ជាងបួនឆ្នាំបន្ទាប់ពីបានបង្ហាញខ្លួនលើកចុងក្រោយនៅក្នុងសាលសវនាការ កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតប្រធានមន្ទីរសន្តិសុខ ស-២១ បានវិលត្រឡប់មកសាលាក្តីខ្មែរក្រហមឡើងវិញ កាលពីម្សិលមិញ ហើយបានលើកឡើងថា ការព្យាយាមរបស់ នួន ជា ដើម្បីកុំឲ្យខ្លួនជាប់ពាក់ព័ន្ធនៅក្នុងអំពើឃោរឃៅព្រៃផ្សៃដែលកើតឡើងនៅមន្ទីរសន្តិសុខមានឈ្មោះដ៏អសោចនេះ”គ្មានន័យ” ទេ។
កាលពីឆ្នាំ២០១០ ឌុច ដែលជាអ្នកមើលការខុសត្រូវចំពោះការធ្វើទារុណកម្ម និងការសម្លាប់រង្គាលមនុស្សជាង១៥.០០០នាក់នៅក្នុងមន្ទីរសន្តិសុខេនះ ដែលស្ថិតក្នុងរាជធានីភ្នំពេញ បានក្លាយជាកម្មាភិបាលខ្មែរក្រហមដំបូងដែលត្រូវបានរកឃើញថា មានពិរុទ្ធភាពពាក់ព័ន្ធបទឧក្រិដ្ឋប្រព្រិត្តអំឡុងរបបប៉ុល ពត ដែលអំឡុងពេលនោះមានពលរដ្ឋខ្មែរប្រមាណ១,៧លាននាក់ត្រូវបានសម្លាប់យ៉ាងរង្គាល។
បន្ទាប់ពីមានការជំទាស់ជាសាធារណៈក្រោយពេលមានសេចក្តីសម្រេចដំបូងផ្តន្ទាទោសអតីតប្រធានមន្ទីរសន្តិសុខរូបនេះឲ្យជាប់ពន្ធនាគាររយៈ៣៥ឆ្នាំ ហើយបានកាត់ បន្ថយមកនៅត្រឹម១៩ឆ្នាំនោះ តុលាការកំពូល នៃសាលាក្តីនេះ បានលុបចោលសេចក្តី សម្រេច េនះវិញនៅក្នុងឆ្នាំ២០១២ ដោយផ្តន្ទាទោស គាត់ឲ្យជាប់ពន្ធនាគារអស់មួយជីវិត។
ឌុច ដែលផ្តល់សក្ខីកម្មនៅក្នុងសំណុំរឿង០០២ និង០០១កាលពីឆ្នាំ២០១២ បានវិលត្រឡប់មកសាលសវនាការវិញកាលពីម្សិលមិញ ដើម្បីផ្តល់ភ័ស្តុតាងក្នុងដំណាក់កាលបច្ចុប្បន្ននៃសំណុំរឿងនេះ ដែល នួន ជា បងធំទី២នៃរបបខ្មែរក្រហម និង ខៀវ សំផនប្រមុខរដ្ឋនៃរបបនេះកំពុងស្ថិតក្នុងដំណើរការជំនុំជម្រះពីបទឧក្រិដ្ឋនានារួមមានដូចជាអំពើប្រល័យពូជសាសន៍ជាដើម។
លោក ដេល ឡៃសាក់ (Dale Lysak) ជំនួយការព្រះរាជអាជ្ញាបានចាប់ផ្តើមជជីកសួរ ឌុច ភ្លាមៗអំពីការដឹងឮរបស់ នួន ជា ពាក់ព័ន្ធមន្ទីរសន្តិសុខស-២១ ដោយអានសុន្ទរកថាដែលបងធំទី២ នៃរបប ប៉ុល ពត រូបនេះ បញ្ជូនមកឲ្យសាលាក្តីកាលពីឆ្នាំ២០១២។នៅក្នុងសុន្ទរកថានេះ នួន ជា បានលើកឡើងថា គាត់”មិនទទួលខុសត្រូវ” ចំពោះដំណើរការនៅមន្ទីរសន្តិសុខស-២១ឡើយ ហើយថា ឌុច ចោទប្រកាន់ “ជារឿងមិនពិត”។
ឌុច បានលើកឡើងកាលពីម្សិលមិញថា “ការបដិសេធរបស់ពូ នួន ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល។ អ្នកណាមិនគោរពបក្ស អ្នកណាដែលធ្វើការអីក្រៅពីលេខា និងអនុលេខាបក្សសម្រេច។ េនះការចាត់តាំងរបស់បក្ស វាគឺអ៊ីចឹង។ ដូច្នេះការបដិសេធរបស់ពូ នួន គ្មានន័យ”។
ឌុច បានលើកឡើងទៀតថា មន្ទីរសន្តិសុខស-២១ គ្រប់គ្រងដោយផ្ទាល់ដោយគណបក្សកុម្មុយនីស្តកម្ពុជា ហើយមានជាប់ពាក់ព័ន្ធនៅក្នុងមាត្រា៨នៃលក្ខន្តិករបស់ខ្លួន។ គាត់បានបន្ថែមថា គោលនយោបាយ “កម្ទេច” សត្រូវត្រូវបានឯកភាពអំឡុងសមាជមួយមុនពេលក្រុមកុម្មុយនីស្តគ្រប់គ្រងប្រទេស។
ដោយមើលទៅកាន់តែទន់ខ្សោយចាប់តាំងពីគេបានឃើញគាត់ជាសាធារណៈលើកចុងក្រោយ ហើយថែមទាំងកោរសក់ដែលពីមុនធ្លាប់តែមានសក់ស្កូវផងនោះ ឌុច ដកដង្ហើមដង្ហក់ៗរាល់ពេល ហើយត្អូញត្អែរថា អស់កម្លាំង មុនពេលផ្តល់សក្ខីកម្ម។
ទោះជាយ៉ាងណា អតីតប្រធានមន្ទីរសន្តិសុខរូបនេះ នៅតែអាចចូលរួមបានពេញលេញនៅក្នុងដំណើរការនីតិវិធី ដោយផ្តល់ចម្លើយបានយ៉ាងស៊ីជម្រៅចំពោះសំណួរដែលព្រះរាជអាជ្ញាបានសួរ។ គាត់បានបញ្ចេញសកម្មភាពគ្រប់ពេលវេលា ដោយបានញញឹម និងធ្វើកាយវិការដើម្បីសង្កត់ធ្ងន់ពីចំណុចដែលជាក់លាក់។
ឌុច បាននិយាយពេលសួរអំពីវាសនារបស់អតីតអភិបាលមួយរូបក្រោមរបប លន់ នល់ ថា “ខ្ញុំក៏ចង់ប្រាប់ផងដែរថា នៅពេលនោះខ្ញុំគឺជាប្រធានមន្ទីរសន្តិសុខស-២១រួចទៅហើយ ហើយនៅពេលណាមានមនុស្សត្រូវបានចាប់ខ្លួន គេមិនដែលដោះលែងវិញឡើយ”។
ជាចុងក្រោយ ឌុច បានពន្យល់អំពីរបៀបដែលភរិយារបស់ លោក ថាច ជា មន្ត្រីមួយរូបទៀតនៅក្នុងរបប លន់ នល់ ត្រូវបានបង្ខំឲ្យចូលខ្លួនសម្រាប់ការវះកាត់ពិសោធដោយពេទ្យមន្ទីរសន្តិសុខដើម្បីជាការស្តា។
បន្ទាប់មកអតីតប្រធានមន្ទីរសន្តិសុខរូបនេះ បាននិយាយអំពីរបៀបដែល សុន សេន រដ្ឋមន្ត្រីក្រសួងការពារជាតិនៅសម័យខ្មែរក្រហម និងដែលជាថ្នាក់លើផ្ទាល់របស់គាត់ បន្ទោសរូបគាត់ និង តា ណាត ដែលជាប្រធានមន្ទីរសន្តិសុខស-២១មុនគាត់ ចំពោះការជ្រើសរើសអ្នកទោសដែលជាបុគ្គលល្បីមកធ្វើពិសោធ។
លោក ដេល ឡៃសាក់ បានសួរថា “តើខ្ញុំយល់ឃើញត្រឹមត្រូវដែរ ឬទេ ដែលថា សុន សេន ឯកភាពនៅក្នុងការយកមនុស្សមកធ្វើការវះកាត់ពិសោធទាំងរស់? គាត់គ្រាន់តែបន្ទោសអ្នកដោយសារការប្រើប្រាស់បុគ្គលល្បីមកធ្វើពិសោធមែនទេ? តើខ្ញុំយល់ឃើញបែបហ្នឹងត្រឹមត្រូវដែរឬទេ?”។
ឌុច ឆ្លើយតបថា ” យើងអាចសន្និដ្ឋានថាអ៊ីចឹងក៏បាន នេះគឺជាអ្វី ដែលបានកើតឡើងតាមគោលការណ៍”។ គាត់បានបន្ថែមថា កូនៗ របស់លោក ថាច ជា ក៏ត្រូវបានសម្លាប់ដែរ ជា អំពើឃៅរឃៅដែលកើតឡើងយ៉ាងសាមញ្ញ ទៅហើយនៅមន្ទីរសន្តិសុខស-២១។
ឌុច បាននិយាយទៀតថា “នៅក្នុងស្ថានភាពពិតប្រាកដបន្ទាប់ពីថ្ងៃទី១៧ខែមេសា ឆ្នាំ១៩៧៥ ពេលឪពុកម្តាយត្រូវបាននាំយកទៅសម្លាប់ចោល កូនៗក៏ត្រូវបាននាំយកទៅសម្លាប់ចោលដែរ”។
ការផ្តល់សក្ខីកម្មរបស់ ឌុច នឹងបន្តនៅថ្ងៃេនះ៕ស៊ុយឈាង