិសេសទាំងព្រះមហាក្សត្រ”។

កាលពីម្សិលមិញ លោក ស ខេង បានធ្វើការអំពាវនាវ ដោយបានបញ្ជាឱ្យបង្កើតគណៈកម្មការពិសេសមួយដែលមានលោក នេត សាវឿន អគ្គស្នងការនគរបាលជាតិជាប្រធានដើម្បីស្រាវជ្រាវស្នាមមេដៃរកភ័ស្តុតាងនៃការបោកប្រាស់។

បទបញ្ជានេះមានខ្លឹមសារថា “គណៈកម្មការនេះនឹងធ្វើការពិនិត្យស្នាមមេដៃលើញត្តិរបស់គណបក្សសង្គ្រោះជាតិដើម្បីស្រាវជ្រាវរកអ្នកដែលបានផ្តិតមេដៃ ប្រើប្រាស់មធ្យោបាយផ្សេងទៀតដើម្បីរកឱ្យឃើញភាពត្រឹមត្រូវនៃស្នាមមេដៃ និងធ្វើរបាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដើម្បីពិនិត្យសម្រេច”។

វាផ្តល់ឱ្យគណៈកម្មការនូវសិទ្ធិក្នុងការបង្កើតអនុគណៈកម្មការក្នុងរាជធានីភ្នំពេញ និងក្នុងខេត្តនីមួយៗដើម្បីជាជំនួយការ។

លោក ស ខេង ក៏បានតែងតាំងមន្ត្រីនគរបាលជាតិជាន់ខ្ពស់បីរូបជាអនុប្រធាន និងស្នងការនគរបាលខេត្តនីមួយៗជាសមាជិកផងដែរ។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ និងអ្នកនាំពាក្យនគរបាលជាតិ មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។

ការចោទប្រកាន់ពីការបោកប្រាស់នេះដំបូងឡើយកើតចេញពីការបញ្ចេញវីដេអូខ្លីមួយកាលពីថ្ងៃអង្គារ ដោយគេហទំព័រ Fresh News គាំទ្ររដ្ឋាភិបាល ដែលបង្ហាញស្ត្រីម្នាក់ជំរុញឲ្យប្រជាពលរដ្ឋសរសេរឈ្មោះច្រើននៅលើញត្តិដែលមានស្នាមមេដៃរួចជាស្រេច។ អត្ថបទអមមានខ្លឹមសារថា មន្ត្រីគណបក្សប្រឆាំងអាចប្រឈមការចោទប្រកាន់បទព្រហ្មទណ្ឌជុំវិញការធ្វើឯកសារក្លែងក្លាយ។ គណបក្សសង្គ្រោះជាតិបានប្រកាន់ដាច់ខាតតាមញត្តិនេះ។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សប្រឆាំងបានមានប្រសាសន៍កាលពីម្សិលមិញថា “យើងមិនបានក្លែងទេ។ ប្រសិនបើអាជ្ញាធរចង់ឃើញការពិត យើងនឹងអញ្ជើញពួកគាត់ [អ្នកដាក់ញត្តិ] ពីព្រោះតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិនៅក្នុងខេត្តរបស់ខ្លួនដឹងថា ប្រជាពលរដ្ឋណាបានផ្តិតមេដៃ”។

លោកបានបន្ថែមថា “ប្រសិនបើពួកគាត់រកឃើញនរណាម្នាក់លើឯកសារដែលមានស្នាមមេដៃគួរឲ្យសង្ស័យ យើងអាចអញ្ជើញពួកគាត់ឲ្យមកបង្ហាញខ្លួន និងបញ្ជាក់ឲ្យច្បាស់ “។

លោកមានប្រសាសន៍ថា លោកមានការភ្ញាក់ផ្អើលការដែលរដ្ឋាភិបាលសើុបអង្កេតញត្តិពិសេសនេះ ព្រោះអីគណបក្សសង្គ្រោះជាតិបានដាក់ញត្តិផ្សេងៗទៀតថ្វាយព្រះមហាក្សត្រដោយគ្មានបញ្ហាអ្វីឡើយ។លោកថ្លែងថា “បញ្ហាជុំវិញស្នាមមេដៃ គឺជារឿងចម្លែក ពីព្រោះយើងមិនដែលឃើញដូចនេះទេពីមុនមក”។

កាលពីថ្ងៃពុធ លោក ស៊ូ ភិរិន្ទ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រីដែលបានចុះហត្ថលេខាលើលិខិតស្នើឲ្យក្រសួងមហាផ្ទៃសើុបអង្កេតលើញត្តិនេះបានមានប្រសាសន៍ថា ការសើុបអង្កេតនេះគឺជាព្រះរាជតម្រិះរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី ។

លោកបានថ្លែងថា ព្រះមហាក្សត្របានស្នើជាលាយលក្ខណ៍អក្សរក្នុងលិខិតមួយច្បាប់ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ ប៉ុន្តែ លោក ស៊ូ ភិរិន្ទ បានបដិសេធមិនចែករំលែកច្បាប់ចម្លងនៃព្រះរាជសារលិខិតរបស់ព្រះមហាក្សត្រទេ ហើយព្រះបរមរាជវាំងមិនអាចទាក់ទងសុំការបញ្ជាក់បានឡើយ។

ព្រះមហាក្សត្របានចៀសវាងសង្វៀននយោបាយ ហើយមិនបានធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈអំពីញត្តិិនេះឡើយ។ ព្រះអង្គបានយាងទៅប្រទេសចិននៅព្រឹកនេះ  សម្រាប់ព្រះរាជទស្សនកិច្ចរយៈពេលបីថ្ងៃដែលអំឡុងពេលនោះ ព្រះអង្គគ្រោងជួបសវនាការជាមួយលោក ស៊ី ជីនភីង ប្រធានាធិបតីចិន៕សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស