33.3 C
Phnom Penh

គណបក្ស​ប្រឆាំង​ប្រកាស​ផែនការដើរហែក្បួន បន្ទាប់មក​លុប​ចោល​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃអាទិត្យ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានប្រកាសជាសាធារណៈ ប៉ុន្តែបន្ទាប់មកទំនងជាលុបចោលទៅវិញ នូវផែនការសម្រាប់ការដើរក្បួនមួយលើកទៀតនៅទូទាំងក្រុងភ្នំពេញនៅសប្តាហ៍ក្រោយ ដោយអំពាវនាវសុំព្រះរាជអន្តរាគមន៍ពីព្រះមហាក្សត្រ ដើម្បីបញ្ចប់ការគាបសង្កត់ជាហូរហែពីសំណាក់គណបក្សប្រជាជនកម្ពុជាទៅលើក្រុមអ្នករិះគន់របស់ខ្លួន។

កាលពីសប្តាហ៍មុន គណបក្សសង្គ្រោះជាតិបានដាក់ញត្តិថ្វាយព្រះមហាក្សត្រ នរោត្តម សីហមុនី ដើម្បីសំុជំនួយពីព្រះអង្គ បន្ទាប់ពីមានការរុកកួនតាមផ្លូវច្បាប់ជាច្រើនខែលើគណបក្សនេះ ដែលឈានដល់មានការចោទប្រកាន់ជាបឋមលើលោក កឹម សុខា អនុប្រធានគណបក្សប្រឆាំង ព្រមទាំងមានការប្រឹងប្រែងចាប់ខ្លួនលោកទៀតផង។

ថ្លែងនៅក្រៅទីស្នាក់ការកណ្តាលរបស់គណបក្សសង្គ្រោះជាតិ ដែលលោក សុខា សម្ងំនៅទីនោះតាំងពីថ្ងៃទី២៦ខែឧសភាមក លោក សុវណ្ណ បាននិយាយថា “នៅថ្ងៃតែមួយ គឺថ្ងៃទី១៣ខែមិថុនាឆ្នាំ២០១៦ យើងនឹងប្រមូលញត្តិដាក់ថ្វាយព្រះមហាក្សត្រនៅថ្ងៃនោះ។ នៅពេលព្រឹក យើងនឹងប្រមូលញត្តិ ហើយនៅពេលរសៀល យើងនឹងហែញត្តិ”។

អ្នកនាំពាក្យរូបនេះបាននិយាយថា “អ្នកណាដែលជាអ្នកធ្វើញត្តិ? មិនមែនគណបក្សសង្គ្រោះជាតិទេ គឺបងប្អូនប្រជាពលរដ្ឋ។ ប្រជាពលរដ្ឋជាអ្នកដែលប្រមូលញត្តិ។ នៅថ្ងៃទី៣០ខែឧសភា យើងបានប្រមូលញត្តិ [ថ្វាយព្រះមហាក្សត្រ] រួចហើយ ប៉ុន្តែគេបានលើកឡើងថា វាគួរឲ្យសង្ស័យ”។

“កុំឲ្យវាពិបាក។ ដាក់វាលើតុនៅទីលានប្រជាធិបតេយ្យ ហើយផ្តិតស្នាមមេដៃនៅទីនោះ ដើម្បីឲ្យមើលឃើញថាតើ វាពិត ឬ អត់”។

ទោះជាដូច្នេះក្តី នៅពេលទាក់ទងតាមទូរស័ព្ទនារសៀលនោះ លោក សុវណ្ណ បាននិយាយថា លោកបានប្រកាសច្រឡំ ហើយថា តាមពិតទៅ គណបក្សសង្គ្រោះជាតិមិនមានផែនការសម្រាប់ហែក្បួននៅថ្ងៃទី១៣ខែមិថុនាទេ។

លោកបាននិយាយថា “ខ្ញុំសុំកែព័ត៌មាននេះ។ នៅថ្ងៃទី១៣ខែមិថុនា យើងនឹងរង់ចាំទទួលញត្តិពីប្រជាពលរដ្ឋមកពីបណ្តាខេត្ត ហើយយើងមិនទាន់បានសម្រេចយកថ្ងៃជាក់លាក់ដើម្បីដាក់ញត្តិនៅឡើយទេ”។

លោក សុវណ្ណ បាននិយាយក្នុងសុន្ទរកថារបស់លោកថា ញត្តិនៅសប្តាហ៍ក្រោយនឹងអំពាវនាវសុំឲ្យព្រះមហាក្សត្រជួយការពារអភ័យឯកសិទ្ធិតាមរដ្ឋធម្មនុញ្ញរបស់តំណាងរាស្ត្រឲ្យរួចផុតពីការផ្តន្ទាទោស។

សព្វថ្ងៃនេះ លោក អ៊ុំ សំអាន តំណាងរាស្ត្រគណបក្សប្រឆាំង និងលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា កំពុងជាប់ពន្ធនាគារ ទោះបីជានៅមានអភ័យឯកសិទ្ធិរបស់ខ្លួនក៏ដោយ រីឯលោក កឹម សុខា ជាប់ចោទជាបឋមពីបទមិនបានចូលខ្លួននៅតុលាការ ហើយតំណាងរាស្ត្រទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជាបានយល់ព្រមឲ្យមានការចាប់ខ្លួនលោក។

តាំងពីការបោះឆ្នោតចុងក្រោយនេះមក រដ្ឋាភិបាលបានប្រើការបកស្រាយថ្មីនិងទូលំទូលាយនៃខលើកលែងក្នុងមាត្រាក្នុងរដ្ឋធម្មនុញ្ញ ដែលផ្តល់អភ័យឯកសិទ្ធិ។ ខនោះអនុញ្ញាតឲ្យមានការចាប់ខ្លួនតំណាងរាស្ត្រ ប្រសិនបើគេទាន់នៅពេលកំពុងប្រព្រឹត្តបទល្មើស។

លោក សុវណ្ណ បាននិយាយថា “ញត្តិនេះគឺដើម្បីការពារអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រទាំង១២៣រូប ក៏ដូចជាសមាជិកព្រឹទ្ធសភាដែរ។ មិនមែនតែ៥៥អាសនៈរបស់យើងប៉ុណ្ណោះទេ គឺទាំង១២៣។ ប្រសិនបើយើងមិនការពារទេ នៅអាណត្តិក្រោយ គេនៅតែធ្វើរឿងនេះទៀត”។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលាក្រុងបាននិយាយថា អាជ្ញាធរនឹងរង់ចាំទទួលលិខិតផ្លូវការពីគណបក្សសង្គ្រោះជាតិទាក់ទិននឹងការហែក្បួននេះ មុនពេលសម្រេចថាតើ នគរបាលនឹងព្យាយាមបញ្ឈប់វាឬយ៉ាងណានោះ។

លោកបាននិយាយថា “យើងមិនបានទទួលព័ត៌មាននេះនៅឡើយទេ។ វាអាស្រ័យលើស្ថានការណ៍…។ យើងនឹងពិចារណា តើការដើរក្បួននោះរបៀបណា មនុស្សប៉ុន្មាននាក់នឹងចូលរួម និងមានគោលបំណងអ្វីទេ”៕និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស