33 C
Phnom Penh

ដោយ​​​មាន​​​សៀវ​​​ភៅ​​​ថ្មី ការ​​​ស្វែង​​​រក​​​​​​​​​​​​រូប​​​ចម្លាក់​​​​​​បាត់​​​ដំបង​​​ដែល​​​គេ​​​លួច​​​​​​ទៅ​​​បា​ត់​​​គឺ​​​​​​​​​ចាប់​​​ផ្តើម​​​ហើយ​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួងវប្បធម៌បានចេញសៀវភៅមួយកាលពីថ្ងៃច័ន្ទអំពីរូបចម្លាក់ខ្មែរ៦៨រូបដែលត្រូវបានចោរលួចពីសារមន្ទីរនានាក្នុងក្រុងបាត់ដំបង ក្នុងអំឡុងពេលសង្គ្រាមនិងជម្លោះរាប់ទសវត្សរ៍កន្លងមកនេះ ហើយមានបំណងប្រើការចេញផ្សាយនេះក្នុងការស្វែងរកជាសាកល ដើម្បីរកមកវិញនូវវត្ថុបុរាណទាំងនោះ។

P2-800x506លទ្ធផលនៃការស៊ើបអង្កេតដ៏ផ្ចិតផ្ចង់ដោយក្រុមជួសជុលមកពីសារមន្ទីរជាតិដែលជួយជ្រោមជ្រែងដោយសាលាបារាំងចុងបូពា៌នោះ សៀវភៅបង្ហាញថា រហូតមកដល់ដើមទសវត្សរ៍ឆ្នាំ១៩៧០ រូបចម្លាក់បានស្ថិតនៅក្នុងសារមន្ទីរខេត្តបាត់ដំបង ឬសារមន្ទីរវត្តពោធិ៍វាល។

អ្នកស្រី អាន្ន ឡឺម៉េស្ត្រ តំណាងយូណេស្កូប្រចាំកម្ពុជាដែលឧបត្ថម្ភគម្រោងសៀវភៅបានមានប្រសាសន៍ថា “ដំបូងបង្អស់ យើងចង់រំលឹកដល់ម្ចាស់វត្ថុទាំងនេះថា អ្វីដែលពួកគេមានគឺជាកម្មសិទ្ធិខុសច្បាប់ ពោលគឺវត្ថុនេះជារបស់សារពើភណ្ឌជាតិកម្ពុជា”។

អ្នកស្រីបានមានប្រសាសន៍ថា អង្គការយូណេស្កូនឹងបញ្ជូនសៀវភៅទៅនគរបាលអាំងទែប៉ូល ក្រុមប្រឹក្សាសារមន្ទីរអន្តរជាតិ សារមន្ទីរទាំងអស់ដែលមានវត្ថុសិល្បៈខ្មែរ និងឈ្មួញវត្ថុសិល្បៈឆ្លងដែន។

នៅក្នុងសៀវភៅដែលមានចំណងជើងថា “វត្ថុបុរាណដែលបាត់បង់ពីសារមន្ទីរពោធិ៍វាលនិងសារមន្ទីរក្រុងបាត់ដំបង” ទំព័រនីមួយៗមានបញ្ចូលរូបថតនៃវុត្ថុបុរាណមួយនិងព័ត៌មានអំពីទំហំ រចនាប័ទ្ម និងសករាជ។

រូបចម្លាក់នានាមានអាយុកាលពីសតវត្សរ៍ទី៦ដល់សម័យក្រោយអង្គរ។

នាយកដ្ឋានអភិរក្សរបស់សារមន្ទីរជាតិចំណាយពេលផលិតឯកសារប្រហែលពីរឆ្នាំ។ លោក ហួត សំណាង អនុប្រធាននាយកដ្ឋានជួសជុលបានមានប្រសាសន៍ថា កិច្ចការដំបូង គឺគិតគូរថាវត្ថុបុរាណអ្វីខ្លះនៅមានក្នុងសារមន្ទីរ។

លោកបាននិយាយថា ក្នុងពេលដែលសង្គ្រាមស៊ីវិលកាន់តែឆាបឆេះឡើងក្នុងដើមទសវត្សរ៍ឆ្នាំ១៩៧០ អាជ្ញាធរសារមន្ទីរបានរើវត្ថុបុរាណខ្លះនៅបាត់ដំបងទៅសារមន្ទីរជាតិក្នុងក្រុងភ្នំពេញ។ ដូច្នេះនាយកដ្ឋានបានកំណត់ថាវត្ថុបុរាណមួយណាបានស្ថិតនៅក្នុងខេត្តបាត់ដំបង ហើយមួយណាត្រូវបញ្ជូនមកក្រុងភ្នំពេញ។

លោក បែរត្រង់ដ៍ ព័ត៍ អ្នកជំនាញជួសជុលថ្មប្រាសាទនិងជាតំណាងសាលាប្រចាំក្រុងភ្នំពេញបានមានប្រសាសន៍ថា ប្រភពសំខាន់មួយនៃព័ត៌មានគឺការប្រមូលផ្តុំកំណត់ហេតុនិងរូបថតដែលចងក្រងដោយ អ្នកស្រី ម៉ាដេលីន ហ្គីតូ នៃសាលាបារាំងចុងបូព៌ា។

អ្នកស្រី ហ្គីតូ មានភារកិច្ចបង្កើតសារមន្ទីរបាត់ដំបងពីរកន្លែងក្នុងទសវត្សរ៍ឆ្នាំ១៩៦០។ លោក ព័ត៍ បាននិយាយថា អ្នកស្រីបានប្រមូលរូបថតនិងកំណត់ហេតុជាច្រើនទាក់ទងនឹងការប្រមូលវត្ថុបុរាណរបស់សារមន្ទីរទាំងអស់ ដោយបង្កើតនូវកំណត់ហេតុពីរបណ្តុំ គឺមួយសម្រាប់សាលាបារាំងចុងបូព៌ាក្នុងក្រុងប៉ារីស និងមួយសម្រាប់សារមន្ទីរជាតិក្នុងក្រុងភ្នំពេញ។ សម្រាប់សៀវភៅថ្មី ក្រុមអ្នកជួសជុលធ្វើការជាមួយប័ណ្ណសារទាំងពីរ។

លោក គង់ វីរៈ ប្រធាននាយដ្ឋានសារមន្ទីរនៃក្រសួងវប្បធម៌បានមានប្រសាសន៍ថា “ការស្រាវជ្រាវសម្រាប់សៀវភៅនេះគឺទទួលបានលទ្ធផលជាផ្លែផ្កា។ រូបចម្លាក់នាសតវត្សរ៍ទី១១ដែលបានបាត់ គឺបានរកឃើញនៅឯការលក់ដេញថ្លៃរបស់ក្រុមហ៊ុនគ្រីស្ទីក្នុងក្រុងប៉ារីស ហើយក្រសួងកំពុងតែចាត់វិធានការ ដើម្បីយកវត្ថុបុរាណនោះមកវិញ៕រើន

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស