32 C
Phnom Penh

មតិ​ប្រឆាំង​ក្រើន​​​​​​​រំឭក​ថា គណ​បក្ស​​ប្រជា​ជន​កម្ពុជា​ ធំ​ជាង​​លោក​នាយក​​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ការប៉ាន់ស្មានទៅលើឥទ្ធិពលផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា បានក្លាយជាចំណុចសំខាន់របស់បណ្តាអ្នកសង្កេតការណ៍នយោបាយកម្ពុជា ដែលលើកឡើងអំពីភាពប្រេះឆាក្នុងជួរគណបក្សនេះដែលបង្ហាញថា មិនសូវមានការពេញចិត្តក្នុងចំណោមមេដឹកនាំជាន់ខ្ពស់ជាជាងការបង្ហាញការរិះគន់ទាក់ទងការប្រើប្រាស់សិទ្ធិខុស។

cam-photo-cpp-dissentការបកស្រាយបែបនេះ បង្ហាញឱ្យឃើញពីមនោគមវិជ្ជាមួយប្រភេទរបស់វិមានក្រឹមឡាំង ដែលទ្រទ្រង់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងបុគ្គលិកលក្ខណៈផ្តាច់ការរបស់លោកទប់ទល់ក្រុមមាននិន្នាការកណ្តាលដែលស្និទ្ធនឹងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា ដែលសុទ្ធតែជាអនុប្រធានគណបក្សនេះ។

ចំណាប់អារម្មណ៍នេះបង្ហាញកាន់តែច្បាស់ នៅពេលលោក ស ខេង បានសម្តែងមតិកាលពីខែមុន ដែលទំនងជាការជំទាស់ទៅនឹងការចាប់ខ្លួនជាបន្តបន្ទាប់ស្របពេលរដ្ឋាភិបាលមានជំងឺភ័យខ្លាចកើតមានបដិវត្តន៍ពណ៌។

លោក ស ខេង បានមានប្រសាសន៍នៅចំពោះមុខក្រុមមន្ត្រីនគរបាលជាតិកាលពីថ្ងៃទី១៦ ខែឧសភាថា “ខ្ញុំចង់បញ្ជាក់ថា យោងតាមការយល់ឃើញរបស់ខ្ញុំ បដិវត្តន៍ពណ៌អាចនឹងកើតមានដោយសារភាពអសកម្មនៃការគ្រប់គ្រងរបស់យើង”។

បង្ហាញពីចំណុចមួយដែលគណបក្សប្រឆាំងតែងតែលើកឡើងម្តងហើយម្តងទៀតក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ លោកបានលើកឡើងទៀតថា “បើការគ្រប់គ្រងរបស់យើងអាចនឹងរួមរស់បានសុខសាន្តទាំងអស់គ្នា វាគ្មានហេតុផលត្រូវធ្វើបដិវត្តន៍ពណ៌នោះទេ”។

នៅថ្ងៃបន្ទាប់ លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មានប្រសាសន៍ប្រៀបធៀបលោក ស ខេង ទៅនឹងមន្ត្រីជាន់ខ្ពស់ផ្សេងៗទៀតក្នុងគណបក្សប្រជាជនកម្ពុជាដែល “ច្រើនតែចង្អុលដាក់សាធារណជនជាជាងទទួលស្គាល់ការទទួលខុសត្រូវរបស់ខ្លួន” “ខ្ញុំគិតថា គាត់ជាមនុស្សមានហេតុផល”។

ការប៉ាន់ស្មានអំពីទស្សនៈផ្សេងៗគ្នាក្នុងគណបក្សកាន់អំណាច បានរីកកាន់តែធំឡើងៗ នៅពេលលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានមានប្រសាសន៍កាលពីសប្តាហ៍មុនថា នគរបាលប្រហែលជាមិនអនុវត្តដីកាចាប់ខ្លួនលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំ ទោះបីជារដ្ឋាភិបាលហាក់កំពុងបន្តព្យាយាមចាប់ខ្លួនលោកដាក់ពន្ធនាគារក្តី។

នៅពេលសាកសួរអំឡុងបទសម្ភាសន៍ជាមួយវិទ្យុវាយោអំពីលោក កឹម សុខា ដែលត្រូវបានចោទប្រកាន់បឋមពីបទមិនបង្ហាញខ្លួនក្នុងតុលាការ លោក សៀវ សុភ័គ មានប្រសាសន៍ថា “តាមច្បាប់ បើយើងមានដីកាពីតុលាការឲ្យចាប់ខ្លួន អាជ្ញាធរមានសមត្ថកិច្ចត្រូវតែអនុវត្តតាមដីកានោះ។ ប៉ុន្តែយើងយល់ថា បើការអនុវត្តតាមដីកាចាប់ខ្លួននេះបង្កឲ្យមានការបង្ហូរឈាម ការប៉ះទង្គិចគ្នា ឬការប្រើអំពើហិង្សា ខ្ញុំយល់ថា សមត្ថកិច្ចនឹងពិចារណា នឹងមិនអនុវត្តវាឡើយ”។

លោក គល់ បញ្ញា នាយកប្រតិបត្តិនៃគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា (ខុមហ្វ្រែល) បានមានប្រសាសន៍កាលពីម្សិលមិញថា ការប្រឆាំងដោយបើកចំហពីសំណាក់ក្រុមមន្ត្រីក្រសួងមហាផ្ទៃ អាចបណ្តាលមកពីពួកគេព្រួយបារម្ភចំពោះការចាប់ខ្លួនអ្នកប្រឆាំងយ៉ាងច្រើនភ្លាមៗ។

ការចាប់ខ្លួនអ្នករិះគន់គណបក្សប្រជាជនកម្ពុជា ដែលមនុស្សជាង ២០ នាក់ត្រូវបានដាក់ពន្ធនាគារក្នុងឆ្នាំកន្លងទៅ ភាគច្រើនជំរុញដោយមន្ត្រីស្និទ្ធនឹងលោក ហ៊ុន សែន ក្នុងនោះរួមមានទាំងលោក ឱម យ៉ិនទៀង អតីតទីប្រឹក្សារបស់នាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពប្រឆាំងអំពើពុករលួយបច្ចុប្បន្ន ដែលកាលពីខែមុនថែមទាំងបានបង្ហាញពីវិធីដែលរដ្ឋាភិបាលត្រូវព្យាយាមចាប់ខ្លួនលោក កឹម សុខា ផងដែរ។

លោក គល់ បញ្ញា ថ្លែងថា “ប្រហែលជាក្រសួងមហាផ្ទៃមានអាទិភាពផ្ទាល់ខ្លួន។ ពួកគេកំណត់បញ្ហាមួយចំនួនជាអាទិភាពខ្ពស់ជាងការចាប់ខ្លួនថ្នាំដឹកនាំគណបក្សប្រឆាំង ហើយការយល់របស់ពួកគេប្រហែលជាស៊ីជម្រៅជាងមន្ត្រីកំពូលៗផ្សេងទៀតទាក់ទិនមូលហេតុប្រជាពលរដ្ឋធ្វើការតវ៉ាញឹកញាប់។ ពួកគេប្រហែលជាយល់ថា ការឆ្លើយតបរបស់សមត្ថកិច្ចមិនសមាមាត្រទៅនឹងអ្វីដែលប្រជាជនបាននិងកំពុងធ្វើ។ វាប្រហែលជាព័ត៌មានត្រឡប់មួយប្រភេទទៅដល់ថ្នាក់កំពូលរបស់រដ្ឋាភិបាលសម្រាប់កំណត់ឫសគល់នៃបញ្ហា និងដើម្បីឱ្យក្រសួងមហាផ្ទៃពាក់ព័ន្ធឱ្យបានច្រើន។ វាលឿនពេក ប្រតិកម្មរបស់រដ្ឋាភិបាល ហើយប្រហែលជាគ្មានការពិគ្រោះយោបល់ច្រើនទេមុនពេលអនុវត្ត”។

ជាក់ស្តែង លោក ឆាង សុង អតីតសមាជិកព្រឹទ្ធសភាគណបក្សប្រជាជនកម្ពុជា បានត្អូញត្អែរកាលពីខែមុនថា ស្ថានភាពចលាចលបានកើតមានឡើងដោយសារអវត្តមានរបស់លោក ជា ស៊ីម ប្រធានគណបក្សប្រជាជនកម្ពុជា ជាបងថ្លៃរបស់លោក ស ខេង ដែលបានទទួលមរណភាពនៅថ្ងៃពុធកាលពីមួយឆ្នាំមុន និងដែលជាគូប្រជែងធំយូរមកហើយរបស់លោក ហ៊ុន សែន នៅក្នុងគណបក្ស។

លោកបានសម្តែងការខកចិត្តចំពោះអ្នកគ្រប់គ្នានៅក្នុងគណបក្សកាន់អំណាចដែលមិនហ៊ាននិយាយអំពីស្ថានភាពចលាចលទាំងនេះថា “និយាយតាមត្រង់ចុះ ខ្ញុំមិនដឹងថា សព្វថ្ងៃខួរក្បាលរបស់គណបក្សប្រជាជនកំពុងគិតអីទេ ចាប់តាំងពីលោក ជា ស៊ីម ទទួលមរណភាព”។

លោក អៀ សុផល ជាអ្នកនិពន្ធសៀវភៅដែលមានចំណងជើងថា “ការពឹងផ្អែកជំនួយនៅប្រទេសកម្ពុជា៖ តើជំនួយបរទេសធ្វើឱ្យខូចដល់លទ្ធិប្រជាធិបតេយ្យយ៉ាងណាខ្លះ?” (Aid Dependence in Cambodia: How Foreign  Assistance Undermines Democracy?) និងជាសាស្ត្រាចារ្យរងនៅមហាវិទ្យាល័យអូកស៊ីដិនថល (Occidental College) ក្នុងទីក្រុងឡូសអ៊ែនជើឡេស មានប្រសាសន៍ថា វាច្បាស់ណាស់ថា ការអត្ថាធិប្បាយរបស់លោក ខៀវ សុភ័គ និងលោក ស ខេង គឺជាទង្វើប្រឆាំងជាសាធារណៈ។

លោកបានសរសេរនៅក្នុងអីុម៉េលមួយកាលពីម្សិលមិញថា “វាប្រាកដណាស់ ការលើកឡើងបែបនេះ មិនស្របតាមមាគា៌បក្សទេ ហើយវាច្បាស់ណាស់ថា វាគឺជាសមាជិករបស់ក្រុមលោក ជា ស៊ីម ដែលទទួលមរណភាពទៅហើយ ប៉ុន្តែ មិនមែនថា យើងមិនដែលឃើញបែបនេះពីមុនមកនោះទេ”។

ដោយពន្យល់ថា បំណងដ៏សំខាន់គឺទំនងជាគ្រាន់តែដើម្បីធ្វើឲ្យអ្វីៗថមថយកម្ដៅទៅវិញនោះ លោកបានបន្ថែមថា “ខ្ញុំមិនជឿទេថា មានបំណងខ្លាំងក្លាពិតប្រាកដនៅក្នុងការងើបឡើងតតាំងនឹងភាពអយុត្តិធម៌។ មានតែការទទួលស្គាល់ចាស់គំរិលប៉ុណ្ណោះដែលថា បញ្ហានេះប្រហែលជាមិនសមហេតុផលទាល់តែសោះនោះ”។

លោកបន្ថែមថា “យើងសុទ្ធតែដឹងហើយថា បញ្ហានេះកើតឡើងកាន់តែខ្លាំង វានឹងធ្វើឲ្យអ្នកបោះឆ្នោតធ្លាក់ចូលទៅក្នុងដៃរបស់គណបក្សប្រឆាំងកាន់តែច្រើន។ ហើយមានយុទ្ធសាស្ត្រម្នាក់ដើរតួចិត្តល្អនិងម្នាក់ដើរតួចិត្តអាក្រក់ដែរ”។

ទស្សនៈបែបនេះទទួលបានការឯកភាពពីលោក កែម ឡី អ្នកអត្ថាធិប្បាយនយោបាយដែលជាប្រធានក្រុមតស៊ូមតិមូលដ្ឋាន ”ខ្មែរដើម្បីខ្មែរ”។ លោកបានលើកឡើងថា បើទោះជាលោក ស ខេង និងឧត្តមសេនីយ៍ ខៀវ សុភ័គ បានលើកឡើងដូច្នេះក៏ពិតមែនតែលោកមិនជឿថា ពួកគេឈ្លោះគ្នាឡើយ។

លោកបានលើកឡើងទៀតថា គណបក្សប្រជាជនកម្ពុជាគឺជាគណបក្សរួបរួមដែលបានបង្ហាញឲ្យឃើញសមត្ថភាពនៅក្នុងការសាមគ្គីគ្នា និងដើរតាមការដឹកនាំរបស់លោក ហ៊ុន សែន តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០មកម៉្លេះ។

លោក កែម ឡី បានថ្លែងថា “វាគឺជាសញ្ញាល្អមួយសម្រាប់ការធ្វើឲ្យភាពតានតឹងធូរស្រាល។ ការលើកឡើងរបស់លោក ខៀវ សុភ័គ និងលោក ស ខេង បង្ហាញថា ពួកគាត់ទទួលស្គាល់ដើមចម និងបុព្វហេតុមូលហេតុនៃបដិវត្តន៍ ហើយឫសគល់នៃបុព្វហេតុមិនមែនកើតចេញពីប្រជាពលរដ្ឋទេ វាកើតចេញពីវប្បធម៌នយោបាយដ៏អាក្រក់”។

លោកបានបន្ថែមថា “ប៉ុន្តែវានៅតែជាការសម្រេចបែបមជ្ឈការ។ អ្វីៗទាំងអស់ដឹកនាំដោយអ្នកនិពន្ធ។ពួកគេគ្រាន់តែដើរតួតាមផ្នែកដែលត្រូវបានតែងនិពន្ធប៉ុណ្ណោះ ហើយនេះគឺជាតួនាទីរបស់ពួកគេ។ នៅក្នុងហ្គេមមួយ មានតួអង្គជាច្រើន[តួអង្គល្អ តួអង្គអាក្រក់] ហើយអ្នកសំដែងតួលេងតាមតួរបស់ខ្លួន ប៉ុន្តែ ពួកគេទាំងអស់សុទ្ធតែអានតាមបារ៉ូល”។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានលើកឡើងថា ការខ្វែងគំនិតគ្នារវាងមេដឹកនាំគណបក្សជារឿៗតែងតែត្រូវបានគេបំផ្លើស ដោយអ្នកវិភាគនយោបាយយក “រឿងតូចតាច” មកស្រមើលស្រមៃតែផ្តេសតែផ្តាស។

ដោយប្រើគោរមងារដ៏កម្ររបស់លោក ហ៊ុន សែន និងលោក ស ខេង ក៏ដូចជាលោក សាយ ឈុំ លោក ហេង សំរិន និងលោក ជាសីុម មុនពេលលោកទទួលមរណភាពនោះលោក សុខ ឥសាន បានមានប្រសាសន៍ថា “អ្នកវិភាគមិនអាចដឹងពីអ្វីនៅក្នុងចិត្តគំនិតរបស់សម្តេចទាំងពីរបាននោះឡើយ”។

លោកបានសួរថា “ពួកគេបានលើកឡើង[ពីក្រុមនៅក្នុងគណបក្សប្រជាជនកម្ពុជា] តាំងពីក្រោយពេលមានការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីឆ្នាំ១៩៩៣មកម្លេ៉ះ។ អស់លោកអាចឃើញហើយថា មកទល់ពេលនេះគណបក្សប្រជាជនកម្ពុជាមិនបានបែកខ្ញែកគ្នាទេ វាមានរយៈពេល២៥ឆ្នាំមកហើយ តើវាបែកខ្ញែកដូចអ្វីដែលពួកគេបាននិយាយដែរទេ?។

លោកបានថ្លែងថា “គេនិយាយតាំងពីយូរមកហើយថា ‘នេះគឺជាក្រុមរបស់សម្តេច ហ៊ុន សែន នេះគឺជាក្រុមរបស់ សម្តេច ជា សីុម នេះគឺជាក្រុមសម្តេច ហេង សំរិន’។ ប៉ុន្តែ តាមពិតទៅពួកគាត់ជារឿៗតែងតែទទួលទានជាមួយគ្នា”។

ទោះជាយ៉ាងណា លោក គល់ បញ្ញា បានលើកឡើងថា ការលើកឡើងរបស់ក្រសួងមហាផ្ទៃគឺជាការរំឭកមួយថា លោក ហ៊ុន សែន មិនមែនគ្រប់គ្រងតែម្នាក់ឯងទេ។

លោកបានមានប្រសាសន៍ថា “វាគឺជាភាពខ្លាំងសម្រាប់គណបក្សនីមួយៗដែលមានការខ្វែងគំនិតគ្នាខ្លះ។ វាមិនអាចទាំងអស់នោះទេ គ្រាន់តែនៅថ្នាក់កំពូលប៉ុណ្ណោះ”៕ សុខុម និងស៊ុយឈាង (រាយការណ៍បន្ថែមដោយ បែន សុខហ៊ាន)

 

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស