29 C
Phnom Penh

លោក ហ៊ុន សែន ប្តេជ្ញា​រក្សា​សន្តិភាព តែ​បដិសេធ​ការ​ចរចា​អំពី ‘វិបត្តិ’ នយោបាយ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃអង្គារ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្តីបន្ទោសអ្នកទាំងឡាយដែលបានចាត់ទុកស្ថានការណ៍ នយោបាយបច្ចុប្បន្នជា “វិបត្តិ” ដោយលោកបានជំរុញកម្មករកាត់ដេរក្មេងៗ ដែលចូលរួមស្តាប់លោកឲ្យសប្បាយ រីករាយ ដែលពួកគេមិនបាច់រស់ក្នុងភាពរន្ធត់នៃរបបខ្មែរក្រហម។

អង្គការសិទ្ធិមនុស្ស អ្នកវិភាគ និងអ្នកសង្កេតការណ៍ បានលើកឡើងអំពីបរិយាកាសនយោបាយកាន់តែអាក្រក់ ទៅយ៉ាងឆាប់រហ័សក្នុងពេលជាច្រើនខែកន្លងទៅនេះ ដែលឃើញមានការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សនិងតំណាង រាស្ត្រគណបក្សប្រឆាំង ក្នុងករណីជាច្រើនដែលគេមើលឃើញជាទូទៅថាជាហេតុផលនយោបាយ។             គណបក្សសង្គ្រោះជាតិបានប្រកាសធ្វើពហិការមិនចូលប្រជុំសភាកាលពីខែមុន ជាការតវ៉ាចំពោះការចាប់ខ្លួន តំណាងរាស្ត្ររបស់ខ្លួន បើទោះជានៅមានអភ័យឯកសិទ្ធិរបស់ខ្លួនក៏ដោយ។

ប៉ុន្តែនៅឯពិធីអបអរការបើករោងចក្រទី១០០នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ លោក ហ៊ុន សែន បានច្រានចោលការចរចាអំពីបញ្ហាធ្ងន់ធ្ងរណាមួយនោះ។

លោកបានមានប្រសាសន៍ថា “កម្ពុជាបច្ចុប្បន្នគ្មានវិបត្តិអ្វីមួយកើតឡើងទេ។ អ្នកដែលនិយាយអំពីវិបត្តិ រឿង របស់ពួកគេ គេបង្កើតដោយខ្លួនគេ។ អាហ្នឹងរឿងរបស់គេ ខ្ញុំអត់ទទួលខុសត្រូវទេអាហ្នឹង”។

និយាយសំដៅដល់ការខិតខំជួយសម្រាលគ្រោះរាំងស្ងួតវិញ លោកបានមានប្រសាសន៍ថា “ហើយខ្ញុំទទួលខុស ត្រូវទៅលើបញ្ហាទាំងឡាយដែលវាពាក់ព័ន្ធទៅនឹងការការពារសន្តិភាព ការពារស្ថិរភាពនយោបាយ សណ្ដាប់ ធ្នាប់សង្គម ការពារនៃការរីកចម្រើន ការអភិវឌ្ឍរបស់ប្រជាជន និងដោះស្រាយការលំបាករបស់ប្រជាជន ដូចជា កាលលើកមុន យុទ្ធនាការចែកចាយទឹក បានធ្វើទ្រង់ទ្រាយធំ ដើម្បីដោះស្រាយបញ្ហាឲ្យប្រជាពលរដ្ឋ”។

លោក ហ៊ុន សែន បានប្រាប់កម្មករកាត់ដេរ១១.០០០នាក់ ដូចពលរដ្ឋភាគច្រើននៃប្រទេសនេះដែរ កើតក្រោយ ការដួលរលំនៃរបបខ្មែរក្រហមក្នុងឆ្នាំ១៩៧៩ អំពីហេតុដែលលោកបានបាត់បង់ភ្នែកម្ខាង នៅពេលដណ្ដើមយក ក្រុងភ្នំពេញពីកណ្ដាប់ដៃ ប៉ុល ពត។

លោកនាយករដ្ឋមន្ត្រី ដែលខ្លួនលោកក៏ជាទាហានខ្មែរក្រហមម្នាក់ដែរមុនពេលរត់ទៅប្រទេសវៀតណាមនោះ បានមានប្រសាសន៍ថា “ត្រង់ហ្នឹង ខ្ញុំមិនបណ្តោយឲ្យជនណាក៏ដោយ ទោះបីអាសិរពិសប៉ុណ្ណាក៏ដោយ បំផ្លាញ នូវសន្តិភាពដែលយើងរកបានទាំងលំបាក”។

លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានមានប្រសាសន៍ថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បន្ទាប់ពីកាន់អំណាចជាង៣០ឆ្នាំមកនេះ គឺមានបញ្ហាច្រើនណាស់ដែលត្រូវលុបលាងកំហុស។ លោកបាន និយាយថា “ប្រជាពលរដ្ឋកំពុងរងទុក្ខវេទនាដោយសារការដណ្ដើមយកដី ការបំផ្លាញធនធានធម្មជាតិ អំពើពុករលួយ ។ល។”។

នៅពេលសួរថាតើលោកចាត់ទុកស្ថានការណ៍នយោបាយនេះជាវិបត្តិឬយ៉ាងណានោះ លោកបានឲ្យទៅមើល សេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរនាពេលថ្មីៗរបស់គណបក្ស។ ញត្តិថ្មីបំផុតរបស់គណបក្ស សង្គ្រោះជាតិថ្វាយព្រះមហាក្សត្រចាត់ទុក “ស្ថានការណ៍នយោបាយកំពុងតែចុះដុនដាប”៕ និត

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស