33 C
Phnom Penh

ការិយាល័យ​គយ​សង្គ្រោះ​សត្វ​អណ្តើក​និង​ពស់​៧០០​គីឡូក្រាម​នៅ​ជិត​ព្រំដែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមមន្ត្រីគយឲ្យដឹងថា សត្វអណ្តើកនិងសត្វពស់ដ៏ច្រើនត្រូវបានគេរកឃើញបោះចោលកាលពីព្រឹកថ្ងៃសៅរ៍នៅមាត់ព្រែកមួយ ក្បែរប៉ុស្តិ៍ត្រួតពិនិត្យមួយកន្លែងតាមបណ្តោយព្រំដែនជាប់ប្រទេសវៀតណាម ក្នុងខេត្តកណ្តាល។

លោក មួង តារា ប្រធានការិយាល័យគយនិងរដ្ឋាករច្រកទ្វារជ្រៃធំ បាននិយាយថា សត្វអណ្តើក៣៦៤គីឡូក្រាមនិងសត្វពស់៤៣៣គីឡូក្រាមត្រូវបានគេរកឃើញនៅម៉ោងប្រហែល១រំលងអធ្រាត្រ តាមបណ្តោយស្ទឹងបា៉កណាម បន្ទាប់ពីអ្នករត់ពន្ធមួយក្រុមជិះទូកមួយគ្រឿង បានគេចខ្លួនពីការចាប់របស់ការិយាល័យគយ។

លោកបាននិយាយថា “យើងមានបណ្តាញសមាជិកដែលជាភ្នាក់ងារបង្កប់ ហើយពួកគេបានផ្តល់ព័ត៌មានដល់យើងអំពីករណីនេះ”។ លោកបាននិយាយបន្ថែមថា លោកមិនដឹងថាមានចំនួនសត្វប៉ុន្មាន ឬប្រភេទសត្វអ្វីខ្លះទេ។

លោក តារា បាននិយាយថា “ពួកគេបានដឹកជញ្ជូនអណ្តើកនិងពស់តាមកាណូតដើម្បីយកសត្វទាំងនោះចេញទៅប្រទេសវៀតណាម ប៉ុន្តែពួកគេដឹងថា យើងកំពុងធ្វើដំណើរមកតាមកាណូតលឿនរបស់យើងដើម្បីចាប់ពួកគេ ហើយពួកគេក៏បានបើកគេចដែរ”។

“ប៉ុន្តែ មុនពេលពួកគេគេចខ្លួន ពួកគេបានព្យាយាមលាក់អណ្តើកនិងពស់លើមាត់ព្រែកនេះ។ យើងបានរកឃើញ [សត្វទាំងនេះ] ប៉ុន្តែយើងមិនអាចតាមចាប់ [ពួករត់ពន្ធ] បានទេ”។

លោកបាននិយាយថា ការចាប់បានសត្វអណ្តើកនិងសត្វពស់មកវិញពីមាត់ព្រែកជាការងារដ៏លំបាកណាស់ ហើយឧរង្គសត្វទាំងនោះត្រូវបានប្រគល់ទៅក្រុមបរិស្ថាន សម្ពន្ធសត្វព្រៃ (Wildlife Alliance)។

មន្ត្រីម្នាក់នៅអង្គការក្រៅរដ្ឋាភិបាលដែលបដិសេធមិនប្រាប់ឈ្មោះ ពីព្រោះលោកមិនមានសិទ្ធិនិយាយទៅកាន់បណ្តាញព័ត៌មាន បាននិយាយថា សត្វអណ្តើកនិងសត្វពស់ត្រូវបានគេដឹកជញ្ជូនទៅសួនសត្វព្រៃភ្នំតាម៉ៅកាលពីល្ងាចថ្ងៃសៅរ៍។

មន្ត្រីដដែលបាននិយាយថា សត្វអណ្តើកនិងសត្វពស់ដែលគេរកឃើញនៅជិតព្រែកនោះ ទំនងត្រូវបានគេចាប់ពីខេត្តបាត់ដំបងនិងខេត្តពោធិ៍សាត់ ហើយនឹងត្រូវលែងចោលនៅខេត្តកោះកុង “ឆាប់ៗ”នេះ។

លោកបាននិយាយថា “យើងនឹងលែងវាក្នុងពេលឆាប់ៗនៅខេត្តកោះកុង ពីព្រោះសត្វទាំងនោះភាគច្រើនបំផុតត្រូវគេចាប់ពីភ្នំ ហើយមានតែខេត្តនេះទេដែលយើងមានតំបន់ការពារសត្វព្រៃ”៕និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស