28 C
Phnom Penh

អ្នកនាំ​ពាក្យ​រដ្ឋាភិបាល​មានឫស​គល់ក្នុង​គណបក្ស​ប្រឆាំង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រីមានបញ្ហាតិចតួចក្នុងពេលសព្វថ្ងៃនេះ ដោយបង្កើតការវាយ ប្រហារលើថ្នាក់ដឹកនាំគណបក្សប្រឆាំងរបស់ប្រទេសនេះ ដោយចាត់ទុកលោក សម រង្ស៊ី ជា “អ្នកប្រកាន់ ពូជសាសន៍” មានម្តាយជាជនជាតិវៀតណាម និងលោក កឹម សុខា ជា “អាយ៉ងអាមេរិក” ជាប់ពាក់ព័ន្ធនឹង ទាសភាពផ្លូវភេទ។

លោក ផៃ ស៊ីផាន និងលោក កែវ រ៉េមី
លោក ផៃ ស៊ីផាន និងលោក កែវ រ៉េមី

លោក ផៃ ស៊ីផាន បាននិយាយថា មេដឹកនាំទាំងពីររបស់គណបក្សសង្គ្រោះជាតិជម្នះចង់ “បង្កើតស្ថានការណ៍ សង្គ្រាមស៊ីវិល”មួយនៅប្រទេសកម្ពុជា ដោយលោក សុខា “ជាជនកុម្មុយនិស្ត[ដែល]មិនគាំទ្រវិមជ្ឈការ” ហើយ លោក រង្ស៊ី “ជាជនកុហកជាតិ”។

យោងតាមលោក ផៃ ស៊ីផាន ឲ្យដឹងថា ចំណែកឯ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន វិញជាអ្នកប្រជាធិបតេយ្យ “ក្លាហានពិតប្រាកដ” ដែល”មានប្រជាប្រិយភាពទូទៅ” ដោយសារសន្តិភាពនិងការអភិវឌ្ឍ ដែលលោកបាន នាំមកជូនប្រទេសជាតិ។

អតីតសហសេវិកបាននិយាយកាលពីថ្ងៃអង្គារថា វាជាការផ្ទុយគ្នាស្រឡះពីនិន្នាការរបស់លោកក្នុងទសវត្សរ៍ ឆ្នាំ ២០០០ ដែលនៅពេលនោះលោក ស៊ីផាន ជា បេក្ខជនតំណាងរាស្ត្រមួយរូបសម្រាប់គណបក្សប្រឆាំងរបស់ លោក រង្ស៊ី ហើយក្រោយមកទៀត ជាពិធីករកម្មវិធីវិទ្យុប្រឆាំងរដ្ឋាភិបាលរបស់អង្គការសិទ្ធិមនុស្សរបស់លោក សុខា។

លោក ប៉ា ងួនទៀង ដែលធ្លាប់ធ្វើការជាមួយលោក ស៊ីផាន នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) របស់ លោក កឹម សុខា កាលពីឆ្នាំ២០០៤ បាននិយាយថា “គាត់ជាអ្នកនយោបាយសុទ្ធសាធ ហើយប្រឆាំងរដ្ឋាភិបាល ទាក់ទិននឹងយុត្តិធម៌សង្គមនិងអំពើពុករលួយ។ គាត់និយាយញឹកញាប់ណាស់តាមវិទ្យុអំពីបញ្ហានេះ”។

លោកបាននិយាយថា “ឧទាហរណ៍ នៅក្នុងពិធីបុណ្យសពលោក ជា វិជ្ជា មេដឹកនាំសហជីពដ៏មានប្រជាប្រិយ ដែលត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្តាលថ្ងៃនៅឆ្នាំ២០០៤ លោក ស៊ីផាន ជាអ្នកផ្សាយវិទ្យុបន្តផ្ទាល់ របស់យើងពីបរិវេណនៅជិតវិមានឯករាជ្យ”។

លោកបាននិយាយបន្ថែមថា “គាត់បានវាយប្រហារយ៉ាងខ្លាំងទៅលើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធ នឹងការរំលោភសិទ្ធិមនុស្ស និងការសម្លាប់លោក ជា វិជ្ជា។គាត់ជារៀមច្បងនៅក្រុមរបស់យើង”។

លោក ងួនទៀង ជាអនុប្រធានលោក សុខា នៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ប៉ុន្តែឥឡូវ ជាប្រធានមជ្ឈមណ្ឌល កម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។ លោកបាននិយាយថា លោក ស៊ីផាន បានធ្វើការនៅ មជ្ឈមណ្ឌលសិទ្ធិ មនុស្សកម្ពុជាពីខែមករាដល់រង្វង់ខែតុលាឆ្នាំ២០០៤ ដោយបានជួយរៀបចំការចាប់ផ្តើមកម្មវិធីព័ត៌មានសំឡេង ប្រជាធិបតេយ្យ (VOD) របស់ក្រុមនេះ។

លោកបាននិយាយថា “ពីរបីខែក្រោយមក យើងបានឃើញគាត់ចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ ខ្ញុំមិន ភ្ញាក់ផ្អើលទេ។ គាត់ជាមនុស្សឱកាសនិយម។ នៅទីណាដែលគាត់អាចទទួលបានតំណែង អាចទទួលបានផល ប្រយោជន៍ គឺគាត់ទៅទីនោះ ហើយបន្ទាប់មកចាប់ផ្តើមរិះគន់ម្ខាងទៀត”។

មុនពេលលោក ស៊ីផាន ចូលរួមជាមួយគណបក្សប្រជាជនជាថ្មីនៅរង្វង់ខែធ្នូឆ្នាំ២០០៤ លោកត្រូវបានគេបណ្តេញ ចេញពីសមាជិកព្រឹទ្ធសភារបស់គណបក្សនេះក្នុងឆ្នាំ២០០១ ហើយមុនពេលធ្វើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្ស កម្ពុជានោះដែរ គាត់ក៏ជាមន្ត្រីគណបក្ស សម រង្ស៊ី មួយរយៈពេលខ្លីដែរ ដោយបានដឹកនាំយុទ្ធនាការឃោសនា នៅខេត្តកំពង់ឆ្នាំង មុនការបោះឆ្នោតឆ្នាំ២០០៣។

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ដែលបានជួយលោក ស៊ីផាន ឲ្យចូលគណបក្ស សម រង្ស៊ី ធ្វើជាអគ្គលេខាធិការរបស់បក្ស បាននិយាយរំឭកថា “គាត់បានរិះគន់រដ្ឋាភិបាលច្រើនណាស់អំពីអំពើពុក រលួយ សង្គមរបស់យើង និងភាពអយុត្តិធម៌”។

លោក ឆៃអ៊ាង បាននិយាយថា លោក ស៊ីផាន មានសំឡេងម៉ឺងម៉ាត់យ៉ាងពិសេសក្នុងបក្សប្រឆាំង ក្នុងអំឡុងពេល ប្រាំមួយខែដែលគាត់ជាសមាជិក។

លោក ឆៃអ៊ាង បាននិយាយថា “លទ្ធិប្រជាធិបតេយ្យអាចលូតលាស់បាន ប៉ុន្តែវាមិនងាយស្រួលទេ ទាល់តែ បងប្អូនដាំវាដោយឈាម នេះជាអ្វីដែលគាត់បាននិយាយ នៅពេលគាត់នៅក្នុងបក្សនេះ”។

“គាត់ធ្លាប់និយាយអំពីអយុត្តិធម៌សង្គម អំពើពុករលួយក្នុងសង្គម មេដឹកនាំជាជនផ្តាច់ការ ប៉ុន្តែ នៅពេលគាត់ ចេញ ទៅចូលរួមជាមួយបក្សកាន់អំណាច វាជាលទ្ធិប្រជាធិបតេយ្យទៅវិញ!”។

កាលពីថ្ងៃច័ន្ទ លោក ស៊ីផាន បានបដិសេធថាលោកមិនមែនជាសំឡេងខ្លាំងក្លានោះទេ និងបាននិយាយថា លោកគ្រាន់តែបានព្យាយាមប្រើតួនាទីផ្សេងៗរបស់លោក ដើម្បីជួយអ្នកគ្មានអំណាចប៉ុណ្ណោះ។

លោក ស៊ីផាន បាននិយាយថា “លោកនិយាយថា និយាយឥតសំចៃ ប៉ុន្តែនៅពេលនោះ ខ្ញុំទទួលបន្ទុកកម្មវិធីផ្តល់ អំណាចឲ្យប្រជាជន ដើម្បីទាក់ទងអាជ្ញាធរមូលដ្ឋាន។ ក្នុងកម្មវិធី VODនោះ ខ្ញុំមិនមែនជាក្រុមប្រឆាំងទេ យើង ជាអង្គការក្រៅរដ្ឋាភិបាលមួយ ហើយយើងគ្រាន់តែជួយនិងផ្តល់អំណាចដល់ប្រជាជនប៉ុណ្ណោះ”។

លោកបាននិយាយថា “មិនដូច ប៉ា ងួនទៀង និង កឹម សុខា ទេ ដែលមានរបៀបវារៈលាក់លៀម។ ខ្ញុំមិនមែនជា ទាសកររបស់ កឹម សុខា ទេ។ ប៉ុន្តែយើងមានគោលការណ៍ជួយប្រជាជនឲ្យទាក់ទងជាមួយអាជ្ញាធរមូលដ្ឋាន របស់គេ”។

ចំពោះកាលដែលលោកនៅក្នុងបក្សប្រឆាំងរបស់លោក រង្ស៊ី លោក ស៊ីផាន បានបដិសេធថា ការចាកចេញពី គណបក្សប្រជាជនកម្ពុជា មិនមែនជាការចុះចូលទេ និងក៏បានបដិសេធដែរថា តាមពិតលោកមិនចង់ក្លាយជាតំណាងរាស្ត្រគណបក្សប្រឆាំងឡើយ។

លោកបាននិយាយ “ខ្ញុំមិនបានប្តូរទេ។ ខ្ញុំគ្រាន់តែព្យាយាមជួយប្រជាជនក្នុងគណបក្សសមរង្ស៊ី នៅមណ្ឌល បោះឆ្នោតក្នុងខេត្តកំពង់ឆ្នាំង។ តែរយៈពេល៦ខែប៉ុណ្ណោះ ហើយខ្ញុំមិនចង់បានតំណែងទេ”។

ពេលសួរអំពីការចងចាំរបស់លោក ឆៃអ៊ាង ទាក់ទិននឹងការលើកឡើងរបស់លោកថា “ឈាម” គឺចាំបាច់ដើម្បី កសាងប្រជាធិបតេយ្យវិញ លោក ស៊ីផាន បាននិយាយថា “ខ្ញុំមិនដឹងទេអំពីរឿងហ្នឹង”។

លោកបាននិយាយថា “និយាយបែបនេះវិញ សេរីភាពមិនធ្លាក់ចុះពីលើមេឃទេ។ នោះជាអ្វីដែលខ្ញុំបានចែក រំលែកជាមួយមនុស្សគ្រប់គ្នានៅពេលនោះ។ ជួនកាល វាទំនងជា ‘ការប្រើឈាម’ ប៉ុន្តែនោះមិនមានន័យថា ខ្ញុំបាន និយាយថាប្រើឈាមទេ”។

មិនមែនតែលោក ស៊ីផាន ម្នាក់ឯងទេជាមន្ត្រីរដ្ឋាភិបាលធំដុំមានប្រវត្តិជិតស្និទ្ធនឹងលោក រង្ស៊ី និងលោក សុខា ដែលឥឡូវនេះគណបក្សប្រជាជនកម្ពុជាទុកចិត្តជាមនុស្សសំខាន់ម្នាក់ក្នុងចំណោមអ្នកហ៊ានវាយប្រហារសំខាន់ៗប្រឆាំងនឹងថ្នាក់ដឹកនាំបក្សប្រឆាំងនោះ។

មានមន្ត្រីម្នាក់ទៀតគឺលោក កែវ រ៉េមី អតីតអ្នកនាំពាក្យអង្គភាពព័ត៌មាននិងប្រតិកម្មរហ័សនៃគណៈរដ្ឋមន្ត្រីដែលពេលនេះជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរដ្ឋាភិបាល។ គណៈកម្មាធិការរបស់លោកកាលពីសប្តាហ៍មុនបានចេញវីដេអូបង្កហេតុដែលព្រមានថា ការប្រើសិទ្ធិជ្រុលហួស គឺអាចនាំឲ្យផ្ទុះសង្គ្រាមស៊ីវិលដូចនៅប្រទេសស៊ីវី។

លោក រ៉េមី គឺជាមន្ត្រីចុះចូលតែម្នាក់គត់ក្នុងបណ្តាអ្នកចុះចូលទាំងអស់ដែលបានបម្រើតួនាទីលេចធ្លោនៅក្នុងគណបក្សប្រឆាំងទាំងបី មុននឹងចុះចូលជាមួយគណបក្សកាន់អំណាច។

ដំបូងលោកជាតំណាងរាស្ត្រក្រោយពីការបោះឆ្នោតជាតិឆ្នាំ១៩៩៨សម្រាប់គណបក្សហ្វុ៊នស៊ិនបុិចរបស់ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ មុននឹងចុះចូលនឹងគណបក្ស សម រង្ស៊ី របស់លោក រង្ស៊ី ក្នុងខែមីនា ឆ្នាំ២០០៣ ដោយបានទទួលអាសនៈជាតំណាងរាស្ត្រនៅក្នុងការបោះឆ្នោតនៅឆ្នាំនោះ។

នៅពេលគណបក្សសិទ្ធិមនុស្សរបស់លោក សុខា បានបង្កើតឡើងនៅក្នុងខែមិថុនា ឆ្នាំ២០០៧ លោក រ៉េមី ជាថ្មីម្តងទៀតបានចុះចូល ប៉ុន្តែមិនទទួលបានអាសនៈសម្រាប់បក្សថ្មីនេះទេ នៅក្នុងការបោះឆ្នោតជាតិឆ្នាំ២០០៨។ លោកបានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានៅខែតុលា នៅឆ្នាំនោះ។

លោក រ៉េមី បាននិយាយពេលចុះចូលនោះថា “ខ្ញុំរួមរស់ជាមួយបក្សប្រឆាំងប្រឆាំងនឹងគណបក្សប្រជាជនកម្ពុជាចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០។ ខ្ញុំហត់នឿយណាស់ ហើយខ្ញុំធុញទ្រាន់នឹងប្រឆាំងរដ្ឋាភិបាលណាស់។ មេដឹកនាំគណបក្សប្រជាជនកម្ពុជាពូកែធ្វើនយោបាយ”។

លោក រ៉េមី ដែលមិនអាចទាក់ទងសុំការធ្វើអត្ថាធិប្បាយកាលពីថ្ងៃច័ន្ទ បានកោតសរសើររបៀបដឹកនាំបែបប្រជាធិបតេយ្យរបស់មេដឹកនាំថ្មីរបស់លោក នៅពេលចូលរួមជាមួយគណបក្សលោក សុខា ក្នុងឆ្នាំ២០០៧។ ប៉ុន្តែ ចាប់តាំងពីការចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាមកនោះ លោកបានផ្លាស់ប្តូរឥរិយារបស់លោក គឺកោតសរសើរលោក ហ៊ុន សែន។

លោកបាននិយាយកាលពីឆ្នាំមុនថា “មេដឹកនាំគណបក្សប្រឆាំងតែងតែប្រើការឃោសនាទៅលើពលរដ្ឋ ហើយបង្កកំហឹងរបស់ពលរដ្ឋនិងកម្មករឲ្យស្អប់ខ្ពើមអ្នកមាននិងថៅកែ។ គោលគំនិតទាំងនេះ គឺជាគោលគំនិតកុម្មុយនិស្ត”។

ក្នុងពេលដែលមានការតវ៉ារបស់គណបក្សសង្គ្រោះជាតិក្នុងឆ្នាំ២០១៤ប្រឆាំងនឹងការបោះឆ្នោតកាលពីឆ្នាំកន្លងមក លោក រ៉េមី បានធ្វើសន្និសីទកាសែត ជាពិសេសដើម្បីថ្កោលទោសលោក រង្ស៊ី ថាជាមនុស្សនិយាយកុហកទាំងស្រុង ដែលមិនអាចប្រៀបធៀបនឹងលោក ហ៊ុន សែន បានទេ ដែលលោកមានសន្តានចិត្តសប្បុរស “ធំប៉ុនមហាសមុទ្រ”។

លោក ឈឹម ផលវរុណ ជាអ្នកនាំពាក្យមួយរូបក្នុងបណ្តាអ្នកនាំពាក្យបីរូបរបស់គណបក្សប្រជាជនកម្ពុជា ក៏មានឫសគល់ជិតស្និទ្ធនឹងលោក សុខា ដោយបានធ្វើជាប្រធានផ្នែកអប់រំនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មុននឹងចាកចេញក្នុងឆ្នាំ២០០៦ ដោយអះអាងថា លោក សុខា កេងប្រវ័ញ្ចលុយកាក់។

លោកបានក្លាយជាអ្នកធ្វើអត្ថាធិប្បាយគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលតែងតែការពារគណបក្សនេះតាមទូរទស្សន៍មុននឹងទទួលបានការតែងតាំងរបស់លោកជាអ្នកនាំពាក្យកាលពីឆ្នាំមុន។ លោក ផលវរុណ បានបដិសេធមិននិយាយអំពីពេលលោកនៅឯមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាកាលពីថ្ងៃច័ន្ទទេ។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិដែលជាអ្នករិះគន់ឥតសំចៃចំពោះរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជានៅក្នុងអាណត្តិបោះឆ្នោតនីមួយៗក្នុងបណ្តាអាណត្តិបោះឆ្នោតទាំងប្រាំលើកតាំងពីឆ្នាំ១៩៩៣មក បានមានប្រសាសន៍ថា លោកមិនមានការភ្ញាក់ផ្អើលអ្វីទេ នៅពេលដែលមន្ត្រីដូចជាលោក ស៊ីផាន លោក រ៉េមី និងលោក ផលវរុណ ទទួលបានតួនាទីលេចធ្លោនៅក្នុងគណបក្សកាន់អំណាច។

លោក ឆ័យ បានមានប្រសាសន៍ថា “វាមិនផ្អែកលើមនោគមវិទ្យាទេ ប៉ុន្តែ លើផលប្រយោជន៍ផ្ទាល់ខ្លួន នៅពេលដែលគេរត់ចុះរត់ឡើងពីទីមួយទៅទីមួយទៀតគឺដើម្បីផលប្រយោជន៍សួនតួប៉ុណ្ណោះ។ វាមិនស្មុគស្មាញពិបាកពន្យល់ ឬយល់ទេ”៕និត

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស