32 C
Phnom Penh

ACU ​​​ប្រហែល​​​ជា​​​​​​សើុប​​​​​​អង្កេត​​​​​​លោក​​​ កឹម សុខា ​​​ពាក់​​​ព័ន្ធ​​​​​​ការ​​​ជួញ​​​ដូរ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ  លោក ឱម  យិុនទៀង  ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានលើកឡើងថា លោកនឹងពិនិត្យមើលលទ្ធភាពដែលថា លោក កឹម  សុខា  អនុ ប្រធានគណបក្សប្រឆាំងបានជួយសម្រួលឲ្យមានការជួញដូរមនុស្សទៅកាន់សហរដ្ឋអាមេរិក ក្រោមរូបភាពធ្វើដំណើរទៅបរទេសដើម្បីបំពេញការងារ។

ការចោទប្រកាន់នេះត្រូវបានធ្វើឡើងអំឡុងសន្និសីទកាសែតមួយក្នុងទីស្នាក់ការកណ្តាលរបស់អង្គភាពប្រឆាំងអំពើពុករលួយក្នុងរាជធានីភ្នំពេញដោយអ្នកស្រី  សម ផល្លា ជាស្ត្រីម្នាក់ដែលអះអាងជាច្រើនឆ្នាំមកហើយថា ជាម្តាយរបស់ស្រីកំណាន់ដែលត្រូវលោក កឹម សុខា ច្រានចោល ហើយ បានដាក់ពាក្យបណ្តឹងមួយចំនួនប្តឹងរូបលោក។

ដោយអ្នកព័ត៌មានកំពុងតាមដាននោះលោក ឱម យិុនទៀង បានសាកសួរអ្នកស្រី សម ផល្លា ពាក់ព័ន្ធការអះអាងដែលថា អ្នកស្រីបានលក់ផ្ទះរបស់ខ្លួន ហើយប្រគល់ប្រាក់ចំនួន១០.០០០ដុល្លារទៅឲ្យលោក កឹម សុខា ដោយយល់ឃើញថា លោកនឹងសងអ្នកស្រីវិញនៅពេលក្រោយ។ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរូបនេះបានសម្រេចថា បណ្តឹងនេះហួសពីដែនសមត្ថកិច្ចរបស់លោក មុនពេលការបញ្ជូនទៅវិញទៅមកប្តូរទិសដៅផ្សេង។

អ្នកស្រី ផល្លា បាននិយាយថា “គាត់ធ្លាប់នាំមនុស្សទៅក្រៅប្រទេសក្នុងនាមជាលេខាផ្ទាល់របស់លោក ហើយពួកគេបានឲ្យលុយគាត់២០.០០០ដុល្លារក្នុងម្នាក់ៗ។ ខ្ញុំបានឮគាត់និយាយថា ពេលពួកគេទៅដល់អាមេរិក សាច់ញាតិរបស់ពួកគេបានទៅទទួល”។

អ្នកស្រីបានបន្ថែមទៀតថា លោក កឹម សុខា បានឲ្យប្រាក់កូនស្រីរបស់ខ្លួន ឈ្មោះ កែវ សុផាន់ណារី ចំនួន៤.០០០ដុល្លារ ដែលលោកទទួលបានក្នុងទម្រង់ជាជំនួយនយោបាយ។

លោក ឱម យិុនទៀង បានលើកឡើងថា ត្រូវតែមានការសើុបអង្កេតបន្ថែមដើម្បីកំណត់ថា តើប្រាក់ទាំងនេះលោក កឹម សុខា ទទួលបាន និងចំណាយដោយស្របច្បាប់ ឬក៏អត់។

ដោយនិយាយសង្ខេបនូវការអះអាងរបស់អ្នកស្រី សម ផល្លា នោះ លោកបានថ្លែងថា “ស្ត្រីរូបនេះបានរៀបរាប់អំពីរបៀបដែលលោក កឹម សុខា បានទៅក្រៅប្រទេសរៃអង្គាសប្រាក់សម្រាប់យុទ្ធនាការនយោបាយ ហើយបានដកយក៤.០០០ដុល្លារមកឲ្យកូនរបស់គាត់…នេះគឺជាបញ្ហាមួយ”។

លោកបានថ្លែងបន្តថា “ទី២ ស្ត្រីរូបនេះបាននិយាយថា ពេលឯកឧត្តម កឹម សុខា ទៅក្រៅប្រទេស គាត់បាននាំមនុស្សទៅក្នុងនាមជាលេខា ហើយអាមេរិកបានផ្តល់ទិដ្ឋាការឲ្យពួកគេ។ តើនរណា បានទៅជាមួយគាត់និងឲ្យគាត់២០.០០០ដុល្លារឲ្យពិតប្រាកដទៅ?។ តើនេះជាការជួញដូរមនុស្សដែរឬអត់?”។

លោក ឱម យិុនទៀង បានលើកឡើងទៀតថា អង្គភាពប្រឆាំងអំពើពុករលួយនឹងស្នើសុំការសហការពីស្ថានទូតអាមេរិកនៅក្នុងការសើុបអង្កេតរបស់ខ្លួនលើដំណើរទៅក្រៅប្រទេសរបស់លោក កឹម សុខា ។

លោក ចាយ រ៉ាម៉ាន អ្នកនាំពាក្យស្ថានទូតអាមេរិកបានលើកឡើងថា លោកបានដឹងអំពីការលើកឡើងរបស់លោក ឱម យុិនទៀង ហើយ ប៉ុន្តែ មិនអាចធ្វើអត្ថាធិប្បាយលើការដែលអាចមានការស្នើសុំការសហការ បានឡើយ។

នៅក្នុងករណីដាច់ដោយឡែកមួយទៀតលោក ឱម យិុនទៀង បានច្រានចោលបណ្តឹង ដែលលោក រស់ សារុំ ប្រធានអង្គការ Victory Intelligent Standard Association បានប្តឹងសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប.)មកកាន់អង្គភាពប្រឆាំងអំពើពុករលួយ កាលពីសប្តាហ៍មុន។ បណ្តឹងនេះបានចោទប្រកាន់សមាជិក គ.ជ.ប.មួយក្តាប់តូចថា បក្ខពួកនិយម។

លោក ឱម យិុនទៀង បានប្រាប់លោក រស់ សារុំ ថា “គ្មានព័ត៌មានណាដែលជាភ័ស្តុតាងនៃការប្រព្រឹត្តអំពើពុលរលួយនោះឡើយ។ហេតុដូច្នេះយើងមិនអាចទទួលយកបណ្តឹងរបស់លោកបានទេ”។

លោកបានបន្ថែមថា “លោកនិយាយថា តម្រុយដែលចង្អុលបង្ហាញអំពីការប្រព្រឹត្តអំពើពុករលួយគឺការដែលពួកគេបានដំឡើងតំណែងឲ្យសាច់ញាតិរបស់ខ្លួន។ ច្បាប់ប្រឆាំងអំពើពុករលួយមិនបានចែងថា ការជ្រើសតាំងសាច់ញាតិគឺជាអំពើពុលរលួយនោះឡើយ”។

លោក ឱម យិុនទៀង បានរងការរិះគន់នៅក្នុងខែមេសាសម្រាប់ការតែងតាំងកូនប្រុសពីរនាក់របស់លោកជាជំនួយការនៅអង្គភាពប្រឆាំងអំពើពុករលួយ”៕ស៊ុយឈាង (រាយការណ៍បន្ថែមដោយ Taylor O’Connell)

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស