26 C
Phnom Penh

លោក កឹម សុខា ថ្លែង​អំណរ​គុណ​​​អ្នកគាំទ្រ​​ ខណៈ​សកម្មជន​បក្ស​មួយ​ចំនួន​ត្រូវ​​​​នគរ​បាល​​ឃាត់​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងបានថ្លែងសុន្ទរកថាសម្ដែងការអរគុណអ្នកគាំទ្រគណបក្សសង្គ្រោះជាតិចំពោះការរារាំងសមត្ថកិច្ចមិនឲ្យចាប់ខ្លួនលោក ខណៈនគរបាលក្នុងខេត្តមួយចំនួនបានឃាត់ខ្លួនមន្ត្រីគណបក្សប្រឆាំងពីបទដើរប្រមូលស្នាមមេដៃសម្រាប់ញត្តិថ្មីមួយថ្វាយព្រះមហាក្សត្រ។

លោក កឹម សុខា មិនទាន់បានចាកចេញពីទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិក្នុងរាជធានីភ្នំពេញទេ ចាប់តាំងពីថ្ងៃទី២៦ ខែឧសភាមក ដែលនៅពេលនោះនគរបាលប្រដាប់អាវុធបានចុះទៅឡោមព័ទ្ធទីស្នាក់ការគណបក្ស ហើយបានឃាត់រថយន្តរបស់ភរិយាលោកដោយស្មានថាលោកជិះក្នុងរថយន្ត នោះ ជាការព្យាយាមចាប់ខ្លួនលោកពីបទមិនបង្ហាញខ្លួនក្នុងតុលាការ។

លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងចូលរួមក្នុងពិធីព្រះពុទ្ធសាសនានៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី
លោក កឹម សុខា អនុប្រធានគណបក្សប្រឆាំងចូលរួមក្នុងពិធីព្រះពុទ្ធសាសនានៅទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិ ក្នុងរាជធានីភ្នំពេញ កាលពីម្សិលមិញ។ រូបថតៈស៊ីវ ចាន់ណា/ឌឹ ខេមបូឌា ដេលី

ក្រុមតំណាងរាស្ត្រ អង្គរក្ស ព្រះសង្ឃ និងអ្នកគាំទ្របានបន្តរង់ចាំនៅខាងក្រៅទីស្នាក់ការចាប់តាំងពីពេលនោះមក  ហើយគណបក្សសង្គ្រោះជាតិបានព្រមានថា មហាបាតុកម្មនឹងផ្ទុះឡើងនៅក្នុងរាជធានីភ្នំពេញ ប្រសិនបើនគរបាលចាប់ខ្លួនលោក កឹម សុខា។

លោក កឹម សុខា បានមានប្រសាសន៍ក្នុងពិធីព្រះពុទ្ធសាសនានៅទីស្នាក់ការកណ្តាលគណបក្សសង្គ្រោះជាតិថា “ខ្ញុំសូមថ្លែងអំណរគុណចំពោះបងប្អូនជនរួមជាតិ និងថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងអស់ ដែលបានតស៊ូយ៉ាងប្តូរផ្តាច់ដើម្បីទាមទារនូវសិទ្ធិសេរីភាព នូវយុត្តិធម៌ និងការពារនូវឆន្ទៈប្រជាពលរដ្ឋ ជាពិសេសទាមទារការពារនូវអភ័យឯកសិទ្ធិរបស់សភាតំណាងរាស្ត្រ។ ខ្ញុំយល់ពីការតស៊ូរបស់បងប្អូន ខ្លះមកពីខេត្តឆ្ងាយៗ ហើយព្រះសង្ឃនិមន្តមកជារៀងរាល់ថ្ងៃដែរ។ ខ្ញុំមានសេចក្តីកោតសរសើរស្ញប់ស្ញែងយ៉ាងខ្លាំងនូវការតស៊ូពោរពេញទៅដោយការលះបង់ខ្ពស់បំផុត។ ដូច្នេះបើសិនឧបសគ្គកាន់តែធំ ខ្ញុំជឿថាប្រជាពលរដ្ឋយល់កាន់តែច្បាស់ ហើយនឹងបង្ហាញនូវការការលះកាន់តែធំបន្តទៅទៀត”។

លោក កឹម សុខា ត្រូវបានចោទប្រកាន់បឋមពីបទមិនចូលខ្លួនទៅតុលាការសម្រាប់ការសាកសួរ នៅពេលតុលាការកោះហៅក្នុងនាមសាក្សីឆ្លើយបំភ្លឺក្នុងរឿងអាស្រូវផ្លូវភេទមួយដែលរដ្ឋាភិបាលកំពុងចោទប្រកាន់លោកអស់រយៈពេល៣ខែមកហើយគិតមកទល់ពេលនេះ។

លោកមានអភ័យឯកសិទ្ធិតំណាងរាស្ត្រដែលអាចការពារខ្លួនពីការចោទប្រកាន់ ប៉ុន្តែកាលពីសប្ដាហ៍មុនតំណាងរាស្ត្រទាំង៦៨រូបរបស់គណបក្សប្រជាជនកម្ពុជាបានសម្រេចថា អភ័យឯកសិទ្ធិនោះមិនអាចការពារលោកបានទេចំពោះការមិនចូលខ្លួនទៅតុលាការ ដោយលើកឡើងពីចំណុចលើកលែងដែលអនុញ្ញាតឲ្យចាប់ខ្លួន នៅពេលតំណាងរាស្ត្រប្រព្រឹត្តបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។

លោក កឹម សុខា ត្រូវបានកោះហៅម្ដងទៀតឲ្យចូលខ្លួនទៅតុលាការនៅថ្ងៃទី១៤ ខែមិថុនា សម្រាប់ការសាកសួរពាក់ព័ន្ធការបដិសេធរបស់លោកមិនព្រមចូលខ្លួនទៅតុលាការកាលពីឆ្នាំមុន ប៉ុន្តែគណបក្សសង្គ្រោះជាតិបានលើកឡើងថា ជាថ្មីម្ដងទៀតលោកនឹងមិនចូលខ្លួនឡើយ។ ពេលនេះគេមិនច្បាស់ថាតើពេលណា ឬថាតើលោក កឹម សុខា មានគម្រោងចាកចេញពីទីស្នាក់ការកណ្ដាលរបស់គណបក្សសង្គ្រោះជាតិនោះទេ។

កាលពីថ្ងៃទី៣០ ខែឧសភា គណបក្សសង្គ្រោះជាតិបានថ្វាយញត្តិមួយអមដោយស្នាមមេដៃជាង១៧០.០០០ ដោយអំពាវនាវឲ្យព្រះមហាក្សត្រ នរោត្តម សីហមុនី អន្តរាគមន៍បញ្ឈប់ការបង្ក្រាបរបស់គណបក្សប្រជាជនកម្ពុជាជាបន្តបន្ទាប់កាលពីពេលថ្មីៗនេះ។ គ្រាន់តែនៅឆ្នាំកន្លងទៅ អ្នករិះគន់គណបក្សកាន់អំណាចរហូតដល់ទៅជាង២០នាក់ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារ។

ពេលនេះរដ្ឋាភិបាលកំពុងស៊ើបអង្កេតលើញត្តិនោះពាក់ព័ន្ធការអះអាងថា មានការបន្លំស្នាមមេដៃ ដោយមិនជឿថាអាចប្រមូលស្នាមមេដៃបានយ៉ាងច្រើនក្នុងពេលដ៏ខ្លីបែបនេះឡើយ។

ទោះជាយ៉ាងណា លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានលើកឡើងក្នុងសុន្ទរកថាកាលពីថ្ងៃអាទិត្យថា នគរបាលបានព្យាយាមរារាំងមន្ត្រីគណបក្សប្រឆាំងមួយចំនួនមិនឲ្យប្រមូលស្នាមមេដៃសម្រាប់ញត្តិនោះឡើយ ហើយបានអះអាងថា បើកុំតែបែបនោះ កុំអីអាចប្រមូលបានស្នាមមេដៃដល់ទៅ១.០០០.០០០ឯណោះ។ លោកបានមានប្រសាសន៍ថា ថ្នាក់ដឹកនាំគណបក្សប្រឆាំងនៅតាមបណ្ដាខេត្តនឹងប្រគល់ស្នាមមេដៃសម្រាប់ញត្តិថ្មីមួយនៅថ្ងៃទី១៣ ខែមិថុនា។

កាលពីម្សិលមិញ លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សប្រឆាំងមានប្រសាសន៍ថា លើកនេះមន្ត្រីគណបក្សសង្គ្រោះជាតិត្រូវបានសមត្ថកិច្ចឃាត់ជាញឹកញាប់។

លោកបន្តថា “វាកំពុងកើតមាននៅគ្រប់ខេត្ត គឺអាជ្ញាធរព្យាយាមរារាំងពួកយើង ប៉ុន្តែដូចដែលយើងបានមើលឃើញថ្មីៗនេះហើយថា គេគ្រាន់តែឃាត់ខ្លួនប្រជាពលរដ្ឋមួយ ឬពីរម៉ោង ហើយដកហូតយកឯកសារប៉ុណ្ណោះ។ តើត្រង់ណាដែលច្បាប់ចែងថា ការប្រមូលស្នាម មេដៃ ឬធ្វើញត្តិថ្វាយព្រះមហាក្សត្រខុស? ដូច្នេះ គេមិនអាចឃាត់ខ្លួនពួកគាត់បានយូរទេ”។

លោក ជាម ចន្នី តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិមួយរូបទៀតបានគូសបញ្ជាក់ថា ខេត្តកោះកុង កំពង់ធំ សៀមរាប កំពង់ស្ពឺ និងខេត្តតាកែវ គឺជាចំណុចក្ដៅដែលនគរបាលធ្វើសកម្មភាពរារាំងការប្រមូលស្នាមមេដៃចាប់តាំងពីថ្ងៃសុក្រមក ហើយលោកដឹងថា សកម្មជនមួយចំនួនត្រូវបានឃាត់ខ្លួននៅក្នុងខេត្តនីមួយៗ។

លោកមានប្រសាសន៍ថា ”បំណងរបស់ពួកគេគឺដកហូតយកស្នាមមេដៃ។ ពួកគេគិតថា យើងកំពុងបង្ខំប្រជាពលរដ្ឋឲ្យផ្តល់ស្នាមមេដៃ”។

សកម្មជនគណបក្សសង្គ្រោះជាតិមួយរូបឈ្មោះ អុីង អ៊ុង អាយុ៦៣ឆ្នាំ មកពីខេត្តកោះកុង និយាយថា គាត់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃច័ន្ទ ខណៈគាត់កំពុងបើកម៉ូតូឆ្ពោះទៅទីស្នាក់ការគណបក្សខេត្ត នៅក្នុងក្រុងខេមរភូមិន្ទ។

គាត់និយាយទៀតថា “នៅម៉ោងប្រហែល៤រសៀល បន្ទាប់ពីខ្ញុំប្រមូលបាន២០ស្នាមមេដៃ មានប៉ូលិសប្រហែល១០នាក់មកឃាត់ខ្លួនខ្ញុំ ហើយបញ្ជូនទៅអធិការដ្ឋានក្រុងដើម្បីសួរនាំ។ គេបានដកហូតយកស្នាមមេដៃទាំងអស់ ហើយឱ្យខ្ញុំចុះកិច្ចសន្យាជាមួយពួកគេ គេបានប្រាប់ឱ្យខ្ញុំឈប់ធ្វើបែបនេះទៀត”។

លោក ប៊ុន លើត អភិបាលខេត្តកោះកុងមានប្រសាសន៍ថា មន្ត្រីគណបក្សប្រឆាំងកំពុងធ្វើសកម្មភាពដោយសម្ងាត់ ហើយព្យាយាមលាក់បាំងការធ្វើញត្តិរបស់ខ្លួនពីសមត្ថកិច្ចរហូតដល់នគរបាលមានការសង្ស័យ។

លោកបានបកស្រាយថា “យើងគ្រាន់តែពិនិត្យមើលប៉ុណ្ណោះ។ ពួកគាត់ធ្វើការបានស្ងាត់ល្អណាស់។ តើខ្ញុំបណ្ដោយឲ្យពួកគាត់ធ្វើបែបនេះម៉េចកើត? បើអាជ្ញាធរមិនដឹងអីសោះចំពោះរឿងនេះរហូតដល់ពួកគាត់សម្រេចផែនការរបស់ខ្លួន ក្នុងការបង្កភាពចលាចលតាមទីសាធារណៈ ដែលនឹងក្លាយជាអ្នកឆ្លើយតបបញ្ហានេះ?”។

លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺបានទទួលស្គាល់ដែរថា អាជ្ញាធររបស់លោកក៏បានឃាត់ខ្លួនសកម្មជនគណបក្សសង្គ្រោះជាតិមួយចំនួនដែរក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ប៉ុន្តែបានលើកឡើងថា ខ្លួនគ្រាន់តែចង់បញ្ឈប់ពួកគាត់កុំឲ្យបោកប្រាស់ប្រជាពលរដ្ឋទៀតប៉ុណ្ណោះ។

លោកបានមានប្រសាសន៍ថា “យើងមិនដែលឃាត់ខ្លួនពួកគាត់ទេ យើងគ្រាន់តែណែនាំអប់រំពួកគាត់ប៉ុណ្ណោះ នៅពេលពួកគាត់ចេញទៅតាមកន្លែងនានាដើម្បីប្រមូលស្នាមមេដៃ” ហើយអះអាងថា គណបក្សសង្គ្រោះជាតិកំពុងបោកប្រាស់អ្នកភូមិមិនចេះអក្សរដែលមិនដឹងថាខ្លួនកំពុងគាំទ្រអ្វីតាមរយៈការគាំទ្រញត្តិ។

លោកបានចោទសួរថា “បើពួកគាត់ជិតធ្លាក់រណ្តៅលង់ទឹក តើអស់លោកបណ្តោយឲ្យពួកគាត់ធ្លាក់ទេ? ពួកគាត់មិនទាំងចេះសរសេរឈ្មោះរបស់ខ្លួនផង ដូច្នេះវាងាយស្រួលនឹងញុះញង់ឲ្យពួកគាត់ធ្វើបែបនោះណាស់”។

លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិបានច្រានចោលការអះអាងដែលលើកឡើងថា គណបក្សរបស់លោកបានបោកប្រាស់ប្រជាពលរដ្ឋមិនចេះអក្សរ ហើយមានប្រសាសន៍ថា ថ្នាក់ដឹកនាំកំពូលបញ្ជាឲ្យពន្យល់លម្អិតអំពីញត្តិនេះដល់អ្នកដែលចាប់អារម្មណ៍។

លោកមានប្រសាសន៍ថា “ប្រជាពលរដ្ឋដែលផ្តល់ស្នាមមេដៃ ពួកគាត់គាំទ្រវា។ បើពួកគាត់ត្រូវការឱ្យយើងអានញត្តិឱ្យពួកគាត់ស្តាប់ យើងនឹងអាន។ ក្រុមប្រឹក្សាឃុំសង្កាត់របស់យើងអំពាវនាវទៅប្រជាពលរដ្ឋ ប៉ុន្តែមិនមែនបង្ខំពួកគាត់ទេ”៕ សុខុម (រាយការណ៍បន្ថែមដោយ Alex Willemyns)

 

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស