30.1 C
Phnom Penh

សភា​​​កោះ​​​ហៅ​​​​​​រដ្ឋមន្រ្តី​​​ក្រសួង​​​យុត្តិធម៌ ​​​ចំពេល​​​​​​​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ធ្វើ​​​ពហិការ​​​មិនចូលរួម

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សភាជាតិបានអញ្ជើញរដ្ឋមន្រ្តីក្រសួងយុត្តិធម៌គឺលោក អង្គ វង្សវឌ្ឍានា ដែលរងការរិះគន់នៅខែកុម្ភៈ ដោយសារតែមានភាគហ៊ុននៅក្រៅប្រទេសដែលបង្ហាញឲ្យឃើញក្នុងឯកសារប៉ាណាម៉ា ផេភឺ (Panama Papers) ដើម្បីសាកសួរក្នុងពេលប្រជុំពេញអង្គនៅថ្ងៃព្រហស្បតិ៍នេះ ទោះបីជាមានពហិការមិនចូលរួមដោយគណបក្សប្រឆាំងដែលបានស្នើសុំឱ្យរដ្ឋមន្ត្រីរូបនេះចូលបំភ្លឺក៏ដោយ។

គណបក្សសង្គ្រោះជាតិក៏បានប្រកាសធ្វើពហិការមិនចូលប្រជុំសភាដោយមិនមានពេលកំណត់កាលពីខែមុន គឺចំពេលដែលមានបណ្តឹងផ្លូវច្បាប់ជាច្រើនប្រឆាំងនឹងតំណាងរាស្រ្តរបស់ខ្លួន។

លោក សុន ឆ័យ ប្រធានតំណាងរាស្ត្របក្សសង្គ្រោះជាតិដែលបានប្រកាសថាមានគម្រោងកោះហៅលោក អង្គ វង្សវឌ្ឍានាកាលពីខែមេសា បានមានប្រសាសន៍ថា ការសម្រេចចិត្តរបស់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចក្នុងការជំរុញឲ្យមានការសាកសួរ គឺគួរឲ្យខកចិត្ត។

លោក សុន ឆ័យ បាននិយាយថា” យើងបានឃើញអភ័យឯកសិទ្ធិរបស់តំណាងរាស្ត្រត្រូវគេរំលោភ ដោយមានការចាប់ខ្លួន ដោយបំពានទៅលើអភ័យឯកសិទ្ធិតំណាងរាស្រ្ត ហើយពេលនេះអ្វីៗគឺប្រែប្រួល”។ លោក សុន ឆ័យបាននិយាយថា “ហេតុអ្វីបានជាយើងមិនអាចសុំពន្យារពេលបាន?”។

លោក ឈាង វុន តំណាងរាស្រ្គគណបក្សប្រជាជនកម្ពុជា បាននិយាយថា កាលបរិចេ្ឆទគឺបានសម្រេចរួចហើយ ហើយថាតំណាងរាស្រ្តគណបក្សកំពុងកាន់អំណាចអាចសួរសំណួរដែលដាក់ស្នើរួចហើយដោយគណបក្សប្រឆាំង។

លោក ឈាង វុន បាននិយាយសំដៅលើគណបក្សសង្គ្រោះជាតិថា” តើគេមកចូលរួមឬអត់ គឺ ស្រេចលើពួកគេ។បើខ្ញុំចង់នៅផ្ទះ ហើយទទួលបានប្រាក់ខែ អ៊ីចឹង ខ្ញុំក៏អាចធ្វើពហិការបានដែរ។ លោក វង្សវឌ្ឍានា បានបដិសេធថាលោកមិនមានទំនាក់ទំនងជាមួយក្រុមហ៊ុនមានមូលដ្ឋាននៅ Brithish Virgin Islands ដែលនៅទីនោះម្ចាស់ភាគហ៊ុនត្រូវបានបង្ហាញឈ្មោះក្នុងបណ្តុំឯកសារដែលបែកធ្លាយក្នុងក្រុមហ៊ុនច្បាប់ប៉ាណាម៉ាឈ្មោះ ម៉ុនស្សាក់ ហ្វុនសេកា (Monssack Fonseca)នោះទេ៕ មាំ វិបុល

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស