27 C
Phnom Penh

សកម្មជន​​​បន្ថែម​​​ទៀត​​​​​​ត្រូវ​​​​​​បាន​​​​​​​​​​​​​​ឃាត់​​​​​​​​​ខ្លួន​​​ និង​​​ដោះ​​​លែង​​​​​​វិញ​នៅ​​​​​​​ក្នុង​​​​​​​​​​​ថ្ងៃ​​​​​​ច័ន្ទ​​​​​​ពណ៌​​​​​​​​​ខ្មៅ​​​​​​ចុង​​​ក្រោយ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សកម្មជនប្រាំពីរនាក់ដែលត្រូវបានឃាត់ខ្លួនក្នុងរាជធានីភ្នំពេញ កាលពីព្រឹកម្សិលមិញពីបទព្យាយាមធ្វើការតវ៉ាប្រឆាំងការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សបួនរូប និងមន្ត្រីគ.ជ.ប.មួយរូបកាលពីពេលថ្មីៗនេះ ត្រូវបានដោះលែងវិញនៅពេលមេឃងងឹត ដោយបញ្ចប់ស្រដៀងគ្នាទៅនឹងការតវ៉ា “ថ្ងៃច័ន្ទពណ៌ខ្មៅ” ចុងក្រោយនេះដែរ។

ក្រុមអ្នកតវ៉ាដែលពាក់អាវខ្មៅបានប្រមូលផ្ដុំគ្នាលើកទី១នៅខាងក្រៅពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី៩ ខែឧសភាដើម្បីទាមទារឲ្យដោះលែងអ្នកទោសទាំងប្រាំរូបដែលសុទ្ធតែត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់ស្រីកំណាន់របស់លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីឲ្យនាងបដិសេធស្នេហាលួចលាក់របស់ខ្លួន។ អង្គភាពប្រឆាំងអំពើពុករលួយបាននិងកំពុងស៊ើបអង្កេតពីទំនាក់ទំនងស្នេហាលួចលាក់នេះដើម្បីរកភ័ស្តុតាងបង្ហាញពីការប្រព្រឹត្តខុសផ្នែកហិរញ្ញវត្ថុ ប៉ុន្តែមជ្ឈដ្ឋានជាច្រើនចាត់ទុកការប្រឹងប្រែងនេះថាមានហេតុផលនយោបាយ។

ក្រុមសកម្មជនដែលព្យាយាមចូលរួមការតវ៉ាមួយនៅខាងក្រៅពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចាប់បង្ខំឲ្យឡើងលើរថយន្តរបស់នគរបាលកាលពីព្រឹកម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌ ខេមបូឌា ដេលី
ក្រុមសកម្មជនដែលព្យាយាមចូលរួមការតវ៉ាមួយនៅខាងក្រៅពន្ធនាគារព្រៃស ក្នុងរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចចាប់បង្ខំឲ្យឡើងលើរថយន្តរបស់នគរបាលកាលពីព្រឹកម្សិលមិញ។ រូបថតៈ ស៊ីវ ចាន់ណា/ឌ ខេមបូឌា ដេលី

កាលពីព្រឹកម្សិលមិញ សកម្មជនបួននាក់ត្រូវបានឃាត់ខ្លួនតាមរ៉ឺម៉កម៉ូតូកង់បីមួយគ្រឿងនៅតាមផ្លូវឆ្ពោះទៅពន្ធនាគារ ហើយត្រូវបានបង្ខំឲ្យឡើងលើរថយន្តនគរបាលដែលបានដឹកពួកគាត់ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ។ ប៉ុន្មាននាទីក្រោយមក សកម្មជនបីនាក់ទៀតត្រូវបានឃាត់ខ្លួននៅខាងក្រៅពន្ធនាគារ បន្ទាប់ពីចងភ្ជាប់បាច់ផ្កាឈូកទៅនឹងរបងបន្លាលួស។

នៅពេលត្រូវសមត្ថកិច្ចចាប់បង្ខំឲ្យឡើងលើរថយន្តនគរបាល អ្នកស្រី អុីម ស្រីទូច ជាសកម្មជនម្នាក់ក្នុងចំណោមសកម្មជនដែលត្រូវបានឃាត់ខ្លួនតាមរ៉ឺម៉កម៉ូតូកង់បីនេះ បានស្រែកថា “អយុត្តិធម៌ អយុត្តិធម៌ណាស់ ខ្ញុំមិនបានធ្វើអីខុសទេ”។

ច្បាប់ស្ដីពីការប្រមូលផ្ដុំដោយសន្តិវិធីមិនតម្រូវឲ្យអ្នករៀបចំស្វែងរក ឬទទួលការអនុញ្ញាតដើម្បីធ្វើការតវ៉ាឡើយ ដោយគ្រាន់តែជូនដំណឹងប៉ុណ្ណោះ។ ប៉ុន្តែលោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍ថា មនុស្សប្រាំពីរនាក់នេះត្រូវបានឃាត់ខ្លួនដោយសារតែពួកគាត់មិនទទួលបានការអនុញ្ញាតជាមុន។

លោកលើកឡើងទៀតថា “ពួកគាត់គ្មានការអនុញ្ញាតទេ។ ពួកគាត់មិនស្ដាប់ការណែនាំអប់រំរបស់យើងទេពាក់ព័ន្ធការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅ ដើម្បីដោះលែងជនជាប់ចោទប្រាំនាក់ដែលកំពុងជាប់ពន្ធនាគារ។ សំណុំរឿងនេះកំពុងស្ថិតក្នុងដៃតុលាការ ហើយប្រសិនបើពួកគាត់ចង់ទាមទារអ្វីមួយ ពួកគាត់គួរតែគោរពតាមនីតិវិធីតុលាការ”។

មន្ត្រីរដ្ឋាភិបាលបានចាត់ទុកយុទ្ធនាការដោយសន្តិវិធីសម្រាប់ការដោះលែងអ្នកទោសទាំងប្រាំរូបនេះថាជា “ការបះបោរក្នុងទីក្រុង” ហើយថា ការជ្រើសរើសស្លៀកពាក់ខ្មៅរបស់ពួកគាត់ដើម្បីធ្វើជានិមិត្តរូបបង្ហាញពីស្ថានភាពសិទ្ធិមនុស្សដ៏អាក្រក់នៅកម្ពុជា គឺជាសាររំឭកដល់ខ្មែរក្រហម។

កាលពីម្សិលមិញ លោក សារ៉ាន់ កំសត់ អ្នកនាំពាក្យនគរបាលជាតិបានចោទប្រកាន់ពួកគាត់ពីបទញុះញង់។ លោកថ្លែងថា “នេះមិនមែនជាការបញ្ចេញមតិទេ ប៉ុន្តែជាការញុះញង់ដើម្បីទាក់ទាញអ្នកផ្សេងទៀតឲ្យចូលរួមជាមួយពួកគាត់ក្នុងគោលបំណងបង្កភាពចលាចលក្នុងសង្គម”។

ទោះជាយ៉ាងណា វាពិតជាដូចអ្វីដែលបានគិតទុកអ៊ីចឹង គឺរដ្ឋាភិបាលបានដោះលែងសកម្មជនប្រាំពីរនាក់នៅល្ងាចថ្ងៃនោះ។ ពេលទាក់ទងតាមទូរស័ព្ទនៅពេលល្ងាច លោក ម៉េត មាសភក្ដី មានប្រសាសន៍ថា ស្ត្រីទាំងនេះត្រូវបានដោះលែងវិញនៅម៉ោង៦ល្ងាចបន្ទាប់ពីចុះកិច្ចសន្យាបញ្ឈប់ការតវ៉ារបស់ខ្លួន។

អ្នកនាំពាក្យរូបនេះបានថ្លែងថា ពួកគាត់ត្រូវបានដោះលែងវិញហើយ ទោះបីជាអ្នកដែលខ្លួនបានឃាត់ខ្លួនអំឡុងការតវ៉ាថ្ងៃច័ន្ទពណ៌ខ្មៅលើកមុនៗ រួមទាំងស្ត្រីបួននាក់ដែលត្រូវបានឃាត់ខ្លួនកាលពីម្សិលមិញផង បានចុះហត្ថលេខាលើកិច្ចសន្យាដដែលក្តី។

លោកលើកឡើងបន្តដោយមិនលម្អិតថា ”យើងនៅតែអប់រំណែនាំពួកគាត់។យើងអត់ធ្មត់ ប៉ុន្តែបើពួកគាត់នៅតែធ្វើបែបនេះ យើងនឹងចាត់វិធានការតាមផ្លូវរដ្ឋបាល”។

ក្រោយពីត្រូវគេដោះលែង អ្នកស្រី ច្រាយ នីម និយាយថា គាត់និងស្ត្រីផ្សេងៗទៀតត្រូវបានសួរនាំអំឡុងពេលឃាត់ខ្លួន។ អ្នកស្រីនិយាយថា “គេបានសួរពួកយើងថា ហេតុអីបានជាយើងស្លៀកពាក់ខ្មៅ។ យើងនិយាយថា យើងស្លៀកពាក់ខ្មៅដើម្បីកាន់ទុក្ខសម្រាប់សិទ្ធិមនុស្ស និងបង្ហាញថា សិទ្ធិមនុស្សនៅកម្ពុជាពេលនេះកំពុងស្ថិតក្នុងភាពខ្មៅងងឹត។ យើងបានសួរប៉ូលិសថា ហេតុអីបានជាយើងមិនអាចពាក់ពណ៌ខ្មៅនៅថ្ងៃច័ន្ទពណ៌ខ្មៅបាន។ ពួកគេនិយាយថា យើងបំពានច្បាប់ ពីព្រោះក្រសួងមហាផ្ទៃបានហាមឃាត់”។

អ្នកស្រីបានបន្តទៀតថា ពួកគាត់បានចុះហត្ថលេខាលើកិច្ចសន្យា ប៉ុន្តែយល់ថា ពួកគាត់មិនគួរចុះនោះទេ ពីព្រោះឯកសារទាំងនេះរឹតបន្តឹងតែទៅលើការតវ៉ាខុសច្បាប់ប៉ុណ្ណោះ។

អ្នកស្រីបានបន្ថែមថា “ការតវ៉ារបស់យើងគឺស្របច្បាប់ ពីព្រោះគ្មានច្បាប់ចែងថា យើងមិនអាចស្លៀកពាក់ខ្មៅបានទេ” ហើយប្ដេជ្ញាតវ៉ាបន្តទៀតរហូតដល់អ្នកទោសទាំងប្រាំរូបត្រូវបានដោះលែង។

លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានមានប្រសាសន៍ថា នគរបាលគ្មានមូលដ្ឋានផ្លូវច្បាប់ដើម្បីចាប់ខ្លួនស្ត្រីទាំងនេះទេ។លោកស្រីបានមានប្រសាសន៍ទៀតថា ”អ្វីដែលសមត្ថកិច្ចបានធ្វើហាក់ដូចជាបំពានសេរីភាពរបស់ប្រជាពលរដ្ឋដែលទទួលបានការធានាដោយរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។ ខ្ញុំគិតថា បើរឿងនេះ [ការចាប់ខ្លួន] នៅតែបន្ត វានឹងធ្វើឲ្យស្ថានភាពសិទ្ធិមនុស្សកាន់តែអាក្រក់ទៅៗ”៕ សុខុម (រាយការណ៍បន្ថែមដោយ ឃី សុវុឌ្ឍី)

 

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស