28 C
Phnom Penh

រដ្ឋាភិបាល​​​​​​​​​ទាត់​​​ចោល​​​ការ​​​រិះ​​​គន់​​​​​​យ៉ាង​​​ខ្លាំង​​​ក្លា​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងការបរទេសកាលពីថ្ងៃព្រហស្បត្តិ៍បានចេញសេចក្តីថ្លែងការណ៍មួយដោយចោទប្រកាន់ប្រតិភូបរទេសថាលាក់ពុតចំពោះការរិះគន់លើការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើគណបក្សប្រឆាំង ថែមទាំងលើកឡើងថា ពួកគេកំពុងធ្វើពើថាមិនចេះច្បាប់។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសមិនបានបញ្ជាក់ឈ្មោះប្រតិភូណាមួយទេ ប៉ុន្តែឆ្លុះបញ្ចាំងនូវការរិះគន់តបនឹងសេចក្តីថ្លែងការណ៍ដែលចេញដោយសហភាពអ៊ឺរ៉ុបកាលពីថ្ងៃច័ន្ទ។

សហភាពអ៊ឺរ៉ុបបាននិយាយថា បេសកកម្មសមាជិករបស់ខ្លួន”សូមសម្តែងនូវការសោកស្តាយយ៉ាងខ្លាំងចំពោះការកើនឡើងកម្តៅនយោបាយប្រកបដោយភាពគ្រោះថ្នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ និងអំពាវនាវសូមឲ្យបញ្ឈប់ការយាយីតាមផ្លូវតុលាការចំពោះមេដឹកនាំស្តីទីនៃគណបក្សប្រឆាំងនិងតំណាងអង្គការសង្គមស៊ីវិល”។

មន្ត្រីអង្គការសិទ្ធិមនុស្សនិងមន្ត្រីបក្សប្រឆាំងមួយចំនួនត្រូវបានអាជ្ញាធរចាប់ខ្លួនក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះពីបទចោទដែលមជ្ឈដ្ឋានទូទៅមើលឃើញថាមានហេតុផលនយោបាយ។ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិត្រូវបានតុលាការកោះហៅម្តងហើយម្តងទៀតទាក់ទងនឹងរឿងអាស្រូវផ្លូវភេទ ហើយស្ទើរតែគេចមិនផុតពីការចាប់ខ្លួនកាលពីសប្តាហ៍មុន ដោយសារតែមិនគោរពតាមដីកាកោះ ទោះបីជាលោកមានអភ័យឯកសិទ្ធិតាមរដ្ឋធម្មនុញ្ញរួចផុតពីការផ្តន្ទាទោសក៏ដោយ។

នៅក្នុងសេចក្តីថ្លែងការណ៍កាលពីម្សិលមិញ ក្រសួងការបរទេសបាននិយាយថា “ការងឿងឆ្ងល់និងការព្រួយបារម្ភ”ដែលសម្តែងដោយប្រតិភូបរទេស គឺមិនសមហេតុផលទេ។

សេចក្តីថ្លែងការណ៍បាននិយាយថា”ប្រតិកម្មទាំងនេះបានបង្ហាញឲ្យឃើញពីការមិនយល់ឬការមិនចង់យល់អំពីវិធាន”។ សេចក្តីថ្លែងការណ៍បានអះអាងថា ប្រទេសដទៃទៀតក៏មានច្បាប់និងនីតិវិធីដូចគ្នានឹងកម្ពុជាដែរ “ជាពិសេសនៅក្នុងប្រទេសសមាជិកនៃសហភាពអ៊ឺរ៉ុប”។

សេចក្តីថ្លែងការណ៍ជាពិសេសការពារសិទ្ធិដើម្បី “ផ្តន្ទាទោស”សាក្សីដោយសារតែផ្តល់សក្ខីកម្មក្លែងនិងចាប់ខ្លួនអ្នកដែលមិនព្រមចូលខ្លួនបំភ្លឺតាមដីកាកោះ ជាបញ្ហាដែលមាននៅក្នុងករណីរបស់លោក សុខា។ ស្ត្រីម្នាក់ដែលគេចោទថាជាស្ត្រីកំណាន់របស់លោកបានបដិសេធថាមិនមានស្នេហាទេ នៅពេលសាកសួរដោយអាជ្ញាធរ ប៉ុន្តែក្រោយមកក៏សារភាពថាមានស្នេហាទៅវិញ។ លោក សុខា បានបដិសេធមិនឆ្លើយតបជាសាធារណៈនឹងរឿងអាស្រូវផ្លូវភេទនេះទេ។

ក្រសួងនេះបាននិយាយថា ” ការលើកឡើងអំពីការធ្វើទុក្ខបុកម្នេញខាងផ្លូវតុលាការទៅលើអ្នកនយោបាយខ្លះនោះ គឺជាការមិនសមហេតុផលទាល់តែសោះ”។ ក្រសួងនេះបាននិយាយបន្ថែមថា ខ្លួន”មានការភ្ញាក់ផ្អើលនិងសោកស្តាយចំពោះការជ្រៀតជ្រែកបែបនេះចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យមួយដែលគ្រាន់តែអនុវត្តវិធាន និងនីតិវិធីផ្លូវច្បាប់និងតុលាការ ដូចគ្នានឹងការអនុវត្តវិធាន និងនីតិវិធីផ្លូវច្បាប់និងតុលាការរបស់រដ្ឋដែលជាម្ចាស់ប្រតិកម្ម”។

សេចក្តីថ្លែងការណ៍គឺជាផ្នែកនៃសកម្មភាពជាហូរហែរបស់រដ្ឋាភិបាលកាលពីថ្ងៃព្រហស្បត្តិ៍ ដើម្បីតបនឹងសារព័ត៌មាននិយាយអាក្រក់ដែលកំពុងកើតឡើងដោយការតាមយាយីផ្លូវច្បាប់ចំពោះតំណាងរាស្ត្របក្សប្រឆាំងនិងអ្នករិះគន់។

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សរបស់ទីស្តីការគណៈរដ្ឋមន្ត្រីបានចេញសេចក្តីថ្លែងការណ៍មួយដោយឆ្លើយតបនឹងអត្ថបទព័ត៌មាននាពេលថ្មីៗនេះ ដែលប្រៀបធៀបការប៉ុនប៉ងរបស់រដ្ឋាភិបាល ដើម្បីចាប់ខ្លួនលោក សុខា ពីបទមិនគោរពតាមដីកាកោះឲ្យចូលបំភ្លឺ ទៅនឹងនិទណ្ឌភាពដែលមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាមិនគោរពតាមដីកាកោះពីតុលាការខ្មែរក្រហមក្នុងឆ្នាំ២០០៩។

អង្គភាពព័ត៌មាននិងប្រតិកម្មរហ័សបាននិយាយកាលពីថ្ងៃព្រហស្បត្តិ៍ថា “យុទ្ធវិធីរបស់មេធាវីកាពារក្តី[គណបក្សសង្គ្រោះជាតិ]មួយចំនួនឆ្លៀតឱកាសកេងចំណេញនយោបាយ ដើម្បីបន្ទាបបន្ថោកសាលាក្តីខ្មែរក្រហម”។

អង្គភាពនេះបានលើកឡើងថា វាជាការប្រៀបធៀបខុស ពីព្រោះសហចៅក្រមស៊ើបអង្កេតកម្ពុជានៅតុលាការខ្មែរក្រហមបានបដិសេធមិនយល់ព្រមចំពោះការកោះហៅរបស់សហចៅក្រមស៊ើបអង្កេតអន្តរជាតិទេ។ តាមពិត ដីកាកោះគឺមានសុពលភាពបាន ដោយមិនមានការចុះហត្ថលេខារបស់សហចៅក្រមស៊ើបអង្កេតកម្ពុជានោះទេ។

កាលពីថ្ងៃព្រហស្បត្តិ៍ដែរ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានធ្វើសិក្ខាសាលាដ៏កម្រមួយសម្រាប់អ្នកកាសែតក្នុងក្រុងភ្នំពេញ ដើម្បីបង្រៀនពួកគេអំពីចំណុចមួយចំនួននៃច្បាប់និងលក្ខខន្តិកៈផ្សេងៗ។

ទោះបីជាវាគ្មិនមិនបានសំដៅលើភាពច្របូកច្របល់ផ្នែកនយោបាយនាពេលបច្ចុប្បន្នក៏ដោយ ក៏ពួកគេផ្តោតលើមាត្រានិងបទបញ្ញត្តិដែលក្នុងនោះមានរឿងក្តីនាពេលថ្មីៗនេះបានលេចធ្លោឡើង ជាពិសេសករណីដែលទាក់ទងនឹងការលើកលែងចំពោះការមានអភ័យឯកសិទ្ធិរួចផុតពីផ្លូវច្បាប់។

តំណាងរាស្ត្រគណបក្សប្រឆាំងនិងអ្នកជំនាញផ្នែកច្បាប់បាននិយាយថា រដ្ឋាភិបាលប្រើខុសដោយចេតនានូវករណីលើកលែងទាំងនោះ ដើម្បីធ្វើការចាប់ខ្លួននាពេលថ្មីៗនេះ៕

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស