កាលពីម្សិលមិញ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានប្រកាសបញ្ចប់ការកាប់ឈើទ្រង់ទ្រាយធំនៅក្នុងប្រទេសកម្ពុជាភាគបូពា៌ ហើយបានលើកឡើងថា ភាគច្រើនបំផុតនៃវិវាទដីធ្លីបង្កឡើងដោយការចាប់យកដីពីសំណាក់ក្រុមហ៊ុនចម្ការអំពៅត្រូវបានដោះស្រាយហើយ ប៉ុន្តែអង្គការមិនមែនរដ្ឋាភិបាលមួយចំនួនមិនបានយល់ស្របឡើយ។
កាលពីពាក់កណ្ដាលខែមករា រដ្ឋាភិបាលបានបង្កើតក្រុមការងារពិសេសមួយដើម្បីលុបបំបាត់ការស្តុកឈើខុសច្បាប់ទូទាំងខេត្តភាគបូពា៌នេះ ហើយបានបញ្ជាឲ្យមានការបញ្ឈប់ភ្លាមៗនូវការនាំឈើចេញទាំងអស់ទៅប្រទេសវៀតណាម ជាការទទួលស្គាល់ថា ភាគច្រើននៃឈើទាំងនោះគឺខុសច្បាប់។

នៅក្នុងសុន្ទរកថាអបអរដល់ទិវាបរិស្ថានពិភពលោកក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ លោក សាយ សំអាល់ បានអះអាងថា ការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលធ្វើយ៉ាងណាបញ្ចប់ការកាប់ឈើ “ទ្រង់ទ្រាយធំ” និងការនាំឈើចេញទាំងអស់ប្រកបដោយប្រសិទ្ធភាព។ លោកបានមានប្រសាសន៍ថា “ថ្ងៃនេះ ខ្ញុំអាចនិយាយនៅទីនេះ នៅម៉ោងនេះថា ការកាប់ឈើទ្រង់ទ្រាយធំដែលយើងធ្លាប់ឃើញត្រូវបានបញ្ចប់ទាំងស្រុង ហើយយើងបានបិទច្រកព្រំដែនកម្ពុជា-វៀតណាម។ ខ្ញុំអាចនិយាយបានថា ការកាប់ឈើទ្រង់ទ្រាយធំបានបញ្ចប់ និងនៅសល់តែការកាប់ឈើទ្រង់ទ្រាយតូចប៉ុណ្ណោះ ដូចជាការកាប់ឈើលក្ខណៈគ្រួសារជាដើម”។
ទិន្នន័យគយវៀតណាមដែលទទួលបានដោយអង្គការ Forest Trends ជាអង្គការការពារបរិស្ថានអាមេរិកបង្ហាញពីការថយចុះគួរឱ្យកត់សម្គាល់ក្នុងការនាំឈើចូលចាប់តាំងពីមានបម្រាមមក។ ប៉ុន្តែវាក៏បានបង្ហាញផងដែរថា ឈើក្នុងចំនួនដ៏ច្រើននៅតែឆ្លងកាត់ដដែល ហើយថា ការចរាចរនេះឃើញមានការកើនឡើងវិញជាថ្មីម្ដងទៀត។
យោងតាមទិន្នន័យគយបានឲ្យដឹងថា ការនាំឈើចេញរបស់ប្រទេសកម្ពុជាទៅប្រទេសវៀតណាមបានថយចុះពី៣៤.០០០ម៉ែត្រគូបមក៥.០០០ម៉ែត្រគូបចាប់ពីខែមករា ដល់ខែកុម្ភៈ ប៉ុន្តែបានកើនឡើងជាថ្មីម្ដងទៀតកាលពីខែមីនាដោយឡើងដល់១០.០០០ម៉ែត្រគូបដែលគិតជាទឹកប្រាក់ស្មើនឹង៩លានដុល្លារ។
របាយការណ៍ពីរថយន្តធុនធំដែលដឹកឈើត្រូវបានឃាត់នៅព្រំដែន ហើយជួនកាលបានឆ្លងកាត់រួច ក៏នៅតែមានផងដែរ។
កាលពីចុងខែមុន រថយន្តធុនធំមួយគ្រឿងផ្ទុកឈើប្រណីតទម្ងន់១១តោនត្រូវចាប់បាននៅច្រកព្រំដែនក្នុងខេត្តត្បូងឃ្មុំ។ ក្រុមមន្ត្រីរដ្ឋបាលព្រៃឈើក្នុងខេត្តស្វាយរៀងជាប់គ្នានោះ កាលពីសប្ដាហ៍មុនមិនបានឃាត់រថយន្តធុនធំបីគ្រឿងដែលដឹកដើមអាកាស្យាពីច្រកព្រំដែនចូលទៅប្រទេសវៀតណាមទេ ពីព្រោះនគរបាលព្រំដែនកម្ពុជាបានបដិសេធមិនផ្តល់ជំនួយ។
អ្នកភូមិរស់នៅតាមបណ្តោយព្រំដែនក៏បានរាយការណ៍ថាបានឃើញក្រុមជួញដូរឈើដោះស្រាយជាមួយបម្រាមនាំឈើចេញនេះ ដោយការផ្លាស់ប្ដូរចរាចរពីប៉ុស្តិ៍ឆែកឆេរធំៗទៅប៉ុស្តិ៍ឆែកឆេរតូចៗទីដែលការអនុវត្តច្បាប់មានការធូររលុងជាង។
លោក ប៉ែន បុ៊ណ្ណារ៍ អ្នកស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមសិទ្ធិមនុស្សអាដហុកក៏មានមន្ទិលសង្ស័យអំពីសេចក្ដីប្រកាសរបស់លោក សាយ សំអាល់ ដែរ ដោយកត់សម្គាល់ថា វាជាល្បិចកលធម្មតាក្នុងចំណោមឈ្មួញរកស៊ីឈើក្នុងការបំបែកទំនិញរបស់ខ្លួនទៅជាផ្នែកតូចៗដើម្បីក្លែងជាអ្នកជួញដូរទ្រង់ទ្រាយតូច។
លោកបានមានប្រសាសន៍ថា ”ឈ្មួញរកស៊ីឈើតែងតែធ្វើពុតជាអ្នកដឹកឈើលក្ខណៈគ្រួសារទៅប្រទេសវៀតណាម។ ដូច្នេះ មិនថាជាលក្ខណៈគ្រួសារ ឬលក្ខណៈជាពាណិជ្ជកម្មឡើយ ពួកគេត្រូវតែឃាត់ទាំងអស់ បើមិនដូច្នោះទេ ព្រៃឈើនឹងនៅតែរងការកាប់បំផ្លាញដដែល”។
អំឡុងសុន្ទរកថាកាលពីម្សិលមិញ លោក សាយ សំអាល់ ក៏បានអះអាងផងដែរថា វិវាទដីធ្លីជាច្រើនពាក់ព័ន្ធចម្ការអំពៅដែលត្រូវបានរងការចោទប្រកាន់ថា បានរំលោភយកដីស្រែចម្ការរបស់អ្នកភូមិមូលដ្ឋាននោះ ត្រូវបានដោះស្រាយជិតរួចរាល់ហើយ ហើយបានចោទអង្គការសិទ្ធិមនុស្សថាព្យាយាមរារាំងខ្លួន។
ចម្ការអំពៅនៅទូទាំងប្រទេសកម្ពុជាដែលភាគច្រើនកាន់កាប់ដោយលោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា និងមួយចំនួនទៀតផ្គត់ផ្គង់ដល់ក្រុមហ៊ុនចំណីអាហារ និងភេសជ្ជៈធំៗនៅក្រៅប្រទេសនោះ ត្រូវបានចោទប្រកាន់ថា បានបង្ខំប្រជាជនរាប់ពាន់គ្រួសារឲ្យចាកចេញពីផ្ទះសំបែង ឬស្រែចម្ការរបស់ពួកគាត់។ អង្គការសិទ្ធិមនុស្សមួយចំនួនបានហៅការផ្គត់ផ្គង់ស្ករសរបស់ប្រទេសកម្ពុជាថា ជា “ស្ករឈាម” ហើយបានអំពាវនាវកុំឲ្យមានការទិញ។
រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងថា ”នៅពេលយើងនិយាយថា ស្ករនេះជាស្ករឈាម វាហាក់ដូចជាយើងវាយបំបែកឆ្នាំងបាយរបស់យើងអ៊ីចឹង។ ឧស្សាហកម្មនេះត្រូវបានកសាងឡើងដើម្បីបង្កើតការងារដល់ប្រជាពលរដ្ឋ ដូច្នេះប្រសិនបើពួកគាត់ហៅថាជាស្ករឈាមនោះ យើងមិនអាចលក់ស្ករនេះបានទេ ហើយវាដូចជាយើងវាយបំបែកឆ្នាំងបាយរបស់យើងអ៊ីចឹង”។
លោកបានមានប្រសាសន៍ថា “ប៉ុន្តែខ្ញុំអាចនិយាយបានថា យើងស្ទើរតែបានដោះស្រាយបញ្ហានេះទៅហើយ។ បញ្ហាដីធ្លីស្ទើរតែបញ្ចប់ហើយ ដូចជានៅក្នុងខេត្តព្រះវិហារ និងខេត្តកោះកុង ស្ទើរតែបញ្ចប់ហើយ”។
ទោះជាយ៉ាងណា លោក អៀង វុទ្ធី ប្រធានអង្គការសមធម៌កម្ពុជាដែលបានជួយដល់សហគមន៍ដែលរងផលប៉ះពាល់មួយចំនួនតស៊ូនឹងក្រុមហ៊ុននានាបានមានប្រសាសន៍ថា លោករដ្ឋមន្ត្រីលើកឡើងមិនត្រឹមត្រូវទេ។
លោកបាននិយាយដល់សុន្ទរកថារបស់លោក សាយ សំអាល់ ថា “ខ្ញុំមិនគិតថា នេះជាការវាយតម្លៃត្រឹមត្រូវឡើយ។
លោកបានថ្លែងថា អ្នកភូមិប្រហែល២០០គ្រួសារនៅខេត្តកោះកុងដែលប្ដឹងក្រុមហ៊ុន Tate & Lyle ជាក្រុមហ៊ុនស្ករសអាមេរិកនៅក្នុងទីក្រុងឡុងដ៍នោះ មិនទាន់ដោះស្រាយវិវាទរបស់ខ្លួន ហើយអ្នកភូមិរាប់រយគ្រួសារនៅក្នុងខេត្តឧត្តរមានជ័យត្រូវបានបណ្ដេញចេញដើម្បីបើកផ្លូវសម្រាប់ចម្ការអំពៅដែលកាន់កាប់ដោយជនជាតិថៃមិនដែលត្រូវបានដោះស្រាយទេ ក៏កំពុងរង់ចាំការផ្ដល់សំណងសមរម្យផងដែរ។
សូម្បីនៅក្នុងខេត្តកំពង់ស្ពឺ ដែលក្នុងនោះលោក សាយ សំអាល់ លើកឡើងថា ជារឿងជោគជ័យនោះ អ្នកភូមិ១៦០គ្រួសារដែលតស៊ូជាមួយចម្ការអំពៅក្នុងមូលដ្ឋានមួយ កំពុងតែចរចាអំពីសំណងជាមួយក្រុមហ៊ុននេះនៅឡើយ។
លោក អៀង វុទ្ធី បានថ្លែងថា “នេះជាមូលហេតុដែលខ្ញុំនិយាយថា បញ្ហាកំពុងតែកើតមាននៅទីនេះនៅឡើយ”៕ សារុន (រាយការណ៍បន្ថែមដោយ Zsombor Peter)