34 C
Phnom Penh

គណបក្ស​​​សង្គ្រោះជាតិ​ចោទ​​​ប្រធានភូមិ​និងទាហានថា​​​​​ បំផ្លាញ​ស្លាក​​​សញ្ញា​​​​​​​​​​គណបក្ស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាលកំពុងតែស៊ើបអង្កេតពាក្យបណ្តឹងមួយដែលដាក់ដោយសកម្មជនគណបក្សសង្គ្រោះជាតិនៅខេត្តឧត្តមានជ័យដែលចោទមេភូមិគណបក្សប្រជាជនកម្ពុជាថាបានបំផ្លិចបំផ្លាញស្លាកសញ្ញារបស់ពួកគេក្នុងក្រុងសំរោងកាលពីខែមុន។

លោក ម៉ោញ សារ៉ាត់ ប្រធានក្រុមការងារខេត្តគណបក្សសង្គ្រោះជាតិបាននិយាយថា គណបក្សបានជម្រាប អាជ្ញាធរមូលដ្ឋានអំពីគម្រោងដាក់ផ្លាកសញ្ញាគណបក្សប្រឆាំង។ លោកបាននិយាយថា ប៉ុន្តែ នៅពេលដែល អ្នកគាំទ្រចាប់ផ្តើមលើកស្លាកសញ្ញានៅក្នុងសង្កាត់បន្សាយរក្ស នៅថ្ងៃទី២៩ ខែឧសភា ស្រាប់តែពួកគេត្រូវបាន ហាមឃាត់ដោយក្រុមនយោបាយបដិបក្ខទៅវិញ។

លោក សារ៉ាត់ បាននិយាយថា”ពេលយើងបោះបង្គោលស្លាកសញ្ញា ស្រាប់តែមេភូមិបានដឹកនាំមនុស្សជិត១០នាក់មកឃាត់ពួកយើង ដោយអះអាងថាយើងធ្វើដោយពុំបានសុំការអនុញ្ញាត។”

លោក សារ៉ាត់ បាននិយាយថា នគរបាលក្រុងនិងសង្កាត់ដែលត្រូវបានហៅទៅកន្លែងកើតហេតុបានឲ្យលោក ហួង ផឿ មេភូមិអូរបាក់ដាវនិងក្រុមរបស់គាត់ត្រឡប់ទៅផ្ទះវិញ ដោយទុកឱ្យអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ លើកស្លាកសញ្ញាចំនួនបី តែក្រោយមកស្លាកសញ្ញាទាំងនោះត្រូវគេបំផ្លាញចោលនៅយប់នោះ។

លោក សារ៉ាត់ បាននិយាយថា “ស្លាកសញ្ញាមួយត្រូវគេគ្រវាត់ចោលនៅកន្លែងនោះមួយទៀតបោះចោលលើ ដើមឈើ ហើយមួយផ្សេងទៀតរកមិនឃើញ”។

លោក ផឿ មិនអាចទាក់ទងសុំការបំភ្លឺបានទេ។

លោក ខុម សុគុណ អនុប្រធានគណៈកម្មការប្រតិបត្តិគណបក្សសង្គ្រោះជាតិខេត្តបាននិយាយថា គណបក្សបាន ដាក់ពាក្យបណ្តឹងទៅនគរបាលក្រុងនៅថ្ងៃទី១ ខែមិថុនា។

លោក សុគុណ បាននិយាយថា ” នៅយប់នោះ សកម្មជនរបស់យើងបានឃើញ មេភូមិនិងកូនចៅគាត់ដកស្លាក សញ្ញារបស់យើង។លោកបាននិយាយបន្ថែមថា មានអ្នកខ្លះដែលមកជាមួយមេភូមិនោះ គឺជាទាហាន។

លោកបាននិយាយថា “យើងបានដាក់ពាក្យបណ្តឹងសុំអន្តរាគមន៍ ដើម្បីឲ្យយើងអាចលើកស្លាកសញ្ញាឡើងវិញ បាន និងសុំឲ្យសងសំណង និងសុំឲ្យពួកគេផ្តន្ទាទោសទៅតាមច្បាប់”។

លោក ស៊ុន សាន អធិការក្រុងបាននិយាយថា មន្រ្តីរបស់លោកបានសាកសួរសកម្មជនគណបក្សសង្គ្រោះជាតិ នៅថ្ងៃច័ន្ទទាក់ទងនឹងពាក្យបណ្តឹងនេះ។

ពេលសួរថាតើនគរបាលនឹងសាកសួរមេភូមិនិងដៃជើងរបស់គាត់ឬយ៉ាងណានោះ អធិការក្រុងរូបនេះកាន់តែខឹង ហើយបាននិយាយថា ” យើងកំពុងតែដោះស្រាយ។នេះជាជំនាញរបស់ខ្ញុំ។ ខ្ញុំដឹងថាត្រូវធ្វើយ៉ាងម៉េចហើយ”។ ហើយលោកក៏បានដាក់ទូរស័ព្ទចុះ។

លោក គល់ បញ្ញា នាយកប្រតិបត្តិគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរីនិងយុត្តិធម៌បាននិយាយថា ការបំផ្លាញស្លាកសញ្ញាគឺមិនរំលោភច្បាប់បោះឆ្នោតទេ ព្រោះវាស្ថិតនៅក្រៅរង្វង់ការបោះឆ្នោត ប៉ុន្តែ ការបំផ្លាញ ទ្រព្យសម្បត្តិ គឺអាចអនុវត្តក្រោមក្រមព្រហ្មទណ្ឌ៕មាំ វិបុល

 

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស