28.4 C
Phnom Penh

រដ្ឋាភិបាល​កំណត់​កាលបរិច្ឆេទ​ដាក់លក់​ដេញ​ថ្លៃឈើ​លើក​ដំបូង​​ក្នុង​តម្លៃ​១២លានដុល្លារ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាមសេចក្ដីថ្លែងការណ៍មួយដែលចេញដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីម្សិលមិញបានឲ្យដឹងថា ភាគច្រើននៃឈើចំនួន៧០.០០០ម៉ែត្រគូបដែលត្រូវបានរឹបអូសដោយរដ្ឋាភិបាលនៅឆ្នាំនេះ នឹងដាក់លក់ដេញថ្លៃចាប់ផ្តើមពីចុងខែនេះទៅក្នុងការដាក់តម្លៃដំបូងសរុប១២,២លានដុល្លារ។

ឈើដែលកុងតឺន័រជាង២.០០០គ្រឿងទើបដឹកអស់នោះ ត្រូវបានរឹបអូសដោយក្រុមការងារពិសេសមួយ ដែលបង្កើតឡើងដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែមករា ដើម្បីលុបបំបាត់ការស្តុកឈើខុសច្បាប់នៅទូទាំងប្រទេសកម្ពុជាភាគបូពា៌។ ភាគច្រើននៃឈើទាំងនោះត្រូវបានរកឃើញ នៅលើចម្ការកៅស៊ូនានា នៅក្នុងឬនៅជុំវិញរោងអារឈើ ឬនៅក្នុងដីព្រៃរបស់រដ្ឋ។

កាលពីខែមីនា លោក ហ៊ុន សែន បានបញ្ជាឲ្យបញ្ឈប់ភ្លាមៗចំពោះការដាក់លក់ដេញថ្លៃដែលរដ្ឋាភិបាលបានប្រើប្រាស់ដើម្បី បញ្ចេញឈើដែលរឹបអូសបានទាំងអស់ ដោយទទួលស្គាល់ថា គម្រោងនេះមិនបានទប់ស្កាត់ការកាប់ឈើខុសច្បាប់ឡើយ។

ប៉ុន្តែលោកបានប្ដូរចិត្តវិញកាលពីខែមុន ដោយប្រកាសថា ទីបំផុតឈើចំនួន៧០.០០០ ម៉ែត្រគូបនឹងត្រូវដាក់លក់ដេញថ្លៃ ពីព្រោះលោកបានអះអាងថា ក្រសួងអប់រំដែលត្រូវបានផ្ដល់ឈើដើម្បីយកទៅសាងសង់សាលារៀន ផ្ទះគ្រូ និងអ្វីៗផ្សេងៗទៀតដែលក្រសួង ត្រូវការនោះ ខ្វះធនធានក្នុងការដឹកឈើទាំងនេះចេញ។ ឥឡូវនេះក្រសួងនឹងទទួលបានប្រាក់ដោយការដាក់លក់ដេញថ្លៃនេះ។

យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា ឈើចំនួន៦២.០០០ម៉ែត្រគូបដំបូង នឹងត្រូវដាក់លក់ដេញថ្លៃជាប្រាំពីរក្រុមតាមទីតាំងផ្សេងៗ ដែលទីតាំងទាំងអស់នេះនៅក្នុងខេត្តមណ្ឌលគិរីចាប់ពីថ្ងៃទី២៧ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា។ ការលក់ដេញថ្លៃធំបំផុតនឹងធ្វើឡើងនៅថ្ងៃទី២៧នៅចម្ការកៅស៊ូដាយណាម ដែលកាន់កាប់ដោយជនជាតិចិនគឺ ឈើចំនួន២៦.០០០ម៉ែត្រគូប ដោយការកំណត់តម្លៃដំបូងគឺ៤,៧លានដុល្លារ។

លោក ស្វាយ សំអៀង អភិបាលខេត្តមណ្ឌលគិរីបានមានប្រសាសន៍ថា ការលក់ដេញថ្លៃបានចាប់ផ្ដើមនៅក្នុងខេត្តរបស់លោក ពីព្រោះវាជាកន្លែងដែលក្រុមការងារពិសេសបានរកឃើញឈើភាគច្រើន។

ដោយបដិសេធមិនធ្វើអត្ថាធិប្បាយបន្ថែម លោកថ្លែងថា “ការដាក់លក់ដេញថ្លៃត្រូវធ្វើជាជំហានៗ ហើយចំនួនឈើនៅទីនេះគឺច្រើនណាស់ បន្ទាប់មកនឹងមានការដាក់លក់ដេញថ្លៃនៅខេត្តផ្សេងៗទៀតនៅពេលក្រោយ”។ សេចក្ដីប្រកាសពីការលក់ដេញថ្លៃនេះ គឺជាការផ្លាស់ប្ដូរដ៏សំខាន់របស់រដ្ឋាភិបាល។

ប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាលបានលក់ដេញថ្លៃឈើរាប់ពាន់ម៉ែត្រគូបដោយគ្មានការតាមដានការដេញថ្លៃជាសាធារណៈជាការរំលោភច្បាស់ក្រឡែតចំពោះច្បាប់រដ្ឋបាលព្រៃឈើ។ គណៈកម្មាធិការពិសេសមួយដែលដឹកនាំដោយលោក អៀង សុផាល្លែត ជំនួយការផ្ទាល់របស់លោក ហ៊ុន សែន បានលក់ឈើភាគច្រើនទៅឲ្យឈ្មួញឈើគឺលោក ទ្រី ភាព ទីប្រឹក្សារបស់លោក ហ៊ុន សែន ក្នុងតម្លៃថោក។

ចំណែកក្រុមហ៊ុនមួយចំនួន ឈើជាច្រើនត្រូវបានរឹបអូសនៅនឹងកន្លែងចាប់តាំងពីខែមករា ប៉ុន្តែគ្មានក្រុមហ៊ុនណាមួយត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋឡើយ។ សាលាដំបូងខេត្តបានបើកការស៊ើបអង្កេតជាច្រើន ប៉ុន្តែក្រុមហ៊ុនទាំងនោះអះអាងថា ឈើទាំងនេះមិនមែនជារបស់ពួកគេទេ៕ សារុន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស